១ ពេត្រុស 3 - ព្រះគម្ពីរខ្មែរសាកលប្រពន្ធ និងប្ដី 1 ដូចគ្នាដែរ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលនឹងប្ដីរបស់ខ្លួន។ ធ្វើដូច្នេះ ទោះបីជាមានប្ដីខ្លះមិនព្រមជឿព្រះបន្ទូលក៏ដោយ ក៏ពួកគេនឹងត្រូវឈ្នះបានមកវិញតាមរយៈកិរិយារបស់ប្រពន្ធ ដោយមិនបាច់មានពាក្យសម្ដីអ្វីឡើយ 2 ពីព្រោះពួកគេនឹងឃើញកិរិយាដ៏បរិសុទ្ធ និងការកោតខ្លាចរបស់អ្នករាល់គ្នា។ 3 កុំឲ្យអ្នករាល់គ្នាតុបតែងខ្លួនបែបខាងក្រៅ ដោយការក្រងសក់ ដោយការពាក់មាស ឬដោយការស្លៀកសម្លៀកបំពាក់ផ្សេងៗឡើយ 4 ផ្ទុយទៅវិញ ចូរតុបតែងបុគ្គលខាងក្នុងនៃចិត្តដោយអ្វីដែលមិនចេះសាបសូន្យ គឺវិញ្ញាណបន្ទាបខ្លួន និងស្រគត់ស្រគំ ដែលមានតម្លៃនៅចំពោះព្រះ។ 5 ដ្បិតកាលពីដើម ពួកស្ត្រីដ៏វិសុទ្ធដែលសង្ឃឹមលើព្រះ ក៏បានតែងខ្លួនយ៉ាងដូច្នោះដែរ ទាំងចុះចូលនឹងប្ដីរបស់ខ្លួន 6 ដូចសារ៉ាដែលស្ដាប់បង្គាប់អ័ប្រាហាំ ទាំងហៅលោកថាលោកម្ចាស់ទៀតផង។ ប្រសិនបើអ្នករាល់គ្នាធ្វើល្អដោយមិនភ័យខ្លាចចំពោះសេចក្ដីគំរាមកំហែងណាមួយ នោះអ្នករាល់គ្នាបានជាកូនរបស់សារ៉ាដែរ។ 7 ដូចគ្នាដែរ ប្ដីរាល់គ្នាអើយ ចូររស់នៅជាមួយប្រពន្ធដោយការយោគយល់ ទាំងគោរពស្ត្រីក្នុងនាមនាងជាភាជនៈដែលខ្សោយជាង ពីព្រោះពួកនាងជាអ្នករួមទទួលមរតកជាព្រះគុណនៃជីវិត។ ធ្វើដូច្នេះ ការអធិស្ឋានរបស់អ្នករាល់គ្នានឹងមិនត្រូវរារាំងឡើយ។ កុំធ្វើអាក្រក់ 8 ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និងមានចិត្តបន្ទាបខ្លួន។ 9 កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ ឬតបសងនឹងការត្មះតិះដៀលដោយការត្មះតិះដៀលឡើយ ផ្ទុយទៅវិញ ចូរឲ្យពរ ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមរតក។ 10 ជាការពិត “អ្នកដែលមានបំណងចង់ស្រឡាញ់ជីវិត និងមានបំណងចង់ឃើញគ្រាដ៏ល្អ អ្នកនោះត្រូវទប់អណ្ដាតពីការនិយាយអាក្រក់ ព្រមទាំងទប់បបូរមាត់កុំឲ្យនិយាយពាក្យបោកប្រាស់ឡើយ។ 11 ចូរបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសន្តិភាព ហើយដេញតាមវា; 12 ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់នៅលើមនុស្សសុចរិត ព្រះកាណ៌របស់ព្រះអម្ចាស់នៅនឹងសេចក្ដីអធិស្ឋានរបស់ពួកគេ ប៉ុន្តែព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់នឹងមនុស្សដែលប្រព្រឹត្តការអាក្រក់”។ រងទុក្ខដោយអយុត្តិធម៌ 13 ប្រសិនបើអ្នករាល់គ្នាជាអ្នកស៊ប់ខាងការល្អ តើនរណានឹងធ្វើបាបអ្នករាល់គ្នា? 14 ប៉ុន្តែទោះបីជាអ្នករាល់គ្នាត្រូវរងទុក្ខដោយសារតែសេចក្ដីសុចរិតក៏ដោយ ក៏អ្នករាល់គ្នាមានពរហើយ។កុំខ្លាចអ្វីដែលគេភ័យខ្លាចនោះឡើយ ហើយក៏កុំមានអំពល់ដែរ 15 ផ្ទុយទៅវិញ ចូរអ្នករាល់គ្នាតម្កើងព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ទុកជាវិសុទ្ធនៅក្នុងចិត្តរបស់អ្នករាល់គ្នា ទាំងត្រៀមជាស្រេចជានិច្ចដើម្បីឆ្លើយការពារ នឹងអ្នកណាក៏ដោយដែលទាមទារហេតុផលអំពីសេចក្ដីសង្ឃឹមដែលស្ថិតនៅក្នុងអ្នករាល់គ្នា។ 16 យ៉ាងណាមិញ ចូរឆ្លើយដោយសុភាពរាបសា និងដោយការកោតខ្លាច ទាំងរក្សាសតិសម្បជញ្ញៈត្រឹមត្រូវ ដើម្បីកាលណាអ្នករាល់គ្នាត្រូវគេមួលបង្កាច់ ពួកអ្នកដែលត្មះតិះដៀលកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បានអាម៉ាស់មុខវិញ។ 17 ជាការពិត ប្រសិនបើជាបំណងព្រះហឫទ័យរបស់ព្រះ ការរងទុក្ខដោយសារធ្វើល្អ ប្រសើរជាងការរងទុក្ខដោយសារធ្វើអាក្រក់។ 18 ដ្បិតព្រះគ្រីស្ទបានរងទុក្ខម្ដងដើម្បីប្រោសលោះបាប គឺអ្នកសុចរិតបានជំនួសអ្នកទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះ។ ព្រះគ្រីស្ទត្រូវគេធ្វើគុតខាងសាច់ឈាម ប៉ុន្តែមានព្រះជន្មរស់ឡើងវិញខាងវិញ្ញាណ។ 19 ក្នុងសភាពនោះ ព្រះអង្គបានយាងទៅប្រកាសដល់បណ្ដាវិញ្ញាណដែលជាប់ឃុំឃាំង 20 គឺបណ្ដាវិញ្ញាណដែលមិនព្រមជឿកាលពីមុន នៅសម័យណូអេ ខណៈដែលទូកធំកំពុងត្រូវបានសាងសង់ ហើយព្រះកំពុងទន្ទឹងរង់ចាំដោយការអត់ធ្មត់។ នៅក្នុងទូកនោះ មានមនុស្សតែបន្តិចទេដែលរួចជីវិតដោយឆ្លងកាត់ទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។ 21 ទឹកនោះ ជារូបតំណាងនៃពិធីជ្រមុជទឹកដែលសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ។ នេះមិនមែនជាការលាងសម្អាតភាពស្មោកគ្រោកចេញពីរូបកាយនោះទេ គឺជាការទូលសុំដល់ព្រះនូវសតិសម្បជញ្ញៈត្រឹមត្រូវ តាមរយៈការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ។ 22 ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕ |