២ កូរិនថូស 9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការរៃប្រាក់សម្រាប់គ្រីស្ទបរិស័ទនៅក្រុងយេរ៉ូសាឡិម 1 ចំពោះការជួយឧបត្ថម្ភដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ 2 ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ ក៏បានអួតពីអ្នករាល់គ្នាប្រាប់អ្នកស្រុកម៉ាសេដូនថា អ្នកស្រុកអាខៃបានប្រុងប្រៀបជាស្រេច តាំងពីឆ្នាំមុនម៉្លេះ ហើយចិត្តខ្នះខ្នែងរបស់អ្នករាល់គ្នាបានជំរុញចិត្តមនុស្សជាច្រើន។ 3 ខ្ញុំបានចាត់ពួកបងប្អូននោះមក ដើម្បីកុំឲ្យអំនួតដែលយើងអួតពីអ្នករាល់គ្នា ត្រង់ចំណុចនេះ ទៅជាឥតប្រយោជន៍ ហើយឲ្យអ្នករាល់គ្នាបានរៀបចំជាស្រេច ដូចជាខ្ញុំបាននិយាយមែន 4 តែប្រសិនបើមានអ្នកស្រុកម៉ាសេដូនខ្លះមកជាមួយខ្ញុំ ហើយឃើញថាអ្នករាល់គ្នាមិនទាន់បានរៀបចំ នោះមិនត្រឹមតែអ្នករាល់គ្នាទេ សូម្បីតែយើងក៏នឹងត្រូវអាម៉ាស់ដែរ ដ្បិតយើងទុកចិត្តអ្នករាល់គ្នាជាខ្លាំង។ 5 ដូច្នេះ ខ្ញុំយល់ឃើញថា គួរតែជំរុញឲ្យពួកបងប្អូនធ្វើដំណើរមកជួបអ្នករាល់គ្នាជាមុន ដើម្បីរៀបចំអំណោយដែលអ្នករាល់គ្នាបានសន្យានេះឲ្យបានរួចរាល់ ហើយបង្ហាញថា នោះជាអំណោយស្ម័គ្រពីចិត្តមែន មិនមែនដោយបង្ខំ។ 6 ខ្ញុំចង់និយាយដូច្នេះថា អ្នកណាដែលព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានដោយសទ្ធាដែរ។ 7 ត្រូវឲ្យម្នាក់ៗថ្វាយតាមដែលខ្លួនបានសម្រេចក្នុងចិត្តចុះ មិនមែនដោយស្តាយ ឬដោយបង្ខំឡើយ ដ្បិតព្រះស្រឡាញ់អ្នកដែលថ្វាយដោយចិត្តរីករាយ។ 8 ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក 9 ដូចសេចក្តីដែលចែងទុកមកថា៖ «ព្រះអង្គចែកសុសសាយ ព្រះអង្គប្រទានដល់អ្នកក្រ សេចក្តីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរ រហូតតរៀងទៅ» ។ 10 ព្រះអង្គដែលផ្គត់ផ្គង់ពូជដល់អ្នកសាបព្រោះ និងអាហារសម្រាប់បរិភោគផងនោះ ទ្រង់នឹងផ្គត់ផ្គង់ ហើយធ្វើឲ្យពូជរបស់អ្នករាល់គ្នាកើនចំនួនកាន់តែច្រើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាថែមទៀតផង។ 11 អ្នករាល់គ្នានឹងបានចម្រើនកាន់តែច្រើនឡើងគ្រប់ជំពូក សម្រាប់ឲ្យអ្នករាល់គ្នាមានចិត្តសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតឲ្យមានការអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា 12 ដ្បិតការប្រមូលជំនួយនេះ មិនត្រឹមតែផ្គត់ផ្គង់សេចក្តីត្រូវការរបស់ពួកបរិសុទ្ធប៉ុណ្ណោះ គឺថែមទាំងធ្វើឲ្យមានការអរព្រះគុណដល់ព្រះ កាន់តែចម្រើនហូរហៀរឡើងទៀតផង។ 13 តាមរយៈភស្តុតាងនៃការជួយឧបត្ថម្ភនេះ អ្នករាល់គ្នាសរសើរតម្កើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសម្ដែងឲ្យគេឃើញច្បាស់ថា អ្នករាល់គ្នាពិតជាចុះចូលតាមដំណឹងល្អរបស់ព្រះគ្រីស្ទមែន ហើយដោយព្រោះចិត្តសទ្ធាដែលអ្នករាល់គ្នាបានចែកចាយដល់គេ និងដល់មនុស្សដទៃទៀតទាំងអស់ 14 នោះគេក៏អធិស្ឋានឲ្យអ្នករាល់គ្នា ដោយចិត្តស្រឡាញ់ជាខ្លាំង ព្រោះតែព្រះគុណដ៏លើសលុបរបស់ព្រះ ដែលសណ្ឋិតលើអ្នករាល់គ្នា។ 15 អរព្រះគុណដល់ព្រះ ដោយព្រោះអំណោយទានដ៏រកថ្លែងពុំបានរបស់ព្រះអង្គ!។ |
© 2016 United Bible Societies
Bible Society in Cambodia