អេសាយ 25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ទំនុកអរព្រះគុណ 1 ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំសូមកោតសរសើរ និងលើកតម្កើង ព្រះកិត្តិនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ។ គម្រោងការដែលព្រះអង្គរៀបចំទុក តាំងពីយូរយារណាស់មកហើយនោះ សុទ្ធតែនៅជាប់លាប់ ឥតប្រែប្រួលឡើយ។ 2 ព្រះអង្គបានរំលាយទីក្រុងឲ្យ ក្លាយទៅជាគំនរឥដ្ឋ ព្រះអង្គធ្វើឲ្យបុរីដែលមានកំពែងរឹងមាំ ក្លាយទៅជាគំនរបាក់បែក បន្ទាយរបស់ខ្មាំងបានរលាយសូន្យ លែងមានឈ្មោះជាទីក្រុងទៀត ហើយក៏គ្មាននរណាសង់ឡើងវិញឡើយ។ 3 ហេតុនេះហើយបានជាប្រជារាស្ត្រដ៏ខ្លាំងពូកែ នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ សូម្បីនៅក្នុងទីក្រុងរបស់ប្រជាជាតិដ៏សាហាវ ក៏គេនាំគ្នាគោរពកោតខ្លាចព្រះអង្គដែរ 4 ដ្បិតព្រះអង្គជាកំពែងការពារមនុស្ស ទន់ខ្សោយ និងជាបង្អែករបស់មនុស្សទុគ៌ត ក្នុងពេលមានអាសន្ន ព្រះអង្គក៏ជាជម្រកនៅពេលមានភ្លៀងព្យុះ ហើយជាម្លប់បាំងកម្ដៅ ព្រោះកំហឹងរបស់មនុស្សសាហាវ ប្រៀបបាននឹងភ្លៀងព្យុះដ៏កំណាច។ 5 ព្រះអង្គបង្ក្រាបមនុស្សព្រៃឲ្យបាត់មាត់ឈឹង ដូចព្រះអង្គបន្ថយកម្ដៅក្នុងទីហួតហែង។ ព្រះអង្គក៏ធ្វើឲ្យចម្រៀងជោគជ័យ របស់មនុស្សសាហាវប្រែជាស្ងាត់សូន្យ ដូចពពកបន្ថយកម្ដៅថ្ងៃដែរ។ 6 ព្រះអម្ចាស់នៃពិភពទាំងមូលនឹងជប់លៀង ប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន គឺមានម្ហូបដ៏ឆ្ងាញ់ពិសា និងស្រាទំពាំងបាយជូរដ៏មានឱជារសបំផុត មានសាច់ចំឡក និងស្រាទំពាំងបាយជូរ ដែលគេសម្រាំងយ៉ាងល្អ។ 7 នៅលើភ្នំនោះ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខ ចេញពីជាតិសាសន៍ទាំងប៉ុន្មាន ហើយក៏ដកវាំងននទុក្ខព្រួយចេញពី ប្រជាជាតិទាំងអស់ដែរ។ 8 ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 9 នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គ ហើយព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតលើព្រះអម្ចាស់មែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតព្រះអង្គសង្គ្រោះយើង!»។ 10 ព្រះអម្ចាស់ដាក់ព្រះហស្ដលើភ្នំនេះ រីឯជនជាតិម៉ូអាប់នឹងត្រូវជាន់ឈ្លីនៅនឹងកន្លែង ដូចចំបើងកប់នៅក្នុងលាមកសត្វ។ 11 នៅក្នុងរណ្ដៅលាមកសត្វ ម៉ូអាប់បោះដៃ ដូចគេបោះដៃហែលទឹក ប៉ុន្តែ ទោះបីគេខំប្រឹងយ៉ាងណាក្ដី ព្រះអម្ចាស់គង់តែបំបាក់អំនួត របស់ជនជាតិនេះជាមិនខាន។ 12 ព្រះអម្ចាស់នឹងផ្ដួលរំលំកំពែងដ៏ខ្ពស់ៗ នៅស្រុកម៉ូអាប់ គឺព្រះអង្គធ្វើឲ្យរាបដល់ដី កប់ក្នុងធូលីដី។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies