យ៉ូហាន 16 - ព្រះគម្ពីរខ្មែរសាកល1 “ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវបានធ្វើឲ្យជំពប់ដួល ឡើយ។ 2 គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានពេលវេលានឹងមក ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងគិតថា ខ្លួនគេកំពុងថ្វាយការបម្រើដល់ព្រះ។ 3 ពួកគេនឹងធ្វើការទាំងនេះ ដោយសារពួកគេមិនស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំដែរ។ 4 ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីកាលណាពេលវេលានោះមកដល់ អ្នករាល់គ្នាបាននឹកឃើញថាខ្ញុំប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាតាំងពីដំបូងទេ ពីព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នា។ កិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ 5 “ឥឡូវនេះ ខ្ញុំនឹងទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមក ហើយគ្មានអ្នកណាក្នុងអ្នករាល់គ្នាសួរខ្ញុំថា: ‘តើលោកនឹងទៅឯណា?’ ឡើយ។ 6 ផ្ទុយទៅវិញ ដោយសារខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ចិត្តរបស់អ្នករាល់គ្នាបានពេញដោយទុក្ខព្រួយ។ 7 ប៉ុន្តែខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា ការដែលខ្ញុំទៅ គឺជាប្រយោជន៍ដល់អ្នករាល់គ្នា ពីព្រោះប្រសិនបើខ្ញុំមិនទៅទេ ព្រះជំនួយនឹងមិនមករកអ្នករាល់គ្នាឡើយ ប៉ុន្តែប្រសិនបើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។ 8 នៅពេលយាងមកដល់ ព្រះអង្គនឹងឲ្យពិភពលោកដឹងកំហុសទាក់ទងនឹងបាប ទាក់ទងនឹងសេចក្ដីសុចរិត និងទាក់ទងនឹងការជំនុំជម្រះ 9 គឺទាក់ទងនឹងបាប ពីព្រោះពួកគេមិនជឿលើខ្ញុំ; 10 ទាក់ទងនឹងសេចក្ដីសុចរិត ពីព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នាលែងឃើញខ្ញុំទៀតហើយ; 11 ទាក់ទងនឹងការជំនុំជម្រះ ពីព្រោះមេគ្រប់គ្រងរបស់ពិភពលោកនេះត្រូវបានផ្ដន្ទាទោសហើយ។ 12 “ខ្ញុំនៅតែមានសេចក្ដីជាច្រើនទៀតដើម្បីប្រាប់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាមិនអាចទទួលបានទេ។ 13 នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងនាំផ្លូវអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ពីព្រោះព្រះអង្គនឹងមិនមានបន្ទូលចេញពីអង្គទ្រង់ទេ គឺព្រះអង្គនឹងមានបន្ទូលនូវអ្វីៗដែលព្រះអង្គទ្រង់ឮវិញ ហើយថ្លែងនូវអ្វីៗដែលនឹងមក ដល់អ្នករាល់គ្នា។ 14 ព្រះអង្គនឹងលើកតម្កើងសិរីរុងរឿងដល់ខ្ញុំ ពីព្រោះព្រះអង្គនឹងទទួលអ្វីដែលជារបស់ខ្ញុំ ហើយថ្លែងដល់អ្នករាល់គ្នា។ 15 អ្វីៗទាំងអស់ដែលព្រះបិតាមានជារបស់ខ្ញុំ។ ហេតុនេះហើយបានជាខ្ញុំនិយាយថា ព្រះវិញ្ញាណនឹងទទួលអ្វីដែលជារបស់ខ្ញុំ ហើយថ្លែងដល់អ្នករាល់គ្នា។ ទុក្ខព្រួយត្រឡប់ជាអំណរ 16 “បន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ ”។ 17 ដូច្នេះ អ្នកខ្លះក្នុងពួកសិស្សរបស់ព្រះអង្គនិយាយគ្នាទៅវិញទៅមកថា៖ “តើពាក្យដែលព្រះអង្គមានបន្ទូលនឹងយើងថា:‘បន្តិចទៀត អ្នករាល់គ្នានឹងមិនឃើញខ្ញុំឡើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ’ និងថា:‘ពីព្រោះខ្ញុំទៅឯព្រះបិតា’ នេះមានន័យដូចម្ដេច?”។ 18 ពួកគេក៏និយាយទៀតថា៖ “តើពាក្យដែលព្រះអង្គមានបន្ទូលថា:‘បន្តិចទៀត’ នេះមានន័យដូចម្ដេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលទេ”។ 19 ព្រះយេស៊ូវទ្រង់ជ្រាបថាពួកគេចង់ទូលសួរព្រះអង្គ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាសួរគ្នាទៅវិញទៅមកអំពីពាក្យដែលខ្ញុំបាននិយាយថា: ‘បន្តិចទៀត អ្នករាល់គ្នានឹងមិនឃើញខ្ញុំឡើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ’ នេះឬ? 20 “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ រីឯពិភពលោកនឹងអរសប្បាយ។ អ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យព្រួយចិត្ត ប៉ុន្តែទុក្ខព្រួយរបស់អ្នករាល់គ្នានឹងត្រឡប់ជាអំណរវិញ។ 21 នៅពេលស្ត្រីសម្រាលកូន នាងមានទុក្ខព្រួយ ពីព្រោះពេលវេលារបស់នាងមកដល់ ប៉ុន្តែពេលនាងសម្រាលបានកូនហើយ នាងលែងនឹកចាំទុក្ខវេទនានោះទៀតហើយ ដោយសារតែអំណរដែលមនុស្សម្នាក់កើតមកក្នុងពិភពលោក។ 22 ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។ 23 នៅថ្ងៃនោះ អ្នករាល់គ្នានឹងមិនសួរខ្ញុំពីអ្វីទៀតឡើយ។ “ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នា។ 24 រហូតមកដល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសុំអ្វីក្នុងនាមរបស់ខ្ញុំទេ។ ចូរសុំចុះ នោះអ្នករាល់គ្នានឹងទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាត្រូវបានបំពេញ។ ព្រះយេស៊ូវមានជ័យជម្នះលើពិភពលោកហើយ 25 “ខ្ញុំបាននិយាយសេចក្ដីទាំងនេះនឹងអ្នករាល់គ្នាដោយពាក្យប្រៀបប្រដូច។ ពេលវេលានឹងមក ដែលខ្ញុំលែងនិយាយនឹងអ្នករាល់គ្នាដោយពាក្យប្រៀបប្រដូចទៀតឡើយ ផ្ទុយទៅវិញខ្ញុំនឹងប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អំពីព្រះបិតា។ 26 នៅថ្ងៃនោះ អ្នករាល់គ្នានឹងទូលសុំក្នុងនាមរបស់ខ្ញុំ ហើយខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងទូលសុំព្រះបិតាជំនួសអ្នករាល់គ្នាទេ 27 ដ្បិតព្រះបិតាផ្ទាល់ទ្រង់ស្រឡាញ់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ និងជឿថា ខ្ញុំចេញមកពីព្រះ។ 28 ខ្ញុំចេញពីព្រះបិតា ហើយមកក្នុងពិភពលោក; ខ្ញុំនឹងចាកចេញពីពិភពលោក ហើយទៅឯព្រះបិតាវិញ”។ 29 ពួកសិស្សរបស់ព្រះអង្គទូលថា៖ “មើល៍! ឥឡូវនេះព្រះអង្គមានបន្ទូលយ៉ាងច្បាស់ ហើយលែងមានបន្ទូលជាពាក្យប្រៀបប្រដូចទៀតហើយ។ 30 ឥឡូវនេះ យើងខ្ញុំដឹងហើយថា ព្រះអង្គទ្រង់ជ្រាបអ្វីៗទាំងអស់ ហើយមិនចាំបាច់ឲ្យអ្នកណាទូលសួរព្រះអង្គទេ។ ដោយសារតែការនេះ យើងខ្ញុំជឿថាព្រះអង្គយាងមកពីព្រះ”។ 31 ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“ឥឡូវនេះ អ្នករាល់គ្នាជឿឬ? 32 មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។ 33 ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងពិភពលោក អ្នករាល់គ្នាមានទុក្ខវេទនាមែន ប៉ុន្តែចូរក្លាហានឡើង! ខ្ញុំមានជ័យជម្នះលើពិភពលោកហើយ”៕ |