Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ធីម៉ូថេ 4 - ព្រះគម្ពីរខ្មែរសាកល


ពាក្យព្យាករអំពីការបោះបង់ជំនឿ

1 យ៉ាងណាមិញ ព្រះវិញ្ញាណ​មានបន្ទូល​យ៉ាងច្បាស់​ថា នៅ​គ្រាចុងបញ្ចប់​នឹង​មាន​អ្នកខ្លះ​ដកខ្លួនចេញ​ពី​ជំនឿ ដោយ​ស្ដាប់តាម​វិញ្ញាណ​បោកប្រាស់ និង​សេចក្ដីបង្រៀន​របស់​ពួក​អារក្ស

2 ដែល​ចេញមកពី​ពុតត្បុត​របស់​ពួក​អ្នកភូតភរ​។ សតិសម្បជញ្ញៈ​របស់អ្នកទាំងនោះ​ត្រូវបាន​ដៅ

3 ហើយ​ពួកគេ​ហាមមិនឲ្យ​រៀបការ ទាំង​ឲ្យ​តម​អាហារ​ដែល​ព្រះ​បាន​និម្មិតបង្កើត​មក​ដើម្បីឲ្យ​អ្នក​ដែល​ជឿ និង​អ្នក​ដែល​ស្គាល់​សេចក្ដីពិត បាន​ទទួលយក​ដោយ​អរព្រះគុណ​។

4 ដ្បិត​របស់​សព្វសារពើ​ដែល​ព្រះ​បាន​និម្មិតបង្កើត​សុទ្ធតែ​ល្អ ហើយ​ប្រសិនបើ​ទទួលយក​ដោយ​អរព្រះគុណ ក៏​គ្មានអ្វី​ដែលត្រូវបោះចោល​ឡើយ

5 ពីព្រោះ​របស់ទាំងនោះ​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះបន្ទូល​របស់​ព្រះ និង​ដោយ​ពាក្យទូលអង្វរជំនួស​។


អ្នកបម្រើដ៏ល្អរបស់ព្រះយេស៊ូវគ្រីស្ទ

6 ប្រសិនបើ​អ្នក​ចង្អុលបង្ហាញ​សេចក្ដីទាំងនេះ​ដល់​បងប្អូន នោះ​អ្នក​នឹង​បានជា​អ្នកបម្រើ​ដ៏ល្អ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ត្រូវបាន​ចិញ្ចឹម​ដោយ​ព្រះបន្ទូល​នៃ​ជំនឿ និង​សេចក្ដីបង្រៀន​ដ៏ប្រសើរ​ដែល​អ្នក​បាន​កាន់តាម​រហូតមក​។

7 កុំឲ្យពាក់ព័ន្ធ​នឹង​ទេវកថា​ដែលប្រមាថព្រះ របស់យាយចាស់ៗ​ឡើយ ផ្ទុយទៅវិញ ចូរ​បង្វឹក​ខ្លួន​ដើម្បី​ការគោរពព្រះ

8 ដ្បិត ការបង្វឹក​ខ្លួនប្រាណ​មានប្រយោជន៍​ខ្លះ​ដែរ ប៉ុន្តែ​ការគោរពព្រះ​មានប្រយោជន៍​ក្នុង​គ្រប់ជំពូក ទាំង​មាន​សេចក្ដីសន្យា​សម្រាប់​ជីវិត​បច្ចុប្បន្ននេះ និង​ជីវិត​ដែល​រៀបនឹងមក​។

9 ពាក្យ​នេះ​គួរឲ្យទុកចិត្ត ហើយ​សម​នឹង​ទទួលយក​ទាំងស្រុង​។

10 នេះជាហេតុដែល​យើង​ធ្វើការនឿយហត់ ទាំង​តស៊ូ ពីព្រោះ​យើង​បាន​សង្ឃឹម​លើ​ព្រះ​ដ៏​មានព្រះជន្មរស់ ដែល​ជា​ព្រះសង្គ្រោះ​នៃ​មនុស្ស​ទាំងអស់ ជាពិសេស​អ្នកជឿ​។


សេចក្ដីបង្គាប់អំពីព័ន្ធកិច្ច

11 ចូរ​បង្គាប់ និង​បង្រៀន​សេចក្ដីទាំងនេះ​។

12 កុំឲ្យអ្នកណា​មើលងាយ​អ្នក​ដោយព្រោះ​នៅ​ក្មេង​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​អ្នកជឿ​ក្នុង​ពាក្យសម្ដី ក្នុង​កិរិយា ក្នុង​សេចក្ដីស្រឡាញ់ ក្នុង​ជំនឿ និង​ក្នុង​សេចក្ដីបរិសុទ្ធ​។

13 ចូរ​ផ្ដោតចិត្ត​លើ​ការអាន​គម្ពីរ​ឲ្យគេស្ដាប់ ការជំរុញទឹកចិត្ត និង​ការបង្រៀន រហូតដល់​ខ្ញុំ​បាន​មកដល់​។

14 កុំ​ធ្វើព្រងើយ​នឹង​អំណោយទាន​ដែល​ស្ថិត​នៅក្នុង​អ្នក​ឡើយ ជា​អំណោយទាន​ដែល​ប្រទាន​មក​អ្នក តាមរយៈ​ពាក្យព្យាករ ជាមួយនឹង​ការដាក់​ដៃ​របស់​ពួក​ចាស់ទុំ​។

15 ចូរ​រិះគិត​អំពី​សេចក្ដីទាំងនេះ ហើយ​ផ្ដាច់ខ្លួន​ទៅក្នុង​សេចក្ដី​ទាំងនេះ ដើម្បីឲ្យ​ការចម្រើនឡើង​របស់អ្នក​បាន​ជាក់ច្បាស់​ដល់​ទាំងអស់គ្នា​។

16 ចូរ​យកចិត្តទុកដាក់​ចំពោះ​ខ្លួនអ្នក និង​សេចក្ដីបង្រៀន​របស់អ្នក ហើយ​កាន់ខ្ជាប់​នូវ​សេចក្ដីទាំងនេះ ដ្បិត​ដែល​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួនអ្នក និង​អ្នក​ដែល​ស្ដាប់តាម​អ្នក​ផង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម