Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

មីកា 7 - អាល់គីតាប

1 ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ! ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំង‌បាយជូរ ក្រោយ​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំ គឺ​គ្មាន​ផ្លែ​ទំពាំង‌បាយ​ជូរ​សោះ ហើយ​សូម្បី​តែ​ឧទុម្ពរ​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត ក៏​គ្មាន​ដែរ។

2 នៅ​ក្នុង​ស្រុក គ្មាន​សល់​មនុស្ស​ណា​ម្នាក់ ដែល​ស្មោះ​ត្រង់​នឹង​អុលឡោះ ហើយ​ក៏​គ្មាន​សល់​មនុស្ស​សុចរិត​ដែរ គឺ​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ពួន​ស្ទាក់ ចាំ​ប្រហារ​ជីវិត​គ្នា ម្នាក់ៗ​គិត​តែ​ពី​រក​ឧបាយ‌កល​ធ្វើ​បាប បង​ប្អូន​របស់​ខ្លួន។

3 ពួក​គេ​ពូកែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ណាស់ ទាំង​មេ​ដឹក​នាំ ទាំង​ចៅ‌ក្រម នាំ​គ្នា​ស៊ី​សំណូក។ អ្នក​ធំ​មាន​ចិត្ត​លោភ‌លន់ ហើយ​ឃុប‌ឃិត​គ្នា ប្រព្រឹត្ត​តាម​បំណង​របស់​ខ្លួន។

4 ក្នុង​ចំណោម​ពួក​គេ អ្នក​ដែល​ល្អ​ជាង​គេ​ប្រៀប​បាន​នឹង​ខ្ញែ អ្នក​សុចរិត​ជាង​គេ​ប្រៀប​បាន​នឹង​គុម្ព​បន្លា។ ប៉ុន្តែ ថ្ងៃ​ដែល​អុលឡោះ​ដាក់​ទោស​ពួក​គេ មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​ពួក​ណាពី ជា​អ្នក​យាម‌ល្បាត បាន​ប្រកាស​ទុក។ ឥឡូវ​នេះ​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ហើយ។

5 កុំ​ជឿ​មិត្ត​សម្លាញ់ កុំ​ទុក​ចិត្ត​ញាតិ‌សន្ដាន សូម្បី​នៅ​មុខ​ប្រពន្ធ​របស់​អ្នក ក៏​មិន​ត្រូវ​ហា​មាត់​និយាយ​អ្វី​ឡើយ។

6 កូន​ប្រុស​ជេរ​ប្រទេច​ឪពុក កូន​ស្រី​ប្រឆាំង​ទាស់​នឹង​ម្ដាយ កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក ហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា នឹង​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។


សេចក្ដី​សង្ឃឹម​របស់​ប្រជា‌ជន

7 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សម្លឹង​មើល​ទៅអុលឡោះ‌តាអាឡា ខ្ញុំ​សង្ឃឹម​លើ​អុលឡោះ ជា​អ្នក‌សង្គ្រោះ​របស់​ខ្ញុំ ម្ចាស់​របស់​ខ្ញុំ​មុខ​ជា​សណ្ដាប់​ពាក្យ​ខ្ញុំ​ពុំ‌ខាន។

8 ខ្មាំង​សត្រូវ​របស់​ខ្ញុំ​អើយ! កុំ​អាល​អរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ដួល​ដូច្នេះ! ខ្ញុំ​ពិត​ជា​ដួល​មែន តែ​ខ្ញុំ​នឹង​ងើប​ឡើង​វិញ​ពុំ‌ខាន។ ទោះ​បី​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ក្ដី ក៏អុលឡោះ‌តាអាឡា​ជា​ពន្លឺ​របស់​ខ្ញុំ​ដែរ។

9 ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​កំហឹង​របស់អុលឡោះ‌តាអាឡា ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​បំណង​ទ្រង់។ គង់​តែ​មាន​ថ្ងៃ​ណា​មួយ ទ្រង់​នឹង​ការពារ​ក្តី​របស់​ខ្ញុំ ហើយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​មិន​ខាន។ ទ្រង់​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺ ខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ទ្រង់។

10 សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខ គេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ទៅ​ណា​បាត់​ហើយ?” ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដង គឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។

11 នៅ​ថ្ងៃ​ដែល​គេ​សង់​កំពែង​ក្រុង របស់​អ្នក​ឡើង​វិញ ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​កាន់​តែ​ឆ្ងាយ។

12 នៅ​ថ្ងៃ​នោះ ប្រជា‌ជន​របស់​អ្នក នឹង​វិល​មក​រក​អ្នក​វិញ ពី​ស្រុក​អាស្ស៊ីរី និង​ស្រុក​អេស៊ីប ចាប់​ពី​ទន្លេ​នីល​រហូត​ដល់​ទន្លេ​អឺប្រាត ចាប់​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង ចាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ទៀត។

13 ផែនដី​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ព្រោះ​តែ​អំពើ​អាក្រក់​របស់​អស់​អ្នក​ដែល​រស់ នៅ​លើ​ផែនដី។

14 អុលឡោះ​អើយ សូម​ថែ‌រក្សា ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ដូច​អ្នក​គង្វាល​ធ្លាប់​ថែ‌រក្សា​ហ្វូង​សត្វ​របស់​ខ្លួន។ យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ទ្រង់ រស់​នៅ​លើ​ទឹក​ដី​គ្មាន​ជីជាតិ ដែល​មាន​ចម្ការ​ព័ទ្ធ​ជុំ‌វិញ។ សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែង ដែល​មាន​ជីជាតិ​ល្អ​នៅ​ស្រុក​បាសាន និង​ស្រុក​កាឡាដ ដូច​ដើម​វិញ។

15 សូម​សំដែង​អំណាច​ដ៏​រុង‌រឿង​អស្ចារ្យ ដូច កាល​ទ្រង់​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។

16 ប្រជា‌ជាតិ​នានា​នឹង​ឃើញ ហើយ​ត្រូវ​អាម៉ាស់ ទោះ​បី​គេ​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្ដី។ ពួក​គេ​ងឿង‌ឆ្ងល់​ពេក រក​និយាយ​មិន​រួច ហើយ​ស្ដាប់​អ្វី​ក៏​លែង​ឮ​ដែរ។

17 ពួក​គេ​នឹង​ស៊ី​ធូលី​ដី​ដូច​ពស់ និង​ដូច​សត្វ​លូន​វារ​ឯ​ទៀតៗ។ ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ដោយ​ភ័យ​ញ័រ ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ហើយ​ខ្លាច​ទ្រង់។

18 អុលឡោះ​អើយ! តើ​មាន​ម្ចាស់​ណា ដែល​មាន​ចិត្ត​សប្បុរស​ដូច​ទ្រង់? ទ្រង់​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ ទ្រង់​មិន​ខឹង​រហូត​ឡើយ។ ទ្រង់​មាន​ចិត្ត​ស្រឡាញ់ ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែល​នៅ​សេស‌សល់ ហើយ​ទ្រង់​ប្រណី‌សន្ដោស​ដល់​ពួក​គេ។

19 ទ្រង់​មុខ​ជា​អាណិត‌អាសូរ​យើង​ខ្ញុំ​សា​ជា​ថ្មី ទ្រង់​មិន​ប្រកាន់​ទោស​របស់​យើង​ខ្ញុំ​ទេ ទ្រង់​នឹង​យក​អំពើ​បាប​ទាំង​ប៉ុន្មាន របស់​យើង​ខ្ញុំ ទៅ​បោះ​ចោល​នៅ​បាត​សមុទ្រ។

20 ទ្រង់​នឹង​សំដែង​ចិត្ត​ស្មោះ‌ស្ម័គ្រ ដល់​កូន​ចៅ​របស់​យ៉ាកកូប ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា ដល់​កូន​ចៅ​របស់​អ៊ីព្រហ៊ីម ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វបុរស របស់​យើង​ខ្ញុំ​កាល​ពី​ជំនាន់​ដើម។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម