វិវរណៈ 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សេចក្ដីផ្ដើម និងពាក្យជម្រាបសួរ 1 នេះជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គបានឃើញពីអស់ទាំងហេតុការណ៍ ដែលបន្តិចទៀតត្រូវកើតមាន ទ្រង់ក៏បានសម្តែងឲ្យឃើញ ដោយចាត់ទេវតារបស់ព្រះអង្គមកជួបយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ។ 2 យ៉ូហានបានធ្វើបន្ទាល់ប្រាប់តាមព្រះបន្ទូលរបស់ព្រះ និងបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ គឺពីគ្រប់ទាំងសេចក្ដីដែលលោកបានឃើញ។ 3 មានពរហើយ អ្នកណាដែលអានមើល និងអស់អ្នកដែលស្តាប់ពាក្យទំនាយទាំងនេះ ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលា នោះជិតដល់ហើយ។ 4 យ៉ូហាន សូមជម្រាបមកក្រុមជំនុំទាំងប្រាំពីរ នៅស្រុកអាស៊ី សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលគង់នៅសព្វថ្ងៃ គង់នៅពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណទាំងប្រាំពីរ ដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ 5 និងពីព្រះយេស៊ូវគ្រីស្ទ ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី។ ព្រះអង្គស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ 6 ព្រមទាំងតាំងយើងជារាជាណាចក្រ ជាពួកសង្ឃបម្រើព្រះ ជាព្រះវរបិតារបស់ព្រះអង្គ សូមថ្វាយសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គ អស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។ 7 មើល៍! ព្រះអង្គយាងមកតាមពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលចាក់ព្រះអង្គ ហើយគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះព្រះអង្គ អើ មែនហើយ។ អាម៉ែន។ 8 ព្រះអម្ចាស់ជាព្រះ ដែលគង់នៅសព្វថ្ងៃ ក៏គង់នៅពីដើម ហើយដែលត្រូវយាងមក ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាលផា និងជាអូមេកា»។ លោកយ៉ូហាននិមិត្ដឃើញព្រះគ្រីស្ទ 9 ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា ជាអ្នកមានចំណែកជាមួយអ្នករាល់គ្នាក្នុងព្រះយេស៊ូវ គឺក្នុងសេចក្តីទុក្ខលំបាក ក្នុងព្រះរាជ្យ និងក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំនៅលើកោះ ឈ្មោះប៉ាត់ម៉ុស ព្រោះតែព្រះបន្ទូលរបស់ព្រះ និងបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ។ 10 នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយឮសំឡេងបន្លឺឡើង ដូចជាសូរត្រែនៅខាងក្រោយខ្ញុំថា៖ 11 «អ្វីៗដែលអ្នកឃើញ ចូរកត់ត្រាទុកក្នុងសៀវភៅមួយ រួចផ្ញើទៅក្រុមជំនុំទាំងប្រាំពីរ នៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើកាម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។ 12 ពេលនោះ ខ្ញុំក៏ងាកបែរទៅមើលសំឡេង ដែលមានព្រះបន្ទូលមកខ្ញុំនោះ លុះបែរទៅ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ 13 នៅកណ្ដាលជើងចង្កៀងទាំងនោះ ឃើញមានមួយអង្គ ដូចជាកូនមនុស្ស ព្រះពស្ត្រវែងដល់ព្រះបាទ ហើយមានខ្សែក្រវាត់មាសពាក់នៅព្រះឱរា។ 14 ព្រះសិរសា និងព្រះកេសាព្រះអង្គស ដូចរោមចៀមដែលស គឺសដូចហិមៈ ព្រះនេត្រព្រះអង្គដូចអណ្ដាតភ្លើង 15 ព្រះបាទាព្រះអង្គរលើបដូចលង្ហិន ដែលបន្សុទ្ធក្នុងគុកភ្លើង ហើយព្រះសូរសៀងព្រះអង្គឮសន្ធឹកដូចមហាសាគរ។ 16 ព្រះអង្គកាន់ផ្កាយប្រាំពីរនៅព្រះហស្តស្តាំ ហើយមានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋរបស់ព្រះអង្គ ឯព្រះភក្ត្រព្រះអង្គដូចជាថ្ងៃភ្លឺពេញកម្ដៅ។ 17 កាលខ្ញុំឃើញព្រះអង្គ ខ្ញុំក៏ដួលនៅទៀបព្រះបាទារបស់ព្រះអង្គដូចមនុស្សស្លាប់ តែព្រះអង្គដាក់ព្រះហស្តស្តាំលើខ្ញុំ ដោយមានព្រះបន្ទូលថា៖ «កុំខ្លាចអ្វីឡើយ យើងជាដើម ហើយជាចុង 18 ជាព្រះដែលរស់នៅ យើងបានស្លាប់ តែមើល៍ យើងរស់នៅអស់កល្បជានិច្ចរៀងរាបតទៅ យើងមានកូនសោនៃសេចក្ដីស្លាប់ ហើយក៏មានកូនសោនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។ 19 ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ ទាំងហេតុការណ៍នៅពេលនេះ និងហេតុការណ៍ដែលកើតមកតាមក្រោយទៀត។ 20 ឯអាថ៌កំបាំងអំពីផ្កាយទាំងប្រាំពីរ ដែលអ្នកបានឃើញនៅដៃស្តាំយើង និងអំពីជើងចង្កៀងមាសទាំងប្រាំពីរ គឺដូច្នេះ ផ្កាយទាំងប្រាំពីរនោះ ជាពួកទេវតារបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងពីរ ជាក្រុមជំនុំទាំងប្រាំពីរនោះឯង»។ |
© 2016 United Bible Societies
Bible Society in Cambodia