Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 119 - ព្រះគម្ពីរខ្មែរសាកល


រីករាយក្នុងព្រះបន្ទូលរបស់ព្រះ មាគ៌ា

1 មានពរ​ហើយ អ្នកដែល​ផ្លូវ​របស់ខ្លួន​គ្រប់លក្ខណ៍ គឺ​អ្នកដែល​ដើរ​ក្នុង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​!

2 មានពរ​ហើយ អ្នកដែល​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ គឺ​អ្នកដែល​ស្វែងរក​ព្រះអង្គ​អស់ពី​ចិត្ត​!

3 ពួកគេ​មិន​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ គឺ​ដើរ​ក្នុង​ផ្លូវ​របស់ព្រះអង្គ​វិញ​។

4 ព្រះអង្គ​បាន​បង្គាប់​ឲ្យ​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​យ៉ាងហ្មត់ចត់​។

5 ឱបើ​ផ្លូវ​របស់ទូលបង្គំ​បាន​ស្ថិតស្ថេរ ដើម្បី​កាន់តាម​បទបញ្ញត្តិ​របស់ព្រះអង្គ​ទៅអេះ!

6 នោះ​ទូលបង្គំ​នឹង​មិន​អាម៉ាស់មុខ​ឡើយ នៅពេល​ទូលបង្គំ​យកចិត្តទុកដាក់​នឹង​អស់ទាំង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។

7 កាលណា​ទូលបង្គំ​បាន​រៀនចេះ​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ចិត្ត​ទៀងត្រង់​។

8 ទូលបង្គំ​នឹង​កាន់តាម​បទបញ្ញត្តិ​របស់ព្រះអង្គ​; សូម​កុំ​បោះបង់​ទូលបង្គំ​ចោល​ទាំងស្រុង​ឡើយ​!


ព្រះបន្ទូល

9 តើ​យុវជន​អាច​រក្សា​ផ្លូវ​របស់ខ្លួន​ឲ្យបរិសុទ្ធ​បាន​យ៉ាងដូចម្ដេច​? គឺ​ដោយ​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​!

10 ទូលបង្គំ​បាន​ស្វែងរក​ព្រះអង្គ​អស់ពី​ចិត្ត​; សូម​កុំឲ្យ​ទូលបង្គំ​វង្វេង​ចេញពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​!

11 ទូលបង្គំ​បាន​សន្សំ​ព្រះបន្ទូល​របស់ព្រះអង្គ​ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ហើយ ដើម្បីកុំឲ្យ​ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។

12 ព្រះយេហូវ៉ា​អើយ សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ​; សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!

13 ដោយ​បបូរមាត់​របស់ទូលបង្គំ ទូលបង្គំ​បាន​ប្រកាស​អស់ទាំង​ច្បាប់​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។

14 ទូលបង្គំ​បាន​រីករាយ​ក្នុង​ផ្លូវ​នៃ​សេចក្ដីបន្ទាល់​របស់ព្រះអង្គ ដូចជា​បាន​រីករាយ​នឹង​ទ្រព្យសម្បត្តិ​គ្រប់យ៉ាង​។

15 ទូលបង្គំ​សញ្ជឹងគិត​អំពី​ច្បាប់តម្រា​របស់ព្រះអង្គ ហើយ​យកចិត្តទុកដាក់​នឹង​គន្លង​របស់ព្រះអង្គ​។

16 ទូលបង្គំ​នឹង​ធ្វើឲ្យ​ខ្លួនទូលបង្គំ​អរសប្បាយ​នឹង​បទបញ្ញត្តិ​របស់ព្រះអង្គ ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។


សេចក្ដីបន្ទាល់

17 សូម​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​បាវបម្រើ​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​ទូលបង្គំ​មានជីវិតរស់ ហើយ​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។

18 សូម​បើក​ភ្នែក​របស់ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​ឃើញ សេចក្ដីអស្ចារ្យ​ក្នុង​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។

19 ទូលបង្គំ​ជា​ជនរស់នៅបណ្ដោះអាសន្ន​នៅលើ​ផែនដី សូម​កុំ​លាក់​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ​។

20 ព្រលឹង​របស់ទូលបង្គំ​បាន​អស់ទៅ​គ្រប់ពេលវេលា ដោយសារតែ​សេចក្ដីប្រាថ្នា​ចំពោះ​ច្បាប់​របស់ព្រះអង្គ​។

21 ព្រះអង្គ​បាន​ស្ដីបន្ទោស​មនុស្ស​ក្អេងក្អាង​ដែល​ត្រូវបណ្ដាសា គឺ​មនុស្សដែល​វង្វេង​ចេញពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។

22 សូម​យក​សេចក្ដីត្មះតិះដៀល និង​សេចក្ដីមើលងាយ​ចេញ​ពី​លើ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

23 ទោះបីជា​ពួក​មេដឹកនាំ​អង្គុយ​និយាយ​ទាស់នឹង​ទូលបង្គំ​ក៏ដោយ ក៏​បាវបម្រើ​របស់ព្រះអង្គ​នឹង​សញ្ជឹងគិត​អំពី​បទបញ្ញត្តិ​របស់ព្រះអង្គ​ដែរ​។

24 សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជា​អំណរ​ដល់​ទូលបង្គំ និងជា​ទីប្រឹក្សា​ដល់​ទូលបង្គំ​!


ច្បាប់តម្រា

25 ព្រលឹង​របស់ទូលបង្គំ​នៅជាប់​នឹង​ធូលីដី​; សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!

26 ទូលបង្គំ​បាន​រៀបរាប់ទូល​អំពី​ផ្លូវ​របស់ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ទូលបង្គំ​; សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!

27 សូមឲ្យ​ទូលបង្គំ​យល់ច្បាស់​នូវ​ផ្លូវ​នៃ​ច្បាប់តម្រា​របស់ព្រះអង្គ​ផង នោះ​ទូលបង្គំ​នឹង​សញ្ជឹងគិត​អំពី​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។

28 ព្រលឹង​របស់ទូលបង្គំ​បាន​រលាយទៅ​ដោយ​ការព្រួយចិត្ត​; សូម​ធ្វើឲ្យ​ទូលបង្គំ​ក្រោកឡើងវិញ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!

29 សូម​ដក​ផ្លូវ​នៃ​សេចក្ដីកុហក​ចេញ​ពី​ទូលបង្គំ ហើយ​សូម​ប្រទាន​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ដោយក្ដីមេត្តា​ផង​!

30 ទូលបង្គំ​បាន​ជ្រើសរើស​ផ្លូវ​នៃ​សេចក្ដីស្មោះត្រង់​; ទូលបង្គំ​បាន​តាំង​ច្បាប់​របស់ព្រះអង្គ​នៅចំពោះទូលបង្គំ​។

31 ទូលបង្គំ​បាន​នៅជាប់​នឹង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​; ព្រះយេហូវ៉ា​អើយ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ​!

32 ទូលបង្គំ​នឹង​រត់ទៅ​តាម​ផ្លូវ​នៃ​សេចក្ដីបង្គាប់​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​ពង្រីក​ចិត្ត​របស់ទូលបង្គំ​។


សេចក្ដីបង្គាប់

33 ព្រះយេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​នៃ​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​រក្សា​វា​រហូតដល់​ទីបញ្ចប់​!

34 សូមឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រក្សា​ក្រឹត្យវិន័យ​របស់ព្រះអង្គ ហើយ​កាន់តាម​អស់ពី​ចិត្ត​។

35 សូម​នាំ​ទូលបង្គំ​ឲ្យដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​បាន​ពេញចិត្ត​នឹង​ផ្លូវនោះ​។

36 សូម​ធ្វើឲ្យ​ចិត្ត​របស់ទូលបង្គំ​មានទំនោរ​ទៅរក​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ផង កុំឲ្យ​មានទំនោរ​ទៅរក​កម្រៃទុច្ចរិត​ឡើយ​។

37 សូម​បង្វែរ​ភ្នែក​របស់ទូលបង្គំ​ចេញ កុំឲ្យ​មើល​ការឥតខ្លឹមសារ​ឡើយ សូម​រក្សាជីវិត​ទូលបង្គំ​តាម​មាគ៌ា​របស់ព្រះអង្គ​ផង​។

38 សូម​បំពេញឲ្យសម្រេច​តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ​ផង ដើម្បីឲ្យ​គេ​កោតខ្លាច​ព្រះអង្គ​។

39 សូម​បង្វែរ​សេចក្ដីត្មះតិះដៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ផង ដ្បិត​ច្បាប់​របស់ព្រះអង្គ​ល្អ​ណាស់​។

40 មើល៍! ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​ច្បាប់តម្រា​របស់ព្រះអង្គ​; សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​!


សេចក្ដីពិត

41 ព្រះយេហូវ៉ា​អើយ សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ គឺ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ មកដល់​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!

42 នោះ​ទូលបង្គំ​នឹង​មាន​ពាក្យ​ឆ្លើយ​នឹង​អ្នកដែល​ត្មះតិះដៀល​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះបន្ទូល​របស់ព្រះអង្គ​។

43 សូម​កុំ​ដក​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ចេញ​ពី​មាត់​របស់ទូលបង្គំ​ទាំងស្រុង​ឡើយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​លើ​ច្បាប់​របស់ព្រះអង្គ​។

44 ទូលបង្គំ​នឹង​កាន់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជានិច្ច គឺ​ជារៀងរហូតអស់កល្បជានិច្ច​។

45 ទូលបង្គំ​នឹង​ដើរចុះឡើង​នៅ​ទីធំទូលាយ ដ្បិត​ទូលបង្គំ​បាន​ស្វែងរក​ច្បាប់តម្រា​របស់ព្រះអង្គ​។

46 ទូលបង្គំ​នឹង​និយាយ​អំពី​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​នៅចំពោះ​ពួក​ស្ដេច ហើយ​មិន​អាម៉ាស់មុខ​ឡើយ​។

47 ទូលបង្គំ​នឹង​ធ្វើឲ្យ​ខ្លួនទូលបង្គំ​អរសប្បាយ​នឹង​សេចក្ដីបង្គាប់​របស់ព្រះអង្គ ជាសេចក្ដី​ដែល​ទូលបង្គំ​ស្រឡាញ់​។

48 ទូលបង្គំ​នឹង​លើក​ដៃ​របស់ទូលបង្គំ​ឡើង ឆ្ពោះទៅ​សេចក្ដីបង្គាប់​របស់ព្រះអង្គ ជាសេចក្ដី​ដែល​ទូលបង្គំ​ស្រឡាញ់​; ទូលបង្គំ​នឹង​សញ្ជឹងគិត​អំពី​បទបញ្ញត្តិ​របស់ព្រះអង្គ​!


ក្រឹត្យវិន័យ

49 សូម​នឹកចាំ​ព្រះបន្ទូល​ដែលព្រះអង្គមានបន្ទូល​មក​បាវបម្រើ​របស់ព្រះអង្គ​ផង គឺ​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​មានសង្ឃឹម​។

50 នេះ​ហើយ ជា​សេចក្ដីកម្សាន្តចិត្ត​របស់ទូលបង្គំ​នៅក្នុង​ទុក្ខវេទនា​របស់ទូលបង្គំ គឺថា ព្រះបន្ទូល​របស់ព្រះអង្គ​បាន​រក្សាជីវិត​ទូលបង្គំ​។

51 មនុស្ស​ក្អេងក្អាង​បាន​ចំអកឡកឡឺយ​ដាក់​ទូលបង្គំ​យ៉ាងខ្លាំង ប៉ុន្តែ​ទូលបង្គំ​មិន​បាន​បែរចេញ​ពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។

52 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹកចាំ​ច្បាប់​តាំងពី​អស់កល្ប​របស់ព្រះអង្គ ហើយ​កម្សាន្តចិត្ត​ខ្លួនទូលបង្គំ​។

53 សេចក្ដីក្ដៅក្រហាយ​បាន​ចាប់​ទូលបង្គំ ដោយព្រោះ​ពួកមនុស្ស​អាក្រក់​ដែល​បោះបង់ចោល​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។

54 បទបញ្ញត្តិ​របស់ព្រះអង្គ​ជា​ចម្រៀង​របស់​ទូលបង្គំ នៅក្នុង​ផ្ទះ​ដែល​ទូលបង្គំ​ស្នាក់នៅបណ្ដោះអាសន្ន​។

55 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​នឹកចាំ​ព្រះនាម​របស់ព្រះអង្គ​នៅ​ពេលយប់ ព្រមទាំង​កាន់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ផង​។

56 ការនេះ​បាន​កើតឡើង​ដល់​ទូលបង្គំ ដោយព្រោះ​ទូលបង្គំ​បាន​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។


បទបញ្ញត្តិ

57 ព្រះយេហូវ៉ា​ជា​ចំណែក​របស់ទូលបង្គំ​; ទូលបង្គំ​បាន​ទូលថា​៖ “ទូលបង្គំ​នឹង​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ”។

58 ទូលបង្គំ​បាន​សុំក្ដីសន្ដោស​ពី​ព្រះអង្គ​អស់ពី​ចិត្ត​; សូម​មេត្តា​ដល់​ទូលបង្គំ​ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​។

59 ទូលបង្គំ​បាន​ជញ្ជឹងគិត​អំពី​ផ្លូវ​របស់ខ្លួន ហើយ​បង្វែរ​ជើង​របស់ទូលបង្គំ​ទៅ​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​វិញ​។

60 ទូលបង្គំ​បាន​ប្រញាប់ប្រញាល់ ហើយ​មិន​បាន​បង្អង់​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​។

61 ចំណង​របស់​មនុស្ស​អាក្រក់​បាន​រុំព័ទ្ធ​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។

62 នៅ​កណ្ដាលអធ្រាត្រ ទូលបង្គំ​ក្រោកឡើង ដើម្បី​អរព្រះគុណ​ដល់​ព្រះអង្គ សម្រាប់​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​។

63 ទូលបង្គំ​ជា​គូកន​នឹង​អស់អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ហើយ​ជា​គូកន​នឹង​អ្នកដែល​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។

64 ព្រះយេហូវ៉ា​អើយ ផែនដី​បាន​ពេញ​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​; សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!


សេចក្ដីល្អ

65 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ប្រព្រឹត្ត​ល្អ​ដល់​បាវបម្រើ​របស់ព្រះអង្គ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​!

66 សូម​បង្រៀន​សុភនិច្ឆ័យ​ដ៏ល្អ និង​ចំណេះដឹង​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ជឿ​លើ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។

67 មុនពេល​ទូលបង្គំ​រងទុក្ខ ទូលបង្គំ​បាន​វង្វេង ប៉ុន្តែ​ឥឡូវនេះ ទូលបង្គំ​បាន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។

68 ព្រះអង្គ​ទ្រង់​ល្អ ហើយក៏​ប្រព្រឹត្តល្អ​ដែរ​; សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​។

69 មនុស្ស​ក្អេងក្អាង​បាន​ប្រឌិត​សេចក្ដីកុហក​ទាស់នឹង​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​នឹង​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​អស់ពី​ចិត្ត​។

70 ចិត្ត​របស់ពួកគេ​ស្ពឹក​ដូចជា​ខ្លាញ់ រីឯ​ទូលបង្គំ​បាន​អរសប្បាយ​នឹង​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។

71 គឺជាការល្អ​សម្រាប់​ទូលបង្គំ ដែល​ទូលបង្គំ​រងទុក្ខ​ដូច្នេះ ដ្បិត​ទូលបង្គំ​រៀនចេះ​បទបញ្ញត្តិ​របស់ព្រះអង្គ​។

72 ចំពោះ​ទូលបង្គំ ក្រឹត្យវិន័យ​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ ប្រសើរ​ជាង​មាស និង​ប្រាក់​រាប់ពាន់​ទៅទៀត​។


អំណរ

73 ព្រះហស្ត​របស់ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ ហើយ​ធ្វើឲ្យ​ទូលបង្គំ​មានរូបរាងឡើង​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រៀនចេះ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។

74 អស់អ្នកដែល​កោតខ្លាច​ព្រះអង្គ នឹង​ឃើញ​ទូលបង្គំ ក៏​អរសប្បាយ ដ្បិត​ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។

75 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ដឹង​ថា​ច្បាប់​របស់ព្រះអង្គ​សុចរិត ក៏​ដឹង​ថា​ព្រះអង្គ​បាន​ធ្វើទុក្ខ​ទូលបង្គំ​ដោយ​សេចក្ដីស្មោះត្រង់​!

76 សូម​ឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​កម្សាន្តចិត្ត​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​បាវបម្រើ​របស់ព្រះអង្គ​ផង​។

77 សូមឲ្យ​សេចក្ដីមេត្តា​របស់ព្រះអង្គ​មកដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​មានជីវិតរស់ ដ្បិត​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​។

78 សូមឲ្យ​មនុស្ស​ក្អេងក្អាង​បាន​អាម៉ាស់មុខ​ចុះ ដ្បិត​ពួកគេ​បាន​បង្ខូច​ទូលបង្គំ​ដោយ​ឥតហេតុ​; រីឯ​ទូលបង្គំ​នឹង​សញ្ជឹងគិត​អំពី​ច្បាប់តម្រា​របស់ព្រះអង្គ​។

79 សូមឲ្យ​ពួកអ្នកដែល​កោតខ្លាច​ព្រះអង្គ ត្រឡប់មក​រក​ទូលបង្គំ​វិញ ដើម្បីឲ្យ​ពួកគេ​បាន​ស្គាល់​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

80 សូមឲ្យ​ចិត្ត​របស់ទូលបង្គំ​បាន​គ្រប់លក្ខណ៍​ក្នុង​បទបញ្ញត្តិ​របស់ព្រះអង្គ​ផង ដើម្បីកុំឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់មុខ​ឡើយ​។


សេចក្ដីស្រឡាញ់ឥតប្រែប្រួល

81 ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​; ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។

82 ភ្នែក​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​ព្រះបន្ទូល​របស់ព្រះអង្គ​; ទូលបង្គំ​និយាយថា​៖ “តើ​ពេលណា ទើប​ព្រះអង្គ​សម្រាលទុក្ខ​ទូលបង្គំ​?”។

83 ទោះបីជា​ទូលបង្គំ​បាន​ដូចជា​ថង់ស្បែក​នៅក្នុង​ផ្សែង​ក៏ដោយ ក៏​ទូលបង្គំ​មិន​ភ្លេច​បទបញ្ញត្តិ​របស់ព្រះអង្គ​ឡើយ​។

84 តើ​ថ្ងៃអាយុ​របស់​បាវបម្រើ​ព្រះអង្គ​បាន​ប៉ុន្មាន​ទៅ​? តើ​ដល់​ពេលណា ទើប​ព្រះអង្គ​អនុវត្ត​សេចក្ដីយុត្តិធម៌ ទាស់នឹង​ពួកអ្នកដែល​តាមបៀតបៀន​ទូលបង្គំ​?

85 មនុស្ស​ក្អេងក្អាង​ដែល​មិន​ស្របតាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ បាន​ជីក​រណ្ដៅ​សម្រាប់​ទូលបង្គំ​។

86 អស់ទាំង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​គឺ​ពិតត្រង់ រីឯ​ពួកគេ​តាមបៀតបៀន​ទូលបង្គំ​ដោយ​ឥតហេតុ​; សូម​ជួយ​ទូលបង្គំ​ផង​!

87 ពួកគេ​ស្ទើរតែ​បាន​បំផ្លាញ​ទូលបង្គំ​ពី​ផែនដី ប៉ុន្តែ​ទូលបង្គំ​មិន​បាន​បោះបង់ចោល​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។

88 សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង នោះ​ទូលបង្គំ​នឹង​រក្សា​សេចក្ដីបន្ទាល់​ពី​ព្រះឱស្ឋ​របស់ព្រះអង្គ​។


សេចក្ដីស្មោះត្រង់

89 ព្រះយេហូវ៉ា​អើយ ព្រះបន្ទូល​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​នៅ​ស្ថានសួគ៌​ជារៀងរហូត​!

90 សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​; ព្រះអង្គ​បាន​តាំង​ផែនដី​ឡើង នោះ​វា​ក៏​នៅស្ថិតស្ថេរ​។

91 សព្វថ្ងៃនេះ វា​នៅស្ថិតស្ថេរ​ស្របតាម​ច្បាប់​របស់ព្រះអង្គ ដ្បិត​របស់សព្វសារពើ​ជា​បាវបម្រើ​របស់ព្រះអង្គ​។

92 ប្រសិនបើ​ក្រឹត្យវិន័យ​របស់ព្រះអង្គ​មិនមែន​ជា​អំណរ​របស់ទូលបង្គំ​ទេ ម្ល៉េះសម​ទូលបង្គំ​បាន​វិនាស​នៅក្នុង​ទុក្ខវេទនា​របស់ទូលបង្គំ​ហើយ​។

93 ទូលបង្គំ​នឹង​មិន​ភ្លេច​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ គឺ​ជារៀងរហូត ដ្បិត​ព្រះអង្គ​បាន​រក្សាជីវិត​ទូលបង្គំ​ដោយ​ច្បាប់តម្រាទាំងនោះ​។

94 ទូលបង្គំ​ជារបស់​ព្រះអង្គ​; សូម​សង្គ្រោះ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ស្វែងរក​ច្បាប់តម្រា​របស់ព្រះអង្គ​។

95 ពួកមនុស្ស​អាក្រក់​បាន​ចាំស្ទាក់​ទូលបង្គំ​ដើម្បី​បំផ្លាញ​ទូលបង្គំ រីឯ​ទូលបង្គំ​នឹង​យកចិត្តទុកដាក់​នឹង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

96 ទូលបង្គំ​បាន​ឃើញថា មាន​ដែនកំណត់​នៃ​សេចក្ដីគ្រប់លក្ខណ៍​គ្រប់យ៉ាង រីឯ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ធំទូលាយ​ក្រៃលែង​។


ការយល់ច្បាស់

97 ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ណាស់ហ្ន៎​! វា​ជា​ទីសញ្ជឹងគិត​របស់ទូលបង្គំ​វាល់ព្រឹកវាល់ល្ងាច​។

98 សេចក្ដីបង្គាប់​របស់ព្រះអង្គ​ធ្វើឲ្យ​ទូលបង្គំ​មានប្រាជ្ញា​ជាង​សត្រូវ​របស់ទូលបង្គំ ដ្បិត​វា​ជារបស់​ទូលបង្គំ​ជារៀងរហូត​។

99 ទូលបង្គំ​មានប្រាជ្ញា​ជាង​អស់អ្នក​ដែល​បង្រៀន​ទូលបង្គំ ដ្បិត​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជា​ទីសញ្ជឹងគិត​របស់​ទូលបង្គំ​។

100 ទូលបង្គំ​មានការយល់ច្បាស់​ជាង​ពួក​ចាស់ទុំ ដ្បិត​ទូលបង្គំ​បាន​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។

101 ទូលបង្គំ​បាន​ទប់​ជើង​ទូលបង្គំ​ពី​អស់ទាំង​គន្លង​អាក្រក់ ដើម្បី​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​។

102 ទូលបង្គំ​មិន​បាន​បែរចេញ​ពី​ច្បាប់​របស់ព្រះអង្គ​ឡើយ ពីព្រោះ​ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ​។

103 ព្រះបន្ទូល​របស់ព្រះអង្គ ផ្អែម​ដល់​ក្រអូមមាត់​របស់ទូលបង្គំ​យ៉ាងណាហ្ន៎​! វា​ផ្អែម​ជាង​ទឹកឃ្មុំ​ទៅទៀត ដល់​មាត់​របស់ទូលបង្គំ​។

104 ដោយសារតែ​ច្បាប់តម្រា​របស់ព្រះអង្គ ទូលបង្គំ​មានការយល់ច្បាស់ ហេតុនេះហើយបានជា​ទូលបង្គំ​ស្អប់​អស់ទាំង​គន្លង​នៃ​សេចក្ដីកុហក​។


ការប្រព្រឹត្តតាម

105 ព្រះបន្ទូល​របស់ព្រះអង្គ​ជា​ចង្កៀង​ដល់​ជើង​របស់ទូលបង្គំ ហើយ​ជា​ពន្លឺ​ដល់​គន្លង​របស់ទូលបង្គំ​។

106 ទូលបង្គំ​បាន​ស្បថ ហើយក៏​បញ្ជាក់ ថាទូលបង្គំ​នឹង​កាន់តាម​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​។

107 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​; សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!

108 ព្រះយេហូវ៉ា​អើយ សូម​ទទួល​តង្វាយស្ម័គ្រចិត្ត​នៃ​មាត់​របស់ទូលបង្គំ ហើយ​បង្រៀន​ច្បាប់​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!

109 ជីវិត​របស់ទូលបង្គំ​ស្ថិតនៅក្នុងភាពគ្រោះថ្នាក់​ជានិច្ច ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។

110 ពួកមនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់​ដើម្បី​ចាប់​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​វង្វេង​ចេញពី​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។

111 ទូលបង្គំ​បាន​ទទួល​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជាមរតក​ជារៀងរហូត ដ្បិត​សេចក្ដីបន្ទាល់ទាំងនោះ​ជា​សេចក្ដីរីករាយ​នៃ​ចិត្ត​របស់ទូលបង្គំ​។

112 ទូលបង្គំ​មានទំនោរចិត្ត​ប្រព្រឹត្តតាម​បទបញ្ញត្តិ​របស់ព្រះអង្គ ជារៀងរហូត​ដល់​ទីបញ្ចប់​។


សេចក្ដីសង្ឃឹម

113 ទូលបង្គំ​ស្អប់​មនុស្សមានចិត្តពីរ ប៉ុន្តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។

114 ព្រះអង្គ​ជា​ទីលាក់កំបាំង​របស់ទូលបង្គំ និង​ជា​ខែល​របស់ទូលបង្គំ​; ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។

115 ពួកអ្នក​ធ្វើអាក្រក់​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! នោះ​ខ្ញុំ​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​នៃខ្ញុំ​។

116 សូម​ទ្រទ្រង់​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង នោះ​ទូលបង្គំ​នឹង​មានជីវិតរស់​; សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ដោយសារតែ​សេចក្ដីសង្ឃឹម​របស់ទូលបង្គំ​ឡើយ​។

117 សូម​ទ្រ​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​សង្គ្រោះ នោះ​ទូលបង្គំ​នឹង​យកចិត្តទុកដាក់​នឹង​បទបញ្ញត្តិ​របស់ព្រះអង្គ​ជានិច្ច​។

118 ព្រះអង្គ​មើលងាយ​អស់អ្នក​ដែល​វង្វេងចេញ​ពី​បទបញ្ញត្តិ​របស់ព្រះអង្គ ដ្បិត​ការបោកបញ្ឆោត​របស់ពួកគេ គឺ​ឥតប្រយោជន៍​។

119 ព្រះអង្គ​បាន​កម្ចាត់​អស់ទាំង​មនុស្ស​អាក្រក់​នៅលើ​ផែនដី​ដូចជា​អាចម៍លោហៈ ដោយហេតុនេះ ទូលបង្គំ​ស្រឡាញ់​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

120 រូបកាយ​របស់ទូលបង្គំ​ញ័ររន្ធត់ ដោយសារតែ​ការកោតខ្លាច​ចំពោះ​ព្រះអង្គ ហើយ​ទូលបង្គំ​ភ័យខ្លាច​ចំពោះ​ច្បាប់​របស់ព្រះអង្គ​។


សេចក្ដីយុត្តិធម៌

121 ទូលបង្គំ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​សេចក្ដីសុចរិត​ហើយ​; សូម​កុំ​ប្រគល់​ទូលបង្គំ​ទៅ​ពួកអ្នកដែល​សង្កត់សង្កិន​ទូលបង្គំ​ឡើយ​។

122 សូម​ធានា​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​បានសេចក្ដី​ល្អ​ផង សូម​កុំឲ្យ​មនុស្ស​ក្អេងក្អាង​សង្កត់សង្កិន​ទូលបង្គំ​ឡើយ​។

123 ភ្នែក​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ និង​ចំពោះ​ព្រះបន្ទូល​នៃ​សេចក្ដីសុចរិត​របស់ព្រះអង្គ​។

124 សូម​ប្រព្រឹត្ត​ដល់​បាវបម្រើ​របស់ព្រះអង្គ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ ហើយ​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​!

125 ទូលបង្គំ​ជា​បាវបម្រើ​របស់ព្រះអង្គ​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​ស្គាល់​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

126 ព្រះយេហូវ៉ា​អើយ ដល់​ពេល​ចាត់វិធានការ​ហើយ ដ្បិត​ពួកគេ​បាន​ល្មើស​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។

127 រីឯ​ទូលបង្គំ​បាន​ស្រឡាញ់​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ជាង​មាស គឺ​លើសជាង​មាសសុទ្ធ​ទៅទៀត​។

128 ដោយហេតុនេះ ទូលបង្គំ​រាប់​អស់ទាំង​ច្បាប់តម្រា​ថាត្រឹមត្រូវ​គ្រប់ជំពូក​; ទូលបង្គំ​ស្អប់​អស់ទាំង​គន្លង​នៃ​សេចក្ដីកុហក​។


ពន្លឺ

129 សេចក្ដីបន្ទាល់​របស់ព្រះអង្គ​អស្ចារ្យ​ណាស់ ដូច្នេះ​ព្រលឹង​របស់ទូលបង្គំ​បាន​រក្សា​សេចក្ដីបន្ទាល់នោះ​។

130 ការរបើកឡើង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​ផ្ដល់ពន្លឺ ព្រមទាំង​ធ្វើឲ្យ​មនុស្សខ្វះចំណេះដឹង​មានការយល់ច្បាស់​។

131 ទូលបង្គំ​ហា​មាត់ ហើយ​ដង្ហក់ ដោយព្រោះ​ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។

132 សូម​បែរមក​រក​ទូលបង្គំ ហើយ​មេត្តា​ដល់​ទូលបង្គំ​ផង ដូចដែល​ព្រះអង្គបានធ្វើ​រាល់ដង​ដល់​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ​។

133 សូម​ធ្វើឲ្យ​ជំហាន​របស់ទូលបង្គំ​ស្ថិតស្ថេរ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​; សូម​កុំឲ្យ​អំពើទុច្ចរិត​ណាមួយ​មានអំណាច​លើ​ទូលបង្គំ​ឡើយ​។

134 សូម​ប្រោសលោះ​ទូលបង្គំ​ពី​ការសង្កត់សង្កិន​របស់​មនុស្ស​ផង នោះ​ទូលបង្គំ​នឹង​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។

135 សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​បាវបម្រើ​របស់ព្រះអង្គ ហើយ​សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​។

136 ភ្នែក​របស់ទូលបង្គំ​បង្ហូរ​ជា​ទន្លេ​នៃ​ទឹកភ្នែក ពីព្រោះ​ពួកគេ​មិន​កាន់តាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


សេចក្ដីសុចរិត

137 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ច្បាប់​របស់ព្រះអង្គ​ក៏​ទៀងត្រង់​។

138 ព្រះអង្គ​បាន​បង្គាប់ឲ្យមាន​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ និង​ដោយ​សេចក្ដីស្មោះត្រង់​ទាំងស្រុង​។

139 ចិត្តឆេះឆួល​របស់ទូលបង្គំ​បាន​ឆេះសន្ធោសន្ធៅ​នៅក្នុង​ទូលបង្គំ ពីព្រោះ​ពួក​បច្ចាមិត្ត​របស់ទូលបង្គំ​បាន​ភ្លេច​ព្រះបន្ទូល​របស់ព្រះអង្គ​។

140 ព្រះបន្ទូល​របស់ព្រះអង្គ​ត្រូវបាន​ពិសោធ​យ៉ាងហ្មត់ចត់ ហេតុនេះហើយបានជា​បាវបម្រើ​របស់ព្រះអង្គ​ស្រឡាញ់​ព្រះបន្ទូលរបស់ព្រះអង្គ​។

141 ទូលបង្គំ​តូចតាច ហើយ​ត្រូវគេ​មើលងាយ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។

142 សេចក្ដីសុចរិត​របស់ព្រះអង្គ ជា​សេចក្ដីសុចរិត​ដ៏អស់កល្បជានិច្ច ហើយ​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​សេចក្ដីពិត​។

143 ទុក្ខវេទនា និង​ការសង្កត់សង្កិន​បាន​ចាប់​ទូលបង្គំ យ៉ាងណាមិញ សេចក្ដីបង្គាប់​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​។

144 សេចក្ដីបន្ទាល់​របស់ព្រះអង្គ​សុចរិត​ជារៀងរហូត​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​មានជីវិតរស់​។


ការស្រែកហៅ

145 ទូលបង្គំ​បាន​ស្រែកហៅ​អស់ពី​ចិត្ត​; ព្រះយេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូលបង្គំ​ផង​! ទូលបង្គំ​នឹង​កាន់តាម​បទបញ្ញត្តិ​របស់ព្រះអង្គ​។

146 ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​; សូម​សង្គ្រោះ​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

147 ទូលបង្គំ​ក្រោកឡើង​តាំងពី​ព្រលឹមស្រាងៗ ហើយ​ស្រែករកជំនួយ​; ទូលបង្គំ​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។

148 ទូលបង្គំ​បញ្ឈរ​ភ្នែក​ពេញ​យាមពេលយប់ ដើម្បី​សញ្ជឹងគិត​អំពី​ព្រះបន្ទូល​របស់ព្រះអង្គ​។

149 សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង​! ព្រះយេហូវ៉ា​អើយ សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​ច្បាប់​របស់ព្រះអង្គ​ផង​!

150 ពួកអ្នកដែល​ដេញតាម​គម្រោងអាក្រក់​បាន​ចូលមកជិត​; ពួកគេ​នៅឆ្ងាយ​ពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។

151 ព្រះយេហូវ៉ា​អើយ ព្រះអង្គ​នៅជិតបង្កើយ ហើយ​អស់ទាំង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ជា​សេចក្ដីពិត​។

152 តាំងពីយូរមកហើយ ទូលបង្គំ​បាន​ដឹង​ពី​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ថា ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទាំងនោះ​ឲ្យ​នៅអស់កល្បជានិច្ច​!


មានជីវិតរស់

153 សូម​ទត​មើល​ទុក្ខវេទនា​របស់ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។

154 សូម​កាន់ក្ដី​ឲ្យ​ទូលបង្គំ ហើយ​ប្រោសលោះ​ទូលបង្គំ​ផង​! សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!

155 សេចក្ដីសង្គ្រោះ​នៅឆ្ងាយ​ពី​មនុស្ស​អាក្រក់ ពីព្រោះ​ពួកគេ​មិន​ស្វែងរក​បទបញ្ញត្តិ​របស់ព្រះអង្គ​ឡើយ​។

156 ព្រះយេហូវ៉ា​អើយ សេចក្ដីមេត្តា​របស់ព្រះអង្គ​ធំក្រៃលែង​; សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​ច្បាប់​របស់ព្រះអង្គ​ផង​។

157 អ្នកដែល​តាមបៀតបៀន​ទូលបង្គំ និង​បច្ចាមិត្ត​របស់ទូលបង្គំ​មាន​ច្រើន​ណាស់ យ៉ាងណាមិញ ទូលបង្គំ​មិន​បាន​បែរចេញ​ពី​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ឡើយ​។

158 ទូលបង្គំ​មើលទៅ​ពួកមនុស្ស​ក្បត់ ទាំង​ស្អប់ខ្ពើម ពីព្រោះ​ពួកគេ​មិន​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។

159 មើល៍! ទូលបង្គំ​ស្រឡាញ់​ច្បាប់តម្រា​របស់ព្រះអង្គ​ណាស់ហ្ន៎​! ព្រះយេហូវ៉ា​អើយ សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង​!

160 អស់ទាំង​ព្រះបន្ទូល​របស់ព្រះអង្គ​ជា​សេចក្ដីពិត អស់ទាំង​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​។


ស្រឡាញ់ក្រឹត្យវិន័យ

161 ពួក​មេដឹកនាំ​បាន​តាមបៀតបៀន​ទូលបង្គំ​ដោយគ្មានមូលហេតុ យ៉ាងណាមិញ ចិត្ត​របស់ទូលបង្គំ​កោតខ្លាច​តែ​ព្រះបន្ទូល​របស់ព្រះអង្គ​ប៉ុណ្ណោះ​។

162 ទូលបង្គំ​រីករាយ​នឹង​ព្រះបន្ទូល​របស់ព្រះអង្គ ដូចជា​អ្នកដែល​រកឃើញ​ជ័យភណ្ឌ​ដ៏ច្រើន​។

163 ទូលបង្គំ​ស្អប់ ព្រមទាំង​ខ្ពើម​សេចក្ដីកុហក ប៉ុន្តែ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។

164 ទូលបង្គំ​សរសើរតម្កើង​ព្រះអង្គ​ប្រាំពីរដង​ក្នុង​មួយ​ថ្ងៃ ដោយព្រោះ​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​។

165 អ្នកដែល​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​មាន​សេចក្ដីសុខសាន្ត​ដ៏លើសលប់ ហើយ​ពួកគេ​គ្មាន​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឡើយ​។

166 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​រំពឹងមើលទៅ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ហើយ​ប្រព្រឹត្តតាម​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។

167 ព្រលឹង​របស់ទូលបង្គំ​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ ក៏​ស្រឡាញ់​សេចក្ដីបន្ទាល់ទាំងនោះ​យ៉ាងខ្លាំង​។

168 ទូលបង្គំ​បាន​កាន់តាម​ច្បាប់តម្រា និង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ ដ្បិត​អស់ទាំង​ផ្លូវ​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ​។


សំណូមដល់ព្រះ

169 ព្រះយេហូវ៉ា​អើយ សូមឲ្យ​សម្រែក​របស់ទូលបង្គំ​ចូលទៅជិត​នៅចំពោះ​ព្រះអង្គ​ផង​! សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!

170 សូមឲ្យ​ពាក្យទូលអង្វរ​របស់ទូលបង្គំ​ចូលទៅ​នៅចំពោះ​ព្រះអង្គ​ផង​! សូម​រំដោះ​ទូលបង្គំ​ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!

171 សូមឲ្យ​បបូរមាត់​របស់ទូលបង្គំ​បង្ហូរចេញ​នូវ​ពាក្យសរសើរតម្កើង​ផង ពីព្រោះ​ព្រះអង្គ​បាន​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​។

172 អណ្ដាត​របស់ទូលបង្គំ​នឹង​ច្រៀង​អំពី​ព្រះបន្ទូល​របស់ព្រះអង្គ ដ្បិត​អស់ទាំង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​សុចរិត​។

173 សូមឲ្យ​ព្រះហស្ត​របស់ព្រះអង្គ​បានជា​ជំនួយ​ដល់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ជ្រើសរើស​ច្បាប់តម្រា​របស់ព្រះអង្គ​។

174 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ហើយ​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​!

175 សូមឲ្យ​ព្រលឹង​របស់ទូលបង្គំ​មានជីវិតរស់ និង​សរសើរតម្កើង​ព្រះអង្គ ហើយ​សូមឲ្យ​ច្បាប់​របស់ព្រះអង្គ​ជួយ​ទូលបង្គំ​ផង​។

176 ទូលបង្គំ​បាន​វង្វេង​ដូចជា​ចៀម​ដែល​បាត់​; សូម​ស្វែងរក​បាវបម្រើ​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម