Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 79 - ព្រះគម្ពីរខ្មែរសាកល


ជំនឿក្នុងពេលមានចលាចល
បទតម្កើង​របស់​អេសាភ​។

1 ឱ​ព្រះ​អើយ ប្រជាជាតិ​នានា​បាន​ចូលមក​ក្នុង​មរតក​របស់ព្រះអង្គ​ហើយ​! ពួកគេ​បាន​បង្ខូច​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​យេរូសាឡិម​ទៅជា​គំនរបាក់បែក​!

2 ពួកគេ​បាន​ប្រគល់​សាកសព​បាវបម្រើ​របស់ព្រះអង្គ​ជា​ចំណី​ដល់​បក្សាបក្សីនៅលើអាកាស ហើយ​ប្រគល់​សាច់​វិសុទ្ធជន​របស់ព្រះអង្គ​ដល់​សត្វព្រៃនៅលើផែនដី​។

3 ពួកគេ​បាន​បង្ហូរ​ឈាម​អ្នកទាំងនោះ ដូចជា​បង្ហូរ​ទឹក​នៅ​ជុំវិញ​យេរូសាឡិម ហើយ​គ្មានអ្នកណា​បញ្ចុះសព​អ្នកទាំងនោះ​ឡើយ​។

4 យើងខ្ញុំ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​អ្នកជិតខាង​របស់យើងខ្ញុំ ក៏​បាន​ទៅជា​ទីឡកឡឺយ និង​ជា​ទីសើចចំអក​ដល់​អ្នកដែលនៅ​ជុំវិញ​យើងខ្ញុំ​។

5 ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? តើ​ព្រះអង្គ​នឹង​ក្រេវក្រោធ​ជាដរាប​ឬ​? តើ​សេចក្ដីប្រច័ណ្ឌ​របស់ព្រះអង្គ​នឹង​នៅតែ​ឆេះ​ដូច​ភ្លើង​ឬ​?

6 សូម​ចាក់​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ លើ​ប្រជាជាតិ​នានា​ដែល​មិន​ស្គាល់​ព្រះអង្គ និង​លើ​អាណាចក្រ​ទាំងឡាយ​ដែល​មិន​ហៅរក​ព្រះនាម​របស់ព្រះអង្គ

7 ពីព្រោះ​គេ​បាន​ស៊ីបំផ្លាញ​យ៉ាកុប ហើយ​ធ្វើឲ្យ​លំនៅ​របស់គាត់​ស្ងាត់ជ្រងំ​។

8 សូម​ព្រះអង្គ​កុំ​នឹកចាំ​អំពើទុច្ចរិត​របស់​ដូនតា​យើងខ្ញុំ​ទាស់នឹង​យើងខ្ញុំ​ឡើយ​; សូមឲ្យ​សេចក្ដីមេត្តា​របស់ព្រះអង្គ​មកជួប​យើងខ្ញុំ​យ៉ាងឆាប់រហ័ស​ផង ដ្បិត​យើងខ្ញុំ​ដុនដាប​ជាខ្លាំង​។

9 ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយយល់ដល់​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ​ផង​! សូម​រំដោះ​យើងខ្ញុំ ហើយ​លុបលាង​បាប​របស់យើងខ្ញុំ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​!

10 ហេតុអ្វីបានជា​ប្រជាជាតិ​នានា​និយាយថា​៖ “ព្រះ​របស់ពួកគេ​នៅ​ឯណា” ដូច្នេះ​? សូមឲ្យ​ការសងសឹក​នៃ​ឈាម​បាវបម្រើ​របស់ព្រះអង្គ​ដែល​ត្រូវបាន​បង្ហូរ​នោះ ត្រូវបាន​ស្គាល់​នៅក្នុងចំណោម​ប្រជាជាតិ​នានា​នៅចំពោះ​ភ្នែក​យើងខ្ញុំ​ផង​។

11 សូមឲ្យ​សម្រែកថ្ងូរ​របស់​អ្នកទោស​បាន​មក​នៅចំពោះ​ព្រះអង្គ​ផង​! សូម​សំចៃទុក​អ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ ដោយ​អានុភាព​នៃ​ព្រះពាហុ​របស់ព្រះអង្គ​ផង​!

12 ព្រះអម្ចាស់​អើយ ចំពោះ​ការត្មះតិះដៀល​ដែល​អ្នកជិតខាង​របស់យើងខ្ញុំ​បាន​ត្មះតិះដៀល​ព្រះអង្គ សូម​តបសង​ដល់​ពួកគេ គឺ​មួយជាប្រាំពីរ​ទៅលើ​ទ្រូង​របស់ពួកគេ​ផង​!

13 ធ្វើដូច្នេះ យើងខ្ញុំ​ដែលជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​ចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​ជារៀងរហូត​; យើងខ្ញុំ​នឹង​ថ្លែង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​ពីជំនាន់មួយទៅជំនាន់មួយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម