Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ដានី‌យ៉ែល 6 - ព្រះគម្ពីរខ្មែរសាកល


ការឃុបឃិតគ្នាទាស់នឹងដានីយ៉ែល

1 ដារីយុស​បាន​សព្វព្រះទ័យ​នឹង​តាំង​ចៅហ្វាយខេត្ត​មួយរយម្ភៃ​នាក់​លើ​អាណាចក្រ ជា​អ្នកដែល​នៅ​លើ​អាណាចក្រ​ទាំងមូល

2 ហើយ​តាំង​អគ្គទេសាភិបាល​បី​នាក់​លើ​ចៅហ្វាយខេត្តទាំងនោះ ដែល​ដានីយ៉ែល​ជា​ម្នាក់​ក្នុង​ពួកអគ្គទេសាភិបាលទាំងនោះ​ដែរ​។ ពួក​ចៅហ្វាយខេត្ត​ទាំងនោះ​ត្រូវ​ជូន​របាយការណ៍​ដល់​អ្នកទាំងបីនាក់នោះ ដើម្បី​កុំឲ្យ​ស្ដេច​ត្រូវ​ខាតបង់​ឡើយ​។

3 ក្រោយមក ដានីយ៉ែល​នេះ​បាន​ទៅជា​កំពូល​លើ​ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត ពីព្រោះ​មាន​វិញ្ញាណ​ដ៏វិសេស​នៅក្នុង​គាត់ ហើយ​ស្ដេច​គិត​នឹង​តាំង​គាត់​លើ​អាណាចក្រ​ទាំងមូល​។

4 ដោយហេតុនេះ ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត​ក៏​រក​ឲ្យ​ឃើញ​ទោស​ទាស់នឹង​ដានីយ៉ែល​ទាក់ទងនឹង​អាណាចក្រ​នោះ ប៉ុន្តែ​ពួកគេ​រក​មិន​ឃើញ​ទោស ឬ​កំហុស​អ្វី​ទេ ពីព្រោះ​គាត់​ស្មោះត្រង់ ដូច្នេះ​ពួកគេ​ក៏​រក​មិន​ឃើញ​ការធ្វេសប្រហែស ឬ​កំហុស​អ្វី​ក្នុង​គាត់​ឡើយ​។

5 មនុស្ស​ទាំងនោះ​ក៏​និយាយ​ថា​៖ “ពួកយើង​រក​មិន​ឃើញ​ទោស​អ្វី​ទាស់នឹង​ដានីយ៉ែល​នេះ​ឡើយ លុះត្រាតែ​រក​អ្វី​ទាស់នឹង​វា ទាក់ទងនឹង​ក្រឹត្យវិន័យ​នៃ​ព្រះ​របស់វា”។

6 ដូច្នេះ ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត​ទាំងនោះ​ក៏​ប្រមូលគ្នាមក​គាល់​ស្ដេច ហើយ​ទូល​ទ្រង់​ដូច្នេះ​ថា​៖ “ព្រះបាទ​ដារីយុស​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​!

7 អស់ទាំង​អគ្គទេសាភិបាល​នៃ​អាណាចក្រ ពួក​អភិបាល ពួក​ចៅហ្វាយខេត្ត ពួក​ទីប្រឹក្សា និង​ពួក​ទេសាភិបាល​បាន​ប្រឹក្សាគ្នា​ថា ព្រះរាជា​គួរ​ចេញ​រាជក្រឹត្យ​មួយ ហើយ​អនុវត្ត​បម្រាម​នោះ​យ៉ាងតឹងរ៉ឹង គឺ​ក្នុងរយៈពេល​សាមសិប​ថ្ងៃ អស់អ្នកណាដែល​អធិស្ឋាន​ទៅ​ព្រះ​ណាមួយ ឬ​មនុស្ស​ណាមួយ ក្រៅពី​ព្រះករុណា​ជា​ស្ដេច អ្នកនោះ​នឹង​ត្រូវ​បោះ​ទៅក្នុង​រូង​តោ​។

8 ឥឡូវនេះ ព្រះរាជា​អើយ សូម​ព្រះករុណា​ចេញ​បម្រាម​នេះ ហើយ​ឡាយព្រះហស្តលេខា​លើ​ឯកសារ​នេះ ដើម្បីកុំឲ្យ​ផ្លាស់ប្ដូរ​បាន​ឡើយ ស្របតាម​ច្បាប់​នៃ​ជនជាតិមេឌី និង​ជនជាតិពើស៊ី ដែល​លុបចោល​មិនបាន”។

9 ដូច្នេះ ព្រះបាទ​ដារីយុស​បាន​ឡាយព្រះហស្តលេខា​លើ​ឯកសារ និង​បម្រាម​នោះ​។


ដានីយ៉ែលនៅក្នុងរូងតោ

10 នៅពេល​ដានីយ៉ែល​បាន​ដឹង​ថា ឯកសារ​នោះ​ត្រូវបាន​ឡាយព្រះហស្តលេខា​ហើយ គាត់​ក៏​ចូលទៅ​ក្នុង​ផ្ទះ​របស់ខ្លួន​——​បង្អួច​នៅ​បន្ទប់ខាងលើ​របស់គាត់​បាន​ចំហ​ឆ្ពោះទៅ​យេរូសាឡិម​——​គាត់​ក៏​លុតជង្គង់ ហើយ​អធិស្ឋាន ព្រមទាំង​អរព្រះគុណ​នៅចំពោះ​ព្រះ​របស់គាត់​មួយ​ថ្ងៃ​បី​ដង ដូចដែល​គាត់​បាន​ធ្វើ​ពីមុន​។

11 រីឯ​មនុស្ស​ទាំងនោះ​បាន​ប្រមូលគ្នាមក ហើយ​ឃើញ​ដានីយ៉ែល​កំពុង​អធិស្ឋាន និង​ទូលអង្វរ​នៅចំពោះ​ព្រះ​របស់គាត់​។

12 ពួកគេ​ក៏​ចូលទៅជិត ហើយ​ទូល​នៅចំពោះ​ស្ដេច​អំពី​បម្រាម​របស់​ស្ដេច​ថា​៖ “តើ​ព្រះករុណា​មិន​បាន​ឡាយព្រះហស្តលេខា​លើ​បម្រាម​នោះ​ទេ​ឬ ដែល​ថា ក្នុងរយៈពេល​សាមសិប​ថ្ងៃ អស់អ្នកណា​ដែល​អធិស្ឋាន​ទៅ​ព្រះ​ណាមួយ ឬ​មនុស្ស​ណាមួយ ក្រៅពី​ព្រះករុណា​ជា​ស្ដេច អ្នកនោះ​នឹង​ត្រូវ​បោះ​ទៅក្នុង​រូង​តោ​?”។ ស្ដេច​ទ្រង់​តប​ថា​៖ “សេចក្ដី​នោះ​ពិតប្រាកដ​ហើយ ស្របតាម​ច្បាប់​នៃ​ជនជាតិមេឌី និង​ជនជាតិពើស៊ី ដែល​លុបចោល​មិនបាន”។

13 ពួកគេ​ទូល​នៅចំពោះ​ស្ដេច​ថា​៖ “ព្រះរាជា​អើយ ដានីយ៉ែល​ដែល​ជាម្នាក់​ក្នុងចំណោម​ជនជម្លៀស​ពី​យូដា មិន​អើពើ​នឹង​សេចក្ដីបង្គាប់​របស់ព្រះករុណា ឬ​បម្រាម​ដែល​ព្រះករុណា​បាន​ឡាយព្រះហស្តលេខា​ហើយ​នោះ​ទេ គឺ​គាត់​នៅតែ​អធិស្ឋាន​មួយ​ថ្ងៃ​បី​ដង”។

14 នៅពេល​ស្ដេច​ឮ​ពាក្យ​ទាំងនេះ ទ្រង់​ក៏​កើតទុក្ខ​ក្រៃលែង ហើយ​ទ្រង់​តាំងព្រះទ័យ​នឹង​រំដោះ​ដានីយ៉ែល​។ ទ្រង់​បាន​ខំប្រឹងប្រែង​ដើម្បី​សង្គ្រោះ​គាត់​រហូតដល់​ថ្ងៃលិច​។

15 ពេលនោះ ពួក​មនុស្ស​ទាំងនោះ​ក៏​ប្រមូលគ្នាមក​គាល់​ស្ដេច ហើយ​ទូល​ស្ដេច​ថា​៖ “ព្រះរាជា​អើយ សូម​ជ្រាប​ថា តាម​ច្បាប់​នៃ​ជនជាតិមេឌី និង​ជនជាតិពើស៊ី អស់ទាំង​បម្រាម និង​រាជក្រឹត្យ​ដែល​ស្ដេច​បង្កើតឡើង គឺ​ផ្លាស់ប្ដូរ​មិនបានឡើយ”។

16 ដូច្នេះ ស្ដេច​ក៏​បញ្ជា​ឲ្យ​នាំ​ដានីយ៉ែល​មក ហើយ​បោះ​ទៅក្នុង​រូង​តោ​។ ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “សូមឲ្យ​ព្រះ​របស់អ្នក ដែល​អ្នក​គោរពបម្រើ​ព្រះអង្គ​ជានិច្ច រំដោះ​អ្នក​ចុះ​!”។

17 គេ​យក​ថ្ម​មួយ​មក​ដាក់​លើ​មាត់​រូង​នោះ ហើយ​ស្ដេច​ក៏​ប្រថាប់ត្រា​លើ​វា​ដោយ​ព្រះទម្រង់​របស់ទ្រង់ និង​ដោយ​ចិញ្ចៀនត្រា​របស់​ពួក​នាម៉ឺន​ទ្រង់ ដើម្បីកុំឲ្យ​ដំណើរ​ទាក់ទងនឹង​ដានីយ៉ែល​ត្រូវបាន​ផ្លាស់ប្ដូរ​ឡើយ​។

18 បន្ទាប់មក ស្ដេច​យាង​ត្រឡប់ទៅ​ឯ​រាជវាំង​របស់ទ្រង់​វិញ ហើយ​ទ្រង់​ចំណាយពេលពេញមួយយប់​ដោយ​អត់ព្រះស្ងោយ ក៏​មិន​ឲ្យ​នាំ​ការកម្សាន្ត​មក​នៅចំពោះ​ទ្រង់​ដែរ រីឯ​ការផ្ទំលក់​ក៏​ចាកចេញ​ពី​ទ្រង់​។


ដានីយ៉ែលត្រូវបានដោះលែង

19 លុះ​ព្រលឹមស្រាងៗ ស្ដេច​ទ្រង់​ក្រោកឡើង​យាង​ចេញ​ទៅ​រូង​តោ​យ៉ាងប្រញាប់ប្រញាល់​។

20 កាល​ទ្រង់​យាង​ចូលទៅជិត​រូង​នោះ ទ្រង់​ស្រែកហៅ​ដានីយ៉ែល​ដោយ​សំឡេង​យ៉ាងសោកសៅ​។ ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ដានីយ៉ែល​អ្នកបម្រើ​របស់​ព្រះ​ដ៏មានព្រះជន្មរស់​អើយ តើ​ព្រះ​របស់អ្នក ដែល​អ្នក​គោរពបម្រើ​ជានិច្ច​នោះ បាន​រំដោះ​អ្នក​ពី​តោ​បាន​ឬទេ​?”។

21 ពេលនោះ ដានីយ៉ែល​ទូល​ស្ដេច​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​!

22 ព្រះ​របស់ខ្ញុំព្រះបាទ​បាន​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យមក​បិទ​មាត់​តោ ដូច្នេះ​ពួកវា​មិន​បាន​ធ្វើទុក្ខ​ខ្ញុំព្រះបាទ​ឡើយ ពីព្រោះ​ខ្ញុំព្រះបាទ​ត្រូវបាន​ឃើញថា​ឥតទោស​នៅចំពោះ​ព្រះអង្គ​។ ព្រះរាជា​អើយ ខ្ញុំព្រះបាទ​ក៏​មិន​បាន​ធ្វើ​ខុស​នៅចំពោះ​ព្រះករុណា​ដែរ”។

23 ដោយហេតុនេះ ស្ដេច​ទ្រង់​រីករាយ​យ៉ាងក្រៃលែង ហើយ​បញ្ជា​ឲ្យ​លើក​ដានីយ៉ែល​ឡើង​ពី​រូង​នោះ គេ​ក៏​លើក​ដានីយ៉ែល​ឡើង​ពី​រូង នោះ​គ្មាន​របួស​ណាមួយ​ឃើញមាន​លើ​ខ្លួនគាត់​ឡើយ ពីព្រោះ​គាត់​បាន​ជឿទុកចិត្តលើ​ព្រះ​របស់គាត់​។

24 បន្ទាប់មក ស្ដេច​ទ្រង់​បញ្ជា​ឲ្យ​នាំ​មនុស្ស​ទាំងនោះ​ដែល​ចោទប្រកាន់​ដានីយ៉ែល​មក ហើយ​បោះ​ពួកគេ កូន​ៗ​របស់ពួកគេ និង​ប្រពន្ធ​របស់ពួកគេ​ទៅក្នុង​រូង​តោ​វិញ​។ តោ​ទាំងនោះ​បង្ក្រាប​ពួកគេ ហើយ​បំបាក់​អស់ទាំង​ឆ្អឹង​ពួកគេ​ឲ្យខ្ទេចខ្ទី មុន​ពួកគេ​មិនទាន់​ដល់​បាត​រូង​ផង​។


ដារីយុសលើកតម្កើងព្រះ

25 ក្រោយមក ព្រះបាទ​ដារីយុស​បាន​សរសេរ​ទៅ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​ដែល​រស់នៅ​លើ​ផែនដី​ទាំងមូល​ថា​៖ “សូមឲ្យ​សេចក្ដីសុខសាន្ត​របស់អ្នករាល់គ្នា​បាន​ចម្រើនឡើង​!

26 យើង​បាន​ចេញ​សេចក្ដីបង្គាប់​ថា នៅក្រោម​អស់ទាំង​អំណាចគ្រប់គ្រង​នៃ​អាណាចក្រ​របស់យើង មនុស្សទាំងឡាយ​ត្រូវតែ​ញ័ររន្ធត់ ហើយ​កោតខ្លាច​នៅចំពោះ​ព្រះ​របស់​ដានីយ៉ែល ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏មានព្រះជន្មរស់ ព្រះអង្គ​នៅស្ថិតស្ថេរ​ជារៀងរហូត អាណាចក្រ​របស់ព្រះអង្គ​នឹង​មិន​ត្រូវបាន​បំផ្លាញ​ឡើយ រាជ្យអំណាច​របស់ព្រះអង្គ​នៅ​រហូតដល់​ចុងបំផុត​!

27 ព្រះអង្គ​ទ្រង់​រំដោះ និង​សង្គ្រោះ ព្រះអង្គ​ទ្រង់​ធ្វើ​ទីសម្គាល់ និង​ការអស្ចារ្យ នៅ​លើមេឃ និង​នៅលើ​ផែនដី​។ គឺព្រះអង្គហើយ ដែល​រំដោះ​ដានីយ៉ែល​ពី​ក្រញាំ​តោ”។

28 គឺយ៉ាងនេះឯង​ដែល​ដានីយ៉ែល​នេះ​បាន​ចម្រើនឡើង​នៅក្នុង​រជ្ជកាល​របស់​ដារីយុស និង​ក្នុង​រជ្ជកាល​របស់​ស៊ីរូស​ជនជាតិពើស៊ី​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម