២ ធីម៉ូថេ 1 - ព្រះគម្ពីរខ្មែរសាកលពាក្យជម្រាបសួរ 1 ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ ស្របតាមសេចក្ដីសន្យានៃជីវិតដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ 2 ជូនចំពោះធីម៉ូថេ កូនដ៏ជាទីស្រឡាញ់។ សូមឲ្យព្រះគុណ សេចក្ដីមេត្តា និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើង មានដល់អ្នក! អរព្រះគុណដល់ព្រះ 3 ខ្ញុំសូមអរព្រះគុណដល់ព្រះ ជាព្រះអង្គដែលខ្ញុំបានបម្រើតពីដូនតារបស់ខ្ញុំដោយសតិសម្បជញ្ញៈបរិសុទ្ធ ដោយខ្ញុំនឹកចាំអំពីអ្នកក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំឥតឈប់ឈរទាំងយប់ទាំងថ្ងៃ។ 4 ពេលនឹកឃើញទឹកភ្នែករបស់អ្នក ខ្ញុំក៏ចង់ជួបអ្នកយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំបានពេញដោយអំណរ។ 5 ខ្ញុំនឹកចាំអំពីជំនឿឥតពុតត្បុតដែលនៅក្នុងអ្នក ដែលមុនដំបូងបានស្ថិតនៅក្នុងឡូអ៊ីសជីដូនរបស់អ្នក បន្ទាប់មកបានស្ថិតនៅក្នុងអ៊ើនីសម្ដាយរបស់អ្នក ហើយខ្ញុំជឿជាក់ថាស្ថិតនៅក្នុងអ្នកដែរ។ 6 ហេតុនេះហើយបានជាខ្ញុំសូមរំលឹកអ្នកឲ្យអុជភ្លើងនៃអំណោយទានរបស់ព្រះឲ្យឆេះឡើងវិញ។ អំណោយទាននេះមាននៅក្នុងអ្នកតាមរយៈការដាក់ដៃរបស់ខ្ញុំ។ 7 ជាការពិត ព្រះមិនបានប្រទានវិញ្ញាណនៃភាពកំសាកដល់យើងទេ គឺបានប្រទានវិញ្ញាណនៃព្រះចេស្ដា សេចក្ដីស្រឡាញ់ និងការគ្រប់គ្រងចិត្តវិញ។ កុំអៀនខ្មាសអំពីដំណឹងល្អ 8 ដូច្នេះ កុំអៀនខ្មាសអំពីទីបន្ទាល់ស្ដីពីព្រះអម្ចាស់នៃយើងឡើយ ហើយក៏កុំអៀនខ្មាសអំពីខ្ញុំដែលជាអ្នកទោសរបស់ព្រះអង្គដែរ ផ្ទុយទៅវិញ ចូររួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អដោយព្រះចេស្ដារបស់ព្រះ។ 9 ព្រះបានសង្គ្រោះយើង និងបានត្រាស់ហៅយើងដោយការត្រាស់ហៅដ៏វិសុទ្ធ មិនមែនដោយសារតែការប្រព្រឹត្តរបស់យើងទេ គឺដោយសារតែបំណងព្រះហឫទ័យ និងព្រះគុណរបស់ព្រះអង្គផ្ទាល់; ព្រះគុណនេះបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ តាំងពីមុនកាលសម័យមកម្ល៉េះ 10 រីឯឥឡូវនេះ ត្រូវបានសម្ដែងតាមរយៈការលេចមករបស់ព្រះគ្រីស្ទយេស៊ូវព្រះសង្គ្រោះនៃយើង ដែលបំផ្លាញសេចក្ដីស្លាប់ ហើយបង្ហាញឲ្យឃើញច្បាស់នូវជីវិត និងអមតភាព តាមរយៈដំណឹងល្អ។ 11 សម្រាប់ដំណឹងល្អនេះឯង ដែលខ្ញុំត្រូវបានតែងតាំងឲ្យធ្វើជាអ្នកប្រកាស ជាសាវ័ក និងជាគ្រូបង្រៀន។ 12 ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែខ្ញុំមិនអៀនខ្មាសទេ ពីព្រោះខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ រហូតដល់ថ្ងៃនោះបាន។ ចូរស្មោះត្រង់នឹងជំនឿ 13 ចូរកាន់ខ្ជាប់នូវគំរូនៃព្រះបន្ទូលដ៏ត្រឹមត្រូវដែលអ្នកបានឮពីខ្ញុំ ដោយជំនឿ និងសេចក្ដីស្រឡាញ់ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ 14 ចូររក្សាបញ្ញើដ៏ល្អ តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដែលស្ថិតនៅក្នុងយើង។ 15 អ្នកដឹងការនេះហើយថា អស់អ្នកដែលនៅអាស៊ីបានបោះបង់ខ្ញុំចោល ក្នុងចំណោមពួកគេមាន ភីកេឡុស និងហ៊ើម៉ូគេន។ 16 សូមឲ្យព្រះអម្ចាស់ប្រទានសេចក្ដីមេត្តាដល់ក្រុមគ្រួសាររបស់អូនេស៊ិភ័រ ដ្បិតគាត់បានធ្វើឲ្យខ្ញុំផុសផុលជាច្រើនលើកច្រើនសា ហើយមិនបានអៀនខ្មាសអំពីច្រវាក់របស់ខ្ញុំទេ 17 ផ្ទុយទៅវិញ កាលមកដល់រ៉ូម គាត់ខំប្រឹងតាមរកខ្ញុំ រហូតទាល់តែបានរកឃើញ។ 18 សូមឲ្យព្រះអម្ចាស់ប្រទានឲ្យគាត់រកបានសេចក្ដីមេត្តាពីព្រះអម្ចាស់នៅថ្ងៃនោះ! អ្នកក៏ដឹងច្បាស់ដែរថា នៅអេភេសូរ គាត់បានបម្រើយ៉ាងណា៕ |