Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 8 - ព្រះគម្ពីរខ្មែរសាកល


ពាក្យស្រែកហៅរបស់ប្រាជ្ញា

1 តើ​ប្រាជ្ញា​មិន​ស្រែកហៅ​ទេ​ឬ​? តើ​ការយល់ដឹង​មិន​បន្លឺ​សំឡេង​ទេ​ឬ​?

2 នាង​ឈរ​លើ​កំពូល​នៃ​កន្លែងខ្ពស់​ក្បែរ​ផ្លូវ នៅ​កន្លែងផ្លូវប្រសព្វ

3 នៅ​ក្បែរ​ទ្វារក្រុង នៅ​ខ្លោងទ្វារ​ទីក្រុង នៅ​ច្រកចូល​ទ្វារ ទាំង​ស្រែកយ៉ាងខ្លាំងថា​៖

4 “មនុស្ស​អើយ ខ្ញុំ​ស្រែកហៅ​អ្នករាល់គ្នា នេះជា​សំឡេង​របស់ខ្ញុំ​ដល់​មនុស្សលោក​!

5 មនុស្សខ្វះចំណេះដឹង​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីឆ្លាតវៃ​ចុះ​! មនុស្សល្ងង់​អើយ ចូរ​យល់ច្បាស់​នូវ​ប្រាជ្ញា​ចុះ​!

6 ចូរ​ស្ដាប់​ចុះ​! ដ្បិត​ខ្ញុំ​និយាយ​អំពី​សេចក្ដីល្អប្រសើរ បបូរមាត់​របស់ខ្ញុំ​បើកបញ្ចេញ​សេចក្ដីទៀងត្រង់​;

7 មាត់​របស់ខ្ញុំ​ថ្លែង​សេចក្ដីពិត រីឯ​សេចក្ដីអាក្រក់​ជា​ទីស្អប់ខ្ពើម​ដល់​បបូរមាត់​របស់ខ្ញុំ​។

8 អស់ទាំង​ពាក្យ​ពី​មាត់​របស់ខ្ញុំ​ជា​សេចក្ដីសុចរិត ក្នុង​ពាក្យទាំងនេះ គ្មានអ្វី​ក្រវិចក្រវៀន ឬ​វៀចវេរ​ឡើយ​។

9 ពាក្យទាំងនេះ​សុទ្ធតែ​ប្រាកដច្បាស់​ដល់​អ្នកដែល​យល់ច្បាស់ ហើយ​សុទ្ធតែ​ទៀងត្រង់​ដល់​អ្នកដែល​រកឃើញ​ចំណេះដឹង​។

10 ចូរ​ទទួលយក​ការប្រៀនប្រដៅ​របស់ខ្ញុំ​ចុះ គឺ​មិនមែន​ប្រាក់​ទេ​; ចូរ​ទទួលយក​ចំណេះដឹង ជាជាង​មាស​ដែល​សម្រិតសម្រាំង​;

11 ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូងទទឹម ហើយ​អស់ទាំង​សេចក្ដីប្រាថ្នា​ក៏​មិន​អាច​ប្រៀបផ្ទឹម​នឹង​នាង​បាន​ឡើយ​។

12 ខ្ញុំ​ជា​ប្រាជ្ញា ខ្ញុំ​រស់នៅ​ជាមួយ​សេចក្ដីឆ្លាតវៃ ហើយ​ខ្ញុំ​រកបាន​ចំណេះដឹង និង​សមត្ថភាពពិចារណា​។

13 ការកោតខ្លាច​ព្រះយេហូវ៉ា គឺ​ស្អប់​សេចក្ដី​អាក្រក់​; ខ្ញុំ​ស្អប់​ភាពក្រអឺតក្រទម អំនួត ផ្លូវ​នៃ​សេចក្ដី​អាក្រក់ និង​មាត់​នៃ​សេចក្ដីកំហូច​។

14 ដំបូន្មាន និង​ប្រាជ្ញាត្រឹមត្រូវ​ជា​របស់ខ្ញុំ​; ខ្ញុំ​ជា​ការយល់ដឹង ហើយ​អំណាច​ជា​របស់ខ្ញុំ​។

15 ដោយសារតែ​ខ្ញុំ ស្ដេច​ទាំងឡាយ​គ្រងរាជ្យ ហើយ​បណ្ដា​មេគ្រប់គ្រង​ស្ថាបនា​សេចក្ដីសុចរិតយុត្តិធម៌​។

16 ដោយសារតែ​ខ្ញុំ ពួក​អ្នកដឹកនាំ​បាន​គ្រប់គ្រង គឺ​ពួក​អភិជន និង​អស់ទាំង​ចៅក្រម​ដ៏យុត្តិធម៌​។

17 ខ្ញុំ​ស្រឡាញ់​អ្នកដែល​ស្រឡាញ់​ខ្ញុំ ហើយ​អ្នកដែល​ខំប្រឹងស្វែងរក​ខ្ញុំ នឹង​រក​ខ្ញុំ​ឃើញ​។

18 ភាពស្ដុកស្ដម្ភ និង​សិរីរុងរឿង​នៅជាមួយ​ខ្ញុំ ទ្រព្យសម្បត្តិ​ដ៏នៅគង់វង្ស និង​សេចក្ដីសុចរិត​ក៏​នៅជាមួយ​ខ្ញុំ​ដែរ​។

19 ផលផ្លែ​របស់ខ្ញុំ​ប្រសើរ​ជាង​មាស គឺ​ប្រសើរ​ជាង​មាសសុទ្ធ​ទៅទៀត រីឯ​ភោគផល​របស់ខ្ញុំ​ក៏​ប្រសើរ​ជាង​ប្រាក់​ដែល​សម្រិតសម្រាំង​ដែរ​។

20 ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត គឺ​នៅក្នុងចំណោម​គន្លង​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌

21 ដើម្បីឲ្យ​អ្នកដែល​ស្រឡាញ់​ខ្ញុំ បាន​ទទួល​ទ្រព្យសម្បត្តិ​ជាមរតក ដើម្បីឲ្យ​ខ្ញុំ​បាន​បំពេញ​ឃ្លាំង​របស់ពួកគេ​។

22 ព្រះយេហូវ៉ា​មាន​ខ្ញុំ​ហើយ តាំងពីដើមដំបូង​នៃ​ការនិម្មិតបង្កើតពិភពលោក គឺ​មុន​កិច្ចការ​ពី​បុរាណកាល​របស់ព្រះអង្គ​ទៅទៀត​។

23 ខ្ញុំ​ត្រូវបាន​តាំងឡើង តាំងពី​យូរលង់ តាំងពី​ដើមដំបូង តាំងពី​មុន​មាន​ផែនដី​។

24 កាល​មិនទាន់មាន​ទីជម្រៅ គឺ​កាល​មិនទាន់មាន​ប្រភព​ដែល​ទឹក​ផុសឡើង ខ្ញុំ​បាន​កើតមក​ហើយ​;

25 មុន​ភ្នំ​នានា និង​ទីទួល​នានា​ត្រូវបាន​ចាក់គ្រឹះ ខ្ញុំ​បាន​កើតមក​ហើយ​;

26 គឺ​កាល​ព្រះអង្គ​មិនទាន់​បង្កើត​ផែនដី ឬ​ស្រែចម្ការ ឬ​ធូលី​ដំបូង​នៃ​ពិភពលោក​នៅឡើយ​។

27 កាល​ព្រះអង្គ​តាំង​បណ្ដាមេឃ​ឡើង ខ្ញុំ​បាននៅ​ទីនោះ​—— កាល​ព្រះអង្គ​ស្ថាបនា​ដំបូលក្រឡូម​នៅលើ​ផ្ទៃ​នៃ​ទីជម្រៅ

28 កាល​ព្រះអង្គ​តាំង​ពពក​នៅ​ខាងលើ កាល​ព្រះអង្គ​ធ្វើឲ្យ​ប្រភពទឹក​នៃ​ទីជម្រៅ​ផុសចេញ

29 កាល​ព្រះអង្គ​កំណត់​ព្រំដែន​ឲ្យ​សមុទ្រ ដើម្បី​កុំ​ឲ្យ​ទឹក​ឡើងរំលង​សេចក្ដីបង្គាប់​របស់ព្រះអង្គ កាល​ព្រះអង្គ​ស្ថាបនា​គ្រឹះ​នៃ​ផែនដី​——

30 នៅគ្រានោះ ខ្ញុំ​គឺជា​ជាងជំនាញ​នៅក្បែរ​ព្រះអង្គ ក៏​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទាំង​សើចសប្បាយ​នៅចំពោះ​ព្រះអង្គ​គ្រប់ពេល​;

31 ខ្ញុំ​សើចសប្បាយ​ចំពោះ​ពិភពលោកទាំងមូល​របស់ព្រះអង្គ ហើយក៏​ពេញចិត្ត​នឹង​មនុស្សលោក​ដែរ​។

32 ដូច្នេះ​ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់តាម​ខ្ញុំ​ចុះ​! មានពរ​ហើយ អ្នកដែល​រក្សា​ផ្លូវ​របស់ខ្ញុំ​!

33 ចូរ​ស្ដាប់​សេចក្ដីប្រៀនប្រដៅ ហើយ​ឲ្យ​មានប្រាជ្ញា​ចុះ កុំ​ធ្វើព្រងើយ​ឡើយ​។

34 មានពរ​ហើយ មនុស្ស​ដែល​ស្ដាប់តាម​ខ្ញុំ​ដោយ​ចាំយាម​នៅ​មាត់ទ្វារ​របស់ខ្ញុំ​ជា​រៀងរាល់ថ្ងៃ ទាំង​រង់ចាំ​នៅ​សសរទ្វារ​របស់ខ្ញុំ​!

35 ជាការពិត អ្នកដែល​រកឃើញ​ខ្ញុំ គឺ​រកឃើញ​ជីវិត ហើយ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា

36 ប៉ុន្តែ​អ្នកដែល​ឃ្វាង​ពី​ខ្ញុំ អ្នកនោះ​កំពុងតែ​ធ្វើទុក្ខ​ព្រលឹង​របស់ខ្លួន​; អស់អ្នក​ដែល​ស្អប់​ខ្ញុំ គឺ​ស្រឡាញ់​សេចក្ដីស្លាប់”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម