២ ថែស្សាឡូនីច 2 - ព្រះគម្ពីរខ្មែរសាកលមនុស្សនៃការឥតច្បាប់ 1 បងប្អូនអើយ ចំពោះការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងការដែលយើងជួបជុំគ្នានៅចំពោះព្រះអង្គ នោះយើងសូមអង្វរអ្នករាល់គ្នា 2 កុំឲ្យរំជួលចិត្តភ្លាម ឬភ័យស្លន់ស្លោឡើយ មិនថាដោយសារតែវិញ្ញាណក្ដី ដោយសារតែពាក្យសម្ដីក្ដី ឬដោយសារតែសំបុត្រទំនងជាមកពីយើងក្ដី ដែលថាថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយ។ 3 កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែការបោះបង់ជំនឿមកដល់ជាមុនសិន ហើយមនុស្សនៃការឥតច្បាប់ គឺកូននៃសេចក្ដីវិនាសបានលេចមក។ 4 វានឹងប្រឆាំង ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្វីៗទាំងអស់ដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំ រហូតដល់វាអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះ។ 5 តើអ្នករាល់គ្នាមិនចាំទេឬថា កាលនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ? 6 អ្នករាល់គ្នាស្គាល់អ្វីដែលរារាំងវានៅឥឡូវនេះដែរ ដើម្បីឲ្យវាលេចមកក្នុងពេលកំណត់របស់វា។ 7 តាមពិត អាថ៌កំបាំងនៃការឥតច្បាប់កំពុងធ្វើសកម្មភាពហើយ គ្រាន់តែថាឥឡូវនេះ មានអ្នកដែលរារាំងវា រហូតទាល់តែអ្នកនោះត្រូវបានដកចេញ។ 8 បន្ទាប់មក មនុស្សនៃការឥតច្បាប់នឹងលេចមក ហើយព្រះអម្ចាស់យេស៊ូវនឹងសម្លាប់វាដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ ទាំងបំផ្លាញវាដោយរស្មីនៃការយាងមកវិញរបស់ព្រះអង្គ។ 9 ការមកដល់របស់មនុស្សនៃការឥតច្បាប់ គឺស្របតាមកិច្ចការរបស់សាតាំង ដោយប្រើអស់ទាំងមហិទ្ធិឫទ្ធិ ទីសម្គាល់ ការអស្ចារ្យនៃការបោកប្រាស់ 10 និងដោយការបោកបញ្ឆោតគ្រប់យ៉ាងនៃសេចក្ដីទុច្ចរិត ចំពោះអ្នកដែលត្រូវវិនាស ពីព្រោះពួកគេមិនទទួលយកសេចក្ដីស្រឡាញ់នៃសេចក្ដីពិត ដែលអាចធ្វើឲ្យពួកគេបានសង្គ្រោះ។ 11 ហេតុនេះហើយបានជាព្រះផ្ដល់ការបោកប្រាស់យ៉ាងខ្លាំងដល់ពួកគេ ធ្វើឲ្យពួកគេជឿសេចក្ដីកុហក 12 ដើម្បីឲ្យអស់អ្នកដែលមិនជឿសេចក្ដីពិត តែចូលចិត្តសេចក្ដីទុច្ចរិតវិញ ត្រូវបានផ្ដន្ទាទោស។ ចូរឈរឲ្យមាំមួន 13 បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ពីព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាផលដំបូងសម្រាប់សេចក្ដីសង្គ្រោះ តាមរយៈការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ និងតាមរយៈជំនឿលើសេចក្ដីពិត។ 14 ព្រះបានត្រាស់ហៅអ្នករាល់គ្នាសម្រាប់ការនេះឯង តាមរយៈដំណឹងល្អរបស់យើង ដើម្បីឲ្យអ្នករាល់គ្នាទទួលបានសិរីរុងរឿងរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ 15 បងប្អូនអើយ ដោយហេតុនេះ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់នូវទំនៀមទម្លាប់ដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីជាដោយពាក្យសម្ដី ឬដោយសំបុត្ររបស់យើងក្ដី។ 16 ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងព្រះដែលជាព្រះបិតារបស់យើង ដែលស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តដ៏អស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរមកតាមរយៈព្រះគុណ សូមឲ្យព្រះអង្គផ្ទាល់ 17 កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងពង្រឹងអ្នករាល់គ្នាក្នុងគ្រប់ទាំងកិច្ចការដ៏ល្អ និងពាក្យសម្ដីដ៏ល្អ៕ |