Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ហេព្រើរ 13 - ព្រះគម្ពីរខ្មែរសាកល


ពាក្យជំរុញទឹកចិត្តចុងក្រោយ

1 ចូរឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីស្រឡាញ់ជាបងប្អូន​ជានិច្ច​។

2 កុំ​ភ្លេច​ទទួលភ្ញៀវដោយរាក់ទាក់ ដ្បិត​ដោយសារតែ​ការនេះ អ្នកខ្លះ​បាន​ទទួល​ទូតសួគ៌​ដោយ​មិនដឹងខ្លួន​។

3 ចូរ​យកចិត្តទុកដាក់​ចំពោះ​ពួក​អ្នកដែលជាប់ឃុំឃាំង ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​ជាប់ឃុំឃាំងជាមួយ​គេដែរ​; ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ត្រូវគេ​ធ្វើបាប ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​កំពុង​ត្រូវគេ​ធ្វើបាប​ក្នុង​រូបកាយ​ដែរ​។

4 ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។

5 ចូរ​មាន​របៀបរស់នៅ​ដែល​ប្រាសចាកពីការស្រឡាញ់លុយ ទាំង​ស្កប់ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ដ្បិត​ព្រះ​មានបន្ទូលថា​‍:“យើង​នឹង​មិន​ចាកចោល​អ្នក​សោះឡើយ យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ជាដាច់ខាត”។

6 ដូច្នេះ យើង​អាច​និយាយ​ដោយក្លាហាន​ថា​: “ព្រះអម្ចាស់​ជា​អ្នកជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?”។

7 ចូរ​នឹកចាំ​អំពី​អ្នកដឹកនាំ​របស់អ្នករាល់គ្នា ដែល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះ​ដល់​អ្នករាល់គ្នា​; ចូរ​សង្កេតមើល​លទ្ធផល​នៃ​របៀបរស់នៅ​របស់​អ្នកទាំងនោះ ទាំង​ត្រាប់តាម​ជំនឿ​របស់​ពួកគាត់​ចុះ​។

8 ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ដដែល ម្សិលមិញ ថ្ងៃនេះ និង​ជារៀងរហូត​។

9 កុំឲ្យ​សេចក្ដីបង្រៀន​ចម្លែក​ផ្សេងៗ​បង្វែរ​អ្នករាល់គ្នា​ចេញ​ឡើយ ដ្បិត​ជា​ការល្អ​ដែល​តាំង​ចិត្ត​ឲ្យខ្ជាប់ខ្ជួន​ដោយ​ព្រះគុណ មិនមែន​ដោយ​វិន័យ​អំពី​អាហារ​ទេ​; វិន័យ​អំពី​អាហារទាំងនោះ មិន​ផ្ដល់ប្រយោជន៍​ដល់​អ្នក​ដែល​ដើរ​តាម​នោះ​ឡើយ​។

10 យើង​មាន​អាសនា​មួយ ដែល​អ្នក​បម្រើ​នៅ​ព្រះពន្លា​គ្មាន​សិទ្ធិ​ហូប​ពី​អាសនានោះ​ឡើយ​។

11 ជាការពិត ឈាម​របស់​សត្វ​សម្រាប់​លោះ​បាប ត្រូវ​មហាបូជាចារ្យ​យកមក​ក្នុង​ទីវិសុទ្ធ ហើយ​ខ្លួន​របស់​សត្វទាំងនោះ​ត្រូវបាន​ដុតចោល​នៅ​ខាងក្រៅ​ជំរំ​។

12 ដូច្នេះ ព្រះយេស៊ូវ​ក៏​បាន​រងទុក្ខ​នៅ​ខាងក្រៅ​ទ្វារក្រុង​ដែរ ដើម្បី​ញែក​ប្រជារាស្ត្រ​ជាវិសុទ្ធ តាមរយៈ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។

13 ដោយហេតុនេះ ចូរឲ្យ​យើង​ចេញទៅ​ឯ​ព្រះអង្គ​នៅ​ខាងក្រៅ​ជំរំ ទាំង​ផ្ទុក​ការត្មះតិះដៀល​ដែល​ព្រះអង្គ​បានទទួល​។

14 ដ្បិត​នៅ​ទីនេះ យើង​គ្មាន​ទីក្រុង​ដែល​នៅគង់វង្ស​ទេ ប៉ុន្តែ​យើង​កំពុងតែ​ខំស្វែងរក​ទីក្រុង​ដែល​រៀបនឹងមក​។

15 ដូច្នេះ ចូរឲ្យ​យើង​ថ្វាយ​យញ្ញបូជា​នៃ​ការសរសើរតម្កើង​ដល់​ព្រះ​ជានិច្ច​តាមរយៈ​ព្រះយេស៊ូវ​; យញ្ញបូជានេះ​គឺជា​ផលផ្លែ​នៃ​បបូរមាត់​ដែល​សារភាព​ព្រះនាម​របស់​ព្រះអង្គ​។

16 កុំ​ភ្លេច​ការធ្វើល្អ និង​ការចែកទាន ដ្បិត​យញ្ញបូជា​បែបនេះ​ហើយ ដែល​ព្រះ​សព្វព្រះហឫទ័យ​។

17 ចូរ​ស្ដាប់បង្គាប់​អ្នកដឹកនាំ​របស់អ្នករាល់គ្នា ហើយ​ចុះចូល​នឹងពួកគាត់ ដ្បិត​អ្នកទាំងនោះ​តែងតែ​ប្រុងស្មារតី​សម្រាប់​ព្រលឹង​របស់អ្នករាល់គ្នា ក្នុងនាមជា​អ្នក​រៀបរាប់ទូល​ជំនួស​អ្នករាល់គ្នា​។ ចូរ​ឲ្យ​ពួកគាត់​បាន​ធ្វើ​ការនេះ​ដោយ​អំណរ ហើយ​កុំ​ធ្វើឲ្យ​ពួកគាត់​ថ្ងូរ​ឡើយ ដ្បិត​បើ​ធ្វើឲ្យពួកគាត់ថ្ងូរ នោះជា​ការខាតបង់ប្រយោជន៍​ដល់​អ្នករាល់គ្នា​។

18 សូម​អធិស្ឋាន​សម្រាប់​យើង​ផង ដ្បិត​យើង​ជឿជាក់​ថា យើង​មាន​សតិសម្បជញ្ញៈ​ត្រឹមត្រូវ ទាំង​ប្រាថ្នាចង់​ប្រព្រឹត្ត​ត្រឹមត្រូវ​ក្នុង​គ្រប់ការទាំងអស់​។

19 ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​អធិស្ឋាន ជាពិសេស​ដើម្បីឲ្យ​ខ្ញុំ​បាន​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ ក្នុងពេលឆាប់ៗ​។


ពាក្យឲ្យពរ និងពាក្យជម្រាបលា

20 សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច

21 បាន​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍​ក្នុង​ការល្អ​គ្រប់យ៉ាង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។ សូមឲ្យ​ព្រះ​ធ្វើការ​ក្នុង​យើង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ជាទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។

22 បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​ទ្រាំ​នឹង​ពាក្យ​ជំរុញទឹកចិត្ត​នេះ ដ្បិត​ខ្ញុំ​គ្រាន់តែ​សរសេរ​មក​អ្នករាល់គ្នា​យ៉ាងខ្លី​ប៉ុណ្ណោះ​ទេ​។

23 សូម​ដឹង​ថា ធីម៉ូថេ​បងប្អូន​របស់យើង​ត្រូវបាន​ដោះលែង​ហើយ​។ ប្រសិនបើ​គាត់​អាច​មកដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​អ្នករាល់គ្នា​ជាមួយ​គាត់​ដែរ​។

24 សូម​ជួយ​សួរសុខទុក្ខ​អ្នកដឹកនាំ​ទាំងអស់​របស់អ្នករាល់គ្នា និង​វិសុទ្ធជន​ទាំងអស់គ្នា​ផង​។ ពួកបងប្អូន​ដែល​មកពី​អ៊ីតាលី ក៏​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​ដែរ​។

25 សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អ្នក​ទាំងអស់គ្នា​!​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម