អេសាយ 65 - អាល់គីតាបអុលឡោះនឹងវិនិច្ឆ័យទោស 1 អុលឡោះតាអាឡាមានបន្ទូលថា: យើងត្រៀមខ្លួនឆ្លើយតបជានិច្ច តែគ្មាននរណាសាកសួរអ្វីពីយើងទេ។ យើងត្រៀមជាស្រេចនឹងបង្ហាញខ្លួន តែគ្មាននរណាស្វែងរកយើងឡើយ។ ប្រជាជាតិនេះមិនបានហៅរកនាមយើងសោះ ទោះបីយើងត្រៀមខ្លួនចាំជួយគេក៏ដោយ។ 2 រៀងរាល់ថ្ងៃ យើងលាតដៃទៅចង់ជួយគេ តែប្រជារាស្ត្រនេះរឹងចចេសណាស់ គឺគេដើរតាមផ្លូវអាក្រក់ និងធ្វើតាមអំពើចិត្តរបស់ខ្លួន។ 3 ជាតិសាសន៍នេះធ្វើឲ្យយើងទាស់ចិត្តជានិច្ច ដោយប្រព្រឹត្តអំពើអាក្រក់នៅមុខយើង ពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យាន ហើយអុជធូបបន់ព្រះក្លែងក្លាយ នៅលើអាសនៈធ្វើពីឥដ្ឋ។ 4 ពួកគេនាំគ្នាទៅនៅក្នុងផ្នូរខ្មោច ពេលយប់គេដេកនៅតាមរូងគុហា គេបរិភោគសាច់ជ្រូក និងដាក់ម្ហូបមិនបរិសុទ្ធ នៅក្នុងចានរបស់ខ្លួន។ 5 អ្នកទាំងនោះតែងស្រែកប្រាប់គេឯងថា: “ចៀស! កុំចូលមកជិតខ្ញុំ ក្រែងលោភាពវិសុទ្ធរបស់ខ្ញុំ ធ្វើឲ្យអ្នកឯងស្លាប់!” ពេលយើងឃើញដូច្នេះ ធ្វើឲ្យកំហឹងរបស់ យើងកាន់តែឆេះឆួលឡើងថែមទៀត។ 6 យើងបានកត់ត្រាទាំងអស់ទុក យើងនឹងមិននៅស្ងៀមឡើយ យើងនឹងដាក់ទោសពួកគេយ៉ាងធ្ងន់។ 7 អុលឡោះតាអាឡាមានបន្ទូលថា: យើងកត់ត្រាទុកនូវកំហុសរបស់អ្នករាល់គ្នា និងកំហុសដូនតារបស់អ្នករាល់គ្នា ដែលបានអុជធូបបន់ព្រះក្លែងក្លាយ នៅតាមភ្នំទាំងឡាយ ហើយបានបំបាក់មុខយើងនៅតាមភ្នំនានា។ យើងនឹងដាក់ទោសយ៉ាងធ្ងន់ ចំពោះកំហុសទាំងប៉ុន្មានដែល អ្នករាល់គ្នាបានប្រព្រឹត្តកាលពីអតីតកាល។ 8 អុលឡោះតាអាឡាមានបន្ទូលទៀតថា: ពេលអ្នកចម្ការឃើញទំពាំងបាយជូរមានផ្លែល្អ គេពោលថា “កុំបំផ្លាញឲ្យសោះ ព្រោះទំពាំងបាយជូរនេះនឹងផ្តល់ស្រាឆ្ងាញ់”។ ចំពោះយើងវិញក៏ដូច្នោះដែរ ដោយយល់ដល់ពួកអ្នកបម្រើរបស់យើង យើងនឹងមិនបំផ្លាញជាតិសាសន៍នេះឡើយ។ 9 យើងនឹងធ្វើឲ្យមានពូជពង្សមួយ កើតចេញពីកូនចៅរបស់យ៉ាកកូប ហើយឲ្យម្នាក់ដែលគ្រប់គ្រងលើ ភ្នំរបស់យើង កើតចេញពីកូនចៅរបស់យូដា។ អស់អ្នកដែលយើងជ្រើសរើស នឹងគ្រប់គ្រងលើទឹកដីនេះ អ្នកបម្រើរបស់យើងក៏នឹងរស់នៅទីនេះដែរ។ 10 ប្រជាជនដែលស្វែងរកយើងនឹងទទួល វាលទំនាបសារ៉ូនជាវាលស្មៅសម្រាប់ហ្វូងចៀម ហើយជ្រលងភ្នំអាកោរជាជំរកសម្រាប់ហ្វូងគោ។ 11 រីឯអ្នករាល់គ្នាដែលបោះបង់ចោលអុលឡោះតាអាឡា អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើង ហើយបែរជាទៅរៀបចំម្ហូបសែនព្រះកាដ និងច្រួចស្រាសែនព្រះមេនី 12 យើងនឹងឲ្យអ្នករាល់គ្នាស្លាប់ដោយមុខដាវ អ្នករាល់គ្នានឹងលុតជង្គង់ចុះឲ្យគេអារ ក ដ្បិតយើងបានហៅតែអ្នករាល់គ្នាមិនឆ្លើយទេ យើងបាននិយាយតែអ្នករាល់គ្នាមិនស្ដាប់ទេ ផ្ទុយទៅវិញអ្នករាល់គ្នាបានប្រព្រឹត្តអំពើ ដែលយើងយល់ថាអាក្រក់ គឺអំពើដែលយើងមិនពេញចិត្ត។ 13 ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់ មានបន្ទូលថា៖ «អ្នកបម្រើរបស់យើងនឹងមានអាហារបរិភោគ តែអ្នករាល់គ្នានឹងឃ្លាន អ្នកបម្រើរបស់យើងនឹងមានទឹកផឹក តែអ្នករាល់គ្នានឹងស្រេក អ្នកបម្រើរបស់យើងនឹងមានអំណរសប្បាយ តែអ្នករាល់គ្នានឹងត្រូវអាម៉ាស់។ 14 អ្នកបម្រើរបស់យើងនឹងស្រែកហ៊ោ ព្រោះគេសប្បាយចិត្ត តែអ្នករាល់គ្នាបែរជាស្រែកយំ ព្រោះឈឺចុកចាប់នៅក្នុងចិត្ត អ្នករាល់គ្នានឹងសោកសង្រេង បាក់ទឹកចិត្ត។ 15 ប្រជាជនដែលយើងបានជ្រើសរើស នឹងយកឈ្មោះអ្នករាល់គ្នាសម្រាប់ដាក់បណ្ដាសា ថា “សូមអុលឡោះតាអាឡាជាម្ចាស់ធ្វើឲ្យអ្នកស្លាប់ ដូចជននេះ ឬជននោះ”។ រីឯអ្នកបម្រើរបស់យើងវិញ គេនឹងជូនពរគ្នា ដោយប្រើនាមថ្មី។ 16 នៅក្នុងស្រុក អ្នកណាចង់ជូនពរ ត្រូវជូនពរក្នុងនាមអុលឡោះជាម្ចាស់ដ៏ពិតប្រាកដ ហើយនរណាចង់ស្បថ ត្រូវស្បថក្នុងនាមអុលឡោះជាម្ចាស់ដ៏ពិតប្រាកដ។ ទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានកាលពីមុន នឹងលែងមានទៀតហើយ យើងក៏លែងនឹកនាពីការទាំងនោះទៀតដែរ»។ ផ្ទៃមេឃថ្មី និងផែនដីថ្មី 17 យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី អ្វីៗដែលកើតមានកាលពីមុន គេលែងនឹកនាទៀតហើយ គឺគ្មាននរណានឹងឃើញទៀតទេ។ 18 ចូរអរសប្បាយឡើង ចូរសប្បាយរីករាយរហូតតទៅ ចំពោះអ្វីៗដែលយើងបង្កើតមក គឺយើងបង្កើតក្រុងយេរូសាឡឹម ដែលមានអំណរសប្បាយរីករាយ យើងបង្កើតប្រជាជននៅក្រុងនេះ ដែលមានអំណរ។ 19 ក្រុងយេរូសាឡឹមនឹងធ្វើឲ្យយើង សប្បាយរីករាយ ប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយ ក្នុងទីក្រុង គេលែងឮសូរសំរែកយំសោកទៀតហើយ 20 នៅក្រុងនោះ ក៏លែងមានទារករស់បានតែ បួនដប់ថ្ងៃទៀតដែរ ប្រជាជនទាំងអស់សុទ្ធតែមានអាយុវែង អ្នកដែលស្លាប់ក្មេងជាងគេ មានអាយុយ៉ាងហោចណាស់មួយរយឆ្នាំ រីឯមនុស្សដែលរស់បានត្រឹមតែមួយរយឆ្នាំ គេចាត់ទុកថាជាអ្នកត្រូវបណ្ដាសា។ 21 ពេលនោះ គេនឹងសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ គេដាំដំណាំហើយបរិភោគផលពីដំណាំនោះ 22 គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅ គេមិនដាំដំណាំទុកឲ្យអ្នកផ្សេង បរិភោគផលឡើយ ដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែង ដូចអាយុដើមឈើធំៗ អស់អ្នកដែលយើងជ្រើសរើស នឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត។ 23 គេនឹងមិនធ្វើការនឿយហត់ជាអសារបង់ ហើយគេក៏មិនបង្កើតកូនចៅមក ដើម្បីឲ្យត្រូវអន្តរាយដែរ ដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយ ដែលអុលឡោះតាអាឡាប្រទានពរ កូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។ 24 ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេ មុនពួកគេអង្វរករយើងទៅទៀត ពេលពួកគេកំពុងតែសូមអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។ 25 ពេលនោះ ចចក និងកូនចៀម នឹងស៊ីស្មៅជាមួយគ្នា សត្វសិង្ហនឹងស៊ីស្មៅដូចគោ។ រីឯសត្វពស់វានឹងស៊ីធូលីដីជាអាហារ។ គេនឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នា នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies