កាឡាទី 4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ខ្ញុំចង់និយាយដូច្នេះថា ដរាបណាអ្នកដែលត្រូវទទួលមត៌កនៅក្មេងនៅឡើយ នោះមិនខុសពីបាវបម្រើទេ ទោះបើអ្នកនោះជាម្ចាស់លើទ្រព្យសម្បត្តិទាំងអស់ក៏ដោយ 2 តែកូននោះស្ថិតនៅក្រោមការឃុំគ្រងរបស់អ្នកថែរក្សា និងអ្នកមើលខុសត្រូវ រហូតដល់ពេលដែលឪពុកបានកំណត់។ 3 ឯយើងវិញក៏ដូច្នោះដែរ កាលយើងនៅក្មេងនៅឡើយ យើងនៅជាប់ក្រោមគោលការណ៍ផ្សេងៗខាងបឋមសិក្សារបស់លោកីយ៍នេះ។ 4 ប៉ុន្ដែ លុះពេលកំណត់បានមកដល់ ព្រះបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកប្រសូតចេញពីស្ត្រី គឺប្រសូតក្រោមអំណាចរបស់ក្រឹត្យវិន័យ 5 ដើម្បីលោះអស់អ្នកដែលស្ថិតនៅក្រោមក្រឹត្យវិន័យ ប្រយោជន៍ឲ្យយើងបានត្រឡប់ជាកូនរបស់ព្រះអង្គ 6 ហើយដោយព្រោះអ្នករាល់គ្នាជាកូន ព្រះក៏បានចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រារបស់ព្រះអង្គ ឲ្យមកសណ្ឋិតក្នុងចិត្តយើង ដែលព្រះវិញ្ញាណនេះហើយបន្លឺឡើងថា «អ័ប្បា! ព្រះវរបិតា!»។ 7 ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ គឺជាកូនវិញ ហើយបើជាកូន នោះគឺជាអ្នកទទួលមត៌ក ដោយសារព្រះដែរ។ លោកប៉ុលស្ដីបន្ទោសអ្នកស្រុកកាឡាទី 8 ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។ 9 តែឥឡូវនេះ ដែលអ្នកបានស្គាល់ព្រះហើយ ឬថា ព្រះបានស្គាល់អ្នករាល់គ្នាវិញប្រសើរជាង នោះម្ដេចបានជាអ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍ផ្សេងៗខាងបឋមសិក្សា ដែលខ្សោយ ហើយឥតបានការដូច្នេះ? តើអ្នករាល់គ្នាចង់នៅជាប់ជាបាវបម្រើដល់ការទាំងនោះទៀតឬ? 10 អ្នករាល់គ្នាគោរពថ្ងៃ ខែ រដូវ និងឆ្នាំ 11 ខ្ញុំបារម្ភក្រែងតែការនឿយហត់ដែលខ្ញុំធ្វើសម្រាប់អ្នករាល់គ្នា ទៅជាឥតប្រយោជន៍។ 12 បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបានដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានដូចជាអ្នករាល់គ្នាដែរ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំទេ។ 13 អ្នករាល់គ្នាដឹងហើយ ពីដំបូងខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាទាំងសុខភាពខាងសាច់ឈាមទន់ខ្សោយ 14 ហើយទោះជាសុខភាពរបស់ខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាលំបាកក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំឡើយ តែបានទទួលខ្ញុំ ដូចទទួលទេវតារបស់ព្រះ គឺដូចទទួលព្រះយេស៊ូវគ្រីស្ទដែរ។ 15 ដូច្នេះ តើអំណរដែលអ្នករាល់គ្នាមានកាលពីដើមនោះនៅឯណា? ដ្បិតខ្ញុំមានបន្ទាល់ពីអ្នករាល់គ្នាថា កាលណោះ អ្នករាល់គ្នាសឹងតែខ្វេះភ្នែកឲ្យខ្ញុំទៀតផង ប្រសិនបើអ្នករាល់គ្នាអាចធ្វើបាន។ 16 ឥឡូវនេះ តើខ្ញុំបានត្រឡប់ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយព្រោះតែខ្ញុំនិយាយសេចក្ដីពិតឬ? 17 អ្នកទាំងនោះគេយកចិត្តទុកដាក់នឹងអ្នករាល់គ្នាណាស់ តែមិនមានបំណងល្អទេ គឺគេចង់បំបែកអ្នករាល់គ្នាពីយើង ដើម្បីឲ្យអ្នករាល់គ្នាយកចិត្តទុកដាក់នឹងគេវិញ។ 18 ការដែលយកចិត្តទុកដាក់ឲ្យមានបំណងល្អជានិច្ច នោះត្រឹមត្រូវហើយ មិនមែនតែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះឡើយ។ 19 កូនចៅអើយ ដោយព្រោះអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀត ដូចស្ត្រីហៀបនឹងសម្រាលកូន រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា។ 20 ឥឡូវនេះ ខ្ញុំចង់នៅជាមួយអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំអាចផ្លាស់ប្តូរសម្ដីរបស់ខ្ញុំ ដ្បិតខ្ញុំទ័លគំនិតអំពីអ្នករាល់គ្នាហើយ។ ការប្រៀបធៀបអំពីនាងហាការ និងសារ៉ា 21 អ្នករាល់គ្នាដែលចង់នៅក្រោមបន្ទុកក្រឹត្យវិន័យអើយ សូមប្រាប់ខ្ញុំមើល៍ តើអ្នករាល់គ្នាមិនឮសេចក្ដីដែលក្រឹត្យវិន័យចែងទុកមកទេឬ? 22 ដ្បិតមានសេចក្ដីចែងទុកមកថា លោកអ័ប្រាហាំមានកូនពីរនាក់ ម្នាក់កើតពីស្ដ្រីជាបាវបម្រើ ម្នាក់ទៀតកើតពីស្ដ្រីអ្នកជា ។ 23 ប៉ុន្ដែ កូនដែលកើតពីស្ត្រីជាបាវបម្រើ ជាកូនកើតមកតាមសាច់ឈាម ឯកូនដែលកើតពីស្ត្រីអ្នកជាវិញ កើតមកតាមសេចក្ដីសន្យា។ 24 នេះជាការប្រៀបធៀប ស្ត្រីទាំងពីរនេះជាគំរូនៃសេចក្ដីសញ្ញាពីរ មួយនៅភ្នំស៊ីណាយ ដែលបង្កើតកូនជាបាវបម្រើ នោះគឺនាងហាកា។ 25 នាងហាការប្រៀបដូចជាភ្នំស៊ីណាយនៅស្រុកអារ៉ាប់ ហើយក៏ដូចជាក្រុងយេរូសាឡិមសព្វថ្ងៃនេះដែរ ដ្បិតនាងនៅជាប់ជាបាវបម្រើជាមួយកូនចៅរបស់នាង។ 26 ប៉ុន្ដែ ក្រុងយេរូសាឡិមដែលនៅស្ថានលើវិញ គឺជាស្ត្រីអ្នកជា ហើយជាម្តាយរបស់យើង។ 27 ដ្បិតមានសេចក្ដីចែងទុកមកថា «ឱស្ត្រីអារដែលមិនបង្កើតកូនអើយ ចូរអរសប្បាយឡើង! ឱស្ត្រីដែលមិនឈឺនឹងសម្រាលអើយ ចូរបន្លឺសំឡេងស្រែកដោយអំណរឡើង! ព្រោះកូនរបស់ស្ត្រីដែលគេបោះបង់ចោលនោះ មានចំនួនច្រើនជាងកូនរបស់ស្ត្រីដែលមានប្តីទៅទៀត» ។ 28 ឥឡូវនេះ បងប្អូនអើយ អ្នករាល់គ្នាជាកូនតាមសេចក្ដីសន្យា ដូចលោកអ៊ីសាកដែរ។ 29 ប៉ុន្ដែ នៅគ្រានោះ កូនដែលកើតមកតាមសាច់ឈាម បានធ្វើទុក្ខបៀតបៀនដល់កូនដែលកើតមកតាមព្រះវិញ្ញាណយ៉ាងណា ឥឡូវនេះក៏មានយ៉ាងនោះដែរ។ 30 ប៉ុន្ដែ តើគម្ពីរចែងមកដូចម្ដេច? គឺថា «ចូរបណ្ដេញស្រ្ដីជាបាវបម្រើ និងកូនរបស់នាងចេញ ដ្បិតកូនរបស់ស្ត្រីជាបាវបម្រើមិនត្រូវទទួលមត៌កជាមួយកូនរបស់ស្ត្រីអ្នកជាឡើយ» 31 ដូច្នេះ បងប្អូនអើយ យើងមិនមែនជាកូនរបស់ស្ត្រីជាបាវបម្រើទេ គឺជាកូនរបស់ស្ត្រីអ្នកជាវិញ។ |
© 2016 United Bible Societies
Bible Society in Cambodia