Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ធីម៉ូថេ 6 - ព្រះគម្ពីរខ្មែរសាកល


ការគោរពចៅហ្វាយ

1 អស់អ្នកដែល​នៅ​ក្រោម​នឹម​ជា​បាវបម្រើ ត្រូវ​ចាត់ទុក​ចៅហ្វាយ​របស់ខ្លួន​ថា​ស័ក្ដិសម​នឹង​ទទួល​កិត្តិយស​គ្រប់យ៉ាង ដើម្បីកុំឲ្យ​ព្រះនាម​របស់​ព្រះ និង​សេចក្ដីបង្រៀន ត្រូវបាន​ប្រមាថ​ឡើយ​។


គោលលទ្ធិខុសឆ្គង និងចិត្តលោភលន់របស់មនុស្ស

2 អ្នក​ដែល​មាន​ចៅហ្វាយ​ជា​អ្នកជឿ ក៏​កុំឲ្យ​មើលងាយ​ចៅហ្វាយ​ឡើយ ពីព្រោះ​ពួកគាត់​ជា​បងប្អូន​។ ផ្ទុយទៅវិញ ត្រូវ​បម្រើ​កាន់តែខ្លាំងឡើង ពីព្រោះ​ពួកគាត់​ជា​អ្នកជឿ និង​ជា​អ្នក​ដ៏ជាទីស្រឡាញ់​ដែល​ទទួលប្រយោជន៍​ពី​ការបម្រើដ៏ល្អ​។ ចូរ​បង្រៀន និង​ជំរុញទឹកចិត្ត​អំពី​សេចក្ដីទាំងនេះ​ចុះ​។

3 ប្រសិនបើ​មាន​អ្នកណា​បង្រៀនគោលលទ្ធិផ្សេង ហើយ​មិន​យល់ស្រប​នឹង​ព្រះបន្ទូល​ដ៏ត្រឹមត្រូវ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​មិន​យល់ស្រប​នឹង​សេចក្ដីបង្រៀន​នៃ​ការគោរពព្រះ​ទេ

4 អ្នកនោះ​មានចិត្តធំ ហើយ​មិន​ដឹង​អ្វីសោះ គឺ​វក់តែ​នឹង​ជជែកវែកញែក និង​ប្រកែកអំពីពាក្យសម្ដី ដែល​នាំឲ្យមាន​ការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យ​ដ៏អាក្រក់

5 និង​ជម្លោះដែលមិនចេះចប់​របស់​មនុស្ស​ដែល​មាន​គំនិត​ខូចសីលធម៌ និង​បាត់បង់​សេចក្ដីពិត ដែល​ពួកគេ​ចាត់ទុកថា ការគោរពព្រះ​ជា​មធ្យោបាយរកកម្រៃ​។

6 តាមពិត ការគោរពព្រះ​ដោយ​ចិត្តស្កប់ស្កល់ ជា​ការបានកម្រៃ​ដ៏ធំ​។

7 ជាការពិត យើង​មិន​បាន​យក​អ្វី​ចូលមក​ក្នុង​ពិភពលោកនេះ​ទេ ហើយក៏​មិន​អាច​យក​អ្វី​ចេញ​បាន​ដែរ​។

8 ប៉ុន្តែ​បើ​មាន​អាហារ និង​សម្លៀកបំពាក់ យើង​ក៏​ស្កប់ចិត្ត​នឹង​របស់​ទាំងនេះ​។

9 រីឯ​អ្នក​ដែល​ចង់​មានស្ដុកស្ដម្ភ តែងតែ​ធ្លាក់​ទៅក្នុង​ការល្បួង អន្ទាក់ និង​តណ្ហា​ជាច្រើន​ដ៏ល្ងង់ខ្លៅ​ដែលនាំឲ្យអន្តរាយ​។ តណ្ហាទាំងនេះ ពន្លិច​មនុស្ស​ទៅក្នុង​ការខូចខាត និង​សេចក្ដីវិនាស​។

10 ដ្បិត​ការស្រឡាញ់លុយ​ជា​ឫសគល់​នៃ​សេចក្ដី​អាក្រក់​គ្រប់យ៉ាង​។ អ្នកខ្លះ​លោភចង់បាន​លុយ ក៏​បាន​វង្វេង​ចេញពី​ជំនឿ ហើយ​ចាក់ទម្លុះ​ខ្លួនឯង​ដោយ​ការឈឺចុកចាប់​ជាច្រើន​។


ប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អ

11 រីឯ​អ្នក​វិញ ‍ឱ មនុស្ស​របស់​ព្រះ​អើយ! ចូរ​គេចឲ្យផុត​ពី​សេចក្ដីទាំងនេះ​ទៅ​! ចូរ​ស្វែងរក​សេចក្ដីសុចរិតយុត្តិធម៌ ការគោរពព្រះ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និង​សេចក្ដីសុភាពរាបសា​។

12 ចូរ​ប្រយុទ្ធ​ក្នុង​ការប្រយុទ្ធ​ដ៏ល្អ​នៃ​ជំនឿ ចូរ​ចាប់​ជីវិតអស់កល្បជានិច្ច​ឲ្យបាន​។ អ្នក​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ និង​ដើម្បី​សារភាព​ពាក្យសារភាព​ដ៏ល្អ នៅមុខ​សាក្សី​ជាច្រើន​។

13 នៅចំពោះ​ព្រះ​ដែល​ប្រទានជីវិត​ដល់​របស់​សព្វសារពើ និង​នៅចំពោះ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​ធ្វើបន្ទាល់​ជា​ពាក្យសារភាព​ដ៏ល្អ​នៅមុខ​ប៉ុនទាស​ពីឡាត់ ខ្ញុំ​សូម​បង្គាប់​អ្នក​ថា

14 ចូរ​កាន់តាម​សេចក្ដីបង្គាប់​ឲ្យបាន​ឥតសៅហ្មង និង​ឥតកន្លែងបន្ទោសបាន រហូតដល់​ការលេចមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង

15 ដែល​ព្រះ​នឹង​បង្ហាញឲ្យឃើញ ក្នុង​ពេលកំណត់​។ ព្រះអង្គ​ជា​ព្រះអង្គ​ដ៏មានពរ ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏មានព្រះចេស្ដា ជា​ស្ដេច​លើអស់ទាំងស្ដេច ជា​ព្រះអម្ចាស់​លើអស់ទាំងព្រះអម្ចាស់

16 ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏​មាន​អមតភាព ដែល​ស្ថិតនៅ​ក្នុង​ពន្លឺ​ដែលមិនអាចចូលទៅជិតបាន ជា​ព្រះអង្គ​ដែល​គ្មាន​មនុស្ស​ណា​បាន​ឃើញ ‍ហើយក៏មិន​អាច​មើលឃើញ​បាន​ដែរ​។ សូមឲ្យ​កិត្តិយស និង​ព្រះចេស្ដា​ដ៏អស់កល្បជានិច្ច មាន​ដល់​ព្រះអង្គ​! អាម៉ែន។


សេចក្ដីបង្គាប់ដល់អ្នកមាន

17 ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។

18 ចូរបង្គាប់ពួកគេ​ឲ្យ​ធ្វើល្អ ឲ្យ​មានស្ដុកស្ដម្ភ​ខាងឯ​ការប្រព្រឹត្ត​ល្អ មាន​ចិត្តទូលាយ និង​មាន​ចិត្តចែករំលែក

19 ធ្វើដូច្នេះ គេ​នឹង​ប្រមូលទុក​សម្រាប់​ខ្លួនឯង​នូវ​គ្រឹះ​ដ៏ល្អ​សម្រាប់​អនាគត ដើម្បីឲ្យ​បាន​ចាប់​ជីវិត​ដ៏ពិតប្រាកដ​។


ចូររក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់

20 ឱ ធីម៉ូថេ​អើយ! ចូរ​រក្សា​អ្វីដែលត្រូវបានផ្ទុកផ្ដាក់​នឹងអ្នក ទាំង​ចៀសវាង​ពាក្យប៉ប៉ាច់ប៉ប៉ោច​ដែលប្រមាថព្រះ និង​ពាក្យទទឹងទទែង​ដែល​គេ​ហៅខុស​ថា “ចំណេះដឹង”។

21 មាន​អ្នកខ្លះ​អាង “ចំណេះដឹង” នេះ ក៏​ជ្រួសចេញ​ពី​ជំនឿ​។ សូមឲ្យ​ព្រះគុណ ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា​!​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម