សាការី 10 - អាល់គីតាបមានតែអុលឡោះតាអាឡាប៉ុណ្ណោះដែលសង្គ្រោះអ៊ីស្រអែល 1 ចូរទូរអាសូមអុលឡោះតាអាឡាប្រទាន ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ! អុលឡោះតាអាឡានឹងធ្វើឲ្យមានខ្យល់ព្យុះ ទ្រង់ប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌ ទ្រង់ធ្វើឲ្យដំណាំលូតលាស់ នៅតាមចម្ការរបស់អ្នករាល់គ្នា។ 2 រីឯរូបព្រះក្លែងក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀម គ្មានអ្នកគង្វាល។ 3 «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់ យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ ប្រជារាស្ត្ររបស់យើង»។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងមករំដោះ កូនចៅយូដាដែលជាហ្វូងចៀមរបស់ទ្រង់។ ទ្រង់ប្រោសប្រទានឲ្យពួកគេ ទទួលកិត្តិយស ដូចសេះចំបាំងដ៏ចំណាន។ 4 មេដឹកនាំទាំងអស់នឹងកើតចេញ ពីកុលសម្ព័ន្ធយូដា ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់ រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចំបាំង។ 5 ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។ ពួកគេវាយសំរុកទៅលើខ្មាំង ដ្បិតអុលឡោះតាអាឡានៅជាមួយពួកគេ។ រីឯទ័ពសេះរបស់ខ្មាំងសត្រូវ នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ 6 «យើងនឹងពង្រឹងកម្លាំងកូនចៅយូដា យើងនឹងសង្គ្រោះកូនចៅយូសុះ យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ដ្បិតយើងនឹងអាណិតអាសូរពួកគេ។ ពួកគេនឹងប្រៀបដូចជាប្រជាជន ដែលយើងមិនបានបោះបង់ចោលសោះ ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងនឹងឆ្លើយតបទៅពួកគេវិញ។ 7 អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ ពេលឃើញដូច្នេះ កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ ព្រោះតែអុលឡោះតាអាឡា។ 8 យើងនឹងហៅប្រជារាស្ត្ររបស់យើង ឲ្យមកជួបជុំគ្នា ដ្បិតយើងបានរំដោះពួកគេ។ ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។ 9 យើងនឹងកំចាត់កំចាយពួកគេ ទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង ពួកគេនឹងបង្កើតកូនចៅ ហើយនាំគ្នាវិលត្រឡប់មកវិញ។ 10 យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី យើងនឹងនាំពួកគេទៅនៅ ស្រុកកាឡាដ និងស្រុកលីបង់ រហូតទាល់តែចង្អៀតទឹកដី។ 11 ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ យើងនឹងវាយរលកសមុទ្រ ហើយសូម្បីតែបាតទន្លេនីល ក៏រីងស្ងួតដែរ។ យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។ 12 យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies