វិវរណៈ 1 - ព្រះគម្ពីរខ្មែរសាកលអារម្ភកថា 1 ការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញហេតុការណ៍ដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗឲ្យបាវបម្រើរបស់ព្រះអង្គឃើញ។ ព្រះគ្រីស្ទបានបញ្ជាក់សេចក្ដីទាំងនេះ ដោយបញ្ជូនសេចក្ដីទាំងនេះដល់យ៉ូហានបាវបម្រើរបស់ព្រះអង្គ តាមរយៈទូតសួគ៌របស់ព្រះអង្គ។ 2 យ៉ូហានបានធ្វើបន្ទាល់អំពីអ្វីៗដែលគាត់បានឃើញ គឺអំពីព្រះបន្ទូលរបស់ព្រះ និងអំពីទីបន្ទាល់ស្ដីពីព្រះយេស៊ូវគ្រីស្ទ។ 3 មានពរហើយ អ្នកដែលអាន និងអ្នកដែលស្ដាប់ពាក្យព្យាករនេះ ហើយកាន់តាមសេចក្ដីដែលមានសរសេរទុកមកនៅក្នុងនេះ ព្រោះថាពេលកំណត់ជិតដល់ហើយ។ 4 ពីខ្ញុំ យ៉ូហាន ជូនចំពោះក្រុមជំនុំទាំងប្រាំពីរនៅអាស៊ី។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តមានដល់អ្នករាល់គ្នា ពីព្រះអង្គដែលគង់នៅសព្វថ្ងៃ គង់នៅតាំងពីដើម ហើយដែលត្រូវយាងមក និងពីព្រះវិញ្ញាណប្រាំពីរដែលនៅចំពោះបល្ល័ង្ករបស់ព្រះអង្គ 5 ព្រមទាំងពីព្រះយេស៊ូវគ្រីស្ទដែលជាសាក្សីស្មោះត្រង់ ជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ និងជាមេគ្រប់គ្រងលើបណ្ដាស្ដេចនៃផែនដី! ចំពោះព្រះអង្គដែលស្រឡាញ់យើង ហើយរំដោះយើងពីបាបរបស់យើងដោយព្រះលោហិតរបស់ព្រះអង្គ 6 ព្រមទាំងធ្វើឲ្យយើងទៅជាអាណាចក្រមួយ ជាពួកបូជាចារ្យសម្រាប់ព្រះដែលជាព្រះបិតារបស់ព្រះអង្គ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដាមានដល់ព្រះអង្គរហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។ 7 “មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។ 8 ព្រះអម្ចាស់ដ៏ជាព្រះ មានបន្ទូលថា៖ “យើងជា ‘អាលផា’ និងជា ‘អូមេកា’ ជាព្រះដ៏មានព្រះចេស្ដា ដែលមាននៅសព្វថ្ងៃ មាននៅតាំងពីដើម ហើយដែលត្រូវយាងមក”។ យ៉ូហានឃើញនិមិត្តអំពីព្រះអម្ចាស់ 9 ខ្ញុំ យ៉ូហាន ដែលជាបងប្អូនរបស់អ្នករាល់គ្នា និងជាអ្នករួមចំណែកក្នុងទុក្ខវេទនា ក្នុងអាណាចក្រ និងក្នុងការស៊ូទ្រាំ ដែលមាននៅក្នុងព្រះយេស៊ូវ ខ្ញុំបាននៅលើកោះមួយដែលហៅថាប៉ាត់ម៉ុស ដោយសារតែព្រះបន្ទូលរបស់ព្រះ និងទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ 10 នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ក៏ឮសំឡេងមួយយ៉ាងខ្លាំងដូចសំឡេងត្រែ នៅខាងក្រោយខ្ញុំ 11 ពោលថា៖“អ្វីដែលអ្នកឃើញ ចូរសរសេរក្នុងក្រាំងមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរគឺអេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និងឡៅឌីសេ”។ 12 ខ្ញុំក៏បែរទៅមើលសំឡេងនោះដែលនិយាយមកខ្ញុំ។ នៅពេលខ្ញុំបែរទៅ ខ្ញុំបានឃើញជើងចង្កៀងមាសប្រាំពីរ។ 13 នៅកណ្ដាលចំណោមជើងចង្កៀងទាំងនោះមានម្នាក់ដូចកូនមនុស្ស ដែលពាក់អាវវែងដល់ជើង ទាំងពាក់ខ្សែក្រវាត់មាសនៅនឹងដើមទ្រូង។ 14 ក្បាល និងសក់របស់លោក សដូចរោមចៀម សដូចហិមៈ ហើយភ្នែករបស់លោកក៏ដូចអណ្ដាតភ្លើង; 15 ជើងរបស់លោកស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង ហាក់ដូចជាត្រូវបានបន្សុទ្ធក្នុងឡភ្លើង ហើយសំឡេងរបស់លោកក៏ដូចសូរសន្ធឹករបស់ទឹកដ៏ច្រើន; 16 លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំរបស់លោក ហើយមានដាវមុខពីរដ៏មុត ចេញពីមាត់របស់លោក; មុខលោកដូចជាព្រះអាទិត្យដែលបញ្ចេញពន្លឺពេលពេញកម្ដៅ។ 17 នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖“កុំខ្លាចឡើយ! យើងជាដើម និងជាចុង 18 ជាអ្នកដែលមានជីវិតរស់។ យើងបានស្លាប់ ប៉ុន្តែមើល៍! យើងមានជីវិតរស់រហូតអស់កល្បជាអង្វែងតរៀងទៅព្រមទាំងកាន់កូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថានមនុស្សស្លាប់។ 19 ដូច្នេះ ចូរកត់ត្រាទុកនូវអ្វីដែលអ្នកបានឃើញ គឺអ្វីដែលកើតឡើងនៅសព្វថ្ងៃ និងអ្វីដែលរៀបនឹងកើតឡើងបន្ទាប់ពីការទាំងនេះ។ 20 រីឯអាថ៌កំបាំងនៃផ្កាយទាំងប្រាំពីរដែលអ្នកបានឃើញនៅដៃស្ដាំរបស់យើង និងជើងចង្កៀងមាសទាំងប្រាំពីរនោះ គឺដូច្នេះ: ផ្កាយទាំងប្រាំពីរជាទូតរបស់ក្រុមជំនុំទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរជាក្រុមជំនុំទាំងប្រាំពីរនោះឯង”៕ |