Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 145 - ព្រះគម្ពីរខ្មែរសាកល


ប្រកាសព្រះចេស្ដារបស់ព្រះ
ចម្រៀងសរសើរតម្កើង​របស់​ដាវីឌ​។

1 ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!

2 ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច​!

3 ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង​; ភាពធំឧត្ដម​របស់ព្រះអង្គ​វាស់ស្ទង់​មិនបានឡើយ​។

4 ជំនាន់​មួយ​នឹង​សរសើរ​កិច្ចការ​របស់ព្រះអង្គ​ដល់​ជំនាន់​មួយទៀត ហើយ​ប្រកាស​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ​។

5 ទូលបង្គំ​នឹង​សញ្ជឹងគិត​អំពី​ភាពឧត្ដុង្គឧត្ដម​នៃ​អានុភាព​ដ៏រុងរឿង​របស់ព្រះអង្គ និង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។

6 គេ​នឹង​និយាយ​អំពី​ឫទ្ធានុភាព​គួរឲ្យស្ញែងខ្លាច​របស់ព្រះអង្គ ហើយ​ទូលបង្គំ​ក៏​នឹង​ថ្លែង​អំពី​ភាពធំឧត្ដម​របស់ព្រះអង្គ​ដែរ​។

7 គេ​នឹង​បង្ហូរចេញ​នូវ​កេរ្តិ៍ឈ្មោះ​នៃ​សេចក្ដីល្អ​ដ៏បរិបូរ​របស់ព្រះអង្គ ហើយ​ច្រៀងដោយអំណរ​អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ដែរ​។

8 ព្រះយេហូវ៉ា​មានព្រះគុណ និង​មានសេចក្ដីមេត្តាករុណា ក៏​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏លើសលប់​!

9 ព្រះយេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំងអស់ ហើយ​សេចក្ដីមេត្តា​របស់ព្រះអង្គ​នៅលើ​អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​។

10 ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​នឹង​អរព្រះគុណ​ព្រះអង្គ ហើយ​ពួក​វិសុទ្ធជន​របស់ព្រះអង្គ​នឹង​ថ្វាយពរ​ព្រះអង្គ​!

11 គេ​នឹង​និយាយ​អំពី​សិរីរុងរឿង​នៃ​រាជ្យអំណាច​របស់ព្រះអង្គ ក៏​នឹង​ប្រកាស​អំពី​ព្រះចេស្ដា​របស់ព្រះអង្គ​ដែរ

12 ដើម្បីឲ្យ​មនុស្សលោក​ស្គាល់​កិច្ចការដ៏មានព្រះចេស្ដា​របស់ព្រះអង្គ និង​សិរីរុងរឿង​ដ៏ឧត្ដុង្គឧត្ដម​នៃ​រាជ្យអំណាច​របស់ព្រះអង្គ​។

13 រាជ្យអំណាច​របស់ព្រះអង្គ ជា​រាជ្យអំណាច​ដ៏អស់កល្បជានិច្ច ហើយ​អំណាចគ្រងរាជ្យ​របស់ព្រះអង្គ​នៅ​គ្រប់ជំនាន់​ទាំងអស់​។

14 ព្រះយេហូវ៉ា​ទ្រទ្រង់​អស់អ្នក​ដែល​ដួល ហើយ​លើក​អស់អ្នក​ដែល​ត្រូវបាន​បង្អោនចុះ ឲ្យងើបឡើងវិញ​។

15 ភ្នែក​ទាំងអស់​រំពឹងមើលទៅ​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រទាន​អាហារ​ដល់​ពួកគេ​តាម​ពេលកំណត់​។

16 ព្រះអង្គ​លា​ព្រះហស្ត​របស់ព្រះអង្គ ហើយ​ចម្អែត​បំណង​នៃ​របស់សព្វសារពើ​ដែល​មានជីវិត​។

17 ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​អស់ទាំង​ផ្លូវ​របស់ព្រះអង្គ ហើយ​ពិតត្រង់​ក្នុង​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​។

18 ព្រះយេហូវ៉ា​គង់​នៅជិត​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ គឺ​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ​ដោយ​សេចក្ដីពិតត្រង់​។

19 ព្រះអង្គ​ទ្រង់​បំពេញ​បំណង​របស់​អ្នកដែល​កោតខ្លាច​ព្រះអង្គ​ឲ្យសម្រេច ព្រះអង្គ​ទ្រង់​សណ្ដាប់​សម្រែក​របស់ពួកគេ ហើយ​សង្គ្រោះ​ពួកគេ​។

20 ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​អស់អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​បំផ្លាញ​អស់ទាំង​មនុស្ស​អាក្រក់​វិញ​។

21 មាត់​របស់ខ្ញុំ​នឹង​ថ្លែង​ពាក្យសរសើរតម្កើង​ព្រះយេហូវ៉ា​។ ចូរឲ្យ​គ្រប់ទាំង​សាច់​ថ្វាយពរ​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម