Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 24 - ព្រះគម្ពីរខ្មែរសាកល


ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង
បទតម្កើង​របស់​ដាវីឌ​។

1 ផែនដី និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ពិភពលោក និង​អស់អ្នកដែល​រស់នៅ​ក្នុង​វា ជារបស់​ព្រះយេហូវ៉ា

2 ដ្បិត​ព្រះអង្គ​បាន​តាំង​វា​ឡើង​នៅលើ​សមុទ្រ​ទាំងឡាយ ហើយ​តាំង​វា​ឡើង​នៅលើ​ទន្លេ​នានា​។

3 តើ​នរណា​នឹង​ឡើងទៅ​ភ្នំ​របស់​ព្រះយេហូវ៉ា​? តើ​នរណា​នឹង​ឈរ​នៅ​ទីវិសុទ្ធ​របស់ព្រះអង្គ​?

4 គឺជា​អ្នកដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ជា​អ្នកដែល​មិន​បែរ​ព្រលឹង​របស់ខ្លួន​ទៅរក​សេចក្ដីមិនពិត ហើយ​មិន​ស្បថដោយកុហក​។

5 អ្នកនោះ​នឹង​ទទួលបាន​ព្រះពរ​ពី​ព្រះយេហូវ៉ា ហើយ​ទទួលបាន​សេចក្ដីសុចរិត​ពី​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្លួន​។

6 នេះ​ហើយ ជា​ជំនាន់​របស់​ពួកអ្នកដែល​ប្រឹងរក​ព្រះយេហូវ៉ា និងជា​ជំនាន់​របស់​ពួកអ្នកដែល​ស្វែងរក​ព្រះភក្ត្រ​របស់​ព្រះ​នៃ​យ៉ាកុប​។ សេឡា

7 ខ្លោងទ្វារ​ទាំងឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង​! ទ្វារ​ទាំងឡាយ​ដ៏អស់កល្បជានិច្ច​អើយ ចូរ​ងើបឡើង ដើម្បីឲ្យ​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​យាង​ចូលមក​!

8 តើ​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​នេះ​ជា​នរណា​? គឺ​ព្រះយេហូវ៉ា​ដ៏ខ្លាំងពូកែ និង​ដ៏មានព្រះចេស្ដា គឺ​ព្រះយេហូវ៉ា​ដ៏មានព្រះចេស្ដា​ក្នុង​ចម្បាំង​។

9 ខ្លោងទ្វារ​ទាំងឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង​! ទ្វារ​ទាំងឡាយ​ដ៏អស់កល្បជានិច្ច​អើយ ចូរ​ងើបឡើង ដើម្បីឲ្យ​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​យាង​ចូលមក​!

10 តើ​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​នេះ​ជា​នរណា​? គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ព្រះអង្គ​ហើយ ជា​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​៕ សេឡា

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម