Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 20 - អាល់គីតាប


ពាក្យ​សូម‌អង្វរ​សុំ​ជ័យ‌ជំនះ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ណាពី​ទត។

1 សូម​អុលឡោះ‌តាអាឡា​ឆ្លើយ​តប​នឹង​ស្តេច នៅ​ថ្ងៃ​ដែល​ស្ដេច​មាន​អាសន្ន សូម​នាម​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប ការ‌ពារ​ស្តេច!។

2 សូម​ទ្រង់​ជួយ​ស្តេច ពី​ម៉ាស្ជិទ​របស់​ទ្រង់ សូម​ទ្រង់​គាំទ្រ​ស្តេច​ពី​ភ្នំ​ស៊ីយ៉ូន!។

3 សូម​ឲ្យ​ទ្រង់​នឹក​ឃើញ​ជំនូន ទាំង​ប៉ុន្មាន​របស់​ស្តេច ហើយ​សូម​ឲ្យ​ទ្រង់​ពេញ​ចិត្ត នឹង​គូរបាន​ដែល​ស្ដេច​យក​មក​ជូន!។ - សម្រាក

4 សូម​ទ្រង់​ប្រទាន​នូវ​អ្វីៗ​មក​ស្តេច តាម​តែ​ស្តេច​ប្រាថ្នា និង​ធ្វើ​ឲ្យ​គម្រោង‌ការ របស់​ស្តេច​បាន​សម្រេច​ទាំង​អស់!។

5 យើង​នឹង​ស្រែក​ហ៊ោ​ដោយ​អំណរ ព្រោះ​តែ​ស្ដេច​មាន​ជ័យ‌ជំនះ យើង​នឹង​លើក​ទង់​ជ័យ​ឡើង ក្នុង​នាម​អុលឡោះ​ជា​ម្ចាស់​របស់​យើង។ សូម​អុលឡោះ‌តាអាឡា​សម្រេច​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ស្តេច​ទូរអា​សូម។

6 ឥឡូវ​នេះ ខ្ញុំ​ដឹង​ច្បាស់​ថា អុលឡោះ‌តាអាឡា​សង្គ្រោះ ស្តេច​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តែង‌តាំង ទ្រង់​ឆ្លើយ​តប​នឹង​ស្តេច ពី​ទី‌សក្ការៈ​របស់​ទ្រង់​នៅ​សូរ៉កា គឺ​ទ្រង់​ប្រទាន​ឲ្យ​ស្តេច​មាន​ជ័យ‌ជំនះ ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ ។

7 អ្នក​ខ្លះ​ពឹង​ផ្អែក​លើ​រទេះ​ចំបាំង​របស់​ខ្លួន អ្នក​ខ្លះ​ទៀត​ពឹង​ផ្អែក​លើ​ទ័ព​សេះ​របស់​ខ្លួន រីឯ​យើង​វិញ យើង​ទុក​ចិត្ត​លើ​នាម​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង។

8 អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាក់​ទ័ព​បរា‌ជ័យ រីឯ​យើង​វិញ យើង​នៅ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង​មាំ‌មួន។

9 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​សង្គ្រោះ​ស្តេច​ផង! ពេល​យើង​ខ្ញុំ​អង្វរ​រក​ទ្រង់ សូម​ឆ្លើយ​តប​មក​យើង​ខ្ញុំ​វិញ​ផង!

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម