ទំនុកតម្កើង 100 - អាល់គីតាបចូរគោរពបម្រើអុលឡោះដោយចិត្តរីករាយ គីតាបសាបូរសម្រាប់ពិធីជូនជំនូនអរគុណ។ 1 មនុស្សនៅលើផែនដី ទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងអុលឡោះតាអាឡា! 2 ចូរគោរពបម្រើអុលឡោះតាអាឡាដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតទ្រង់ ដោយច្រៀងយ៉ាងសប្បាយ! 3 ចូរដឹងថា អុលឡោះតាអាឡាពិតជាម្ចាស់មែន! ទ្រង់បានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ទ្រង់ ហើយជាប្រជាជនដែលទ្រង់ថែរក្សា។ 4 ចូរនាំគ្នាចូលតាមទ្វារដំណាក់របស់ទ្រង់ ដោយអរគុណ ចូរនាំគ្នាចូលមកក្នុងម៉ាស្ជិទ ដោយពាក្យសរសើរតម្កើង! ចូរលើកតម្កើងទ្រង់ ចូរសរសើរតម្កើងនាមទ្រង់! 5 ដ្បិតអុលឡោះតាអាឡាមានចិត្តសប្បុរស ចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេរជានិច្ច ហើយចិត្តស្មោះស្ម័គ្ររបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ |
© 2014 United Bible Societies, UK.
United Bible Societies