Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

កូឡុស 3 - ព្រះគម្ពីរខ្មែរសាកល


ជីវិតថ្មីរបស់បុគ្គលថ្មី

1 ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​ព្រះ​គ្រីស្ទ​ហើយ នោះ​ចូរ​ស្វែងរក​អ្វីៗ​ដែល​នៅ​ស្ថានលើ ជា​ស្ថាន​ដែល​ព្រះ​គ្រីស្ទ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។

2 ចូរ​គិត​អំពី​អ្វីៗ​នៅ​ស្ថានលើ មិនមែន​អំពី​អ្វីៗ​នៅ​ផែនដី​ទេ​។

3 ដ្បិត​អ្នករាល់គ្នា​បាន​ស្លាប់ ហើយ​ជីវិត​របស់អ្នករាល់គ្នា​ត្រូវបាន​លាក់ទុក​ជាមួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​។

4 កាលណា​ព្រះ​គ្រីស្ទ​ដែលជា​ជីវិត​របស់អ្នករាល់គ្នា​បាន​លេចមក ពេលនោះ​អ្នករាល់គ្នា​ក៏​នឹង​លេចមក​ជាមួយ​ព្រះអង្គ​ក្នុង​សិរីរុងរឿង​ដែរ​។

5 ដូច្នេះ ចូរ​សម្លាប់​ផ្នែក​ខាង​លោកីយ៍ គឺ​អំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នា​អាក្រក់ និង​សេចក្ដីលោភលន់​ដែល​ជា​ការថ្វាយបង្គំរូបបដិមាករ​។

6 ដោយសារតែ​សេចក្ដីទាំងនេះឯង ដែល​ព្រះពិរោធ​របស់​ព្រះ​ធ្លាក់មក​លើ​កូន​នៃ​សេចក្ដីមិនស្ដាប់បង្គាប់​។

7 ពីមុន អ្នករាល់គ្នា​ក៏​ដើរ​ក្នុង​សេចក្ដីទាំងនោះ​ដែរ កាល​អ្នករាល់គ្នា​រស់នៅ​ក្នុង​សេចក្ដី​ទាំងនោះ​។

8 ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ត្រូវ​ដោះ​សេចក្ដី​ទាំងអស់​នោះ​ចេញ គឺ​កំហឹង សេចក្ដីក្ដៅក្រហាយ គំនិតព្យាបាទ ការមួលបង្កាច់ និង​ពាក្យស្មោកគ្រោក​ពី​មាត់​របស់អ្នករាល់គ្នា​។

9 កុំ​ភូតភរ​គ្នាទៅវិញទៅមក​ឡើយ ដ្បិត​អ្នករាល់គ្នា​បាន​ដោះ​បុគ្គល​ចាស់​ចេញ ជាមួយនឹង​អំពើ​របស់​វា

10 ហើយ​បាន​បំពាក់ខ្លួន​ដោយ​បុគ្គល​ថ្មី ដែល​កំពុង​ត្រូវបាន​ធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់​ការយល់ដឹងត្រឹមត្រូវ ស្របតាម​រូបតំណាង​របស់​ព្រះអង្គ​ដែល​បាន​និម្មិតបង្កើត​បុគ្គលថ្មីនោះ​។

11 ក្នុងនេះ​គ្មាន​ជនជាតិក្រិក និង​ជនជាតិយូដា គ្មាន​អ្នកដែលទទួលពិធីកាត់ស្បែក និង​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក គ្មាន​ជនជាតិដែលគ្មានអារ្យធម៌ ជនជាតិស្គីថុស ទាសករ និង​មនុស្សមានសេរីភាព​ឡើយ គឺ​ព្រះ​គ្រីស្ទ​ជា​គ្រប់ការទាំងអស់ ហើយ​នៅក្នុង​គ្រប់ការទាំងអស់​។


ជីវិតរបស់គ្រីស្ទាន

12 ដោយហេតុនេះ ក្នុងនាមជា​អ្នក​ដែល​ត្រូវបានជ្រើសរើស​របស់​ព្រះ ជា​អ្នក​ដ៏វិសុទ្ធ និង​ជាទីស្រឡាញ់ ចូរ​បំពាក់ខ្លួន​ដោយ​ដួងចិត្ត​នៃ​សេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និង​សេចក្ដីអត់ធ្មត់

13 ទាំង​ទ្រាំ​នឹង​គ្នាទៅវិញទៅមក ហើយ​ប្រសិនបើ​អ្នកណា​មាន​រឿង​ទាស់នឹង​ម្នាក់ទៀត ចូរ​លើកលែងទោស​ឲ្យ​គ្នាទៅវិញទៅមក​។ ដូចដែល​ព្រះអម្ចាស់​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​យ៉ាងណា អ្នករាល់គ្នា​ក៏​ត្រូវ​លើកលែងទោស​យ៉ាងនោះ​ដែរ​។

14 នៅលើ​សេចក្ដី​ទាំងអស់​នេះ ចូរបន្ថែម​សេចក្ដីស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្ដីគ្រប់លក្ខណ៍​។

15 សូមឲ្យ​សេចក្ដីសុខសាន្ត​របស់​ព្រះ​គ្រីស្ទ​គ្រប់គ្រង​នៅក្នុង​ចិត្ត​របស់អ្នករាល់គ្នា ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​រូបកាយ​មួយ​ដើម្បី​ការនេះឯង​។ ដូច្នេះ ចូរឲ្យ​អ្នករាល់គ្នា​មាន​ចិត្ត​ដឹងគុណ​ចុះ​។

16 ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។

17 អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ មិនថា​ជា​ពាក្យសម្ដី​ក្ដី ជា​ការប្រព្រឹត្ត​ក្ដី ចូរ​ធ្វើ​ទាំងអស់​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ ទាំង​អរព្រះគុណ​ដល់​ព្រះដែលជាព្រះបិតា​តាមរយៈ​ព្រះអង្គ​។


វិន័យគ្រួសាររបស់គ្រីស្ទាន

18 ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន ឲ្យ​គប្បី​ក្នុង​ព្រះអម្ចាស់​ចុះ​។

19 ប្ដី​រាល់គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់ខ្លួន ហើយ​កុំឲ្យ​កាច​នឹង​នាង​ឡើយ​។

20 ក្មេង​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ឪពុកម្ដាយ​របស់ខ្លួន​ក្នុង​គ្រប់ការទាំងអស់ ដ្បិត​ការធ្វើ​ដូច្នេះ​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអម្ចាស់​។

21 ឪពុក​រាល់គ្នា​អើយ កុំ​ធ្វើឲ្យ​កូន​ៗ​របស់អ្នក​ខឹង​ឡើយ ក្រែងលោ​ពួកវា​បាក់ទឹកចិត្ត​។

22 បាវបម្រើ​រាល់គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​ចៅហ្វាយ​នៅផែនដី​ក្នុង​គ្រប់ការទាំងអស់ មិនមែន​ដោយ​បម្រើតែពេលគេមើលឃើញ ដូចជា​ចង់ផ្គាប់ចិត្តមនុស្ស​ទេ គឺ​ដោយ​ចិត្ត​ស្មោះត្រង់​វិញ ទាំង​កោតខ្លាច​ព្រះអម្ចាស់​។

23 អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ ចូរ​ធ្វើ​អស់ពី​ចិត្ត ដូចជា​ធ្វើ​សម្រាប់​ព្រះអម្ចាស់ មិនមែន​សម្រាប់​មនុស្ស​ទេ

24 ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា អ្នករាល់គ្នា​នឹង​ទទួល​មរតក​ជា​រង្វាន់​ពី​ព្រះអម្ចាស់​។ អ្នករាល់គ្នា​ត្រូវ​បម្រើ​ព្រះ​គ្រីស្ទ​ជា​ព្រះអម្ចាស់​។

25 ជាការពិត អ្នក​ដែល​ប្រព្រឹត្តអំពើអយុត្តិធម៌​ទទួលមកវិញ តាម​អំពើអយុត្តិធម៌ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ចំពោះ​ព្រះអង្គ គ្មាន​ការលំអៀង​ឡើយ​។

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម