ដ្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមព្រះអង្គថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។
នេះជាព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រា ហើយជឿដល់ព្រះអង្គ នឹងបានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុត»។
ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ។
ព្រះវិញ្ញាណនៃព្រះអម្ចាស់យេហូវ៉ាសណ្ឋិតលើខ្ញុំ ព្រោះព្រះយេហូវ៉ាបានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទាល់ក្រ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រោសមនុស្សដែលមានចិត្តសង្រេង និងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ ហើយពីការដោះលែងដល់ពួកអ្នកដែលជាប់ចំណង
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
ដោយឃើញព្រះអង្គមានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺព្រះអង្គទទួលសុគតជាប់លើឈើឆ្កាងផង។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
ដ្បិតបើយើងបានរួមជាមួយព្រះអង្គ ក្នុងការសុគតរបស់ព្រះអង្គ នោះយើងប្រាកដជានឹងបានរួមជាមួយព្រះអង្គ ក្នុងការរស់ឡើងវិញដូចព្រះអង្គមិនខាន។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលស្តាប់ពាក្យខ្ញុំ ហើយជឿដល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយមិនត្រូវជំនុំជម្រះឡើយ គឺបានរួចផុតពីសេចក្តីស្លាប់ទៅដល់ជីវិតវិញ។
មានរូបកាយតែមួយ និងព្រះវិញ្ញាណតែមួយ ដូចជាអ្នករាល់គ្នាបានទទួលការត្រាស់ហៅ មកក្នុងសេចក្តីសង្ឃឹមតែមួយនៃការត្រាស់ហៅនោះដែរ
ប៉ុន្ដែ លុះពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកប្រសូតចេញពីស្ត្រី គឺប្រសូតក្រោមអំណាចរបស់ក្រឹត្យវិន័យ
ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ប្រយោជន៍ឲ្យយើងបានត្រឡប់ជាកូនរបស់ព្រះអង្គ
ដូច្នេះ លើសជាងនេះទៅទៀត បើព្រះបានរាប់យើងជាសុចរិត ដោយសារព្រះលោហិតព្រះអង្គ នោះយើងប្រាកដជាបានរួចពីសេចក្តីក្រោធ ដោយសារព្រះអង្គជាមិនខាន។
«កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ។
តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាគង់នៅក្នុងខ្ញុំទេឬ? អស់ទាំងពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នា ខ្ញុំមិនមែនប្រាប់ដោយអាងខ្លួនខ្ញុំទេ ប៉ុន្តែ ព្រះវរបិតាដែលគង់ក្នុងខ្ញុំ ព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គ។
ចូរជឿខ្ញុំចុះថា ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតានៅក្នុងខ្ញុំ ឬយ៉ាងហោចណាស់ ចូរជឿខ្ញុំ ដោយព្រោះឃើញកិច្ចការដែលខ្ញុំធ្វើនោះទៅ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយក៏នឹងធ្វើការធំជាងនេះទៅទៀត ព្រោះខ្ញុំទៅឯព្រះវរបិតា។
ខ្ញុំនឹងធ្វើកិច្ចការគ្រប់យ៉ាង ដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងក្នុងព្រះរាជបុត្រា។
បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
«បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបទបញ្ជារបស់ខ្ញុំចុះ
ខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយព្រះអង្គនឹងប្រទានព្រះជាជំនួយមួយអង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយជារៀងរហូត
គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលមិនបាន ព្រោះមិនឃើញ ក៏មិនស្គាល់ព្រះអង្គផង តែអ្នករាល់គ្នាស្គាល់ ដ្បិតព្រះអង្គគង់ជាមួយ ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។
ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។
បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំ ដោយព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏នឹងរស់ដែរ។
នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នាឡើយ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។
អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។
យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គសម្តែងឲ្យយើងខ្ញុំស្គាល់ព្រះអង្គ តែមិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?»
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។
អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលបានចាត់ខ្ញុំឲ្យមកនោះវិញ។
ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ក្នុងកាលដែលខ្ញុំនៅជាមួយគ្នានៅឡើយ។
ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។
ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។
អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា "ខ្ញុំនឹងចេញទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ"។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកត្រូវមានអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាធំលើសជាងខ្ញុំ។
ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿ។
បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។
ពីដើមអ្នករាល់គ្នាខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ តែព្រះបានលាងសម្អាតអ្នករាល់គ្នា បានញែកអ្នករាល់គ្នាជាបរិសុទ្ធ បានរាប់អ្នករាល់គ្នាជាសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដោយសារព្រះវិញ្ញាណនៃព្រះរបស់យើងរួចហើយ។
ព្រះអង្គបានតម្រូវយើងទុកជាមុន សម្រាប់ឲ្យទ្រង់បានទទួលយើងជាកូន តាមរយៈព្រះយេស៊ូវគ្រីស្ទ ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យ
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែក ចេញពីភ្នែករបស់គេ សេចក្ដីស្លាប់នឹងលែងមានទៀតហើយ ការកាន់ទុក្ខ ការយំសោក ឬការឈឺចាប់ ក៏នឹងលែងមានទៀតដែរ ដ្បិតអ្វីៗពីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។
តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចម្រើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ»។
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
ដ្បិតសម្តេចសង្ឃរបស់យើង មិនមែនព្រះអង្គមិនចេះអាណិតអាសូរ ដល់ភាពទន់ខ្សោយរបស់យើងនោះទេ គឺព្រះអង្គត្រូវរងការល្បងលគ្រប់បែបយ៉ាង ដូចយើងដែរ តែមិនបានប្រព្រឹត្តអំពើបាបឡើយ។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
នៅក្នុងព្រះអង្គ យើងមានផ្លូវចូលទៅរកព្រះដោយក្លាហាន ទាំងទុកចិត្ត តាមរយៈជំនឿដល់ព្រះអង្គ។
ព្រះសព្វព្រះហឫទ័យនឹងសម្ដែងឲ្យពួកគេស្គាល់សិរីល្អដ៏បរិបូរ នៃសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនេះជាយ៉ាងណាក្នុងចំណោមពួកសាសន៍ដទៃ គឺព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
ដ្បិតដំណឹងអំពីឈើឆ្កាង ជាសេចក្តីល្ងីល្ងើដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តារបស់ព្រះដល់យើងដែលកំពុងតែបានសង្គ្រោះ។
ដោយហេតុនោះបានជាព្រះអង្គជាអ្នកកណ្តាលនៃសញ្ញាថ្មី ដើម្បីឲ្យពួកអ្នកដែលព្រះអង្គហៅ បានទទួលព្រះបន្ទូលសន្យា ទុកជាមត៌កដ៏នៅអស់កល្បជានិច្ច ដោយព្រះអង្គសុគត ប្រយោជន៍នឹងប្រោសលោះគេ ឲ្យរួចពីអំពើរំលង ដែលគេប្រព្រឹត្តកាលនៅក្រោមសញ្ញាចាស់នៅឡើយ។
កូនមនុស្សក៏ដូច្នោះដែរ លោកបានមកមិនមែនឲ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងប្រគល់ជីវិតលោកជាថ្លៃលោះដល់មនុស្សជាច្រើនផង»។
ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។
ព្រះអង្គបានសុគតជំនួសមនុស្សទាំងអស់ ដើម្បីឲ្យអស់អ្នកដែលរស់នៅ លែងរស់សម្រាប់តែខ្លួនឯងទៀត គឺរស់សម្រាប់ព្រះអង្គដែលបានសុគត ហើយមានព្រះជន្មរស់ឡើងវិញសម្រាប់គេ។
ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបី ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ
ហើយត្រូវឲ្យការប្រែចិត្ត និងការប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ក្នុងព្រះនាមព្រះអង្គ ចាប់តាំងពីក្រុងយេរូសាឡិមទៅ។
ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
ព្រះអង្គជាតង្វាយលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះបាបរបស់យើងប៉ុណ្ណោះ គឺថែមទាំងលោះបាបមនុស្សលោកទាំងមូលផងដែរ។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
គេបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ការសង្គ្រោះស្រេចលើព្រះនៃយើង ដែលគង់លើបល្ល័ង្ក និងស្រេចលើកូនចៀម!»។
នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដែលខ្ញុំរូបនេះជាលេខមួយ។
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ «សូមយាងមក!» សូមឲ្យអ្នកណាដែលឮពោលឡើងដែរថា៖ «សូមយាងមក!»។ អ្នកណាដែលស្រេក សូមចូលមក! ហើយអ្នកណាដែលចង់បាន សូមមកយកទឹកជីវិតនេះចុះ ឥតបង់ថ្លៃទេ។
ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។
ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។
តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ឲ្យភ្នែកចិត្តរបស់អ្នករាល់គ្នាបានភ្លឺឡើង ដើម្បីឲ្យបានដឹងថា សេចក្ដីសង្ឃឹមដែលព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាជាយ៉ាងណា ហើយថា សម្បត្តិជាមត៌កដ៏មានសិរីល្អរបស់ព្រះអង្គក្នុងចំណោមពួកបរិសុទ្ធជាយ៉ាងណា
ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ។
ប៉ុន្តែ ព្រះអង្គត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើព្រះអង្គ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។
ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ព្រះអង្គជាប្រភពនៃជីវិតរបស់យើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានត្រឡប់ជាប្រាជ្ញាមកពីព្រះ ជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើង
ដូច្នេះ បើព្រះរាជបុត្រារំដោះអ្នករាល់គ្នាឲ្យបានរួច នោះអ្នករាល់គ្នានឹងបានរួចមែន។
ប៉ុន្តែ យើងជាសាសន៍ស្ថានសួគ៌ ហើយនៅរង់ចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះវិញ។
ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជាព្រះកាយដ៏រុងរឿងរបស់ព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះអង្គ ដែលបង្ក្រាបគ្រប់ទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះអង្គ។
ដោយហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះ ដល់អស់អ្នកដែលចូលជិតព្រះតាមរយៈព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់នៅជានិច្ច ដើម្បីទូលអង្វរឲ្យពួកគេ។
នៅក្នុងព្រះអង្គ អ្នករាល់គ្នាក៏បានឮព្រះបន្ទូលនៃសេចក្តីពិត ជាដំណឹងល្អពីការសង្គ្រោះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាបានជឿដល់ព្រះអង្គ បានទទួលការដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ តាមសេចក្តីសន្យា
គឺព្រះវិញ្ញាណនេះហើយជាទីបញ្ចាំចិត្ត សម្រាប់មត៌ករបស់យើង រហូតទាល់តែយើងបានរបស់នោះពេញលេញជាកម្មសិទ្ធិ សម្រាប់ជាការសរសើរដល់សិរីល្អរបស់ព្រះអង្គ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ
អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ។ តើនាងជឿសេចក្តីនេះឬទេ?»
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី
ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ព្រះអង្គបានយាងចូលទៅក្នុងទីបរិសុទ្ធបំផុតម្ដងជាសូរេច ទាំងបានការប្រោសលោះអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ
ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្តីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ
ក៏មិនមែនដោយការប្រព្រឹត្តដែរ ដើម្បីកុំឲ្យអ្នកណាម្នាក់អួតខ្លួន។
អ្នករាល់គ្នាបានដឹងហើយថា ព្រះបានលោះអ្នករាល់គ្នាឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលជាដំណែលពីដូនតារបស់អ្នករាល់គ្នា មិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ ឬមាសនោះទេ
គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ
ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជ្យនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ
យើងមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺការអត់ទោសឲ្យរួចពីបាប។
ប៉ុន្តែ ព្រះដែលមានសេចក្តីមេត្តាករុណាដ៏លើសលុប ដោយព្រោះសេចក្តីស្រឡាញ់ជាខ្លាំងដែលព្រះអង្គបានស្រឡាញ់យើង
ទោះជាពេលដែលយើងបានស្លាប់ដោយសារអំពើរំលងរបស់យើងហើយក៏ដោយ ក៏ព្រះអង្គបានប្រោសឲ្យយើងបានរស់ រួមជាមួយព្រះគ្រីស្ទ (អ្នករាល់គ្នាបានសង្រ្គោះដោយសារព្រះគុណ)
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ដូច្នេះ ដោយព្រោះកូនចៅនោះជាប់សាច់ឈាមនឹងគ្នា ព្រះអង្គក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដោយព្រះអង្គសុគត ដើម្បីបំផ្លាញអានោះដែលមានអំណាចលើសេចក្តីស្លាប់ គឺអារក្ស
ហើយរំដោះអស់អ្នកដែលជាប់ជាបាវបម្រើអស់មួយជីវិត ដោយសារការភ័យខ្លាច ឲ្យបានរួចវិញ។
និងពីព្រះយេស៊ូវគ្រីស្ទ ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី។ ព្រះអង្គស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ
ឱអ៊ីស្រាអែលអើយ ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ! ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា ហើយមានសេចក្ដីប្រោសលោះ ជាបរិបូរនៅនឹងព្រះអង្គ។
ព្រះអង្គនឹងលោះអ៊ីស្រាអែល ឲ្យរួចពីគ្រប់អំពើទុច្ចរិតរបស់គេ។
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
ព្រះបានប្រគល់ព្រះអង្គជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈជំនឿ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះអង្គ ហើយចំពោះការដែលព្រះអង្គបានទតរំលងអំពើបាបដែលគេបានប្រព្រឹត្តពីមុន ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
គឺដោយសារព្រះហឫទ័យនោះហើយ ដែលយើងបានញែកជាបរិសុទ្ធ តាមរយៈតង្វាយជារូបអង្គរបស់ព្រះយេស៊ូវគ្រីស្ទ ម្ដងជាសូរេច។
ហើយរស់នៅក្នុងសេចក្តីស្រឡាញ់ ដូចព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
ហើយគេក៏ច្រៀងទំនុកមួយថ្មីថា៖ «ព្រះអង្គសមនឹងទទួលក្រាំងនេះ ហើយបកត្រាផង ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានលោះមនុស្សដោយព្រះលោហិតរបស់ព្រះអង្គ ពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់សាសន៍ ថ្វាយដល់ព្រះ។
ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។
ដែលទ្រង់បានសង្គ្រោះយើង ហើយបានត្រាស់ហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងប្រព្រឹត្តនោះទេ គឺដោយសារបំណង និងព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនសម័យកាលទាំងអស់មកម៉្លេះ
ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនត្រូវវិនាសឡើយ ក៏គ្មានអ្នកណាឆក់យកគេពីដៃខ្ញុំបានដែរ។
ព្រះវរបិតាខ្ញុំ ដែលប្រទានចៀមទាំងនោះមកខ្ញុំ ទ្រង់ធំលើសជាងអ្វីទាំងអស់ គ្មានអ្នកណាអាចឆក់គេចេញពីព្រះហស្តរបស់ព្រះអង្គបានឡើយ
ឆ្មាំទ្វារបើកទ្វារឲ្យអ្នកនោះ ហើយចៀមស្តាប់តាមសំឡេងគាត់ដែរ គាត់ហៅចៀមតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ។
ព្រះវរបិតា និងខ្ញុំ គឺតែមួយ»។
គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។
ដ្បិតព្រះអង្គបានប្រោសអស់អ្នកដែលបានញែកជាបរិសុទ្ធ ឲ្យបានគ្រប់លក្ខណ៍ជារៀងរហូត ដោយសារតង្វាយតែមួយគត់។
តែដោយសារព្រះគុណរបស់ព្រះអង្គ ពួកគេបានរាប់ជាសុចរិតដោយឥតគិតថ្លៃ តាមរយៈការប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
ឯទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង ហើយជីវិតនេះ គឺនៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ។
អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត អ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះ អ្នកនោះគ្មានជីវិតឡើយ។
គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្តូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។
ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតរងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនាំយើងទៅរកព្រះ។ ព្រះអង្គត្រូវគេធ្វើគុតខាងសាច់ឈាម តែបានប្រោសឲ្យរស់ខាងវិញ្ញាណវិញ
ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ»)
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។