ដានីយ៉ែល 7:14 - ព្រះគម្ពីរខ្មែរសាកល អំណាចគ្រងរាជ្យ សិរីរុងរឿង និងអាណាចក្រត្រូវបានប្រទានដល់លោក ដើម្បីឲ្យអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានបម្រើលោក អំណាចគ្រងរាជ្យរបស់លោកជាអំណាចគ្រងរាជ្យដ៏អស់កល្ប ដែលមិនផុតទៅឡើយ ហើយអាណាចក្ររបស់លោកជាអាណាចក្រដែលបំផ្លាញមិនបានឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានទទួលអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងរាជសម្បត្តិ ដើម្បីឲ្យប្រជាជនទាំងអស់ ជាតិសាសន៍នានា និងមនុស្សគ្រប់ភាសាបានគោរពបម្រើព្រះអង្គ ឯអំណាចគ្រប់គ្រងរបស់ព្រះអង្គ ជាអំណាចគ្រប់គ្រងនៅស្ថិតស្ថេរអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ព្រះអង្គនឹងបំផ្លាញមិនបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់លោកមិនត្រូវរលាយដែរ។» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។ អាល់គីតាប គាត់បានទទួលអំណាចគ្រប់គ្រងកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើគាត់ អំណាចគ្រប់គ្រងរបស់គាត់នៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់គាត់មិនត្រូវរលាយដែរ។» |
ព្រះយេហូវ៉ាបានតាំងបល្ល័ង្ករបស់ព្រះអង្គឡើងនៅស្ថានសួគ៌ ហើយរាជ្យអំណាចរបស់ព្រះអង្គគ្រប់គ្រងលើរបស់សព្វសារពើ។
រាជ្យអំណាចរបស់ព្រះអង្គ ជារាជ្យអំណាចដ៏អស់កល្បជានិច្ច ហើយអំណាចគ្រងរាជ្យរបស់ព្រះអង្គនៅគ្រប់ជំនាន់ទាំងអស់។
ព្រះយេហូវ៉ានឹងគ្រងរាជ្យជារៀងរហូត! ស៊ីយ៉ូនអើយ ព្រះរបស់នាងគ្រងរាជ្យពីជំនាន់មួយទៅជំនាន់មួយ! ហាលេលូយ៉ា!៕
ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌!
សូមឲ្យព្រះនាមរបស់ទ្រង់ស្ថិតនៅជារៀងរហូត សូមឲ្យព្រះនាមរបស់ទ្រង់នៅគង់វង្សដរាបណានៅមានព្រះអាទិត្យ! សូមឲ្យមនុស្សឲ្យពរខ្លួនឯងដោយនូវទ្រង់ សូមឲ្យប្រជាជាតិទាំងអស់ហៅទ្រង់ថាមានព្រះពរ!
ព្រះអង្គបានធ្វើឲ្យគេមានអំណាចលើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់របស់សព្វសារពើនៅក្រោមជើងគេ
ពេលនោះ នឹងមានបល្ល័ង្កមួយត្រូវបានតាំងឡើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល ក៏នឹងមានម្នាក់អង្គុយលើបល្ល័ង្កនោះដោយសេចក្ដីពិតត្រង់ ក្នុងរោងរបស់ដាវីឌ ទាំងជំនុំជម្រះ ហើយស្វែងរកសេចក្ដីយុត្តិធម៌ ព្រមទាំងរហ័សនឹងអនុវត្តសេចក្ដីសុចរិតយុត្តិធម៌ផង។
ដ្បិតប្រជាជាតិណា និងអាណាចក្រណាដែលមិនបម្រើអ្នក នឹងវិនាស ប្រជាជាតិទាំងនោះនឹងហិនហោចអស់ទៅ។
ដ្បិតមានបុត្រមួយកើតមកដល់យើង មានបុត្រាមួយប្រទានមកយើង។ រីឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងដាក់ឈ្មោះបុត្រនោះថា “ទីប្រឹក្សាដ៏អស្ចារ្យ” “ព្រះដ៏មានព្រះចេស្ដា” “ព្រះបិតាដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់នៃសន្តិភាព”។
រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។
ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏បាក់បែកជាមួយគ្នា ហើយបានត្រឡប់ជាដូចអង្កាមនៅលានបោកស្រូវនារដូវក្ដៅ រួចខ្យល់ក៏ផាត់យកវាទៅ បានជាគ្មានដានណាមួយនៃរូបនោះត្រូវបានរកឃើញឡើយ រីឯថ្មដែលទង្គិចនឹងរូបនោះ បានទៅជាភ្នំដ៏ធំ រហូតដល់ពេញផែនដីទាំងមូល។
ព្រះរាជាអើយ ព្រះករុណាជាស្ដេចលើអស់ទាំងស្ដេច ដែលព្រះនៃស្ថានសួគ៌ បានប្រទានរាជ្យ អំណាច អានុភាព និងសិរីរុងរឿងដល់ព្រះករុណា។
“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
ពេលនោះ អ្នកប្រកាសស្រែកឡើងយ៉ាងខ្លាំងថា៖ “ជាតិសាសន៍ទាំងឡាយ ប្រជាជាតិទាំងឡាយ និងភាសានានាអើយ! មានបង្គាប់ដល់អ្នករាល់គ្នាថា
ទីសម្គាល់របស់ព្រះអង្គធំយ៉ាងណាហ្ន៎! ការអស្ចារ្យរបស់ព្រះអង្គខ្លាំងយ៉ាងណាហ្ន៎! អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប រាជ្យអំណាចរបស់ព្រះអង្គនៅពីជំនាន់មួយទៅជំនាន់មួយ។
យើងបានចេញសេចក្ដីបង្គាប់ថា នៅក្រោមអស់ទាំងអំណាចគ្រប់គ្រងនៃអាណាចក្ររបស់យើង មនុស្សទាំងឡាយត្រូវតែញ័ររន្ធត់ ហើយកោតខ្លាចនៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដ៏មានព្រះជន្មរស់ ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត អាណាចក្ររបស់ព្រះអង្គនឹងមិនត្រូវបានបំផ្លាញឡើយ រាជ្យអំណាចរបស់ព្រះអង្គនៅរហូតដល់ចុងបំផុត!
ប៉ុន្តែពួកវិសុទ្ធជនរបស់ព្រះដ៏ខ្ពស់បំផុតនឹងទទួលរាជ្យនោះ ហើយកាន់កាប់រាជ្យនោះជារៀងរហូត គឺជារៀងរហូតអស់កល្បជានិច្ច’។
នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងអានុភាពនៃអាណាចក្រទាំងឡាយនៅក្រោមមេឃទាំងមូល នឹងត្រូវបានប្រគល់ទៅប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងគោរពបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង’។
ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
ព្រះអង្គនឹងសោយរាជ្យលើពូជពង្សរបស់យ៉ាកុបជារៀងរហូត ហើយអាណាចក្ររបស់ព្រះអង្គនឹងគ្មានទីបញ្ចប់ឡើយ”។
“ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាដឹងថាព្រះបុត្រាជានរណាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាដឹងថាព្រះបិតាជានរណាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ”។
ហ្វូងមនុស្សតបនឹងព្រះអង្គថា៖ “យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅជារៀងរហូត ចុះម្ដេចក៏អ្នកនិយាយថា: ‘កូនមនុស្សត្រូវតែបានលើកឡើង’? តើ‘កូនមនុស្ស’ នេះជានរណា?”។
ព្រះបិតាទ្រង់ស្រឡាញ់ព្រះបុត្រា ហើយបានប្រទានអ្វីៗទាំងអស់មកក្នុងព្រះហស្តរបស់ព្រះបុត្រា។
ដូច្នេះ ដោយយើងបានទទួលអាណាចក្រដែលមិនចេះរញ្ជួយ ចូរឲ្យយើងមានចិត្តដឹងគុណ ដែលតាមរយៈចិត្តដឹងគុណនេះ យើងអាចបម្រើព្រះឲ្យគាប់ព្រះហឫទ័យព្រះអង្គ ដោយជំនឿស៊ប់ និងការកោតខ្លាច។
ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕
ព្រមទាំងធ្វើឲ្យយើងទៅជាអាណាចក្រមួយ ជាពួកបូជាចារ្យសម្រាប់ព្រះដែលជាព្រះបិតារបស់ព្រះអង្គ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដាមានដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។
អ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើង នៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះបិតារបស់យើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។