សូមគិតអំពីសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះវរបិតាចំពោះយើង! ១យ៉ូហាន ៣:១ បានប្រាប់ថា យើងជាកូនរបស់ទ្រង់! ជាកូនព្រះ យើងត្រូវប្រព្រឹត្តិតាមព្រះហឫទ័យ និងគោលការណ៍របស់ទ្រង់។
តាមរយៈយញ្ញបូជារបស់ព្រះយេស៊ូ យើងបានក្លាយជាកូនរបស់ព្រះ ហើយទទួលមរតកនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសន្យារបស់ទ្រង់។ ដូច្នេះ យើងត្រូវដើរក្នុងសេចក្ដីពិត និងសេចក្ដីសុចរិត ដោយបង្ហាញពីភាពជាព្រះវរបិតាសួគ៌នៅលើផែនដីនេះ។
ជីវិតនេះពោរពេញទៅដោយការលំបាក និងឧបសគ្គ ដែលធ្វើឲ្យយើងសង្ស័យអំពីភាពជាកូនរបស់ព្រះ។ ពិភពលោកអាចវាយតម្លៃយើងតាមរយៈសមិទ្ធិផល រូបរាង ឬឋានៈសង្គម។ ប៉ុន្តែ ចូរចាំថា តម្លៃរបស់យើងមិនមែនស្ថិតនៅលើរបស់ទាំងនោះទេ គឺស្ថិតនៅលើព្រះគ្រីស្ទ។ ទ្រង់ប្រទានឲ្យយើងនូវតម្លៃ និងសេចក្ដីថ្លៃថ្នូរ ដោយមិនគិតពីស្ថានភាពរបស់យើងឡើយ។
ការធ្វើជាកូនព្រះ គឺជាការទទួលខុសត្រូវដ៏ធំមួយ។ យើងត្រូវបង្ហាញពីរូបភាពរបស់ទ្រង់ក្នុងគ្រប់សកម្មភាព និងការសម្រេចចិត្តរបស់យើង។ យើងគឺជាអ្នកកាន់ពន្លឺរបស់ព្រះគ្រីស្ទនៅក្នុងពិភពលោកដ៏ងងឹតនេះ។
ដើម្បីយល់កាន់តែច្បាស់អំពីភាពជាកូនព្រះ យើងត្រូវងាកទៅរកព្រះបន្ទូលរបស់ទ្រង់។ នៅក្នុងនោះ យើងឃើញទីបន្ទាល់របស់អ្នកដែលបានជួបប្រទះនឹងព្រះគុណ និងសេចក្ដីស្រឡាញ់របស់ព្រះ។ ការអាន និងស្រាវជ្រាវព្រះគម្ពីរ ជួយឲ្យយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះវរបិតាសួគ៌ និងពង្រឹងជំនឿរបស់យើង។
ចូរចាំថា យើងជាកូនព្រះ ដែលទ្រង់ស្រឡាញ់ ឲ្យតម្លៃ និងមានគោលបំណងក្នុងជីវិតនេះ។
ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។ អ្នកណាជាកូនរបស់ព្រះ ហើយអ្នកណាជាកូនរបស់អារក្ស ត្រូវបានបង្ហាញឲ្យឃើញច្បាស់ដោយសារសេចក្ដីនេះ គឺអ្នកណាដែលមិនប្រព្រឹត្តអំពើសុចរិត អ្នកនោះមិនមែនមកពីព្រះទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូនរបស់ខ្លួន ក៏មិនមែនមកពីព្រះដែរ។ ដ្បិតនេះជាដំណឹងដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ មិនត្រូវឲ្យយើងដូចជាកាអ៊ីន ដែលមកពីមេកំណាច ហើយបានសម្លាប់ប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូនរបស់ខ្លួនដូច្នេះ? ព្រោះអំពើដែលគាត់ប្រព្រឹត្តសុទ្ធតែអាក្រក់ ហើយអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត។ បងប្អូនអើយ ប្រសិនបើលោកីយ៍ស្អប់អ្នករាល់គ្នា នោះកុំឲ្យឆ្ងល់ឡើយ។ យើងដឹងហើយថា យើងបានកន្លងផុតពីសេចក្ដីស្លាប់ ទៅដល់ជីវិតហើយ ព្រោះយើងស្រឡាញ់ពួកបងប្អូន ឯអ្នកណាដែលមិនចេះស្រឡាញ់ អ្នកនោះនៅជាប់ក្នុងសេចក្ដីស្លាប់នៅឡើយ។ អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក ហើយអ្នករាល់គ្នាដឹងហើយថា គ្មានឃាតកណាមួយមានជីវិតរស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ។ យើងស្គាល់សេចក្ដីស្រឡាញ់ដោយសារសេចក្ដីនេះ គឺព្រះអង្គបានស៊ូប្តូរព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ដូច្នេះ យើងក៏ត្រូវប្តូរជីវិតរបស់យើងសម្រាប់បងប្អូនដែរ។ ប្រសិនបើអ្នកណាមានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនណាដែលខ្វះខាត តែមិនចេះអាណិតអាសូរសោះ ធ្វើដូចម្តេចឲ្យសេចក្ដីស្រឡាញ់របស់ព្រះស្ថិតនៅក្នុងអ្នកនោះបាន? ពួកកូនតូចៗអើយ យើងមិនត្រូវស្រឡាញ់ដោយពាក្យសម្ដី ឬដោយបបូរមាត់ប៉ុណ្ណោះឡើយ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។ យើងនឹងដឹងដោយសារសេចក្ដីនេះឯងថា យើងកើតមកពីសេចក្ដីពិត ហើយធ្វើឲ្យយើងមានទំនុកចិត្តនៅចំពោះព្រះអង្គ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!
ពីដើមអ្នករាល់គ្នាមិនមែនជាប្រជារាស្រ្តរបស់ព្រះទេ តែឥឡូវនេះ ជាប្រជារាស្រ្តរបស់ព្រះវិញ។ ពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណាហើយ។
តាមដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្តីស្រឡាញ់។ ព្រះអង្គបានតម្រូវយើងទុកជាមុន សម្រាប់ឲ្យទ្រង់បានទទួលយើងជាកូន តាមរយៈព្រះយេស៊ូវគ្រីស្ទ ស្របតាមបំណងដែលព្រះអង្គសព្វព្រះហឫទ័យ
ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។
«មុនដែលយើងបានជបបង្កើតអ្នកនៅក្នុងពោះម្តាយ នោះយើងស្គាល់អ្នកហើយ កាលមុនដែលអ្នកសម្រាលចេញពីផ្ទៃមក នោះយើងបានញែកអ្នកជាបរិសុទ្ធផង ក៏បានតាំងអ្នកឡើងជាហោរា ដល់អស់ទាំងសាសន៍»។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។
ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ឯជីវិតរបស់អ្នករាល់គ្នាក៏បានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះដែរ។ ពេលព្រះគ្រីស្ទដែលជាជីវិតរបស់អ្នករាល់គ្នាលេចមក នោះអ្នករាល់គ្នាក៏នឹងលេចមកជាមួយព្រះអង្គក្នុងសិរីល្អដែរ។
អ្នករាល់គ្នាជារូបកាយរបស់ព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងៗខ្លួន។
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ អ្នករាល់គ្នាសុទ្ធតែជាកូនរបស់ព្រះ។ ដ្បិតអស់ដែលបានទទួលពិធីជ្រមុជរួមជាមួយព្រះគ្រីស្ទ នោះបានប្រដាប់ខ្លួនដោយព្រះគ្រីស្ទហើយ។ គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។
ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ ហើយឲ្យគំនិតក្នុងចិត្តរបស់អ្នករាល់គ្នាបានកែប្រែជាថ្មីឡើង ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
ប៉ុន្តែ ឱពួកយ៉ាកុបអើយ ឥឡូវនេះ ព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ហើយឱពួកអ៊ីស្រាអែលអើយ ព្រះដែលជបសូនអ្នក ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ យើងបានហៅចំឈ្មោះអ្នក យើងនឹងនៅជាមួយអ្នក។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ហើយអស់អ្នកដែលព្រះវិញ្ញាណរបស់ព្រះដឹកនាំ អ្នកទាំងនោះជាកូនរបស់ព្រះ។ ដ្បិតអ្នករាល់គ្នាមិនបានទទួលវិញ្ញាណជាបាវបម្រើ ដែលនាំឲ្យភ័យខ្លាចទៀតឡើយ គឺអ្នករាល់គ្នាបានទទួលវិញ្ញាណជាកូន វិញ។ ពេលយើងស្រែកឡើងថា ឱអ័ប្បា! ព្រះវរបិតា!
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌
ព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដី មកសូនធ្វើជាមនុស្ស ហើយព្រះអង្គផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះគេ នោះមនុស្សក៏មានជីវិតរស់ឡើង។
ខ្ញុំមិនហៅអ្នកថាជាបាវបម្រើទៀតទេ ដ្បិតបាវបម្រើមិនដឹងថាចៅហ្វាយធ្វើអ្វីឡើយ ប៉ុន្តែ ខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក។
ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជ្យនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ យើងមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺការអត់ទោសឲ្យរួចពីបាប។
ដូច្នេះ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនដូចជាបានស្លាប់ខាងឯបាប ហើយរស់ខាងឯព្រះវិញ នៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ។
ដ្បិតអស់ដែលបានទទួលពិធីជ្រមុជរួមជាមួយព្រះគ្រីស្ទ នោះបានប្រដាប់ខ្លួនដោយព្រះគ្រីស្ទហើយ។ គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។ ប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជរបស់លោកអ័ប្រាហាំ ជាអ្នកគ្រងមត៌កតាមសេចក្ដីសន្យា។
ខ្ញុំជាដើម អ្នករាល់គ្នាជាមែក អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលជាច្រើន ដ្បិតបើដាច់ពីខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានឡើយ។
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយ ព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។
ប៉ុន្តែ យើងជាសាសន៍ស្ថានសួគ៌ ហើយនៅរង់ចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះវិញ។
ហើយនៅក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះបានប្រោសឲ្យយើងរស់ឡើងវិញរួមជាមួយព្រះអង្គ ហើយឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅស្ថានសួគ៌ដែរ
ដ្បិតព្រះអង្គដែលបានញែកជាបរិសុទ្ធ និងអស់អ្នកដែលព្រះអង្គញែកជាបរិសុទ្ធ សុទ្ធតែចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះអង្គមិនខ្មាសនឹងហៅគេជាបងប្អូនឡើយ
ដោយសារសេចក្ដីនេះហើយ ដែលសេចក្ដីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងក៏យ៉ាងនោះនៅក្នុងលោកនេះដែរ។
តាមដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្តីស្រឡាញ់។
ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។
យើងដឹងថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មានបាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត។
ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ដូច្នេះ អ្នករាល់គ្នាមិនមែនជាបាវបម្រើទៀតទេ គឺជាកូនវិញ ហើយបើជាកូន នោះគឺជាអ្នកទទួលមត៌ក ដោយសារព្រះដែរ។
ហើយប្រសិនបើយើងពិតជាកូនមែន នោះយើងជាអ្នកគ្រងមត៌ក គឺជាអ្នកគ្រងមត៌ករបស់ព្រះរួមជាមួយព្រះគ្រីស្ទ។ ពិតមែន បើយើងរងទុក្ខលំបាកជាមួយព្រះអង្គ នោះយើងក៏នឹងទទួលសិរីល្អជាមួយព្រះអង្គដែរ។
៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។
នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ
ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដូចព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។
មិនមែនអ្នករាល់គ្នាទេដែលបានរើសខ្ញុំ គឺខ្ញុំទេតើដែលបានរើសអ្នករាល់គ្នា ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលនោះបាននៅជាប់ ដើម្បីឲ្យអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះវរបិតា ក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យ។
ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកក្រៅទៀតទេ គឺជាជនរួមជាតិតែមួយជាមួយពួកបរិសុទ្ធ និងជាសមាជិកគ្រួសាររបស់ព្រះ
ហើយអ្នករាល់គ្នាបានពេញលេញក្នុងព្រះអង្គ ដ្បិតព្រះអង្គជាសិរសាលើពួកគ្រប់គ្រង និងពួកមានអំណាចនានាទាំងអស់។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
ត្រូវឲ្យអស់អ្នកដែលព្រះយេហូវ៉ា បានប្រោសលោះ ពោលដូច្នេះ គឺអស់អ្នកដែលព្រះអង្គបានប្រោសលោះ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
គឺព្រះហើយដែលតាំងយើងឲ្យខ្ជាប់ខ្ជួនជាមួយអ្នករាល់គ្នាក្នុងព្រះគ្រីស្ទ ហើយដែលបានចាក់ប្រេងតាំង លើយើង ព្រះអង្គបានដៅចំណាំយើង ហើយប្រទានព្រះវិញ្ញាណមកក្នុងចិត្តយើង ទុកជារបស់បញ្ចាំចិត្ត។
នៅក្នុងព្រះអង្គ យើងមានផ្លូវចូលទៅរកព្រះដោយក្លាហាន ទាំងទុកចិត្ត តាមរយៈជំនឿដល់ព្រះអង្គ។
អ្នករាល់គ្នាជាពន្លឺបំភ្លឺមនុស្សលោក ទីក្រុងណាដែលសង់នៅលើភ្នំ មិនអាចលាក់កំបាំងបានឡើយ។ គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងនោះទេ គឺគេដាក់វាលើជើងចង្កៀងវិញ ទើបចង្កៀងនោះភ្លឺដល់មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ។ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនក្នុងសេរីភាពនេះចុះ កុំបណ្តោយឲ្យជាប់ចំណងជាបាវបម្រើទៀតឡើយ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ដោយសារសេចក្ដីទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏វិសេស និងធំបំផុតដល់យើង ដើម្បីឲ្យអ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ ដោយសារសេចក្ដីនោះឯង ទាំងបានរួចផុតពីសេចក្ដីពុករលួយដែលនៅក្នុងលោកីយ៍នេះ ដោយសារសេចក្តីប៉ងប្រាថ្នា។
ឥឡូវនេះ កូនតូចៗអើយ ចូរនៅជាប់ក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក នោះយើងនឹងមានទំនុកចិត្ត ហើយមិនត្រូវខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ដ្បិតព្រះអង្គបានប្រោសអស់អ្នកដែលបានញែកជាបរិសុទ្ធ ឲ្យបានគ្រប់លក្ខណ៍ជារៀងរហូត ដោយសារតង្វាយតែមួយគត់។
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ដ្បិតការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺ ការកើតជាថ្មី។
តែអរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។
ដ្បិតអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ យើងមិនមែនជាពួកយប់ ឬជាពួកសេចក្តីងងឹតឡើយ។
ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ក្នុងព្រះគ្រីស្ទយើងក៏បានមត៌កដែរ ដោយព្រះអង្គបានតម្រូវយើងទុកជាមុន ស្របតាមគោលបំណងរបស់ព្រះអង្គ ដែលធ្វើឲ្យគ្រប់ការទាំងអស់បានសម្រេច ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ។
ព្រះអង្គជាប្រភពនៃជីវិតរបស់យើង ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានត្រឡប់ជាប្រាជ្ញាមកពីព្រះ ជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើង
ឥឡូវនេះ ព្រះអង្គបានផ្សះផ្សាក្នុងរូបសាច់ព្រះអង្គ ដោយបានទទួលសុគត ដើម្បីថ្វាយអ្នករាល់គ្នាជាតង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះព្រះអង្គ
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ដ្បិតប្រសិនបើយើងនៅជាខ្មាំងសត្រូវនៅឡើយ យើងបានជានាជាមួយព្រះ តាមរយៈការសុគតរបស់ព្រះរាជបុត្រាព្រះអង្គទៅហើយ ចុះចំណង់បើឥឡូវនេះ ដែលយើងបានជានាហើយ នោះយើងប្រាកដជាបានសង្គ្រោះ ដោយសារព្រះជន្មរបស់ព្រះអង្គ លើសជាងទៅទៀតមិនខាន។ មិនតែប៉ុណ្ណោះសោត យើងថែមទាំងអួតនៅក្នុងព្រះផង តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គហើយ។ ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។ មុនពេលមានក្រឹត្យវិន័យ បាបមាននៅក្នុងពិភពលោករួចទៅហើយ តែពេលមិនទាន់មានក្រឹត្យវិន័យ បាបមិនទាន់រាប់ជាមានទោសទេ។ ប៉ុន្តែ ចាប់តាំងពីលោកអ័ដាម រហូតមកដល់លោកម៉ូសេ សេចក្តីស្លាប់បានសោយរាជ្យលើមនុស្សទាំងអស់ សូម្បីតែពួកអ្នកដែលមិនបានធ្វើបាប ដូចជាអំពើរំលងរបស់លោកអ័ដាមក៏ដោយ ដែលលោកជាគំរូពីព្រះអង្គដែលត្រូវយាងមក។ ប៉ុន្តែ អំណោយទានមិនដូចជាអំពើរំលងទេ ដ្បិតបើមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ទៅហើយ នោះចំណង់បើព្រះគុណរបស់ព្រះ និងអំណោយទាននៃព្រះគុណនេះ ដែលមកដោយសារមនុស្សម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ ប្រាកដជានឹងបានចម្រើនដល់មនុស្សជាច្រើន លើលជាងទៅទៀតមិនខាន។ ឯអំណោយទាននោះ ក៏មិនដូចជាលទ្ធផលនៃអំពើបាបរបស់មនុស្សម្នាក់នោះដែរ ដ្បិតការជំនុំជម្រះ ដែលកើតមកដោយព្រោះអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យជាប់ទោស តែអំណោយទាន ដែលកើតមកដោយព្រោះអំពើរំលងជាច្រើន នោះនាំឲ្យបានសុចរិតវិញ។ បើព្រោះតែអំពើរំលងរបស់មនុស្សម្នាក់នោះ សេចក្តីស្លាប់បានសោយរាជ្យ តាមរយៈមនុស្សម្នាក់នោះទៅហើយ នោះពួកអ្នកដែលទទួលព្រះគុណដ៏បរិបូរ និងអំណោយទាននៃសេចក្តីសុចរិត ប្រាកដជានឹងបានសោយរាជ្យក្នុងជីវិត តាមរយៈមនុស្សម្នាក់នោះដែរ គឺព្រះយេស៊ូវគ្រីស្ទ លើសជាងទៅទៀតមិនខាន។ ដូច្នេះ ដូចដែលអំពើរំលងរបស់មនុស្សម្នាក់ នាំឲ្យមនុស្សទាំងអស់ត្រូវទោសយ៉ាងណា នោះអំពើសុចរិតរបស់មនុស្សម្នាក់ ក៏នាំឲ្យមនុស្សទាំងអស់បានសុចរិត និងបានជីវិតយ៉ាងនោះដែរ។ ដ្បិត ដូចដែលមនុស្សជាច្រើនបានត្រឡប់ជាមានបាប ដោយសារការមិនស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងណា នោះមនុស្សជាច្រើន ក៏បានត្រឡប់ជាសុចរិត ដោយសារការស្តាប់បង្គាប់របស់មនុស្សម្នាក់យ៉ាងនោះដែរ។ តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ។
ចូរយកព្រះយេហូវ៉ាជាអំណររបស់អ្នកចុះ នោះព្រះអង្គនឹងប្រទានអ្វីៗ ដែលចិត្តអ្នកប្រាថ្នាចង់បាន។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
៙ ព្រះហស្តរបស់ព្រះអង្គបានបង្កើត និងបានសូនទូលបង្គំ សូមប្រទានឲ្យទូលបង្គំមានយោបល់ ដើម្បីឲ្យទូលបង្គំបានរៀនស្គាល់ បទបញ្ជារបស់ព្រះអង្គ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ដ្បិតឪពុកយើងតែងវាយប្រដៅយើងតែមួយរយៈពេលខ្លី តាមតែគាត់យល់ឃើញ ប៉ុន្តែ ព្រះអង្គវាយប្រដៅយើង សម្រាប់ជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងបានបរិសុទ្ធរួមជាមួយព្រះអង្គ។ កាលណាមានការវាយប្រដៅ មើលទៅដូចជាឈឺចាប់ណាស់ មិនមែនសប្បាយទេ តែក្រោយមកក៏បង្កើតផលជាសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត ដល់អស់អ្នកដែលចេះបង្ហាត់ខ្លួនតាមរបៀបនេះ។ ហេតុនេះ ចូរលើកដៃដែលស្រពន់ឡើង ហើយធ្វើឲ្យជង្គង់ដែលខ្សោយមានកម្លាំងឡើងដែរ ចូរធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា ក្រែងអ្នកណាដែលខ្ញើចត្រូវបង្វែរចេញ តែស៊ូឲ្យបានជាវិញប្រសើរជាង។ ចូរសង្វាតឲ្យបានសុខជាមួយមនុស្សទាំងអស់ ហើយឲ្យបានបរិសុទ្ធ ដ្បិតបើគ្មានភាពបរិសុទ្ធទេ គ្មានអ្នកណាអាចឃើញព្រះអម្ចាស់បានឡើយ។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះ ហើយមានឫសល្វីងជូរចត់ណាពន្លកឡើង ដែលបណ្ដាលឲ្យកើតរឿងរ៉ាវ ហើយដោយសារការនោះ មនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោក។ ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។ អ្នករាល់គ្នាមិនបានមកដល់ភ្នំមួយ ដែលពាល់បាន មានភ្លើងឆេះ ហើយងងឹត ស្រអាប់ និងខ្យល់ព្យុះ មានស្នូរត្រែ និងព្រះសូរសៀងរបស់ព្រះដែលមានព្រះបន្ទូលមក ធ្វើឲ្យពួកអ្នកដែលឮ អង្វរសុំកុំឲ្យព្រះទ្រង់មានព្រះបន្ទូលមកគេទៀតនោះឡើយ។ ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។
ដ្បិតដោយសារក្រឹត្យវិន័យ ខ្ញុំបានស្លាប់ខាងឯក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំអាចរស់ខាងឯព្រះវិញ។
ព្រះបានបង្កើតអ្នករាល់គ្នាជាថ្មី មិនមែនពីពូជដែលតែងតែពុករលួយនោះទេ គឺពីពូជដែលមិនចេះពុករលួយវិញ ជាព្រះបន្ទូលរបស់ព្រះដែលរស់នៅ ហើយស្ថិតស្ថេរ។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ទាំងពាក់មនុស្សថ្មី ដែលព្រះបានបង្កើតមកឲ្យដូចព្រះអង្គក្នុងសេចក្តីសុចរិត និងក្នុងសេចក្តីបរិសុទ្ធរបស់សេចក្តីពិត។
ដូច្នេះ យើងត្រូវបានបញ្ចុះជាមួយព្រះអង្គហើយ ដោយការជ្រមុជទៅក្នុងសេចក្តីស្លាប់ ដើម្បីឲ្យយើងបានដើរក្នុងជីវិតបែបថ្មី ដូចព្រះគ្រីស្ទមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដោយសារសិរីល្អរបស់ព្រះវរបិតាដែរ។
ដ្បិតដូចដែលរូបកាយមួយមានអវយវៈច្រើន ហើយអវយវៈទាំងអស់នៅក្នុងរូបកាយនោះ ទោះមានច្រើនមែន តែរួមគ្នាជារូបកាយតែមួយយ៉ាងណា នោះព្រះគ្រីស្ទក៏ដូច្នោះដែរ។ ដ្បិតយើងទាំងអស់គ្នា ទោះបីជាសាសន៍យូដា ឬសាសន៍ក្រិកក្ដី ជាបាវបម្រើ ឬអ្នកជាក្តី យើងបានទទួលពិធីជ្រមុជចូលទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ ហើយព្រះប្រទានឲ្យយើងគ្រប់គ្នាផឹកពីព្រះវិញ្ញាណតែមួយ។
ដើម្បីឲ្យអ្នករាល់គ្នាឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាន នៅក្នុងតំណមនុស្សវៀច និងខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺបំភ្លឺពិភពលោក។ ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំមានអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការដោយឥតប្រយោជន៍ឡើយ។
៙ ព្រះបន្ទូលរបស់ព្រះអង្គ ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំ។
រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ចិត្តសន្ដោស ភាពស្មោះត្រង់
ដូច្នេះ មិនត្រូវជំនុំជម្រះមុនពេលកំណត់ឡើយ ត្រូវរង់ចាំពេលព្រះអម្ចាស់យាងមកសិន ដ្បិតទ្រង់នឹងយកអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត មកដាក់នៅទីភ្លឺ ហើយទ្រង់នឹងបើកសម្ដែងឲ្យឃើញពីបំណងនៅក្នុងចិត្តរបស់មនុស្ស។ ពេលនោះ គ្រប់គ្នានឹងទទួលការសរសើរពីព្រះរៀងខ្លួន។
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
ដ្បិតដោយព្រះគុណដែលបានប្រទានមកខ្ញុំ ខ្ញុំនិយាយទៅកាន់មនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នាថា មិនត្រូវគិតពីខ្លួនឯងឲ្យខ្ពស់ លើសជាងគំនិតដែលគួរគិតនោះឡើយ តែចូរគិតឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យរៀងខ្លួនវិញ។
គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះយើង ជាអ្នកដែលយើងបានបង្កើតមកសម្រាប់សិរីល្អនៃយើង គឺជាអ្នកដែលយើងបានជបសូន និងបានបង្កើតមក។
ផ្ទុយទៅវិញ សូមអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ សូមថ្វាយសិរីល្អដល់ព្រះអង្គ នៅពេលឥឡូវនេះ និងដរាបដល់អស់កល្បជានិច្ច។ អាម៉ែន។:៚
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជរបស់លោកអ័ប្រាហាំ ជាអ្នកគ្រងមត៌កតាមសេចក្ដីសន្យា។
ពួកកូនតូចៗអើយ អ្នករាល់គ្នាមកពីព្រះ ហើយក៏ឈ្នះវិញ្ញាណទាំងនោះដែរ ព្រោះព្រះអង្គដែលគង់ក្នុងអ្នករាល់គ្នា ទ្រង់ធំជាងអាមួយនោះ ដែលនៅក្នុងលោកីយ៍នេះទៅទៀត។
ពេលអ្នករាល់គ្នាបានកប់ជាមួយព្រះអង្គនៅក្នុងពិធីជ្រមុជ នោះអ្នករាល់គ្នាក៏បានរស់ឡើងវិញជាមួយព្រះអង្គដែរ ដោយសារជំនឿលើព្រះចេស្ដារបស់ព្រះ ដែលបានប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
ប៉ុន្ដែ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីបញ្ជាក់ថា ព្រះចេស្ដាដ៏លើសលុបនេះជារបស់ព្រះ មិនមែនជារបស់យើងទេ។
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង ក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។
អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។
សេចក្តីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះសេចក្តីស្រឡាញ់របស់ព្រះបានបង្ហូរមកក្នុងចិត្តយើង តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើង។
ព្រះសព្វព្រះហឫទ័យនឹងសម្ដែងឲ្យពួកគេស្គាល់សិរីល្អដ៏បរិបូរ នៃសេចក្តីអាថ៌កំបាំងដ៏អស្ចារ្យនេះជាយ៉ាងណាក្នុងចំណោមពួកសាសន៍ដទៃ គឺព្រះគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា ជាសេចក្ដីសង្ឃឹមនៃសិរីល្អ។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ ហើយអស់អ្នកណាដែលស្រឡាញ់ព្រះវរបិតា អ្នកនោះក៏ស្រឡាញ់អស់អ្នកដែលកើតមកពីព្រះអង្គដែរ។
ដ្បិតខ្ញុំមិនខ្មាសអំពីដំណឹងល្អទេ ព្រោះជាព្រះចេស្តារបស់ព្រះ សម្រាប់សង្គ្រោះអស់អ្នកដែលជឿ គឺដំបូងដល់សាសន៍យូដា និងដល់សាសន៍ក្រិកផង។ ដ្បិតនៅក្នុងដំណឹងល្អនេះ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងមក តាមរយៈជំនឿ សម្រាប់ជំនឿ ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់ដោយជំនឿ» ។
ដ្បិតឥឡូវនេះ តើខ្ញុំចង់ផ្គាប់ចិត្តមនុស្ស ឬធ្វើឲ្យគាប់ព្រះហឫទ័យព្រះ? ឬមួយខ្ញុំព្យាយាមបំពេញចិត្តមនុស្ស? ប្រសិនបើខ្ញុំនៅតែព្យាយាមបំពេញចិត្តមនុស្ស នោះខ្ញុំមិនមែនជាអ្នកបម្រើរបស់ព្រះគ្រីស្ទទេ។