អេសាយ 35 - ព្រះគម្ពីរខ្មែរសាកលអ្នកដែលត្រូវបានប្រោសលោះត្រឡប់មកស៊ីយ៉ូនវិញ 1 ទីរហោស្ថាន និងទីហួតហែងនឹងរីករាយ វាលខ្សាច់នឹងត្រេកអរ ហើយចេញផ្កាដូចជាផ្កាកំភ្លឹង 2 គឺចេញផ្កាយ៉ាងសន្ធឹក ហើយត្រេកអរដោយអំណរ ព្រមទាំងស្រែកហ៊ោសប្បាយផង។ សិរីរុងរឿងរបស់លីបង់នឹងត្រូវបានប្រទានដល់វា ព្រមទាំងអានុភាពរបស់កើមែល និងវាលសារ៉ូនផង; គេនឹងឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា ជាអានុភាពរបស់ព្រះនៃយើងរាល់គ្នា។ 3 ចូរធ្វើឲ្យដៃដែលខ្សោយមានកម្លាំងឡើង ហើយធ្វើឲ្យជង្គង់ដែលទន់មាំមួនឡើង! 4 ចូរនិយាយនឹងពួកអ្នកដែលមានចិត្តតក់ស្លុតថា៖ “ចូរមានកម្លាំងឡើង កុំខ្លាចឡើយ! មើល៍! ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គនឹងយាងមកដោយមានការសងសឹក ដោយមានសំណងរបស់ព្រះ។ ព្រះអង្គនឹងយាងមក ហើយសង្គ្រោះអ្នករាល់គ្នា”។ 5 ពេលនោះ ភ្នែករបស់មនុស្សខ្វាក់នឹងត្រូវបានបើក ត្រចៀករបស់មនុស្សថ្លង់ក៏នឹងត្រូវបានបើកដែរ។ 6 ពេលនោះ មនុស្សខ្វិននឹងលោតដូចប្រើស ហើយអណ្ដាតរបស់មនុស្សគនឹងច្រៀងដោយអំណរ។ ដ្បិតនឹងមានទឹកផុសចេញនៅទីរហោស្ថាន នឹងមានជ្រោះទឹកនៅវាលខ្សាច់។ 7 ដីក្ដៅខ្លោចនឹងត្រឡប់ជាស្រះ ដីហួតហែងនឹងត្រឡប់ជាប្រភពទឹក; នៅក្នុងលំនៅរបស់ឆ្កែព្រៃ ជាកន្លែងដែលវាដេក ស្មៅក្រៀមនឹងត្រឡប់ជាដើមបបុស និងដើមកក់។ 8 នៅទីនោះនឹងមានផ្លូវធំមួយ ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។ ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ; ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។ 9 គ្មានសត្វតោនៅទីនោះ ក៏គ្មានសត្វសាហាវណាឡើងមកតាមផ្លូវនោះដែរ គឺគេនឹងមិនប្រទះឃើញវានៅទីនោះឡើយ។ មានតែអ្នកដែលត្រូវបានប្រោសលោះប៉ុណ្ណោះ ដែលដើរតាមផ្លូវនោះ។ 10 រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕ |