ហេព្រើរ 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យដាស់តឿនឲ្យប្រុងប្រយ័ត្ន 1 ហេតុនេះ យើងត្រូវតែយកចិត្តទុកដាក់ឲ្យរឹតតែខ្លាំងថែមទៀត ចំពោះសេចក្ដីដែលយើងបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនេះបាត់ទៅ។ 2 ប្រសិនបើព្រះបន្ទូលដែលពួកទេវតាបានថ្លែងប្រាប់នោះ ជាការពិត ដូច្នេះ អ្នកដែលប្រព្រឹត្តរំលង ហើយរឹងចចេស ត្រូវទទួលទោសទៅហើយ 3 ធ្វើដូចម្តេចឲ្យយើងរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ធំដូច្នេះ? ជាដំបូង ព្រះអម្ចាស់បានផ្សាយការសង្គ្រោះមក ហើយអស់អ្នកដែលបានឮ ក៏បានបញ្ជាក់ប្រាប់យើងដែរ។ 4 ព្រះបានធ្វើបន្ទាល់ជាមួយពួកគេ ដោយសម្តែងការអស្ចារ្យ និងឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមក តាមព្រះហឫទ័យរបស់ព្រះអង្គ។ ការតម្កើងឡើងតាមរយៈការបន្ទាបចុះ 5 រីឯបរិលោកដែលយើងនិយាយនេះ ព្រះមិនបានប្រគល់ឲ្យនៅក្រោមអំណាចរបស់ពួកទេវតាទេ។ 6 ប៉ុន្ដែ មានម្នាក់បានធ្វើបន្ទាល់នៅកន្លែងមួយថា៖ «តើមនុស្សជាអ្វី បានជាព្រះអង្គនឹកគិតដល់គេ ឬកូនមនុស្សជាអ្វី បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ? 7 ព្រះអង្គបានធ្វើឲ្យគេទាបជាងពួកទេវតាតែមួយរយៈទេ ក៏បានប្រទានសិរីល្អ និងកេរ្តិ៍ឈ្មោះឲ្យ ទុកជាមកុដ 8 ព្រះអង្គបានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមជើងគេ» ព្រះអង្គបានបង្ក្រាបគ្រប់ទាំងអស់ គឺមិនបានទុកអ្វី ដែលមិនចុះចូលសោះឡើយ។ ឥឡូវនេះ យើងមិនទាន់ឃើញថាគ្រប់ទាំងអស់ចុះចូលនៅឡើយទេ 9 តែយើងឃើញព្រះយេស៊ូវ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាមួយរយៈ ដោយព្រះអង្គបានរងទុក្ខ និងសុគត ឥឡូវនេះ ព្រះអង្គបានទទួលសិរីល្អ និងព្រះកិត្តិនាមទុកជាមកុដ។ ដោយសារព្រះគុណរបស់ព្រះ ដែលទ្រង់បានសុគតជំនួសមនុស្សទាំងអស់។ 10 អ្វីៗទាំងអស់កើតមានឡើងដោយសារព្រះអង្គ ហើយដោយព្រះអង្គចង់នាំកូនជាច្រើនមកក្នុងសិរីល្អ នោះគួរគប្បីឲ្យព្រះអង្គបានធ្វើឲ្យម្ចាស់នៃការសង្គ្រោះ បានគ្រប់លក្ខណ៍ ដោយរងទុក្ខលំបាក។ 11 ដ្បិតព្រះអង្គដែលបានញែកជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គញែកជាបរិសុទ្ធ សុទ្ធតែចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅគេជាបងប្អូនឡើយ 12 ព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងប្រកាសពីព្រះនាមរបស់ព្រះអង្គដល់ពួកបងប្អូនទូលបង្គំ ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ នៅកណ្តាលក្រុមជំនុំ» 13 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ទូលបង្គំទុកចិត្តដល់ព្រះអង្គ» ហើយថា «មើល៍ ទូលបង្គំនៅជាមួយពួកកូនចៅ ដែលព្រះបានប្រទានមកទូលបង្គំ» ។ 14 ដូច្នេះ ដោយព្រោះកូនចៅនោះជាប់សាច់ឈាមនឹងគ្នា ព្រះអង្គក៏ទទួលចំណែកជាសាច់ឈាមដូច្នោះដែរ ដោយព្រះអង្គសុគត ដើម្បីបំផ្លាញអានោះដែលមានអំណាចលើសេចក្តីស្លាប់ គឺអារក្ស 15 ហើយរំដោះអស់អ្នកដែលជាប់ជាបាវបម្រើអស់មួយជីវិត ដោយសារការភ័យខ្លាច ឲ្យបានរួចវិញ។ 16 ដ្បិតព្រះអង្គពិតជាមិនបានយាងមកជួយពួកទេវតាទេ គឺជួយពូជពង្សលោកអ័ប្រាហាំវិញ។ 17 ហេតុនេះហើយបានជាគួរឲ្យព្រះអង្គ មានលក្ខណៈដូចបងប្អូនរបស់ព្រះអង្គគ្រប់ជំពូកដែរ ដើម្បីធ្វើជាសម្តេចសង្ឃ ដែលមានព្រះហឫទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការបម្រើព្រះ ដើម្បីថ្វាយយញ្ញបូជាសម្រាប់រំដោះប្រជាជនឲ្យរួចពីបាប។ 18 ដ្បិតដោយព្រះអង្គបានរងទុក្ខលំបាក ទាំងត្រូវល្បួង ព្រះអង្គក៏អាចជួយអស់អ្នក ដែលត្រូវល្បួងបានដែរ។ |
© 2016 United Bible Societies
Bible Society in Cambodia