ដានីយ៉ែល 7 - អាល់គីតាបណាពីដានីយ៉ែលសុបិននិមិត្តឃើញសត្វសាហាវបួន 1 នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចបេលសាសារ ជាស្ដេចស្រុកបាប៊ីឡូន ដានីយ៉ែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់គាត់និមិត្តឃើញការអស្ចារ្យ ដែលគាត់លើកយកចំណុចសំខាន់ៗ មកសរសេររៀបរាប់ដូចតទៅ: 2 ដានីយ៉ែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។ 3 ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាលប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រ។ 4 សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ 5 សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។ 6 ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀត មានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាបបួន ហើយវាមានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។ 7 បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។ 8 ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។ អុលឡោះវិនិច្ឆ័យទោស 9 «ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប នៅលើបល្ល័ង្កមួយ ទ្រង់មានអាវវែងពណ៌សដូចកប្បាស ហើយសក់របស់ទ្រង់សដូចសំឡី។ បល្ល័ង្ករបស់ទ្រង់ប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។ 10 មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើទ្រង់ និងរាប់លានរាប់កោដិនាក់ទៀតឈរចំពោះទ្រង់។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។ 11 ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះពោលពាក្យយ៉ាងព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។ 12 រីឯសត្វឯទៀតៗក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតឲ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។ 13 ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រាមនុស្ស មកជាមួយពពកនៅលើផ្ទៃមេឃ គាត់ចូលទៅជិតអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប ហើយគេក៏នាំគាត់ទៅជួបទ្រង់។ 14 គាត់បានទទួលអំណាចគ្រប់គ្រងកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើគាត់ អំណាចគ្រប់គ្រងរបស់គាត់នៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់គាត់មិនត្រូវរលាយដែរ។» ការកាត់ស្រាយសុបិននិមិត្តអំពីសត្វសាហាវទាំងបួន 15 ពេលនោះ ខ្ញុំ ដានីយ៉ែល តប់ប្រមល់ក្នុងចិត្តជាខ្លាំង ដ្បិតនិមិត្តហេតុដ៏អស្ចារ្យដែលខ្ញុំបានឃើញក្នុងសុបិននេះ ធ្វើឲ្យខ្ញុំតក់ស្លុតណាស់។ 16 ខ្ញុំក៏ខិតទៅជិតបុរសម្នាក់ក្នុងចំណោមអស់អ្នកដែលឈរនៅក្បែរបល្ល័ង្ក ហើយសួរគាត់ឲ្យពន្យល់អត្ថន័យពិតប្រាកដនៃហេតុការណ៍ទាំងនោះ។ គាត់ក៏កាត់ស្រាយអត្ថន័យនៃហេតុការណ៍ទាំងអស់ដែលខ្ញុំបានឃើញនោះ ដូចតទៅ: 17 សត្វធំសម្បើមទាំងបួននោះ គឺស្តេចបួននាក់ ដែលនឹងឡើងគ្រងរាជ្យលើផែនដីនេះ។ 18 បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។ 19 ក្រោយមក ខ្ញុំក៏សួរចង់ដឹងឲ្យច្បាស់អំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតៗ គឺមានរូបរាងគួរស្ញែងខ្លាច មានធ្មេញដែក មានក្រចកលង្ហិន ហើយត្របាក់ស៊ីកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់។ 20 ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់នៅលើក្បាលសត្វនោះ និងអំពីស្នែងមួយទៀតដែលដុះឡើងធ្វើឲ្យជ្រុះស្នែងបី។ ស្នែងក្រោយនេះមានភ្នែក និងមានមាត់ពោលពាក្យព្រហើនកោងកាច ហើយឃើញហាក់ដូចជាធំជាងស្នែងឯទៀតៗ។ 21 ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ 22 រហូតដល់ពេលអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្បមក ដើម្បីរកយុត្តិធម៌ឲ្យប្រជារាស្ត្រដ៏វិសុទ្ធរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត។ ពេលនោះ ជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធត្រូវទទួលរាជសម្បត្តិ។ 23 បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកំទេចរាជាណាចក្រឯទៀតៗ។ 24 រីឯស្នែងទាំងដប់ គឺស្ដេចដប់អង្គដែលនឹងឡើងគ្រងរាជ្យ ក្នុងរាជាណាចក្រនោះ។ បន្ទាប់មក មានស្ដេចមួយនាក់ ដែលប្លែកពីស្ដេចមុនៗឡើងគ្រងរាជ្យក្រោយគេបង្អស់ ហើយទម្លាក់ស្ដេចបីនាក់ទៀតចោល។ 25 ស្ដេចនេះនឹងមានប្រសាសន៍ប្រឆាំងអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរហ៊ូកុំទៀតផង។ ស្តេចនឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយឆ្នាំ ពីរឆ្នាំ និងពាក់កណ្ដាលឆ្នាំ។ 26 បន្ទាប់មក ពេលវិនិច្ឆ័យទោសក៏មកដល់ គេនឹងដកអំណាចគ្រប់គ្រងចេញពីស្ដេចនោះ ហើយរាជ្យនេះនឹងត្រូវគេបំផ្លាញឲ្យវិនាសសូន្យរហូតតទៅ។ 27 ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។ 28 «សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។ |
© 2014 United Bible Societies, UK.
United Bible Societies