Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ ពេត្រុស 5 - ព្រះគម្ពីរខ្មែរសាកល


ពាក្យជំរុញទឹកចិត្តទៅកាន់ពួកចាស់ទុំ

1 ដូច្នេះ ខ្ញុំ ដែលជា​ចាស់ទុំដូចគ្នា និង​ជា​សាក្សី​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ ព្រមទាំង​ជា​អ្នកមានចំណែក​ក្នុង​សិរីរុងរឿង​ដែល​រៀបនឹង​ត្រូវបាន​សម្ដែង ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ពួក​ចាស់ទុំ​ក្នុងចំណោម​អ្នករាល់គ្នា​ថា

2 ចូរ​ឃ្វាល​ហ្វូងចៀម​របស់​ព្រះ ដែល​នៅក្នុងចំណោម​អ្នករាល់គ្នា ទាំង​យកចិត្តទុកដាក់​ស្របតាម​បំណងព្រះហឫទ័យ​របស់​ព្រះ មិនមែន​ដោយ​ត្រូវគេ​បង្ខំ​ទេ គឺ​ដោយស្ម័គ្រចិត្ត​វិញ ហើយក៏មិនមែន​ដោយលោភចង់បានកម្រៃទុច្ចរិត​ដែរ គឺ​ដោយចិត្តឆេះឆួល​វិញ

3 ក៏មិនមែន​ដោយ​ជិះជាន់​លើ​អ្នក​ដែល​ត្រូវបាន​ប្រទានមកឲ្យអ្នករាល់គ្នាមើលថែ​នោះ​ទេ ផ្ទុយទៅវិញ ចូរ​ធ្វើជា​គំរូ​ដល់​ហ្វូងចៀម​។

4 ធ្វើដូច្នេះ កាលណា​មេអ្នកគង្វាល​លេចមក អ្នករាល់គ្នា​នឹង​ទទួល​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនចេះរលាយបាត់​។

5 ដូចគ្នាដែរ អ្នករាល់គ្នា​ដែល​នៅ​ក្មេង​អើយ ចូរ​ចុះចូល​នឹង​ពួក​ចាស់ទុំ​ចុះ​។ អ្នក​ទាំងអស់គ្នា​ត្រូវ​បំពាក់ខ្លួន​ដោយ​ការបន្ទាបខ្លួន​ចំពោះ​គ្នាទៅវិញទៅមក ដ្បិត “ព្រះ​ទ្រង់​ប្រឆាំង​នឹង​មនុស្សក្រអឺតក្រទម ប៉ុន្តែ​ប្រទាន​ព្រះគុណ​ដល់​មនុស្ស​រាបទាប​វិញ”។

6 ដូច្នេះ ចូរ​បន្ទាបខ្លួន​នៅ​ក្រោម​ព្រះហស្ត​ដ៏ខ្លាំងពូកែ​របស់​ព្រះ​ចុះ ដើម្បីឲ្យ​ព្រះអង្គ​បាន​លើកតម្កើង​អ្នករាល់គ្នា​នៅ​ពេលកំណត់​។

7 ចូរ​ទម្លាក់​គ្រប់ទាំង​កង្វល់​របស់អ្នករាល់គ្នា​លើ​ព្រះ ដ្បិត​ព្រះអង្គ​ខ្វល់​ព្រះហឫទ័យ​នឹង​អ្នករាល់គ្នា​។


សរុបសេចក្ដី

8 ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។

9 ចូរ​តតាំង​នឹង​វា​ដោយ​ជំនឿ​ដ៏រឹងមាំ ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា បងប្អូន​របស់អ្នករាល់គ្នា​ក៏​រង​ទុក្ខលំបាក​ដូចគ្នា​នៅជុំវិញ​ពិភពលោក​ដែរ​។

10 ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។

11 សូមឲ្យ​មាន​ព្រះចេស្ដា​ដល់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន។

12 ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប តាមរយៈ​ស៊ីលវ៉ាន​ដែល​ខ្ញុំ​ចាត់ទុកជា​បងប្អូន​ដ៏ស្មោះត្រង់ ដើម្បី​ជំរុញទឹកចិត្ត​អ្នករាល់គ្នា និង​ធ្វើបន្ទាល់​ថា នេះ​ជា​ព្រះគុណ​ដ៏ពិតប្រាកដ​របស់​ព្រះ​។ ដូច្នេះ ចូរ​ឈរមាំ​ក្នុង​ព្រះគុណនេះ​ចុះ​។

13 លោកស្រី​ដែល​នៅ​បាប៊ីឡូន ដែលត្រូវបានជ្រើសរើស​ជាមួយ​អ្នករាល់គ្នា ព្រមទាំង​ម៉ាកុស​កូនប្រុស​របស់ខ្ញុំ ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។

14 ចូរ​សួរសុខទុក្ខ​គ្នាទៅវិញទៅមក​ដោយ​ការថើប​ដែលមកពី​សេចក្ដីស្រឡាញ់​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នកទាំងអស់គ្នា​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​!​៕​៚

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម