១ ធីម៉ូថេ 6:12 - ព្រះគម្ពីរខ្មែរសាកល ចូរប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អនៃជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យបាន។ អ្នកត្រូវបានត្រាស់ហៅដើម្បីការនេះ និងដើម្បីសារភាពពាក្យសារភាពដ៏ល្អ នៅមុខសាក្សីជាច្រើន។ Khmer Christian Bible ចូរតយុទ្ធខាងជំនឿឲ្យបានល្អ ចូរឈោងចាប់ជីវិតអស់កល្បជានិច្ចដែលព្រះជាម្ចាស់បានត្រាស់ហៅអ្នកឲ្យមកទទួលចុះ ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅចំពោះមុខសាក្សីជាច្រើនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវពុះពារតយុទ្ធសម្រាប់ជំនឿឲ្យបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នកមកឲ្យទទួលជីវិតអស់កល្បជានិច្ចនេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្ដីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល ហើយអ្នកក៏បានធ្វើបន្ទាល់យ៉ាងល្អនៅមុខសាក្សីជាច្រើនដែរ អាល់គីតាប ត្រូវពុះពារតយុទ្ធ សម្រាប់ជំនឿឲ្យបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតអុលឡោះបានត្រាស់ហៅអ្នកមកឲ្យទទួលជីវិតអស់កល្បជានិច្ចនេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។ |
នាងជាដើមឈើនៃជីវិតដល់អ្នកដែលកាន់ខ្ជាប់នឹងនាង ហើយអ្នកដែលចាប់នាងជាប់ នឹងត្រូវបានហៅថាមានព្រះពរ។
ម្នាក់នឹងពោលថា: ‘ខ្ញុំជារបស់ព្រះយេហូវ៉ា’ ម្នាក់ទៀតនឹងហៅខ្លួនតាមឈ្មោះរបស់យ៉ាកុប រីឯម្នាក់ទៀតនឹងសរសេរលើដៃរបស់ខ្លួនថា ‘របស់ព្រះយេហូវ៉ា’ ហើយដាក់ឈ្មោះខ្លួនតាមឈ្មោះរបស់អ៊ីស្រាអែល”។
ពួកគេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលជាន់ឈ្លីក្នុងភក់តាមផ្លូវក្នុងចម្បាំង។ ពួកគេនឹងច្បាំងដោយព្រោះមានព្រះយេហូវ៉ាគង់នៅជាមួយពួកគេ ហើយធ្វើឲ្យពួកអ្នកជិះសេះអាម៉ាស់មុខផង។
ក្នុងព្រះបន្ទូលនៃសេចក្ដីពិត និងព្រះចេស្ដារបស់ព្រះ តាមរយៈគ្រឿងសឹកនៃសេចក្ដីសុចរិត ដែលនៅដៃស្ដាំ និងដៃឆ្វេង;
ពួកគេបានលើកតម្កើងសិរីរុងរឿងដល់ព្រះ តាមរយៈភស្តុតាងនៃការបម្រើនេះ ដោយព្រោះការចុះចូលរបស់អ្នករាល់គ្នាចំពោះពាក្យសារភាពអំពីដំណឹងល្អរបស់ព្រះគ្រីស្ទ និងដោយព្រោះចិត្តទូលាយក្នុងការចែកទានដល់ពួកគេ និងមនុស្សទាំងអស់;
ទាំងជួបការតយុទ្ធដូចដែលអ្នករាល់គ្នាបានឃើញខ្ញុំជួប ហើយឥឡូវនេះឮថាខ្ញុំនៅតែជួបដែរ៕
សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តរបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងរូបកាយមួយដើម្បីការនេះឯង។ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានចិត្តដឹងគុណចុះ។
យើងបានលើកទឹកចិត្ត កម្សាន្តចិត្ត ហើយដាស់តឿនអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាដើរតាមបែបសមគួរនឹងព្រះដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងអាណាចក្រ និងសិរីរុងរឿងរបស់អង្គទ្រង់។
ព្រះបានត្រាស់ហៅអ្នករាល់គ្នាសម្រាប់ការនេះឯង តាមរយៈដំណឹងល្អរបស់យើង ដើម្បីឲ្យអ្នករាល់គ្នាទទួលបានសិរីរុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
ធីម៉ូថេ កូនខ្ញុំអើយ ខ្ញុំសូមផ្ទុកផ្ដាក់សេចក្ដីបង្គាប់នេះនឹងអ្នក ស្របតាមពាក្យព្យាករដែលត្រូវបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកបានតយុទ្ធដោយសេចក្ដីទាំងនោះ ក្នុងចម្បាំងដ៏ល្អ
ទាំងកាន់ខ្ជាប់នូវជំនឿ និងសតិសម្បជញ្ញៈត្រឹមត្រូវផង។ មានអ្នកខ្លះបោះបង់ចោលសេចក្ដីទាំងនេះ បណ្ដាលឲ្យលិចសំពៅនៃជំនឿ។
កុំធ្វើព្រងើយនឹងអំណោយទានដែលស្ថិតនៅក្នុងអ្នកឡើយ ជាអំណោយទានដែលប្រទានមកអ្នក តាមរយៈពាក្យព្យាករ ជាមួយនឹងការដាក់ដៃរបស់ពួកចាស់ទុំ។
នៅចំពោះព្រះដែលប្រទានជីវិតដល់របស់សព្វសារពើ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវដែលធ្វើបន្ទាល់ជាពាក្យសារភាពដ៏ល្អនៅមុខប៉ុនទាសពីឡាត់ ខ្ញុំសូមបង្គាប់អ្នកថា
ធ្វើដូច្នេះ គេនឹងប្រមូលទុកសម្រាប់ខ្លួនឯងនូវគ្រឹះដ៏ល្អសម្រាប់អនាគត ដើម្បីឲ្យបានចាប់ជីវិតដ៏ពិតប្រាកដ។
ព្រះបានសង្គ្រោះយើង និងបានត្រាស់ហៅយើងដោយការត្រាស់ហៅដ៏វិសុទ្ធ មិនមែនដោយសារតែការប្រព្រឹត្តរបស់យើងទេ គឺដោយសារតែបំណងព្រះហឫទ័យ និងព្រះគុណរបស់ព្រះអង្គផ្ទាល់; ព្រះគុណនេះបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ តាំងពីមុនកាលសម័យមកម្ល៉េះ
ហើយអ្វីដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននោះ ចូរផ្ទុកផ្ដាក់នឹងមនុស្សស្មោះត្រង់ដែលមានសមត្ថភាពបង្រៀនអ្នកផ្សេងទៀតដែរ។
ខ្ញុំបានប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អហើយ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងហើយ ខ្ញុំបានរក្សាជំនឿជាប់ដដែល។
សូមដឹងថា ធីម៉ូថេបងប្អូនរបស់យើងត្រូវបានដោះលែងហើយ។ ប្រសិនបើគាត់អាចមកដល់ឆាប់ៗ ខ្ញុំនឹងមកជួបអ្នករាល់គ្នាជាមួយគាត់ដែរ។
ដ្បិតយើងរាល់គ្នាជាគូកនរបស់ព្រះគ្រីស្ទហើយ ប្រសិនបើយើងកាន់ខ្ជាប់យ៉ាងមាំមួននូវទំនុកចិត្តដើមរហូតដល់ទីបញ្ចប់មែន។
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ ឬតបសងនឹងការត្មះតិះដៀលដោយការត្មះតិះដៀលឡើយ ផ្ទុយទៅវិញ ចូរឲ្យពរ ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមរតក។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈហើយ ព្រះនៃព្រះគុណគ្រប់យ៉ាងដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះអង្គផ្ទាល់នឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ទាំងពង្រឹង ប្រទានកម្លាំង ហើយតាំងអ្នករាល់គ្នាឡើង។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយខ្ញុំមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងនឹងសរសេរមកអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងមានរួមគ្នា ខ្ញុំបានយល់ឃើញថាជាការចាំបាច់ដែលខ្ញុំសរសេរមកអ្នករាល់គ្នា ជាការជំរុញទឹកចិត្តដល់អ្នករាល់គ្នាឲ្យខំប្រឹងតស៊ូដើម្បីជំនឿដែលត្រូវបានផ្ទុកផ្ដាក់នឹងវិសុទ្ធជនម្ដងជាសម្រេចនោះ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។