Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

រ៉ូម 8 - ព្រះគម្ពីរខ្មែរសាកល


វិញ្ញាណដែលផ្ដល់ជីវិត

1 ដូច្នេះ​ឥឡូវនេះ គ្មាន​ការផ្ដន្ទាទោស​ដល់​អ្នក​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ឡើយ​។

2 ដ្បិត​គោលការណ៍​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត បាន​រំដោះ​អ្នក​ពី​គោលការណ៍​របស់​បាប និង​សេចក្ដីស្លាប់ តាមរយៈ​ព្រះ​គ្រីស្ទ​យេស៊ូវ​ហើយ​។

3 ព្រះទ្រង់ធ្វើ​អ្វី​ដែល​ក្រឹត្យវិន័យ​ធ្វើមិនកើត​ដោយសារ​វា​ចុះខ្សោយ​ព្រោះ​សាច់ឈាម គឺ​ព្រះ​បាន​កាត់ទោស​បាប​នៅក្នុង​រូបសាច់ ដោយ​ចាត់​ព្រះបុត្រា​របស់​អង្គទ្រង់​ឲ្យមក​ក្នុង​សណ្ឋានដូចជា​រូបសាច់​នៃ​បាប ដើម្បី​បូជា​សម្រាប់​បាប

4 ដើម្បីឲ្យ​សេចក្ដីតម្រូវដ៏សុចរិត​នៃ​ក្រឹត្យវិន័យ ត្រូវបាន​បំពេញ​នៅក្នុង​យើង​ដែល​មិន​ដើរ​តាមសាច់ឈាម គឺ​ដើរ​តាម​ព្រះវិញ្ញាណ​វិញ​។

5 ជាការពិត អ្នក​ដែល​ដើរតាម​សាច់ឈាម គិត​អ្វីៗ​ខាងសាច់ឈាម រីឯ​អ្នក​ដែល​ដើរ​តាម​ព្រះវិញ្ញាណ គិត​អ្វីៗ​ខាង​វិញ្ញាណ​។

6 គំនិត​ខាងសាច់ឈាម​ជា​សេចក្ដីស្លាប់ រីឯ​គំនិត​ខាង​ព្រះវិញ្ញាណ​ជា​ជីវិត និង​សេចក្ដីសុខសាន្ត​។

7 ដ្បិត​គំនិត​ខាងសាច់ឈាម​ជា​ខ្មាំងសត្រូវ​នឹង​ព្រះ ពីព្រោះ​វា​មិន​ចុះចូល​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ​ទេ ហើយ​តាមពិត​វា​ក៏មិន​អាច​ចុះចូល​បាន​ផង​។

8 ដូច្នេះ អ្នក​ដែល​នៅ​ខាងសាច់ឈាម មិនអាច​បំពេញព្រះហឫទ័យ​ព្រះ​បានឡើយ​។

9 យ៉ាងណាមិញ អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម​ទេ គឺ​នៅ​ខាង​ព្រះវិញ្ញាណ​វិញ ពីព្រោះ​ព្រះវិញ្ញាណ​របស់​ព្រះ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​។ ប្រសិនបើ​អ្នកណា​គ្មាន​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ទេ អ្នកនោះ​មិនមែន​ជា​របស់​ព្រះអង្គ​ឡើយ​។

10 ផ្ទុយទៅវិញ ប្រសិនបើ​ព្រះ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា ទោះបីជា​រូបកាយ​ស្លាប់​ដោយសារតែ​បាប​ក៏ដោយ ក៏​វិញ្ញាណ​មាន​ជីវិត​ដោយសារតែ​សេចក្ដីសុចរិត​។

11 មិនត្រឹមតែប៉ុណ្ណោះ​ទេ ប្រសិនបើ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​ដែល​លើក​ព្រះ​គ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​នោះ ក៏​នឹង​ផ្ដល់ជីវិត​ដល់​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ដែរ​។


កិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ

12 បងប្អូន​អើយ ដោយហេតុនេះ យើង​ជា​កូនបំណុល ប៉ុន្តែ​មិនមែន​ជា​កូនបំណុល​របស់​សាច់ឈាម ដើម្បី​រស់​តាមសាច់ឈាម​នោះ​ទេ

13 ដ្បិត​ប្រសិនបើ​អ្នករាល់គ្នា​រស់នៅ​តាមសាច់ឈាម អ្នករាល់គ្នា​មុខជា​ស្លាប់​មិនខាន ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នករាល់គ្នា​នឹង​រស់​។

14 ជាការពិត អស់អ្នកណាដែល​ត្រូវ​ព្រះវិញ្ញាណ​របស់​ព្រះ​ដឹកនាំ អ្នកទាំងនោះ​ជា​កូនរបស់ព្រះ​។

15 ពោលគឺ អ្នករាល់គ្នា​មិន​បាន​ទទួល​វិញ្ញាណ​នៃ​ភាពជាទាសករ ដែលធ្វើឲ្យ​ត្រឡប់ទៅ​ក្នុង​សេចក្ដីភ័យខ្លាច​ទៀត​ទេ គឺ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​ភាពជាកូន​វិញ​។ យើង​ស្រែក​ដោយ​ព្រះវិញ្ញាណនេះ​ថា​: “អ័ប្បា​! ព្រះ​បិតា​អើយ​!”។

16 ព្រះវិញ្ញាណ​ផ្ទាល់​ក៏​ធ្វើបន្ទាល់ជាមួយ​វិញ្ញាណ​របស់យើង​ដែរ​ថា យើង​ជា​កូន​របស់​ព្រះ​។

17 ប្រសិនបើ​យើងជា​កូន នោះ​យើងជា​អ្នកទទួលមរតក​ដែរ​; ប្រសិនបើ​យើង​ពិតជា​រងទុក្ខជាមួយ​ព្រះអង្គ ដើម្បី​ទទួលសិរីរុងរឿង​ជាមួយ​ព្រះអង្គ នោះយើងជា​អ្នកទទួលមរតក​ពី​ព្រះ និងជា​អ្នករួមទទួលមរតក​ជាមួយ​ព្រះ​គ្រីស្ទ​ដែរ​។


សិរីរុងរឿងនៅអនាគត

18 ជាការពិត ខ្ញុំ​យល់ឃើញ​ថា ទុក្ខលំបាក​នៅបច្ចុប្បន្ននេះ​មិនអាចប្រៀបផ្ទឹម​នឹង​សិរីរុងរឿង​ដែល​រៀបនឹង​បើកសម្ដែង​ដល់​យើង​បានឡើយ​។

19 របស់សព្វសារពើដែលត្រូវបានបង្កើត​កំពុង​ទន្ទឹងរង់ចាំ​ដោយ​សង្ឃឹមទុក ចំពោះការ​ដែល​កូនៗរបស់ព្រះ​ត្រូវបាន​សម្ដែងឲ្យឃើញ

20 ដ្បិត​របស់សព្វសារពើដែលត្រូវបានបង្កើត បាន​ចុះចូល​នឹង​ភាពឥតខ្លឹមសារ មិនមែន​ដោយ​ស្ម័គ្រចិត្ត​ទេ គឺ​ដោយសារតែ​ព្រះអង្គ​ដែល​ធ្វើឲ្យ​វា​ចុះចូល​វិញ ដោយ​សង្ឃឹម

21 ថា​របស់សព្វសារពើដែលត្រូវបានបង្កើត​នោះឯង ក៏​នឹង​បាន​រំដោះ​ចេញពី​ភាពជាទាសករ​នៃ​ការសាបសូន្យ ចូល​ទៅក្នុង​សេរីភាព​នៃ​សិរីរុងរឿង​របស់​កូន​ៗ​ព្រះ​ដែរ​។

22 យើង​ដឹង​ហើយ​ថា រហូតមកដល់​ឥឡូវនេះ របស់សព្វសារពើ​ទាំងអស់​ដែលត្រូវបានបង្កើត ស្រែកថ្ងូរជាមួយគ្នា និង​ឈឺពោះឆ្លងទន្លេជាមួយគ្នា​។

23 មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផលដំបូង​របស់​ព្រះវិញ្ញាណ ក៏​ថ្ងូរ​នៅក្នុង​ខ្លួន​ដែរ ដោយ​ទន្ទឹងរង់ចាំ​ភាពជាកូន គឺ​ការប្រោសលោះ​នៃ​រូបកាយ​របស់យើង​។

24 ដ្បិត​យើង​បាន​សង្គ្រោះ​ដោយ​សេចក្ដីសង្ឃឹម​នេះ​ឯង​។ យ៉ាងណាមិញ សេចក្ដីសង្ឃឹម​ដែល​មើលឃើញ មិនមែន​ជា​សេចក្ដីសង្ឃឹម​ទេ​។ តើ​មាន​នរណា​សង្ឃឹម​លើ​អ្វីដែល​មើលឃើញ​?

25 ប៉ុន្តែ​ប្រសិនបើ​យើង​សង្ឃឹម​លើ​អ្វីដែល​យើង​មើលមិនឃើញ នោះ​យើង​ទន្ទឹងរង់ចាំ​ដោយ​ការអត់ធ្មត់​។

26 មួយវិញទៀត ព្រះវិញ្ញាណ​ក៏​ជួយ​ភាពខ្សោយ​របស់យើង​ដូចគ្នាដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូចម្ដេច​ទេ ប៉ុន្តែ​ព្រះវិញ្ញាណ​ផ្ទាល់​ទូលអង្វរជំនួស​យើង ដោយ​សំឡេងថ្ងូរ​ដែល​រកពាក្យថ្លែងពុំបាន​។

27 រីឯ​ព្រះអង្គ​ដែល​ស្ទង់មើល​ចិត្ត ព្រះអង្គ​ទ្រង់​ជ្រាប​គំនិត​របស់​ព្រះវិញ្ញាណ​ស្រាប់ហើយ ពីព្រោះ​ព្រះវិញ្ញាណ​ទូលអង្វរ​ជំនួស​វិសុទ្ធជន​ស្របតាម​ព្រះហឫទ័យ​របស់​ព្រះ​។

28 យើង​ក៏​ដឹង​ដែរ​ថា ព្រះ​ទ្រង់​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ធ្វើការរួមគ្នា​ដើម្បី​ជា​ការល្អ​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ស្របតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​។

29 ដ្បិត​ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​ស្គាល់ជាមុន ព្រះអង្គ​បាន​កំណត់ទុកមុន​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះបុត្រា​របស់​ព្រះអង្គ ដើម្បីឲ្យ​ព្រះបុត្រា​ទៅជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ជាច្រើន​;

30 ហើយ​ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​កំណត់ទុកមុន ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​អ្នកទាំងនោះ​; ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​ត្រាស់ហៅ ព្រះអង្គ​ក៏​បាន​រាប់​អ្នកទាំងនោះ​ជាសុចរិត​; ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​រាប់ជាសុចរិត ព្រះអង្គ​ក៏​បាន​ប្រទានសិរីរុងរឿង​ដល់​អ្នកទាំងនោះ​ដែរ​។


ជ័យជម្នះរបស់អ្នកជឿ

31 បើដូច្នេះ តើ​យើង​នឹង​និយាយ​ដូចម្ដេច​ចំពោះ​សេចក្ដីទាំងនេះ​? ប្រសិនបើ​ព្រះ​នៅខាង​យើង តើ​នរណា​អាច​ប្រឆាំងនឹង​យើង​បាន​?

32 ព្រះអង្គ​ដែល​មិន​បាន​សំចៃទុក​សូម្បីតែ​ព្រះបុត្រា​របស់អង្គទ្រង់ គឺ​ប្រគល់​ព្រះបុត្រា​សម្រាប់​យើង​ទាំងអស់គ្នា​វិញ តើ​ព្រះអង្គ​នឹង​មិន​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង ជាមួយ​ព្រះបុត្រា​ទេ​ឬ​?

33 តើ​នរណា​អាច​ចោទប្រកាន់​ទាស់នឹង​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះ​បាន​? ដ្បិត​គឺ​ព្រះ​ទេតើ ដែល​រាប់​ពួកគេ​ជាសុចរិត​!

34 តើ​នរណា​អាច​ផ្ដន្ទាទោស​បាន​? ដ្បិត​គឺ​ព្រះ​គ្រីស្ទ​យេស៊ូវ​ទេតើ ដែល​សុគត ហើយ​លើសពីនេះទៅទៀត ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ព្រមទាំង​គង់នៅ​ខាងស្ដាំ​ព្រះ ទូលអង្វរ​ជំនួស​យើង​ផង​!

35 តើ​នរណា​អាច​បំបែក​យើង​ចេញពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បាន​? តើ​ជា​ទុក្ខវេទនា ឬ​ការលំបាក ឬ​ការបៀតបៀន ឬ​ការអត់ឃ្លាន ឬ​ភាពអាក្រាត ឬ​គ្រោះថ្នាក់ ឬ​ដាវ​?

36 ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ដោយសារតែ​ព្រះអង្គ យើង​ត្រូវគេ​សម្លាប់​វាល់ព្រឹកវាល់ល្ងាច​; យើង​ត្រូវបាន​ចាត់ទុក​ដូចជា​ចៀម​ដែលនឹងត្រូវ​សម្លាប់”។

37 ប៉ុន្តែ​ក្នុង​ការ​ទាំងអស់​នេះ យើង​លើសជាងអ្នកមានជ័យជម្នះ​ទៅទៀត ដោយនូវ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​។

38 ជាការពិត ខ្ញុំ​ជឿជាក់​ថា ទោះជា​សេចក្ដីស្លាប់​ក្ដី ជីវិត​ក្ដី ទូតសួគ៌​ក្ដី មេគ្រប់គ្រង​ក្ដី អ្វីៗ​នា​បច្ចុប្បន្នកាល​ក្ដី អ្វីៗ​នា​អនាគតកាល​ក្ដី អំណាច​នានា​ក្ដី

39 កម្ពស់​ក្ដី ជម្រៅ​ក្ដី ឬ​របស់​ណាមួយ​ផ្សេងទៀត​ដែលត្រូវបានបង្កើត​ក្ដី ក៏មិន​អាច​បំបែក​យើង​ចេញពី​សេចក្ដីស្រឡាញ់របស់ព្រះ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​បាន​ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម