Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លូកា 2 - អាល់គីតាប


កំណើត​ណាពី​អ៊ីសា

1 នៅ​គ្រា​នោះ ស្តេច​អធិរាជ​រ៉ូម៉ាំង ឈ្មោះ​អូគូស្ដ បាន​បញ្ជា​ឲ្យ​ជំរឿន​ចំនួន​ប្រជា‌ជន​ទាំង​អស់ ក្នុង​ចក្រ‌ភព​រ៉ូម៉ាំង​ទាំង​មូល។

2 ការ​ជំរឿន​ប្រជា‌ជន​លើក​ដំបូង​នេះ បាន​ធ្វើ​ឡើង ក្នុង​អំឡុង​ពេល​ដែល​លោក​គីរេនាស ធ្វើ​ជា​ទេសា‌ភិបាល​នៅ​ស្រុក​ស៊ីរី។

3 អ្នក​ស្រុក​ទាំង​អស់​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី តាម​ស្រុក​កំណើត​រៀង​ៗ​ខ្លួន។

4 រីឯ​យូសុះ​ក៏​ចេញ​ដំណើរ​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ ឆ្ពោះ​ទៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា ជា​ភូមិ​កំណើត​របស់​ទត ព្រោះ​គាត់​ជា​ញាតិ​វង្ស​នឹង​ទត។

5 យូសុះ​ទៅ​ចុះ​ឈ្មោះ​ជា​មួយ​នាង​ម៉ារីយំ ជា​គូ​ដណ្តឹង​ដែល​មាន​ផ្ទៃ​ពោះ។

6 ពេល​អ្នក​ទាំង​ពីរ​នៅ​ឯ​ភូមិ​បេថ្លេ‌ហិម នាង​ម៉ារីយំ​គ្រប់​ខែ​ហើយ។

7 នាង​សំរាល​បាន​កូន​មួយ ជា​កូន​ច្បង។ នាង​រុំ​កូន​នោះ​នឹង​សំពត់ រួច​ដាក់​ឲ្យ​ដេក​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។


ម៉ាឡា‌អ៊ីកាត់​ប្រកាស​អំពី​កំណើត​ណាពី​អ៊ីសា​ប្រាប់​ពួក​គង្វាល

8 ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។

9 ពេល​នោះ ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌ជាអម្ចាស់​មក​ឈរ​នៅ​ក្បែរ​ពួក​គេ សិរី‌រុង‌រឿង​របស់​អុលឡោះ‌ជាអម្ចាស់​បាន​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​នៅ​ជុំ‌វិញ​គេ នាំ​ឲ្យ​គេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

10 ម៉ាឡា‌អ៊ីកាត់​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ខ្ញុំ​នាំ​ដំណឹង‌ល្អ​មួយ​មក​ប្រាប់​អ្នក​រាល់​គ្នា។ ដំណឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​ទាំង​មូល មាន​អំណរ​ដ៏​លើស‌លប់។

11 យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ទត អ្នក​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់។

12 នេះ​ជា​សញ្ញា​សំគាល់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង គឺ​អ្នក​រាល់​គ្នា​មុខ​ជា​ឃើញ​ទារក​មួយ ទើប​នឹង​ប្រសូត រុំ​ដោយ​សំពត់ ផ្ដេក​នៅ​ក្នុង​ស្នូក​សត្វ»។

13 រំពេច​នោះ មាន​ម៉ាឡា‌អ៊ីកាត់​ច្រើន​កុះ‌ករ ចុះ​ពី​សូរ៉ក​មក​រួម​ជា​មួយ​ម៉ាឡា‌អ៊ីកាត់​នោះ ច្រៀង​សរសើរ​អុលឡោះ​ថា៖

14 «សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ នៅ​លើ​ផែន‌ដី!»។

15 លុះ​ពួក​ម៉ាឡា‌អ៊ីកាត់​ត្រឡប់​ទៅ​សូរ៉កា​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖ «ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​អុលឡោះ‌ជាអម្ចាស់​បាន​សំដែង​ឲ្យ​យើង​ដឹង​នោះ​មើល៍»។

16 ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារីយំ​យូសុះ ព្រម​ទាំង​កូន​ដេក​ក្នុង​ស្នូក​សត្វ។

17 ពេល​ពួក​គង្វាល​ឃើញ​កូន​ហើយ គេ​ក៏​រៀប​រាប់​អំពី​សេចក្ដី​ដែល​ម៉ាឡា‌អ៊ីកាត់​បាន​ប្រាប់​អំពី​កូន​នេះ។

18 អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយ នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។

19 រីឯ​នាង​ម៉ារីយំ​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ដ ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។

20 បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​វិញ ទាំង​ច្រៀង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ព្រោះ​ហេតុ‌ការណ៍​ទាំង​អស់ ដែល​គេ​បាន​ឃើញ បាន​ឮ ស្រប​តាម​សេចក្ដី​ដែល​ម៉ាឡា‌អ៊ីកាត់​បាន​ប្រាប់​គេ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។

21 ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ដល់​ពេល​កំណត់​ធ្វើ​ពិធី​ខតាន​ឲ្យ​កូន គេ​ដាក់​ឈ្មោះ​ថា «អ៊ីសា» ជា​ឈ្មោះ​ដែល​ម៉ាឡា‌អ៊ីកាត់​បាន​ប្រាប់​នាង​ម៉ារីយំ មុន​ពេល​មាន​ផ្ទៃ​ពោះ។


ពិធី​ជូន​កូន​ដល់​អុលឡោះ

22 លុះ​ដល់​ពេល​កំណត់​ដែល​យូសុះ និង​នាង​ម៉ារីយំ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ ឲ្យ​បាន​បរិសុទ្ធ​តាម​ហ៊ូកុំ​របស់​ណាពី​ម៉ូសា បាន​ចែង​ទុក អ្នក​ទាំង​ពីរ​ក៏​នាំ​កូន​ទៅ​ជូន​អុលឡោះ‌ជាអម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម

23 ដ្បិត​ក្នុង​ហ៊ូកុំ​របស់​អុលឡោះ‌ជាអម្ចាស់​មាន​ចែង​ទុក​មក​ថា៖ «កូន​ប្រុស​ច្បង​ទាំង​អស់ ត្រូវ​ទុក​ជា​ចំណែក​ជូន​អុលឡោះ‌ជាអម្ចាស់»។

24 អ្នក​ទាំង​ពីរ​ធ្វើ​គូរបាន ស្រប​តាម​ហ៊ូកុំ​របស់​អុលឡោះ‌ជាអម្ចាស់ ដែល​តំរូវ​ឲ្យ​ជូន “លលក​មួយ​គូ ឬ​ព្រាប​ស្ទាវ​ពីរ”។

25 នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត គាត់​គោរព​កោត​ខ្លាច​អុលឡោះ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ទ្រង់​មក​សំរាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល។ រស‌អុលឡោះ​ដ៏‌វិសុទ្ធ​សណ្ឋិត​លើ​គាត់

26 ហើយ​សំដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​អាល់‌ម៉ាហ្សៀស ដែល​អុលឡោះ‌ជាអម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។

27 រស‌អុលឡោះ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ម៉ាស្ជិទ។ ពេល​ឪពុក‌ម្តាយ​នាំ​អ៊ីសា​មក​ជូន​អុលឡោះ ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ

28 លោក​ស៊ីម្មាន​ក៏​យក​កូន​មក​បី រួច​សរសើរ​តម្កើង​អុលឡោះ​ថា៖

29 «ឱ​អុលឡោះ​ជា​ចៅហ្វាយ​អើយ! ឥឡូវ​នេះ ទ្រង់​បាន​សម្រេច​តាម បន្ទូល​សន្យា​របស់​ទ្រង់​ហើយ។ ដូច្នេះ សូម​ឲ្យ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ដ​ផង​ចុះ

30 ដ្បិត​ភ្នែក​ខ្ញុំ​បាន​ឃើញ​ការ​សង្គ្រោះ

31 ដែល​ទ្រង់​បាន​ប្រទាន​មក​ឲ្យ ប្រជា‌ជាតិ​ទាំង​អស់

32 គឺ​ជា​ពន្លឺ​ដែល​នាំ​ឲ្យ​មនុស្ស គ្រប់​ជាតិ​សាសន៍​ស្គាល់​ទ្រង់ និង​ជា​សិរី‌រុង‌រឿង​របស់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ដ្រ​ទ្រង់»។


ពាក្យ​ទំនាយ​របស់​លោក​ស៊ីម្មាន

33 ឪពុក‌ម្តាយ​របស់​អ៊ីសា​ងឿង‌ឆ្ងល់​នឹង​សេចក្ដី​ដែល​លោក​ស៊ីម្មាន​មាន​ប្រសាសន៍​អំពី​កូន​ណាស់។

34 លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីយំ ជា​ម្តាយ​ថា៖ «អុលឡោះ​បាន​ចាត់​កូន​នេះ​មក ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ កូន​នេះ​ជា​ទី​សំគាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​អុលឡោះ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។

35 កូន​នេះ​ធ្វើ​ឲ្យ​គំនិត​លាក់​កំបាំង​របស់​មនុស្ស​ជា​ច្រើន លេច​ច្បាស់​ឡើង រីឯ​នាង​វិញ នាង​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ដូច​មាន​ដាវ​មួយ​មក​ចាក់​ទម្លុះ​ដួង​ចិត្ដ របស់​នាង»។


ពាក្យ​ទំនាយ​របស់​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ឈ្មោះ​អាណ

36 មាន​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូ‌អែល ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ។ នាង​រៀប‌ការ​បាន​ប្រាំ​ពីរ​ឆ្នាំ ប្ដី​ក៏​ស្លាប់​ទៅ

37 នាង​នៅ​មេ‌ម៉ាយ​រហូត ដល់​នាង​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ អាយុ​ប៉ែត‌សិប​បួន​ឆ្នាំ។ គាត់​មិន​ទៅ​ណា​ឆ្ងាយ​ពី​ម៉ាស្ជិទ​ទេ គាត់​នៅ​គោរព​បម្រើ​អុលឡោះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​តម​អាហារ និង​ទូរអ​ផង។

38 ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​អុលឡោះ រួច​តំណាល​អំពី​កូន​នោះ ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​អុលឡោះ​មក​លោះ​ក្រុង​យេរូ‌សាឡឹម។


អ៊ីសា​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​វិញ

39 កាល​ឪពុក‌ម្តាយ​របស់​អ៊ីសា​បាន​បំពេញ​កិច្ចការ​ទាំង​អស់ ស្រប​តាម​ហ៊ូកុំ​របស់​អុលឡោះ‌ជាអម្ចាស់​សព្វ​គ្រប់​ហើយ គាត់​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ណាសា‌រ៉ែត ជា​ភូមិ​របស់​គាត់​ក្នុង​ស្រុក​កាលី‌ឡេ​វិញ។

40 កុមារ​អ៊ីសា​មាន​វ័យ​ចំរើន​ឡើង​ជា​លំដាប់ មាន​កម្លាំង​កាន់​តែ​មាំ‌មួន​ឡើង និង​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​ញាណ។ អុលឡោះ​គាប់​ចិត្ត​នឹង​អ៊ីសា​ណាស់។


អ៊ីសា​នៅ​ក្នុង​ម៉ាស្ជិទ

41 ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​រំលង ឪពុក‌ម្តាយ​របស់​អ៊ីសា តែងតែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម។

42 លុះ​ដល់​អ៊ីសា​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ ឪពុក‌ម្តាយ​ក៏​នាំ​គាត់​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។

43 លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ រីឯ​អ៊ីសា​នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ តែ​ឪពុក‌ម្តាយ​ពុំ​បាន​ដឹង​ទេ។

44 គាត់​នឹក​ស្មាន​ថា អ៊ីសា​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រួម​ដំណើរ​ជា​មួយ​គ្នា។ ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​មួយ​ថ្ងៃ ទើប​គាត់​នាំ​គ្នា​ដើរ​រក​អ៊ីសា​ក្នុង​ចំណោម​ញាតិ​មិត្ដ​ទាំង​អស់

45 ប៉ុន្តែ រក​ពុំ​ឃើញ​សោះ គាត់​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដើម្បី​រក​គាត់​នៅ​ទី​នោះ​ទៀត។

46 បី​ថ្ងៃ​ក្រោយ​មក ឪពុក‌ម្តាយ​ឃើញ​អ៊ីសា​ក្នុង​ម៉ាស្ជិទ អ៊ីសា​នៅ​កណ្ដាល​ចំណោម​តួន កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេង​ៗ​ដល់​គេ​ផង។

47 អស់​អ្នក​ដែល​ស្ដាប់​អ៊ីសា នឹក​ឆ្ងល់​ពី​ពាក្យ​ឆ្លើយ​ឆ្លង​របស់​គាត់ ប្រកប​ដោយ​ប្រាជ្ញា​ញាណ។

48 កាល​ឪពុក‌ម្តាយ​បាន​ឃើញ​អ៊ីសា​ហើយ គេ​នឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ ម្តាយ​សួរ​ថា៖ «កូន​អើយ! ហេតុ​អ្វី​បាន​ជា​កូន​ធ្វើ​ដូច្នេះ? ឪពុក‌ម្ដាយ​ព្រួយ​ចិត្ដ​ណាស់ ខំ​ដើរ​រក​កូន»។

49 អ៊ីសា​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​អុលឡោះ​ជា​បិតា​របស់​កូន​ទេ​ឬ?»។

50 ប៉ុន្តែ ឪពុក‌ម្តាយ​ពុំ​បាន​យល់​អត្ថន័យ​នៃ​ពាក្យ​របស់​អ៊ីសា​ឡើយ។

51 បន្ទាប់​មក អ៊ីសា​ត្រឡប់​ទៅ​ភូមិ​ណាសា‌រ៉ែត​ជា​មួយ​ឪពុក‌ម្តាយ​វិញ ហើយ​ធ្វើ​តាម​ឱវាទ​របស់​គាត់​ទាំង​ពីរ​នាក់។ ម្តាយ​របស់​អ៊ីសា​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​អស់​នោះ​ទុក​ក្នុង​ចិត្ដ។

52 អ៊ីសា​មាន​វ័យ​ចំរើន​ឡើង ហើយ​មាន​ប្រាជ្ញា​កាន់​តែ​វាង‌វៃ ជា​ទី​គាប់​ចិត្ត​អុលឡោះ និង​ជា​ទី​ពេញ​ចិត្ត​មនុស្ស​ផង​ទាំង​ពួង។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម