Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 63 - ព្រះគម្ពីរខ្មែរសាកល


ស្រេកឃ្លានព្រះ
បទតម្កើង​របស់​ដាវីឌ កាល​គាត់​នៅ​ទីរហោស្ថាន​នៃ​យូដា​។

1 ឱ​ព្រះ​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​ខំប្រឹងស្វែងរក​ព្រះអង្គ​! ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះអង្គ រូបកាយ​របស់ទូលបង្គំ​ចង់បាន​ព្រះអង្គ​យ៉ាងខ្លាំង ដូច​នៅក្នុង​ស្រុក​រីងស្ងួត និង​ហួតហែង​គ្មាន​ទឹក​។

2 ដោយហេតុនេះ ទូលបង្គំ​នឹង​រំពឹងមើល​ព្រះអង្គ​នៅក្នុង​ទីវិសុទ្ធ ដើម្បី​មើល​ព្រះចេស្ដា និង​សិរីរុងរឿង​របស់ព្រះអង្គ​។

3 ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ប្រសើរ​ជាង​ជីវិត បបូរមាត់​របស់ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះអង្គ​។

4 ដូច្នេះ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះអង្គ​អស់មួយជីវិត​របស់ទូលបង្គំ ទូលបង្គំ​នឹង​លើក​ដៃ​ទូលបង្គំ​ឡើង​ក្នុង​ព្រះនាម​របស់ព្រះអង្គ​។

5 ព្រលឹង​របស់ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​បាន​ឆ្អែត​ដោយ​ខួរឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​របស់ទូលបង្គំ​នឹង​សរសើរតម្កើង​ដោយ​បបូរមាត់​នៃ​សេចក្ដីរីករាយ​។

6 ពេល​ទូលបង្គំ​នឹកចាំ​អំពី​ព្រះអង្គ​នៅលើ​គ្រែ​របស់ទូលបង្គំ ទូលបង្គំ​ជញ្ជឹងគិត​អំពី​ព្រះអង្គ​ពេញ​យាមពេលយប់

7 ដ្បិត​ព្រះអង្គ​ជា​ជំនួយ​នៃ​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​ច្រៀងដោយអំណរ​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ​។

8 ព្រលឹង​របស់ទូលបង្គំ​នៅជាប់​នឹង​ព្រះអង្គ ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ទ្រទ្រង់​ទូលបង្គំ​។

9 រីឯ​ពួកអ្នក​ដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ដើម្បី​បំផ្លាញ ពួកគេ​នឹង​ចុះទៅ​ក្នុង​ជម្រៅ​នៃ​ផែនដី​;

10 ពួកគេ​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​អំណាច​ដាវ ហើយ​ក្លាយទៅជា​ចំណី​របស់​កញ្ជ្រោង​។

11 ប៉ុន្តែ​ព្រះរាជា​នឹង​អរសប្បាយ​ក្នុង​ព្រះ អស់អ្នក​ដែល​ស្បថ​ដោយ​អាង​ព្រះអង្គ​នឹង​អួត ដ្បិត​មាត់​របស់​អ្នកដែល​និយាយមុសា​នឹង​ត្រូវបាន​បិទ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម