១ ថែស្សាឡូនីច 2 - ព្រះគម្ពីរខ្មែរសាកលព័ន្ធកិច្ចរបស់ប៉ូល 1 បងប្អូនអើយ ខ្លួនអ្នករាល់គ្នាផ្ទាល់ដឹងហើយថា ការដែលយើងចូលទៅដល់អ្នករាល់គ្នា មិនមែនឥតប្រយោជន៍ទេ 2 ផ្ទុយទៅវិញ យើងមានភាពក្លាហានក្នុងព្រះនៃយើង ដើម្បីប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាក្នុងការតយុទ្ធយ៉ាងខ្លាំង ដោយបានរងទុក្ខ និងត្រូវគេបង្អាប់បង្អោនជាស្រេចនៅភីលីព ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយ។ 3 ដ្បិតការជំរុញទឹកចិត្តរបស់យើង មិនមែនចេញមកពីការបោកប្រាស់ ឬការស្មោកគ្រោក ឬឧបាយកលឡើយ 4 ផ្ទុយទៅវិញ ដូចដែលយើងត្រូវព្រះពិសោធ ដើម្បីត្រូវបានផ្ទុកផ្ដាក់នូវដំណឹងល្អយ៉ាងណា យើងក៏ប្រកាសយ៉ាងនោះដែរ មិនមែនដើម្បីបំពេញចិត្តមនុស្សទេ គឺដើម្បីបំពេញព្រះហឫទ័យព្រះវិញ ដែលពិសោធចិត្តរបស់យើង។ 5 ជាការពិត យើងមិនដែលប្រើពាក្យបញ្ជោរ ដូចដែលអ្នករាល់គ្នាដឹងហើយ ហើយក៏មិនដែលធ្វើពុតដោយចិត្តលោភលន់ឡើយ——ព្រះជាសាក្សីអំពីការនេះ។ 6 យើងមិនស្វែងរកសិរីរុងរឿងពីមនុស្សទេ ទោះបីជាពីអ្នករាល់គ្នា ឬពីអ្នកផ្សេងទៀតក៏ដោយ។ 7 ថ្វីត្បិតតែយើងអាចដាក់បន្ទុកលើអ្នករាល់គ្នាបាន ក្នុងនាមជាសាវ័ករបស់ព្រះគ្រីស្ទក៏ដោយ ប៉ុន្តែយើងបានសុភាពរាបសាក្នុងចំណោមអ្នករាល់គ្នា ដូចដែលម្ដាយបំបៅកូន ថ្នាក់ថ្នមកូនរបស់ខ្លួន។ 8 ដូច្នេះ ដោយយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងដល់ម្ល៉េះ បានជាយើងពេញចិត្តនឹងចែកចាយដល់អ្នករាល់គ្នា មិនគ្រាន់តែដំណឹងល្អរបស់ព្រះប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់ខ្លួនយើងទៀតផង ពីព្រោះអ្នករាល់គ្នាបានក្លាយជាទីស្រឡាញ់ដល់យើង។ 9 ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំអំពីការនឿយហត់ និងការលំបាករបស់យើង គឺយើងបានធ្វើការទាំងយប់ទាំងថ្ងៃ ខណៈដែលយើងប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។ 10 អ្នករាល់គ្នា និងព្រះជាសាក្សីអំពីការនេះ គឺអំពីរបៀបដែលយើងបានប្រព្រឹត្តយ៉ាងល្អវិសុទ្ធ យ៉ាងត្រឹមត្រូវ និងឥតកំហុស ចំពោះអ្នករាល់គ្នាដែលជឿ 11 ដូចដែលអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តបែបនេះចំពោះអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់ខ្លួនដែរ។ 12 យើងបានលើកទឹកចិត្ត កម្សាន្តចិត្ត ហើយដាស់តឿនអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាដើរតាមបែបសមគួរនឹងព្រះដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងអាណាចក្រ និងសិរីរុងរឿងរបស់អង្គទ្រង់។ ការទទួល និងការជំទាស់នឹងព្រះបន្ទូល 13 នេះជាហេតុដែលយើងក៏អរព្រះគុណដល់ព្រះឥតឈប់ឈរដែរ ដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលអ្នករាល់គ្នាឮពីយើង អ្នករាល់គ្នាបានទទួលយកមិនមែនទុកដូចជាពាក្យរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះ ហើយតាមពិតជាព្រះបន្ទូលរបស់ព្រះមែន ដែលចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នាដែលជឿ។ 14 ដ្បិតបងប្អូនអើយ អ្នករាល់គ្នាបានក្លាយជាអ្នកយកតម្រាប់តាមក្រុមជំនុំរបស់ព្រះក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅយូឌា ពីព្រោះអ្នករាល់គ្នាបានរងទុក្ខដូចគ្នាពីជនរួមជាតិរបស់អ្នករាល់គ្នា ដូចដែលក្រុមជំនុំនៅយូឌាបានរងទុក្ខពីពួកជនជាតិយូដាដែរ។ 15 ពួកជនជាតិយូដាបានសម្លាប់ទាំងព្រះអម្ចាស់យេស៊ូវ និងបណ្ដាព្យាការី ហើយបានបៀតបៀនយើងដែរ ព្រមទាំងធ្វើឲ្យព្រះមិនសព្វព្រះហឫទ័យ ហើយក៏ប្រឆាំងនឹងមនុស្សទាំងអស់ 16 ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ! បំណងរបស់ប៉ូល 17 បងប្អូនអើយ ដោយយើងបានឃ្លាតឆ្ងាយពីអ្នករាល់គ្នាអស់មួយរយៈ គឺឃ្លាតតែរូបកាយ មិនមែនចិត្តទេ នោះយើងកាន់តែខំប្រឹងឲ្យបានជួបមុខអ្នករាល់គ្នាដោយចំណង់យ៉ាងខ្លាំង 18 ដូច្នេះយើងចង់មកជួបអ្នករាល់គ្នា។ ជាពិសេស ខ្ញុំ ប៉ូល ចង់មកម្ដងហើយម្ដងទៀត ប៉ុន្តែសាតាំងបានរារាំងយើង។ 19 ដ្បិតតើនរណាជាទីសង្ឃឹម ជាអំណរ និងជាមកុដនៃមោទនភាពរបស់យើងនៅចំពោះព្រះយេស៊ូវព្រះអម្ចាស់នៃយើង នៅពេលព្រះអង្គយាងមកវិញ? តើមិនមែនជាអ្នករាល់គ្នាទេឬ? 20 ពិតមែនហើយ អ្នករាល់គ្នាជាសិរីរុងរឿង និងជាអំណររបស់យើង៕ |