អេសាយ 33 - អាល់គីតាបអុលឡោះរំដោះក្រុងយេរូសាឡឹម ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ 1 អ្នកបានបំផ្លាញអ្នកដទៃ តែគ្មាននរណាបំផ្លាញអ្នកវិញ អ្នកមុខជាត្រូវវេទនាពុំខាន! អ្នកបានក្បត់អ្នកដទៃ តែគ្មាននរណាក្បត់អ្នកវិញទេ។ ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ នោះនឹងមានគេបំផ្លាញអ្នកវិញ ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។ 2 ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផង យើងខ្ញុំសង្ឃឹមលើទ្រង់ហើយ រៀងរាល់ព្រឹក សូមទ្រង់ធ្វើជាកម្លាំងដល់យើងខ្ញុំ។ នៅពេលមានអាសន្ន សូមសង្គ្រោះយើងខ្ញុំផង! 3 ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹក របស់ទ្រង់ គេនាំគ្នារត់ចេញទៅ ពេលទ្រង់ក្រោកឡើង ប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។ 4 ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប នាំគ្នាប្រមូលយកជយភ័ណ្ឌ គេលើកគ្នាដូចស្រមោច ទៅដណ្ដើមយកជយភ័ណ្ឌនោះ។ 5 មនុស្សម្នាលើកតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត! ទ្រង់ប្រទានឲ្យក្រុងស៊ីយ៉ូន មានពោរពេញដោយ សេចក្ដីសុចរិត និងយុត្តិធម៌។ 6 ពេលនោះ អ្នកនឹងរស់នៅដោយសុខសាន្ត។ ប្រាជ្ញាវាងវៃ និងការស្គាល់អុលឡោះតាអាឡា នឹងផ្ដល់ការសង្គ្រោះយ៉ាងបរិបូណ៌ឲ្យអ្នក ហើយការគោរពកោតខ្លាចអុលឡោះតាអាឡា ជាកំណប់ទ្រព្យដ៏ថ្លៃថ្នូររបស់អ្នក! 7 នៅគ្រានោះ អ្នកក្រុងយេរូសាឡឹម ស្រែកតាមផ្លូវ រកគេជួយ រីឯអ្នកដែលទៅចចាររកសន្តិភាព បែរជាមកវិញ នាំគ្នាយំយ៉ាងខ្លោចផ្សា។ 8 ផ្លូវនានាស្ងាត់ជ្រងំ ឥតមាននរណាដើរកាត់តាមនោះទៀតទេ គូភាគីលែងគោរពសន្ធិសញ្ញា គេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះ គឺគេមិនគោរពនរណាទាំងអស់។ 9 ប្រជាជននៅក្នុងស្រុកនាំគ្នាកាន់ទុក្ខ ទឹកដីកំពុងតែរ៉ាំរ៉ៃទៅៗ ព្រៃឈើនៅភ្នំលីបង់នឹងរុះរោយ ហើយបាក់មុខ វាលសារ៉ូនប្រៀបបាននឹងវាលហួតហែង ភ្នំបាសាន និងភ្នំកើមែល នឹងលែងមាន ព្រៃឈើទៀតហើយ។ 10 អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងក្រោកឡើង យើងត្រូវងើបឡើង ដើម្បីបង្ហាញអំណាចរបស់យើង។ 11 គម្រោងការរបស់អ្នករាល់គ្នាប្រៀបដូចជាចំបើង ពេលណាសម្រេចជារូបរាងឡើង អ្នករាល់គ្នានឹងឃើញមានតែ កំទេចសំរាមប៉ុណ្ណោះ ដង្ហើមរបស់អ្នករាល់គ្នាប្រៀបដូចជាភ្លើង ដែលឆេះបំផ្លាញអ្នករាល់គ្នា។ 12 ជាតិសាសន៍ទាំងឡាយនឹងឆេះក្នុងឡ និងដូចបន្លារពាក់ដែលគេកាប់យកទៅដុត»។ 13 អ្នករាល់គ្នាដែលនៅស្រុកឆ្ងាយអើយ ចូរនាំគ្នាស្ដាប់អំពីកិច្ចការដែលយើងបានធ្វើ! អ្នករាល់គ្នាដែលនៅជិតៗនេះអើយ ចូរទទួលស្គាល់អំណាចរបស់យើង! 14 នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា: “ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន? តើនរណាអាចរស់នៅក្បែរគុកភ្លើង ដែលឆេះអស់កល្បជានិច្ចនេះបាន?”។ 15 មានតែអ្នកប្រព្រឹត្តតាមមាគ៌ាដ៏សុចរិត និងអ្នកនិយាយការពិត ទើបអាចនៅក្បែរបាន គឺអ្នកមិនប្រព្រឹត្តអំពើហិង្សា ដើម្បីរកកំរៃ អ្នកមិនព្រមទទួលសំណូក អ្នកខ្ទប់ត្រចៀកមិនព្រមស្ដាប់ពាក្យ គេបបួលទៅប្រហារជីវិតអ្នកដទៃ អ្នកមិនចង់ឃើញអំពើអាក្រក់។ 16 មនុស្សបែបនេះនឹងបានរស់នៅកន្លែងខ្ពស់ៗ គេនឹងមានថ្មដាដ៏រឹងមាំជាជំរក គេនឹងមានអាហារ មានទឹក គ្រប់គ្រាន់ ឥតខ្វះអ្វីឡើយ។ 17 ពេលនោះ អ្នកនឹងឃើញស្តេច ប្រកបដោយភាពថ្កុំថ្កើង អ្នកនឹងឃើញស្រុកទេសរបស់អ្នក មានទឹកដីធំល្វឹងល្វើយ។ 18 អ្នកនឹកដល់អតីតកាល ដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា: “តើពួកត្រួតត្រា ពួកទារពន្ធ និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង ទៅណាបាត់អស់ហើយ?”។ 19 អ្នកនឹងលែងឃើញជាតិសាសន៍ដែលវាយឫកខ្ពស់ ហើយនិយាយភាសាចម្លែកស្ដាប់ពុំបាន គួរឲ្យអស់សំណើចនោះទៀតហើយ។ 20 ចូរសម្លឹងមើលទៅក្រុងស៊ីយ៉ូន ជាក្រុងដែល យើងតែងជួបជុំគ្នាធ្វើពិធីបុណ្យនោះទៅ អ្នកនឹងឃើញថា យេរូសាឡឹមជាក្រុងមួយដ៏សុខក្សេមក្សាន្ត ជាជំរំដែលគ្មាននរណារុះរើបានទៀត ហើយក៏គ្មាននរណាដកចម្រឹង និងស្រាយខ្សែ ចេញពីជំរំនេះបានទៀតដែរ។ 21 នៅទីនោះ អុលឡោះតាអាឡាសំដែងភាពថ្កុំថ្កើង របស់ទ្រង់ឲ្យយើងឃើញ គឺទ្រង់ប្រទានទន្លេដ៏ធំទូលាយ ជាទន្លេដែលនាវាចំបាំងពុំអាចចូលបាន ហើយសំពៅដ៏ធំៗក៏ពុំអាចឆ្លងកាត់បានដែរ។ 22 អុលឡោះតាអាឡាគ្រប់គ្រងលើយើង ទ្រង់ប្រទានច្បាប់ទម្លាប់មកយើង ទ្រង់ជាស្តេចរបស់យើង មានតែទ្រង់ទេដែលសង្គ្រោះយើង។ 23 ខ្សែដែលអ្នកចងក្ដោងនោះធូរអស់ហើយ វាពុំអាចទប់ដងក្ដោងឲ្យនៅរឹងប៉ឹងបានទេ ហើយក៏ពុំអាចចងក្ដោងបានទៀតដែរ។ ពេលនោះ គេនឹងយកជយភ័ណ្ឌដ៏ច្រើន មកចែកគ្នា សូម្បីតែមនុស្សខ្វិន ក៏មកយកជយភ័ណ្ឌនេះដែរ។ 24 នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា «ខ្ញុំមានជំងឺ» ទៀតឡើយ ព្រោះអុលឡោះបានលើកលែងទោសឲ្យ ប្រជាជននៅក្នុងទីក្រុងរួចពីបាប។ |
© 2014 United Bible Societies, UK.
United Bible Societies