Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 49 - អាល់គីតាប


ណាពី​យ៉ាកកូប​ឲ្យ​ពរ​កូនៗ​ទាំង​ដប់​ពីរ​នាក់

1 យ៉ាកកូប​ហៅ​កូនៗ​ឲ្យ​មក​ជុំ​គ្នា ហើយ​និយាយ​ថា៖ «ចូរ​មក​ជួប​ជុំ​គ្នា ពុក​នឹង​ប្រាប់​ឲ្យ​កូនៗ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ដល់​កូនៗ​ក្នុង​ពេល​អនាគត។

2 កូន​ចៅ​របស់​យ៉ាកកូប​អើយ ចូរ​មក​ជួប​ជុំ​គ្នា ហើយ​ស្តាប់! ចូរ​ស្តាប់​អ៊ីស្រ‌អែល​ជា​ឪពុក

3 រូបេន​ជា​កូន​ច្បង​របស់​ពុក កូន​ជា​ផល​នៃ​កម្លាំង​របស់​ពុក ហើយ​ពុក​បាន​បង្កើត​កូន​មក​មុន​គេ ក្នុង​កាល​ដែល​ពុក​នៅ​ពេញ​កម្លាំង​នៅ​ឡើយ។ កូន​មាន​កិត្តិយស និង​អំណាច​ច្រើន​ជាង​គេ។

4 កូន​ប្រៀប​បី​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង តែ​កូន​មិន​អាច​ធ្វើ​ជា​មេ​គេ​បាន​ទេ ព្រោះ​កូន​បាន​បង្អាប់​កិត្តិយស​ពុក ដោយ​លួច​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​របស់​ពុក។

5 ស៊ីម្មាន និង​លេវី​ជា​បង‌ប្អូន​នឹង​គ្នា គេ​រួម​គំនិត​គ្នា ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ

6 ពុក​មិន​ព្រម​រួម​ចំណែក​ក្នុង​ការ​ឃុប​ឃិត​របស់​គេ​ទេ។ ពុក​ក៏​មិន​ព្រម​ចូល​រួម​ប្រជុំ​ជា​មួយ​គេ​ដែរ ដ្បិត​ពេល​មាន​កំហឹង គេ​បាន​សម្លាប់​មនុស្ស ហើយ​ពេល​ចង់​សប្បាយ គេ​កាត់​ជើង​គោ​លេង។

7 ពុក​ដាក់​បណ្តាសា​កំហឹង​របស់​គេ ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ ហើយ​ពេល​គេ​ក្តៅ​ក្រហាយ គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ! ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកកូប ពុក​នឹង​កំចាត់​កំចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រ‌អែល។

8 យូដា​អើយ បង‌ប្អូន​កូន​នឹង​លើក​តម្កើង​កូន​ឡើង កូន​នឹង​មាន​អំណាច​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​កូន បង‌ប្អូន​បង្កើត​របស់​កូន​នឹង​ក្រាប​គោរព​កូន។

9 យូដា​កូន​អើយ កូន​ប្រៀប​បាន​នឹង​សត្វ សិង្ហ​ស្ទាវ ដែល​វិល​មក​ពី​ចាប់​សត្វ​ស៊ី ពេល​សិង្ហ​ស្ទាវ​នេះ​ក្រាប​ក្តី ដេក​ក្តី វា​មាន​ប្ញទ្ធិ ដូច​សិង្ហ​ឈ្មោល និង​សិង្ហ​ញី គ្មាន​នរណា​ហ៊ាន​ដាស់​ទេ។

10 អំណាច​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា​និច្ច រហូត​ទាល់​តែ​ស្តេច ដែល​ជា​ម្ចាស់​នៃ​អំណាច​នេះ​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នា​នា​ត្រូវ​តែ​ចុះ​ចូល​នឹង​គាត់។

11 ស្តេច​ចង​លា​របស់​ស្តេច​ជាប់​នឹង ដើម​ទំពំាង​បាយ​ជូរ ហើយ​ចង​កូន​លា​ជាប់​នឹង​មែក​វា។ ស្តេច​លាង​ដៃ​របស់​ស្តេច ក្នុង​ទឹក​ទំពំាង​បាយ​ជូរ ហើយ​សំលៀក​បំពាក់​គាត់ ក្នុង​ទឹក​ទំពំាង​បាយ​ជូរ។

12 ភ្នែក​របស់​ស្តេច​ក្រហម ជាង​ទឹក​ទំពំាង​បាយ​ជូរ ហើយ​ធ្មេញ​របស់​គាត់ ស​ជាង​ទឹក​ដោះ​គោ​ទៅ​ទៀត។

13 សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់​ផែ ព្រំ​ប្រទល់​របស់​សាប់‌យូឡូន លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។

14 អ៊ីសា‌ខារ​ប្រៀប​ដូច​ជា​សត្វ​លា​ដ៏​មាំ ដេក​នៅ​ក្នុង​ក្រោល​ដែល​មាន​ជញ្ជាំង​ពីរ។

15 អ៊ីសា‌ខារ​យល់​ឃើញ​ថា កន្លែង​ដែល​ខ្លួន​សម្រាក​នោះ​ជា​កន្លែង​ល្អ ហើយ​ស្រុក​នោះ​ក៏​ស្រួល​រស់​នៅ​ផង ដូច្នេះ អ៊ីសា‌ខារ​ក៏​អោន​ខ្លួន​ឲ្យ​គេ​ដាក់​កែប ផ្ទុក​របស់​របរ​ពី​លើ និង​ឲ្យ​គេ​ប្រើ​ដូច​ទាសករ​ផង។

16 ដាន់​គ្រប់​គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន ក្នុង​ចំណោម​កុល​សម្ពន្ធ​អ៊ីស្រ‌អែល

17 ដាន់​ប្រៀប​បាន​នឹង​ពស់​ដែល​លូន​នៅ​តាម​ផ្លូវ ដូច​ពស់​វែក​នៅ​តាម​ផ្លូវ​លំ ដែល​ចាំ​តែ​ចឹក​កែង​ជើង​សេះ បណ្តាល​ឲ្យ អ្នក​ជិះ​ដាច់​ផ្ងារ​ធ្លាក់​ចុះ​មក​ក្រោម។

18 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​សង្ឃឹម​ថា​ទ្រង់​នឹង​សង្គ្រោះ​ខ្ញុំ!

19 កាដ​ត្រូវ​កង‌ទ័ព​មួយ​មក​វាយ​សំរុក តែ​កាដ​នឹង​វាយ​កង‌ទ័ព​នោះ​ពី​ក្រោយ​ខ្នង​វិញ។

20 អេស៊ើរ​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​ឆ្ងាញ់​វិសេស កូន​នឹង​ធ្វើ​ម្ហូប​អាហារ​ជូន​ស្តេច។

21 ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្តាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។

22 យូសុះ​ប្រៀប​បាន​នឹង​ពន្លក លូត​ចេញ​ពី​ដើម​ឈើ​ដ៏​ល្អ ដែល​ដុះ​នៅ​មាត់​ទឹក មែក​របស់​វា​ខ្ពស់​ជាង​កំពែង​ក្រុង​ទៅ​ទៀត។

23 ខ្មាំង​សត្រូវ​នាំ​គ្នា​រក​រឿង​យូសុះ គេ​បាញ់​ព្រួញ​មក​លើ​យូសុះ

24 ប៉ុន្តែ ធ្នូ​របស់​យូសុះ​មាន​ប្រៀប​ជាង យូសុះ​នៅ​តែ​ខ្លាំង​ពូកែ​ជា​និច្ច។ សូម​អំណាច​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប ដែល​គ្មាន​នរណា​អាច​យក​ជ័យ​ជំនះ​បាន សូម​ទ្រង់​ដែល​ជា​អ្នក​គង្វាល និង​ជា​ថ្ម​ដា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល

25 សូម​អុលឡោះ​ជា​ម្ចាស់​របស់​ពុក​ជួយ​ទំនុក​បំរុង​កូន សូម​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត ប្រទាន​ពរ​កូន គឺ​ឲ្យ​មាន​ភ្លៀង​បង្អុរ​ចុះ​មក​ពី​លើ​មេឃ ឲ្យ​ប្រភព​ទឹក​ផុស​ចេញ​មក​ពី​ទី​ជម្រៅ ឲ្យ​មាន​កូន​ច្រើន និង​ហ្វូង​សត្វ​ក៏​ច្រើន​ដែរ។

26 សូម​ឲ្យ​ពរ​ដែល​ពុក​ផ្តល់​ដល់​កូន​នេះ បាន​ប្រសើរ​លើស​ពរ​ដូន​តា​របស់​ពុក និង​ខ្ពស់​លើស​កំពូល​ភ្នំ​ដែល​នៅ​ស្ថិត​ស្ថេរ អស់‌កល្ប​ជា​និច្ច​ទៅ​ទៀត។ សូម​ឲ្យ​ពរ​ទាំង​នេះ​ធ្លាក់​មក​លើ​យូសុះ គឺ​ធ្លាក់​មក​លើ​សក់​របស់​យូសុះ​ដែល​អុលឡោះ បាន​ញែក​ចេញ​ពី​ចំណោម​បង‌ប្អូន​របស់​ខ្លួន ដើម្បី​ឲ្យ​បម្រើ​គាត់។

27 ពុន‌យ៉ាមីន​ប្រៀប​បាន​នឹង​ចចក​ដ៏​សាហាវ ដែល​សម្លាប់​សត្វ​ហែក​ស៊ី​នៅ​ពេល​ព្រឹក និង​យក​រំពា​មក​ចែក​គ្នា​នៅ​ពេល​ល្ងាច»។

28 អ្នក​ទាំង​នោះ ជា​កុល‌សម្ពន្ធ​ទាំង​ដប់​ពីរ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។ យ៉ាកកូប​បាន​ផ្តែ​ផ្តាំ​ដូច្នេះ នៅ​ពេល​គាត់​ឲ្យ​ពរ​កូន​ទាំង​ដប់​ពីរ គឺ​ម្នាក់ៗ​ទទួល​ពរ​រៀងៗ​ខ្លួន។


ណាពី​យ៉ាកកូប​ស្លាប់

29 បន្ទាប់​មក យ៉ាកកូប​ផ្តែ​ផ្តាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប​ជុំ​ជា​មួយ​ដូន​តា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូន​តា​ក្នុង​រូង​ភ្នំ ដែល​នៅ​ក្នុង​ចម្ការ​របស់​អេប្រូន​ជា​ជន‌ជាតិ​ហេត

30 គឺ​នៅ​ក្នុង​ចម្ការ​ម៉ាក‌ពេឡា ជិត​ម៉ាម‌រ៉េ ក្នុង​ស្រុក​កាណាន ជា​ចម្ការ​ដែល​អ៊ីព្រហ៊ីម​បាន​ទិញ​ពី​អេប្រូន ជន‌ជាតិ​ហេត ទុក​សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព។

31 នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​តា​អ៊ីព្រហ៊ីម និង​យាយ​សារ៉ា ជា​ភរិយា តា​អ៊ីសា‌ហាក់ និង​យាយ​រ៉ហ្វ៊ីកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។

32 តា​អ៊ីព្រហ៊ីម​បាន​ទិញ​ចម្ការ ព្រម​ទាំង​រូង​ភ្នំ​ដែល​ស្ថិត​នៅ​ក្នុង​ចម្ការ​នោះ​ពី​ជន‌ជាតិ​ហេត»។

33 យ៉ាកកូប​បាន​ផ្តែ​ផ្តាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប​ជុំ​ជា​មួយ​ដូន​តា​របស់​គាត់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម