Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 107 - ព្រះគម្ពីរខ្មែរសាកល


ភាគ ៥ (ទំនុកតម្កើង 107-150) អរព្រះគុណសម្រាប់ការជួយសង្គ្រោះរបស់ព្រះ

1 ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​——

2 សូមឲ្យ​អ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ​និយាយ​ដូច្នេះ គឺ​អ្នកដែល​ព្រះអង្គ​បាន​ប្រោសលោះ​ពី​កណ្ដាប់ដៃ​របស់​បច្ចាមិត្ត

3 និង​ប្រមូល​ពី​ស្រុក​នានា ពី​ទិសខាងកើត ពី​ទិសខាងលិច ពី​ទិសខាងជើង និង​ពី​ទិសខាងត្បូង​។

4 អ្នកខ្លះ​បាន​វង្វេង​ក្នុង​ទីរហោស្ថាន ក្នុង​ទីហួតហែង ក៏​រក​ផ្លូវ​ទៅ​ទីក្រុង​ដែលជា​ទីស្នាក់អាស្រ័យ​មិន​បាន​ឡើយ​។

5 ពួកគេ​ឃ្លាន​ផង​ស្រេក​ផង ហើយ​ព្រលឹង​របស់ពួកគេ​ក៏​ចុះខ្សោយ​នៅក្នុង​ពួកគេ​។

6 គ្រានោះ ពួកគេ​បាន​ស្រែកឡើង​ទៅកាន់​ព្រះយេហូវ៉ា ក្នុង​ទុក្ខវេទនា​របស់​ពួកគេ នោះ​ព្រះអង្គ​ក៏​រំដោះ​ពួកគេ​ពី​ទុក្ខព្រួយ​របស់ពួកគេ​។

7 ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ឲ្យដើរ​ក្នុង​ផ្លូវ​ត្រឹមត្រូវ ដើម្បីឲ្យ​ទៅ​ដល់​ទីក្រុង​ដែលជា​ទីស្នាក់អាស្រ័យ​។

8 សូមឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សម្រាប់​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ចំពោះ​មនុស្សលោក​!

9 ដ្បិត​ព្រះអង្គ​បាន​ចម្អែត​ព្រលឹង​ដែល​ស្រេក ហើយ​បំពេញ​ព្រលឹង​ដែល​ឃ្លាន​ដោយ​សេចក្ដី​ល្អ​។

10 អ្នកខ្លះ​បាន​អង្គុយ​ក្នុង​សេចក្ដីងងឹត និង​ស្រមោលនៃសេចក្ដីស្លាប់ ជា​អ្នកទោស​នៃ​ទុក្ខវេទនា និង​ច្រវាក់ដែក

11 ដោយសារ​ពួកគេ​បាន​បះបោរ​នឹង​ព្រះបន្ទូល​របស់​ព្រះ ហើយ​មើលងាយ​ដំបូន្មាន​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។

12 ដូច្នេះ ព្រះអង្គ​បាន​បន្ទាប​ចិត្ត​របស់ពួកគេ​ដោយ​ការនឿយហត់​; ពួកគេ​បាន​ជំពប់ ហើយ​គ្មានអ្នកណា​ជួយ​ឡើយ​។

13 គ្រានោះ ពួកគេ​បាន​ស្រែកយំ​ទៅកាន់​ព្រះយេហូវ៉ា ក្នុង​ទុក្ខវេទនា​របស់​ពួកគេ នោះ​ព្រះអង្គ​ក៏​សង្គ្រោះ​ពួកគេ​ពី​ទុក្ខព្រួយ​របស់ពួកគេ​។

14 ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ចេញ​ពី​សេចក្ដីងងឹត និង​ស្រមោលនៃសេចក្ដីស្លាប់ ហើយ​ផ្ដាច់​ចំណង​របស់ពួកគេ​។

15 សូមឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សម្រាប់​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ចំពោះ​មនុស្សលោក​!

16 ដ្បិត​ព្រះអង្គ​បាន​បំបាក់​ទ្វារ​លង្ហិន ហើយ​កាត់​រនុក​ដែក​ចោល​។

17 អ្នកខ្លះជា​មនុស្សល្ងីល្ងើ​ដោយសារតែ​ផ្លូវ​នៃ​ការបំពាន​របស់ខ្លួន ហើយ​រងទុក្ខ​ដោយសារតែ​អំពើទុច្ចរិត​របស់ខ្លួន​។

18 ព្រលឹង​របស់ពួកគេ​ខ្ពើម​អាហារ​គ្រប់មុខ ហើយ​ខិតទៅជិត​ខ្លោងទ្វារ​នៃ​សេចក្ដីស្លាប់​។

19 គ្រានោះ ពួកគេ​ស្រែកយំ​ទៅកាន់​ព្រះយេហូវ៉ា ក្នុង​ទុក្ខវេទនា​របស់​ពួកគេ នោះ​ព្រះអង្គ​ក៏​សង្គ្រោះ​ពួកគេ​ពី​ទុក្ខព្រួយ​របស់ពួកគេ​។

20 ព្រះអង្គ​ទ្រង់​ចាត់​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យមក ហើយ​ប្រោស​ពួកគេ​ឲ្យជា ព្រមទាំង​រំដោះ​ពួកគេ​ពី​រណ្ដៅមរណៈ​ផង​។

21 សូមឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សម្រាប់​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ចំពោះ​មនុស្សលោក​!

22 សូមឲ្យ​ពួកគេ​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ ហើយ​ថ្លែង​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ ដោយ​សម្រែកហ៊ោសប្បាយ​!

23 អ្នកខ្លះ​ចុះទៅ​សមុទ្រ​តាម​នាវា ទាំង​ធ្វើជំនួញ​លើ​ទឹក​ដ៏ច្រើន​;

24 ពួកគេ​បាន​ឃើញ​ស្នាព្រះហស្ត​របស់​ព្រះយេហូវ៉ា និង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​នៅក្នុង​ទីជម្រៅ​។

25 ព្រះអង្គ​មានបន្ទូល នោះក៏​កើតមាន​ខ្យល់ព្យុះ ហើយ​វា​លើក​រលក​សមុទ្រ​ឡើង​។

26 ពួកគេ​ឡើងទៅ​ផ្ទៃមេឃ រួច​ចុះទៅ​ទីជម្រៅ នោះ​ព្រលឹង​របស់ពួកគេ​ក៏​រលាយ​នៅក្នុង​មហន្តរាយ​។

27 ពួកគេ​យោលយោកចុះឡើង ហើយ​ដើរទ្រេតទ្រោត​ដូច​មនុស្ស​ស្រវឹង រីឯ​អស់ទាំង​ប្រាជ្ញា​របស់ពួកគេ​ក៏​អស់ទៅ​។

28 គ្រានោះ ពួកគេ​ស្រែកឡើង​ទៅកាន់​ព្រះយេហូវ៉ា ក្នុង​ទុក្ខវេទនា​របស់​ពួកគេ នោះ​ព្រះអង្គ​ក៏​យក​ពួកគេ​ចេញ​ពី​ទុក្ខព្រួយ​របស់ពួកគេ​។

29 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ព្យុះសង្ឃរា​ស្ងប់ស្ងាត់ឈឹង ហើយ​រលក​សមុទ្រ​ក៏​ស្ងៀមស្ងប់​ទៅ​។

30 នោះ​ពួកគេ​ក៏​អរសប្បាយ​ដោយព្រោះ​វា​ស្ងប់ ហើយ​ព្រះអង្គ​ទ្រង់​នាំ​ពួកគេ​ទៅ​កំពង់ផែ​ដែល​ពួកគេ​ប្រាថ្នាចង់​ទៅ​។

31 សូមឲ្យ​ពួកគេ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា សម្រាប់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សម្រាប់​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ចំពោះ​មនុស្សលោក​!

32 សូមឲ្យ​ពួកគេ​លើកតម្កើង​ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​របស់​ប្រជាជន ហើយ​សរសើរតម្កើង​ព្រះអង្គ​ក្នុងចំណោម​កៅអី​របស់​ពួក​ចាស់ទុំ​!

33 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទន្លេ​ទៅជា​ទីរហោស្ថាន ហើយ​ធ្វើឲ្យ​ប្រភពទឹក​ទៅជា​ដីហួតហែង

34 ក៏ធ្វើឲ្យ​ដី​ដែលផ្ដល់​ផលផ្លែ​ទៅជា​ដីប្រៃ ព្រោះតែ​ការអាក្រក់​របស់​អ្នកដែល​រស់នៅ​ទីនោះ​។

35 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​ទៅជា​ស្រះ​ទឹក ហើយ​ធ្វើឲ្យ​ដី​ហួតហែង​ទៅជា​ប្រភពទឹក​។

36 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​មនុស្ស​អត់ឃ្លាន​បាន​រស់នៅ​ទីនោះ ហើយ​ពួកគេ​សាងសង់​ទីក្រុង​ដែលជា​ទីស្នាក់អាស្រ័យ​។

37 ពួកគេ​សាបព្រោះ​នៅ​ស្រែ ហើយ​ធ្វើ​ចម្ការទំពាំងបាយជូរ​ផង ក៏​ទទួលបាន​ចម្រូត​សម្បូរផលផ្លែ​។

38 ព្រះអង្គ​ប្រទានពរ​ពួកគេ នោះ​ពួកគេ​ក៏​កើនចំនួនឡើង​យ៉ាងច្រើន​; ព្រះអង្គ​មិន​ធ្វើឲ្យ​សត្វស្រុក​របស់ពួកគេ​ថយចុះ​ឡើយ​។

39 ក្រោយមក ពួកគេ​ថយចុះ ហើយ​ចុះខ្សោយ ដោយសារតែ​ការសង្កត់សង្កិន មហន្តរាយ និង​ទុក្ខព្រួយ​។

40 ព្រះអង្គ​ទ្រង់​ចាក់​សេចក្ដីមើលងាយ​លើ​ពួក​អភិជន ហើយ​ធ្វើឲ្យ​ពួកគេ​វង្វេង​នៅក្នុង​កន្លែងហិនហោច​ដែល​គ្មាន​ផ្លូវ​។

41 ប៉ុន្តែ​ព្រះអង្គ​ទ្រង់​លើក​មនុស្ស​ខ្វះខាត​ឲ្យរួចផុត​ពី​ទុក្ខវេទនា ហើយ​ធ្វើឲ្យ​ក្រុមគ្រួសារ​របស់ពួកគេ​កើនឡើង​ដូច​ហ្វូងចៀម​។

42 មនុស្ស​ទៀងត្រង់​ឃើញ​ដូច្នេះ ក៏​អរសប្បាយ រីឯ​អស់ទាំង​មនុស្សទុច្ចរិត​ក៏​បិទ​មាត់​។

43 តើ​នរណា​មានប្រាជ្ញា​? ចូរឲ្យ​អ្នកនោះ​យកចិត្តទុកដាក់​នឹង​សេចក្ដីទាំងនេះ ហើយ​យល់ច្បាស់​នូវ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ចុះ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម