Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


រាជ្យ​របស់​ស្ដេច​សុចរិត​បាន​មកដល់​ហើយ

1 ប៉ុន្តែ នឹង​គ្មាន​សេចក្ដី​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​ដែល​មាន​សេចក្ដី​វេទនា​នេះ​ទៀត​ឡើយ។ កាល​ពី​ដើម ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ស្រុក​សាប់‌យូឡូន និង​ស្រុក​ណែប‌ថា‌លី​ត្រូវ​គេ​មើល‌ងាយ តែ​នៅ​គ្រា​ចុង​ក្រោយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​រុងរឿង​ឧត្តម​វិញ គឺ​ជា​ស្រុក​តាម​ផ្លូវ​ទៅ​ឯ​សមុទ្រ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ជា​ដែន​ខេត្ត​កាលី‌ឡេ​របស់​សាសន៍​ដទៃ។

2 ឯ​បណ្ដា‌ជន​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក នៃ​ម្លប់​សេចក្ដី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ។

3 ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​បណ្ដា‌ជន​ចម្រើន​ឡើង ហើយ​បាន​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ ជា​ច្រើន​ឡើង​ដែរ គេ​មាន​អំណរ​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​អំណរ ក្នុង​រដូវ​ចម្រូត ហើយ​ដូច​ជា​អំណរ​នៃ​មនុស្ស ដែល​កំពុង​តែ​ចែក​របឹប​គ្នា។

4 ដ្បិត​ព្រះ‌អង្គ​បាន​បំបាក់​នឹម ដែល​សង្កត់​លើ​គេ និង​ដង្រែក​នៅ​ស្មា​គេ ហើយ​ដំបង​របស់​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ​ផង ដូច​ជា​នៅ​គ្រា​នៃ​ពួក​សាសន៍​ម៉ាឌាន​ដែរ។

5 ពី​ព្រោះ​គ្រប់​ទាំង​ស្បែក​ជើង​របស់​ពួក​ទាហាន ក្នុង​ចម្បាំង​យ៉ាង​អ៊ឹក‌ធឹក ហើយ​សម្លៀក‌បំពាក់​ប្រឡាក់​ជោក​ដោយ​ឈាម នោះ​នឹង​សម្រាប់​ដុត ហើយ​ជា​ចំណី​ដល់​ភ្លើង។

6 ដ្បិត​មាន​បុត្រ​មួយ​កើត​ដល់​យើង ព្រះ‌ទ្រង់​ប្រទាន​បុត្រា​មួយ​មក​យើង​ហើយ ឯ​ការ​គ្រប់‌គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ ហើយ​គេ​នឹង​ហៅ​ព្រះ‌នាម​ព្រះ‌អង្គ​ថា ព្រះ​ដ៏​ជួយ​គំនិត​យ៉ាង​អស្ចារ្យ ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ព្រះ‌វបិតា​ដ៏​គង់​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​នៃ​មេត្រី‌ភាព។

7 ឯ​សេចក្ដី​ចម្រើន​នៃ​រដ្ឋ​បាល​ព្រះ‌អង្គ និង​សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌អង្គ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ព្រះ‌អង្គ​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់‌ទល់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀង‌រាប​ដរាប​ទៅ គឺ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារនឹង​សម្រេច​ការ​នេះ។


ការ​ជំនុំ​ជម្រះ​មក​លើ​ពួក​អ្នកមានឫក​ខ្ពស់ និង​ពួក​អ្នក​សង្កត់​សង្កិន​គេ

8 ព្រះ‌អម្ចាស់​បាន​ផ្ញើ​ព្រះ‌បន្ទូល​មក ក្នុង​ពួក​យ៉ាកុប ហើយ​ព្រះ‌បន្ទូល​នោះ​បាន​ធ្លាក់​មក ត្រូវ​ជន​ជាតិ​អ៊ីស្រា‌អែល

9 បណ្ដា‌ជន​ទាំង​អស់​គ្នា​នឹង​ដឹង​ដែរ ទោះ​ទាំង​ពួក​អេប្រាអិម និង​ពួក​អ្នក​នៅ​ស្រុក​សាម៉ារី​ផង ជា​ពួក​អ្នក​ដែល​និយាយ​ដោយ​សេចក្ដី​អំនួត និង​ចិត្ត​ធំ​របស់​គេ​ថា៖

10 ជញ្ជាំង​ឥដ្ឋ​បាន​រលំ​ហើយ តែ​យើង​នឹង​សង់​ឡើង​ដោយ​ថ្ម​ដាប់​វិញ ដើម​ឧទុម្ពរ​បាន​ត្រូវ​កាប់​អស់​ទៅ​ហើយ តែ​យើង​នឹង​យក​ដើម​តា‌ត្រៅ​មក​ជំនួស​វិញ។

11 ដូច្នេះ ព្រះ‌យេហូវ៉ា​នឹង​តាំង​ខ្មាំង​សត្រូវ របស់​រេស៊ីន​ឲ្យ​ទាស់​នឹង​គេ ហើយ​នឹង​ញុះ‌ញង់​ពួក​សត្រូវ​របស់​គេ​ដែរ

12 គឺ​ពួក​សាសន៍​ស៊ីរី​នៅ​ខាង​មុខ ហើយ​ពួក​សាសន៍​ភីលី‌ស្ទីន​នៅ​ខាង​ក្រោយ ពួក​ទាំង​នោះ​នឹង​ហា​មាត់ ត្របាក់​លេប​សាសន៍​អ៊ីស្រា‌អែល​ទៅ ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។

13 រីឯ​បណ្ដា‌ជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​វាយ​ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ។

14 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​នឹង​កាត់​ទាំង​ក្បាល និង​កន្ទុយ ទាំង​មែក និង​ធាង របស់​សាសន៍​អ៊ីស្រា‌អែល​ចេញ ក្នុង​ថ្ងៃ​តែ​មួយ

15 ឯ​ក្បាល គឺ​ជា​ពួក​អ្នក​ចាស់​ទុំ និង​ពួក​មាន​កិត្តិ‌យស ហើយ​កន្ទុយ គឺ​ជា​ពួក​ហោរា ដែល​បង្រៀន​សេចក្ដី​ភូត‌ភរ។

16 ដ្បិត​ពួក​អ្នក​ដែល​ដឹក‌នាំ​សាសន៍​នេះ គេ​នាំ​ឲ្យ​វង្វេង​ទេ ហើយ​ពួក​អ្នក​ដែល​គេ​នាំ​មុខ នោះ​ក៏​ត្រូវ​បំផ្លាញ​ទៅ។

17 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ មិន​រីក‌រាយ​នឹង​ពួក​កំលោះ​របស់​គេ​ឡើយ ក៏​មិន​អាណិត​អាសូរ​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ​របស់​គេ​ដែរ ព្រោះ​គ្រប់​គ្នា​ជា​អ្នក​ទមិឡ​ល្មើស ហើយ​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់ មាត់​បញ្ចេញ​សុទ្ធ​តែ​សេចក្ដី​ចម្កួត។ ទោះ​បើ​ធ្វើ​ទោស​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។

18 ដ្បិត​អំពើ​អាក្រក់​ឆេះ​ដូច​ជា​ភ្លើង ក៏​ឆេះ​បន្សុស​ទាំង​អញ្ចាញ និង​គុម្ព​បន្លា​អស់​រលីង ភ្លើង​នោះ​ក៏​កាត់​ឡើង​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឆេះ​រាល​ឡើង​ហុយ​ផ្សែង​ទ្រលោម។

19 ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ នោះ​ស្រុក​ត្រូវ​ឆេះ​រលីង​ទៅ ហើយ​បណ្ដា‌ជន ក៏​ដូច​ជា​ចំណី​ភ្លើង គ្មាន​អ្នក​ណា​ប្រណី​ដល់​បង‌ប្អូន​ខ្លួន​ទេ

20 ម្នាក់​នឹង​កញ្ឆក់​យក​ពី​ខាង​ស្តាំ ប៉ុន្តែ នឹង​នៅ​តែ​ឃ្លាន​ទៀត ហើយ​ម្នាក់​ខាង​ឆ្វេង​នឹង​ស៊ី​ទៅ​ឥត​បាន​ឆ្អែត​ឡើយ គេ​នឹង​ស៊ី​សាច់​ដើម​ដៃ​ខ្លួន​គ្រប់ៗ​គ្នា។

21 គឺ​ម៉ាណា‌សេ​នឹង​ស៊ី​សាច់​អេប្រាអិម ហើយ​អេប្រាអិម​នឹង​ស៊ី​សាច់​ម៉ាណា‌សេ ហើយ​ទាំង​ពីរ​ពួក​នោះ​នឹង​ទាស់​ទទឹង​នឹង​ពួក​យូដា ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោសយ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម