ទំនុកតម្កើង 103 - ព្រះគម្ពីរខ្មែរសាកលសរសើរតម្កើងដល់សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះ បទតម្កើង របស់ដាវីឌ។ 1 ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! គ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំអើយ ចូរថ្វាយពរព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ! 2 ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! កុំភ្លេចអស់ទាំងកិច្ចការសប្បុរសរបស់ព្រះអង្គឡើយ 3 គឺការដែលព្រះអង្គលើកលែងទោសអស់ទាំងអំពើទុច្ចរិតរបស់អ្នក ការដែលព្រះអង្គប្រោសអស់ទាំងរោគារបស់អ្នកឲ្យជា 4 ការដែលព្រះអង្គប្រោសលោះជីវិតរបស់អ្នកពីរណ្ដៅមរណៈ ការដែលព្រះអង្គបំពាក់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីមេត្តាជាមកុដលើអ្នក 5 និងការដែលព្រះអង្គចម្អែតបំណងប្រាថ្នារបស់អ្នកដោយការល្អ ហើយយុវភាពរបស់អ្នកនឹងត្រូវបានស្ដារឡើងវិញដូចជាឥន្ទ្រី! 6 ព្រះយេហូវ៉ាទ្រង់អនុវត្តសេចក្ដីសុចរិត ក៏អនុវត្តសេចក្ដីយុត្តិធម៌សម្រាប់អស់អ្នកដែលត្រូវបានសង្កត់សង្កិន។ 7 ព្រះអង្គបានសម្ដែងមាគ៌ារបស់ព្រះអង្គដល់ម៉ូសេ ក៏សម្ដែងកិច្ចការរបស់ព្រះអង្គដល់កូនចៅអ៊ីស្រាអែល។ 8 ព្រះយេហូវ៉ាមានសេចក្ដីមេត្តាករុណា និងមានព្រះគុណ ក៏យឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏លើសលប់។ 9 ព្រះអង្គមិនបន្ទោសជាដរាបឡើយ ក៏មិនរក្សាកំហឹងជារៀងរហូតដែរ។ 10 ព្រះអង្គមិនប្រព្រឹត្តដល់យើងតាមបាបរបស់យើងឡើយ ក៏មិនតបសងដល់យើងតាមអំពើទុច្ចរិតរបស់យើងដែរ។ 11 ដ្បិតដូចដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គចំពោះអ្នកដែលកោតខ្លាចព្រះអង្គ ក៏ធំធេងយ៉ាងនោះដែរ។ 12 ដូចដែលទិសខាងកើតឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏យកការបំពានរបស់យើងចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ 13 ដូចដែលឪពុកអាណិតមេត្តាកូនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតមេត្តាអ្នកដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ 14 ដ្បិតព្រះអង្គទ្រង់ស្គាល់រូបសណ្ឋានរបស់យើង ក៏នឹកចាំថាយើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ 15 រីឯមនុស្សលោកវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេចម្រើនឡើងដូចជាផ្កានៅទីវាល។ 16 កាលណាខ្យល់បក់កាត់ពីលើវា នោះវាក៏លែងមាន ហើយសូម្បីតែកន្លែងរបស់វាក៏លែងស្គាល់វាទៀតឡើយ។ 17 ប៉ុន្តែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះយេហូវ៉ាចំពោះអ្នកដែលកោតខ្លាចព្រះអង្គ មានតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គមានដល់កូនចៅនៃកូនចៅរបស់ពួកគេ 18 គឺដល់អ្នកដែលរក្សាសម្ពន្ធមេត្រីរបស់ព្រះអង្គ និងអ្នកដែលនឹកចាំច្បាប់តម្រារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។ 19 ព្រះយេហូវ៉ាបានតាំងបល្ល័ង្ករបស់ព្រះអង្គឡើងនៅស្ថានសួគ៌ ហើយរាជ្យអំណាចរបស់ព្រះអង្គគ្រប់គ្រងលើរបស់សព្វសារពើ។ 20 ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា! 21 អស់ទាំងពលបរិវាររបស់ព្រះអង្គដែលបម្រើព្រះអង្គ ដែលធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា! 22 អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ ដែលនៅគ្រប់កន្លែងក្នុងអំណាចគ្រប់គ្រងរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា! ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា!៕ |