អេសាយ 25:9 - អាល់គីតាប នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃយើង យើងបានផ្ញើជីវិតលើទ្រង់ ហើយទ្រង់សង្គ្រោះយើង យើងបានផ្ញើជីវិតលើអុលឡោះតាអាឡាមែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតទ្រង់សង្គ្រោះយើង!»។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គេនឹងពោលថា៖ មើល៍ នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំព្រះអង្គ ហើយព្រះអង្គនឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំព្រះអង្គ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គសង្គ្រោះយើង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេនឹងពោលថា មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ាហើយ យើងបានរង់ចាំទ្រង់ យើងនឹងមានចិត្តរីករាយ ហើយត្រេកអរ ដោយសេចក្ដីសង្គ្រោះរបស់ទ្រង់ |
យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជំនះ យើងនឹងលើកទង់ជ័យឡើង ក្នុងនាមអុលឡោះជាម្ចាស់របស់យើង។ សូមអុលឡោះតាអាឡាសម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលស្តេចទូរអាសូម។
អុលឡោះតាអាឡាអើយ ស្តេចមានអំណរណាស់ ព្រោះទ្រង់ប្រទានកម្លាំង ស្តេចមានអំណររីករាយជាខ្លាំង ព្រោះទ្រង់ប្រទានឲ្យមានជ័យជំនះ។
ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡាចុះ!។
ខ្ញុំជាមនុស្សកំសត់ទុគ៌ត តែអុលឡោះតាអាឡាបានគិតគូរដល់ខ្ញុំ។ ទ្រង់តែងតែសង្គ្រោះ និងរំដោះខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមមកកុំបង្អង់ឡើយ!
ដើម្បីឲ្យខ្ញុំថ្លែងគ្រប់ពាក្យ សរសើរតម្កើងទ្រង់នៅមាត់ទ្វារក្រុងស៊ីយ៉ូន និងឲ្យខ្ញុំត្រេកអរសប្បាយបំផុត ព្រោះទ្រង់បានសង្គ្រោះខ្ញុំ។
សូមអញ្ជើញមក យើងនាំគ្នាលើកតម្កើងអុលឡោះតាអាឡា! ចូរស្រែកច្រៀងដោយអំណរ ជូនអុលឡោះដែលជាថ្មដាសង្គ្រោះយើង។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផង យើងខ្ញុំសង្ឃឹមលើទ្រង់ហើយ រៀងរាល់ព្រឹក សូមទ្រង់ធ្វើជាកម្លាំងដល់យើងខ្ញុំ។ នៅពេលមានអាសន្ន សូមសង្គ្រោះយើងខ្ញុំផង!
អុលឡោះតាអាឡាគ្រប់គ្រងលើយើង ទ្រង់ប្រទានច្បាប់ទម្លាប់មកយើង ទ្រង់ជាស្តេចរបស់យើង មានតែទ្រង់ទេដែលសង្គ្រោះយើង។
វាលរហោស្ថាន និងដីហួតហែង ចូររីករាយឡើង! រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ ហើយមានផ្ការីកស្គុសស្គាយឡើង!
ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។
ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតអុលឡោះប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។
ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា: ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ម្ចាស់របស់អ្នករាល់គ្នា! គាត់មកសងសឹក គាត់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺគាត់ផ្ទាល់ មកសង្គ្រោះអ្នករាល់គ្នា។
ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ ឥឡូវនេះសូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែអុលឡោះតាអាឡាប៉ុណ្ណោះដែលជាម្ចាស់!»។
ក្រុងស៊ីយ៉ូនជាអ្នកនាំដំណឹងល្អអើយ ចូរឡើងទៅលើភ្នំខ្ពស់! ក្រុងយេរូសាឡឹមជាអ្នកនាំដំណឹងល្អអើយ ចូរស្រែកឲ្យអស់ទំហឹង កុំខ្លាចអ្វីឡើយ! ចូរប្រាប់ក្រុងទាំងប៉ុន្មាននៅស្រុកយូដាថា: មើលហ្ន៎ ម្ចាស់របស់អ្នករាល់គ្នា!
អ្នកកំចាត់កំចាយពួកគេឲ្យរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែអុលឡោះតាអាឡា អ្នកនឹងខ្ពស់មុខ ព្រោះតែម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល។
គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រី ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក អោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាអុលឡោះតាអាឡា អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។
មែនហើយ! អុលឡោះតាអាឡាសំរាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ទ្រង់សំរាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺទ្រង់នឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ទ្រង់នឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់អុលឡោះតាអាឡា។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសំរែកសប្បាយរីករាយ ព្រមទាំងមានបទចំរៀងអរគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។
អុលឡោះតាអាឡាសំដែងអំណាចដ៏វិសុទ្ធ របស់ទ្រង់ឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ម្ចាស់នៃយើង។
ប្រជាជាតិ និងស្ដេចទាំងឡាយ នឹងធ្វើជាមេដោះរបស់អ្នក។ អ្នកនឹងទទួលស្គាល់ថា អ្នកសង្គ្រោះរបស់អ្នក គឺអុលឡោះតាអាឡា ម្ចាស់ដែលលោះអ្នក គឺម្ចាស់របស់យ៉ាកកូប ជាម្ចាស់ប្រកបដោយអំណាច។
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
ទ្រង់តែងតែប្រណីសន្ដោសអស់អ្នកដែល ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយ គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ទ្រង់។ ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ ទ្រង់នឹងសង្គ្រោះយើងខ្ញុំ។ ផ្ទុយទៅវិញ ទ្រង់ខឹង នៅពេលណាយើងខ្ញុំងាកចេញពី មាគ៌ារបស់ទ្រង់។
ចូរអរសប្បាយឡើង ចូរសប្បាយរីករាយរហូតតទៅ ចំពោះអ្វីៗដែលយើងបង្កើតមក គឺយើងបង្កើតក្រុងយេរូសាឡឹម ដែលមានអំណរសប្បាយរីករាយ យើងបង្កើតប្រជាជននៅក្រុងនេះ ដែលមានអំណរ។
ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ ដែលបានលាក់មុខនឹងកូនចៅរបស់យ៉ាកកូប។
រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅអុលឡោះតាអាឡា ខ្ញុំសង្ឃឹមលើអុលឡោះ ជាអ្នកសង្គ្រោះរបស់ខ្ញុំ ម្ចាស់របស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ ហើយមានអំណរដ៏លើសលប់ ដោយអុលឡោះសង្គ្រោះខ្ញុំ។
អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ ពេលឃើញដូច្នេះ កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ ព្រោះតែអុលឡោះតាអាឡា។
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។
នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចអុលឡោះ ព្រមទាំងទន្ទឹងរង់ចាំពេលទ្រង់មកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រអែល។ រសអុលឡោះដ៏វិសុទ្ធសណ្ឋិតលើគាត់
មួយវិញទៀត បងប្អូនអើយ ចូរមានអំណរសប្បាយ ដោយបានរួមជាមួយអ៊ីសាជាអម្ចាស់។ ខ្ញុំមិនធុញទ្រាន់នឹងសរសេរសេចក្ដីដដែលៗនេះមកបងប្អូនឡើយ ខ្ញុំសរសេរដូច្នេះដើម្បីពង្រឹងជំនឿរបស់បងប្អូន។
ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកខតាន់ពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំអុលឡោះ តាមរសអុលឡោះ យើងអួតអាងលើអាល់ម៉ាហ្សៀសអ៊ីសា យើងមិនពឹងផ្អែកលើលោកីយ៍ទេ។
ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំអ៊ីសាអាល់ម៉ាហ្សៀសជាម្ចាស់ដ៏ឧត្ដមបំផុត និងជាអ្នកសង្គ្រោះនៃយើងមកប្រកបដោយសិរីរុងរឿង។
ហេតុនេះហើយ បានជាបងប្អូនមានចិត្ដរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្ដដោយជួបនឹងទុក្ខលំបាកផ្សេងៗ ក្នុងមួយរយៈពេលខ្លីក៏ដោយ។
បងប្អូនមិនដែលបានឃើញអ៊ីសាទេ តែបងប្អូនស្រឡាញ់គាត់ ទោះបីបងប្អូននៅតែពុំទាន់ឃើញគាត់ក្ដី ក៏បងប្អូនជឿលើគាត់ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន
ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែង ធ្វើឲ្យថ្ងៃដែលអ៊ីសាត្រូវមកនោះ កាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។
មើល៍! អ៊ីសាមក នៅកណ្ដាលពពក។ មនុស្សទាំងអស់នឹងឃើញគាត់ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះគាត់ ក៏នឹងឃើញគាត់ដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែគាត់។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ីន!។
គាត់ដែលបានបញ្ជាក់សេចក្ដីទាំងនេះ គាត់និយាយថា៖ «ពិតមែនហើយ យើងនឹងមកដល់ក្នុងពេលឆាប់ៗ!»។ អាម៉ីន! អ៊ីសាជាអម្ចាស់អើយ សូមអញ្ជើញមក!។