Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 33 - អាល់គីតាប


ចូរ​បន្លឺ​សំឡេង​តម្កើង​អុលឡោះ​ដោយ​អំណរ!

1 មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា អបអរ​លើក​តម្កើង​អុលឡោះ‌តាអាឡា! មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ ដែល​អាច​កោត​សរសើរ​ទ្រង់។

2 ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដោយ​សំឡេង​ពិណ ចូរ​ច្រៀង គីតាបសាបូរ​ទ្រង់ ទាំង​លេង​ចាប៉ី​ខ្សែ​ដប់​កំដរ​ផង។


គីតាបសាបូរ​ទ្រង់

3 ចូរ​ច្រៀង​បទ​ថ្មី​ជូន​ទ្រង់! ចូរ​ប្រគំ​តន្ត្រី​យ៉ាង​ពីរោះ ក្នុង​ពេល​ស្រែក​អបអរ‌សាទរ​ទ្រង់

4 ដ្បិត​អុលឡោះ‌តាអាឡា​មាន​បន្ទូល​យ៉ាង​ទៀង​ត្រង់ ហើយ​ទ្រង់​តែង​ប្រព្រឹត្ត​តាម បន្ទូល​សន្យា​ជា‌និច្ច។

5 ទ្រង់​ពេញ​ចិត្ត​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​សេចក្ដី​ទៀង​ត្រង់ ផែនដី​ទាំង​មូល​សំដែង​អំពី​ចិត្ត មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា។

6 ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​បន្ទូល របស់​អុលឡោះ‌តាអាឡា ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង ដោយ‌សារ​បញ្ជា​របស់​ទ្រង់​ដែរ។

7 ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ មក​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ ទ្រង់​បាន​បង្ខាំង​មហា​សមុទ្រ ឲ្យ​នៅ​មួយ​កន្លែង។

8 ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​អុលឡោះ‌តាអាឡា! ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់!

9 ដ្បិត​អ្វីៗ​ទាំង​អស់​កើត​មាន ដោយ‌សារ​បន្ទូល​របស់​ទ្រង់ ទ្រង់​បង្គាប់​យ៉ាង​ណា ក៏​កើត​មាន​យ៉ាង​នោះ​មែន​ ។

10 អុលឡោះ‌តាអាឡា​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា! ទ្រង់​រំលាយ​គម្រោង‌ការ​របស់ ប្រជា‌ជន​ទាំង‌ឡាយ។

11 រីឯ​ផែន‌ការ​របស់​ទ្រង់​វិញ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​គម្រោង‌ការ​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

12 មាន​សុភ‌មង្គល​ហើយ ប្រជា‌ជាតិ​ណា ដែល​គោរព​បម្រើ​អុលឡោះ‌តាអាឡា ទុក​ជា​ម្ចាស់​របស់​ខ្លួន! មាន​សុភ‌មង្គល​ហើយ ប្រជា‌ជន​ណា​ដែល​ទ្រង់​បាន​ជ្រើស​រើស ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់!​ ។

13 អុលឡោះ‌តាអាឡា​មើល​ពី​សូរ៉កា ទ្រង់​ឃើញ​មនុស្ស​លោក​ទាំង​អស់

14 ហើយ​ពី​ដំណាក់​របស់​ទ្រង់ ទ្រង់​រំពៃ​មើល​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី

15 គឺ​ទ្រង់​ហើយ​ដែល​បាន​បង្កើត ចិត្ត​គំនិត​របស់​គេ​ទាំង​អស់​គ្នា ហើយ​ទ្រង់​យក​ចិត្ត ទុក​ដាក់​នឹង​អំពើ​ទាំង​អស់​ដែល​គេ​ប្រព្រឹត្ត។

16 ពុំ​ដែល​មាន​ស្ដេច​ណា​យក​ជ័យ‌ជំនះ​បាន ដោយ‌សារ​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​វីរ‌បុរស​ណា​វាយ​ឈ្នះ ដោយ‌សារ​កម្លាំង​ខ្លាំង​ក្លា​នោះ​ដែរ។

17 សេះ​ចំបាំង​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ជ័យ‌ជំនះ​បាន​ឡើយ ហើយ​ទោះ​បី​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​ពុំ​អាច​ជួយ​រំដោះ​បាន​ដែរ។

18 អុលឡោះ‌តាអាឡា​តាម​ថែ‌រក្សា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។

19 ទ្រង់​សង្គ្រោះ​គេ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ឲ្យ​គេ​បាន​រួច​ជីវិត​នៅ​គ្រា​មាន​ទុរ្ភិក្ស។

20 យើង​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា ទ្រង់​ជួយ​សង្គ្រោះ និង​ការពារ​យើង​

21 យើង​មាន​អំណរ​សប្បាយ ដោយ​រួម​ជា​មួយ​ទ្រង់ យើង​ទុក​ចិត្ត​លើ​នាម​ដ៏‌វិសុទ្ធ*​របស់​ទ្រង់។

22 ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​សំដែង​ចិត្ត​មេត្តា‌ករុណា មក​លើ​យើង​ខ្ញុំ​ផង ព្រោះ​យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម