Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 25 - អាល់គីតាប


ទំនុក​អរគុណ​អុលឡោះ

1 អុលឡោះ‌តាអាឡា​អើយ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ខ្ញុំ​សូម​កោត​សរសើរ និង​លើក​តម្កើង កិត្តិនាម​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ។ គម្រោង‌ការ​ដែល​ទ្រង់​រៀបចំ​ទុក តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ​នោះ សុទ្ធ​តែ​នៅ​ជាប់‌លាប់ ឥត​ប្រែ‌ប្រួល​ឡើយ។

2 ទ្រង់​បាន​រំលាយ​ទីក្រុង​ឲ្យ ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋ ទ្រង់​ធ្វើ​ឲ្យ​បុរី​ដែល​មាន​កំពែង​រឹង‌មាំ ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក បន្ទាយ​របស់​ខ្មាំង​បាន​រលាយ​សូន្យ លែង​មាន​ឈ្មោះ​ជា​ទីក្រុង​ទៀត ហើយ​ក៏​គ្មាន​នរណា​សង់​ឡើង​វិញ​ឡើយ។

3 ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌រាស្ត្រ​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់ សូម្បី​នៅ​ក្នុង​ទីក្រុង​របស់​ប្រជា‌ជាតិ​ដ៏​សាហាវ ក៏​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ទ្រង់​ដែរ

4 ដ្បិត​ទ្រង់​ជា​កំពែង​ការពារ​មនុស្ស ទន់​ខ្សោយ និង​ជា​បង្អែក​របស់​មនុស្ស​ទុគ៌ត ក្នុង​ពេល​មាន​អាសន្ន ទ្រង់​ក៏​ជា​ជំរក​នៅ​ពេល​មាន​ភ្លៀង​ព្យុះ ហើយ​ជា​ម្លប់​បាំង​កំដៅ ព្រោះ​កំហឹង​របស់​មនុស្ស​សាហាវ ប្រៀប​បាន​នឹង​ភ្លៀង​ព្យុះ​ដ៏​កំណាច។

5 ទ្រង់​បង្ក្រាប​មនុស្ស​ព្រៃ​ឲ្យ​បាត់​មាត់​ឈឹង ដូច​ទ្រង់​បន្ថយ​កំដៅ​ក្នុង​ទី​ហួត‌ហែង។ ទ្រង់​ក៏​ធ្វើ​ឲ្យ​ចំរៀង​ជោគ​ជ័យ របស់​មនុស្ស​សាហាវ​ប្រែ​ជា​ស្ងាត់​សូន្យ ដូច​ពពក​បន្ថយ​កំដៅ​ថ្ងៃ​ដែរ។

6 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ជប់‌លៀង ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន គឺ​មាន​ម្ហូប​ដ៏​ឆ្ងាញ់​ពិសា និង​ស្រា​ទំពាំង‌បាយជូរ​ដ៏​មាន​ឱជា‌រស​បំផុត មាន​សាច់​ចំឡក និង​ស្រា​ទំពាំង‌បាយជូរ ដែល​គេ​សំរាំង​យ៉ាង​ល្អ។

7 នៅ​លើ​ភ្នំ​នោះ ទ្រង់​នឹង​ដក​ស្បៃ​កាន់​ទុក្ខ ចេញ​ពី​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ក៏​ដក​វាំងនន​ទុក្ខ​ព្រួយ​ចេញ​ពី ប្រជា‌ជាតិ​ទាំង​អស់​ដែរ។

8 ទ្រង់​នឹង​បំបាត់​សេចក្ដី​ស្លាប់​រហូត​ត​ទៅ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ចេញ​ពី​មុខ របស់​មនុស្ស​ទាំង​អស់។ ទ្រង់​ក៏​ដក​ការ​អាម៉ាស់​នៃ​ប្រជា‌រាស្ត្រ របស់​ទ្រង់ ចេញ​ពី​ទឹក​ដី​ទាំង​មូល​ដែរ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

9 នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ទ្រង់ ហើយ​ទ្រង់​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ទ្រង់​សង្គ្រោះ​យើង!»។

10 អុលឡោះ‌តាអាឡា​ដាក់​ដៃ​លើ​ភ្នំ​នេះ រីឯ​ជន‌ជាតិ​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​នឹង​កន្លែង ដូច​ចំបើង​កប់​នៅ​ក្នុង​លាមក​សត្វ។

11 នៅ​ក្នុង​រណ្ដៅ​លាមក​សត្វ ម៉ូអាប់​បោះ​ដៃ ដូច​គេ​បោះ​ដៃ​ហែល​ទឹក ប៉ុន្តែ ទោះ​បី​គេ​ខំ​ប្រឹង​យ៉ាង​ណា​ក្ដី អុលឡោះ‌តាអាឡា​គង់​តែ​បំបាក់​អំនួត របស់​ជន‌ជាតិ​នេះ​ជា​មិន​ខាន។

12 អុលឡោះ‌តាអាឡា​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​ខ្ពស់ៗ នៅ​ស្រុក​ម៉ូអាប់ គឺ​ទ្រង់​ធ្វើ​ឲ្យ​រាប​ដល់​ដី កប់​ក្នុង​ធូលី​ដី។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម