ទំនុកតម្កើង 40 - អាល់គីតាបខ្ញុំទន្ទឹងរង់ចាំអុលឡោះ គីតាបសាបូររបស់ណាពីទត។ 1 ខ្ញុំបានទន្ទឹងរង់ចាំអុលឡោះតាអាឡា ទ្រង់ក៏ស្តាប់ សំរែកសូមអង្វររបស់ខ្ញុំ។ 2 ទ្រង់បានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។ 3 ទ្រង់បានប្រទានឲ្យខ្ញុំច្រៀងបទចំរៀងថ្មី ដើម្បីសរសើរតម្កើងអុលឡោះជាម្ចាស់របស់យើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង គេនឹងនាំគ្នាផ្ញើជីវិតលើអុលឡោះតាអាឡា។ 4 មានសុភមង្គលហើយ មនុស្សណាផ្ញើជីវិតលើអុលឡោះតាអាឡា គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាព្រះបោកបញ្ឆោត!។ 5 ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់បានសំដែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ ទ្រង់ក៏មានគម្រោងការជាច្រើន សម្រាប់យើងខ្ញុំដែរ។ គ្មាននរណាអាចផ្ទឹមស្មើនឹងទ្រង់បានទេ ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ខ្ញុំមិនអាចពណ៌នាអស់ឡើយ។ 6 ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានបើកត្រចៀកខ្ញុំ ឲ្យចេះស្ដាប់ទ្រង់ ទ្រង់មិនទាមទារគូរបានដុត ឬ គូរបានសុំឲ្យរួចពីបាបឡើយ។ 7 ដូច្នេះ ខ្ញុំពោលថា អុលឡោះតាអាឡា ខ្ញុំមករកទ្រង់ ទាំងកាន់គីតាបដែលមានចែងទុកអំពីខ្ញុំ។ 8 ខ្ញុំពេញចិត្តនឹងធ្វើតាម បំណងរបស់ទ្រង់ ហើយហ៊ូកុំរបស់ទ្រង់ដក់ នៅក្នុងដួងចិត្តខ្ញុំជានិច្ច ។ 9 ខ្ញុំបានប្រកាសឲ្យអង្គប្រជុំ ដ៏ធំដឹងអំពីសេចក្ដីសុចរិតរបស់ទ្រង់ ឱអុលឡោះតាអាឡាអើយ ទ្រង់ជ្រាបហើយថា ខ្ញុំនឹងថ្លែងឥតឈប់ឈរឡើយ។ 10 ខ្ញុំមិនលាក់សេចក្ដីសុចរិតរបស់ទ្រង់ ទុកក្នុងចិត្តខ្ញុំទាល់តែសោះ ខ្ញុំតែងតែប្រកាសពីចិត្ត ស្មោះត្រង់របស់ទ្រង់ដែលបានសង្គ្រោះខ្ញុំ ខ្ញុំពុំអាចនៅស្ងៀមមិនប្រកាស អំពីចិត្តមេត្តាករុណាដ៏ស្មោះត្រង់ របស់ទ្រង់នៅកណ្ដាលអង្គប្រជុំធំបានឡើយ។ 11 ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាទ្រង់តែងតែ អាណិតមេត្តាខ្ញុំឥតឈប់សោះឡើយ ចិត្តមេត្តាករុណាដ៏ស្មោះត្រង់ របស់ទ្រង់តែងតែតាមការពារខ្ញុំជានិច្ច។ 12 មានទុក្ខលំបាកច្រើនឥតគណនារួបរឹតខ្ញុំ កំហុសរបស់ខ្ញុំផ្ទាល់បានតាមយាយីខ្ញុំ ធ្វើឲ្យខ្ញុំស្រវាំងភ្នែកមើលអ្វីលែងឃើញ កំហុសខ្ញុំមានចំនួនច្រើនជាង សរសៃសក់របស់ខ្ញុំទៅទៀត ខ្ញុំលែងមានកម្លាំង ប្រឈមមុខទៀតហើយ។ 13 ឱអុលឡោះតាអាឡាអើយ សូមមេត្តារំដោះខ្ញុំផង! អុលឡោះតាអាឡាអើយ សូមមកសង្គ្រោះខ្ញុំជាប្រញាប់! 14 សូមឲ្យអស់អ្នកដែលចង់ដកជីវិតខ្ញុំ ត្រូវអាប់អោន និងបាក់មុខទាំងអស់គ្នា! សូមឲ្យអស់អ្នកដែលសប្បាយចិត្ត នឹងទុក្ខវេទនារបស់ខ្ញុំ ត្រូវដកខ្លួនថយ និងអាម៉ាស់មុខ! 15 សូមឲ្យអស់អ្នកដែលសើចចំអកដាក់ខ្ញុំ ត្រូវបរាជ័យ ទាំងអាប់កិត្តិយស 16 រីឯអស់អ្នកដែលស្វែងរកទ្រង់វិញ សូមឲ្យគេបានសប្បាយរីករាយ រួមជាមួយទ្រង់! សូមឲ្យអស់អ្នកដែលស្រឡាញ់ការសង្គ្រោះ របស់ទ្រង់ ថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងអុលឡោះតាអាឡា!»។ 17 ខ្ញុំជាមនុស្សកំសត់ទុគ៌ត តែអុលឡោះតាអាឡាបានគិតគូរដល់ខ្ញុំ។ ទ្រង់តែងតែសង្គ្រោះ និងរំដោះខ្ញុំ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមមកកុំបង្អង់ឡើយ! |
© 2014 United Bible Societies, UK.
United Bible Societies