Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ភីលីព 1 - ព្រះគម្ពីរខ្មែរសាកល


ពាក្យជម្រាបសួរ

1 ពី​ខ្ញុំ ប៉ូល និង​ធីម៉ូថេ បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ជូនចំពោះ​វិសុទ្ធជន​ទាំងអស់​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​នៅ​ភីលីព ព្រមទាំង​អ្នកមើលខុសត្រូវ និង​អ្នកជំនួយ​។

2 សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត ពី​ព្រះដែលជាព្រះបិតា​របស់យើង និង​ពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ មាន​ដល់​អ្នករាល់គ្នា​!


អរព្រះគុណ និងអធិស្ឋានដល់ព្រះ

3 ខ្ញុំ​អរព្រះគុណ​ដល់​ព្រះ​របស់ខ្ញុំ រាល់ពេល​ដែល​ខ្ញុំ​នឹកចាំ​អំពី​អ្នករាល់គ្នា​។

4 រាល់ពេល​ដែល​ខ្ញុំ​អធិស្ឋាន​សម្រាប់​អ្នក​ទាំងអស់គ្នា ខ្ញុំ​តែងតែ​អធិស្ឋាន​ដោយ​អំណរ

5 ដោយព្រោះ​អ្នករាល់គ្នា​រួមចំណែក​ក្នុង​ដំណឹងល្អ តាំងពី​ថ្ងៃ​ដំបូង​រហូតដល់​ឥឡូវនេះ​។

6 ខ្ញុំ​ជឿជាក់​លើ​សេចក្ដីនេះ​ថា ព្រះអង្គ​ដែល​បាន​ចាប់ផ្ដើម​កិច្ចការល្អ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​នឹង​បង្ហើយ​ការនោះ​ត្រឹម​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​។

7 ជា​ការ​ត្រឹមត្រូវ​ដែល​ខ្ញុំ​គិត​ដូច្នេះ​ចំពោះ​អ្នក​ទាំងអស់គ្នា ពីព្រោះ​ខ្ញុំ​មាន​អ្នករាល់គ្នា​នៅក្នុង​ចិត្ត​ជានិច្ច ដ្បិត​អ្នក​ទាំងអស់គ្នា​ជា​អ្នករួមចំណែក​ជាមួយខ្ញុំ​ក្នុង​ព្រះគុណ ទោះបីជា​នៅពេល​ខ្ញុំ​ជាប់ឃុំឃាំង ឬ​ឆ្លើយការពារខ្លួន ឬ​ធ្វើបន្ទាល់​អំពី​ដំណឹងល្អ​ក៏ដោយ​។

8 ជាការពិត ព្រះ​ជា​សាក្សី​របស់ខ្ញុំ ថា​ខ្ញុំ​នឹករលឹក​អ្នក​ទាំងអស់គ្នា​ខ្លាំង​យ៉ាងណា ដោយ​ព្រះហឫទ័យសន្ដោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​។

9 ខ្ញុំ​អធិស្ឋាន​ការនេះ គឺឲ្យ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​កាន់តែ​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ និង​សមត្ថភាពដឹងខុសដឹងត្រូវ​គ្រប់ជំពូក

10 ដើម្បីឲ្យ​អ្នករាល់គ្នា​ចេះ​សម្គាល់​អ្វី​ដែល​សំខាន់ជាង ធ្វើឲ្យ​អ្នករាល់គ្នា​បាន​បរិសុទ្ធ និង​ឥតបន្ទោសបាន​នៅ​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ

11 ព្រមទាំង​ត្រូវបាន​បំពេញ​ដោយ​ផលផ្លែ​នៃ​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ជា​សិរីរុងរឿង និង​ការសរសើរតម្កើង​ដល់​ព្រះ​។


ការចម្រើនឡើងនៃដំណឹងល្អ

12 បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា អ្វី​ដែល​កើតឡើង​ដល់​ខ្ញុំ​បាន​ត្រឡប់ជា​ការចម្រើនឡើង​ដល់​ដំណឹងល្អ​វិញ

13 រហូតដល់​ជាក់ច្បាស់​ក្នុង​កងរក្សាព្រះចៅអធិរាជ​ទាំងមូល និង​អ្នក​ឯទៀត​ទាំងអស់ ថា​ខ្ញុំ​ជាប់ឃុំឃាំង​ដោយព្រោះ​ព្រះ​គ្រីស្ទ

14 ថែមទាំង​មាន​បងប្អូន​ភាគច្រើន​បាន​ជឿទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយសារតែ​ការជាប់ឃុំឃាំង​របស់ខ្ញុំ ហើយ​ប្រកាស​ព្រះបន្ទូល​កាន់តែ​ក្លាហាន​ឡើង​ឥតភ័យខ្លាច​។

15 មាន​អ្នកខ្លះ​ប្រកាស​ព្រះ​គ្រីស្ទ​ដោយ​ចិត្តឈ្នានីស និង​ការឈ្លោះប្រកែក​មែន ហើយក៏​មាន​អ្នកខ្លះ​ប្រកាស​ព្រះ​គ្រីស្ទ​ដោយ​បំណងល្អ​ដែរ​។

16 ពួកទីពីរ​ប្រកាស​ដោយ​សេចក្ដីស្រឡាញ់ ដោយ​ដឹង​ថា​ខ្ញុំ​ត្រូវបាន​តាំងឡើង​ដើម្បី​ឆ្លើយការពារ​ដំណឹងល្អ

17 រីឯ​ពួកទីមួយ​វិញ គេ​ប្រកាស​ព្រះ​គ្រីស្ទ​ដោយ​ចិត្តទាស់ទែង មិនមែន​ដោយ​ស្មោះត្រង់​ទេ ទាំង​ចង់​បន្ថែម​ទុក្ខវេទនា​ដល់​ការជាប់ឃុំឃាំង​របស់ខ្ញុំ​ទៀតផង​។

18 ចុះ​ម្ដេចទៅ​? មិនថា​ដោយ​របៀបណា​ទេ គឺ​ទោះបីជា​ដោយ​ការធ្វើពុត ឬ​ដោយ​ចិត្តស្មោះត្រង់​ក៏ដោយ ឲ្យតែ​គេ​ប្រកាស​ព្រះ​គ្រីស្ទ នោះ​ខ្ញុំ​ក៏​អរសប្បាយ​នឹង​ការនេះ​ហើយ​។ មែនហើយ ខ្ញុំ​នឹង​អរសប្បាយ‍ទៅទៀត

19 ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា​ការនេះ​នឹង​ទៅជា​ការរួចជីវិត​សម្រាប់​ខ្ញុំ តាមរយៈ​ការអធិស្ឋាន​របស់អ្នករាល់គ្នា និង​ជំនួយ​ពី​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។

20 បំណងចិត្ត និង​សេចក្ដីសង្ឃឹម​របស់ខ្ញុំ​គឺថា កុំឲ្យ​ខ្ញុំ​មានអ្វី​ត្រូវ​អៀនខ្មាស​ឡើយ ផ្ទុយទៅវិញ សូមឲ្យ​ព្រះ​គ្រីស្ទ​ត្រូវបាន​លើកតម្កើង​ក្នុង​រូបកាយ​របស់ខ្ញុំ ដោយ​ភាពក្លាហាន​ដ៏ពេញលេញ​នៅឥឡូវនេះ​ដូច​សព្វដង ទោះបីជា​តាមរយៈ​ការរស់ ឬ​ការស្លាប់​ក៏ដោយ​។


ការរស់គឺព្រះគ្រីស្ទ

21 ដ្បិត​សម្រាប់​ខ្ញុំ ការ​រស់​គឺ​ព្រះ​គ្រីស្ទ ហើយ​ការ​ស្លាប់​គឺ​ចំណេញ​។

22 ប៉ុន្តែ​ប្រសិនបើ​ឲ្យ​ខ្ញុំ​រស់​ក្នុង​សាច់ឈាម នោះ​គឺ​ការងារ​សម្បូរផលផ្លែ​សម្រាប់​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយណា​ទេ​។

23 ខ្ញុំ​ជាប់គំនាប​ទាំងសងខាង គឺ​ប្រាថ្នាចង់​ចាកចេញ​ទៅ​នៅ​ជាមួយ​ព្រះ​គ្រីស្ទ ដ្បិត​ការនេះ​ប្រសើរជាង​ខ្លាំង​ណាស់

24 ប៉ុន្តែ​ការ​ដែល​ខ្ញុំ​បន្ត​នៅក្នុង​សាច់ឈាម​នេះ ចាំបាច់​ជាង​សម្រាប់​អ្នករាល់គ្នា​។

25 ដោយ​ជឿជាក់​លើ​ការនេះ ខ្ញុំ​ក៏​ដឹង​ថា ខ្ញុំ​នឹង​នៅរស់ ហើយ​បន្តនៅជាមួយ​អ្នកទាំងអស់គ្នា ដើម្បី​ការចម្រើនឡើង​របស់អ្នករាល់គ្នា និង​អំណរ​នៃ​ជំនឿ

26 ដើម្បីឲ្យ​មោទនភាព​របស់អ្នករាល់គ្នា​ចំពោះ​ខ្ញុំ បាន​កើនឡើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដោយសារ​ខ្ញុំ​មក​រក​អ្នករាល់គ្នា​ម្ដងទៀត​។

27 គ្រាន់តែថា ចូរ​រស់នៅ​តាមបែបសមគួរ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ នោះ​ទោះបីជា​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​មិននៅជាមួយ​ក៏ដោយ ក៏​ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរមាំ​ក្នុង​វិញ្ញាណ​តែមួយ ទាំង​រួមតស៊ូ​ដោយ​ចិត្តតែមួយ​ដើម្បី​ជំនឿ​នៃ​ដំណឹងល្អ

28 ហើយ​មិន​តក់ស្លុត​ក្នុង​ការ​អ្វីមួយ​ពី​អ្នក​ប្រឆាំង​ឡើយ​។ នេះ​ជា​សញ្ញា​នៃ​ការវិនាស​ដល់​ពួកគេ រីឯ​ដល់​អ្នករាល់គ្នា​វិញ ជា​សេចក្ដីសង្គ្រោះ ‍ហើយ​ការនេះ​បាន​ចេញពី​ព្រះ​។

29 ដ្បិត​ការនេះ​បាន​ប្រទាន​ដល់​អ្នករាល់គ្នា​ដោយសារតែ​ព្រះ​គ្រីស្ទ គឺ​មិនគ្រាន់តែ​ឲ្យ​ជឿលើ​ព្រះអង្គ​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ឲ្យ​រងទុក្ខ​ដើម្បី​ព្រះអង្គ​ទៀតផង

30 ទាំង​ជួប​ការតយុទ្ធ​ដូច​ដែល​អ្នករាល់គ្នា​បាន​ឃើញ​ខ្ញុំ​ជួប ហើយ​ឥឡូវនេះ​ឮ​ថា​ខ្ញុំ​នៅតែ​ជួប​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម