Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 88 - ព្រះគម្ពីរខ្មែរសាកល


សម្រែកក្នុងភាពអស់សង្ឃឹម
ចម្រៀង​មួយ ជា​បទតម្កើង​របស់​កូនចៅ​កូរ៉ា សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​ម៉ាហាឡាត​លីនណុថ​។ ទំនុក​ម៉ាស្គីល ​របស់​ហេម៉ាន ជា​ពួកអែសរ៉ា​។

1 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែកឡើង​នៅចំពោះ​ព្រះអង្គ ទាំងយប់ទាំងថ្ងៃ​!

2 សូមឲ្យ​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ចូលមក​នៅចំពោះ​ព្រះអង្គ សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​សម្រែក​របស់ទូលបង្គំ​ផង

3 ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ពេញ​ដោយ​ទុក្ខវេទនា ហើយ​ជីវិត​របស់ទូលបង្គំ​បាន​ខិតទៅជិត​ស្ថានមនុស្សស្លាប់​ហើយ​។

4 ទូលបង្គំ​ត្រូវគេ​រាប់​ជាមួយ​ពួកអ្នកដែល​ចុះទៅ​ក្នុង​រណ្ដៅមរណៈ ទូលបង្គំ​បាន​ដូចជា​មនុស្ស​គ្មាន​កម្លាំង

5 ទូលបង្គំត្រូវបាន​បោះបង់ចោល​នៅក្នុងចំណោម​មនុស្ស​ស្លាប់ ដូចជា​មនុស្ស​ដែលត្រូវគេសម្លាប់ ដេក​នៅក្នុង​ផ្នូរ ដែល​ព្រះអង្គ​មិន​បាន​នឹកចាំ​ពួកគេ​ទៀត ហើយ​ពួកគេ​ក៏​ត្រូវបាន​កាត់ចេញ​ពី​ព្រះហស្ត​របស់ព្រះអង្គ​។

6 ព្រះអង្គ​បាន​ដាក់​ទូលបង្គំ​នៅក្នុង​រណ្ដៅមរណៈ​ដ៏ជ្រៅ នៅក្នុង​ទីងងឹត នៅក្នុង​ទីជម្រៅ​;

7 សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​បាន​សង្កត់​លើ​ទូលបង្គំ ហើយ​ព្រះអង្គ​បាន​ធ្វើទុក្ខ​ទូលបង្គំ​ដោយ​អស់ទាំង​រលក​របស់ព្រះអង្គ​។ សេឡា

8 ព្រះអង្គ​បាន​យក​អ្នកដែល​ទូលបង្គំ​ស្គាល់​ចេញឆ្ងាយ​ពី​ទូលបង្គំ ក៏​បាន​ធ្វើឲ្យ​ទូលបង្គំ​ទៅជា​ទីស្អប់ខ្ពើម​ដល់​ពួកគេ​; ទូលបង្គំ​ត្រូវបាន​បង្ខាំង ហើយ​ចេញមក​មិនបានឡើយ​។

9 ភ្នែក​របស់ទូលបង្គំ​បាន​ស្រវាំង​ទៅ​ដោយ​ទុក្ខវេទនា​; ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ​!

10 តើ​ព្រះអង្គ​នឹង​ធ្វើ​កិច្ចការដ៏អស្ចារ្យ​ដល់​មនុស្ស​ស្លាប់​ឬ​? តើ​ព្រលឹងមនុស្សស្លាប់​នឹង​ក្រោកឡើង​អរព្រះគុណ​ព្រះអង្គ​ឬ​? សេឡា

11 តើ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ត្រូវបាន​ថ្លែង​នៅក្នុង​ផ្នូរ ហើយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ត្រូវបាន​ថ្លែង​នៅ​ស្ថាននរក​ឬ​?

12 តើ​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​ត្រូវបាន​ស្គាល់​នៅក្នុង​ទីងងឹត ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​ស្គាល់​នៅក្នុង​ស្រុក​នៃ​សេចក្ដីភ្លេចភ្លាំង​ឬ​?

13 រីឯ​ទូលបង្គំ​វិញ ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ពី​ព្រះអង្គ​! នៅ​ពេលព្រឹក ពាក្យអធិស្ឋាន​របស់ទូលបង្គំ​មកចំពោះ​ព្រះអង្គ​។

14 ព្រះយេហូវ៉ា​អើយ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល ហើយ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ដូច្នេះ​?

15 ទូលបង្គំ​រងទុក្ខ ហើយ​ជិតស្លាប់​តាំងពី​ក្មេង​មកម៉្លេះ​; ទូលបង្គំ​បាន​រង​នូវ​សេចក្ដីគំរាមកំហែង​របស់ព្រះអង្គ ក៏​អស់សង្ឃឹម​។

16 សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​បាន​បក់មក​លើ​ទូលបង្គំ ការបំភ័យ​របស់ព្រះអង្គ​បាន​បំផ្លាញ​ទូលបង្គំ​។

17 វា​ព័ទ្ធជុំវិញ​ទូលបង្គំ​ដូចជា​ទឹក​វាល់ព្រឹកវាល់ល្ងាច វា​ឡោមព័ទ្ធ​ទូលបង្គំ​ទាំងស្រុង​។

18 ព្រះអង្គ​បាន​យក​អ្នក​ដ៏ជាទី​ស្រឡាញ់ និង​មិត្តភក្ដិ​ចេញឆ្ងាយ​ពី​ទូលបង្គំ​; មានតែ​ភាពងងឹត​ប៉ុណ្ណោះ ជា​មិត្តស្និទ្ធស្នាល​របស់ទូលបង្គំ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម