Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ដានី‌យ៉ែល 3 - ព្រះគម្ពីរខ្មែរសាកល


រូបបដិមាករមាសរបស់នេប៊ូក្នេសា

1 ព្រះបាទ​នេប៊ូក្នេសា​បាន​ធ្វើ​រូបបដិមាករ​មួយ​ពី​មាស មាន​កម្ពស់ ៦០ ហត្ថ ទទឹង ៦ ហត្ថ​។ ទ្រង់​ដំឡើង​រូបនោះ​នៅ​វាលទំនាប​ឌូរ៉ា​ក្នុង​ខេត្ត​បាប៊ីឡូន​។

2 បន្ទាប់មក ព្រះបាទ​នេប៊ូក្នេសា​ក៏​ចាត់​គេ​ឲ្យទៅ​ប្រមូល​ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល ពួក​ទីប្រឹក្សា ពួក​ហេរញ្ញិក ពួក​ចៅក្រម ពួក​ព្រះរាជអាជ្ញា និង​ពួក​នាម៉ឺនមន្ត្រី​ទាំងអស់​នៃ​ខេត្ត​នានា ឲ្យ​មកចូលរួម​ពិធីឆ្លង​រូបបដិមាករ​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​នោះ​។

3 ដូច្នេះ ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល ពួក​ទីប្រឹក្សា ពួក​ហេរញ្ញិក ពួក​ចៅក្រម ពួក​ព្រះរាជអាជ្ញា និង​ពួក​នាម៉ឺនមន្ត្រី​ទាំងអស់​នៃ​ខេត្ត​នានា ក៏​មូលគ្នា​មក​ពិធីឆ្លង​រូបបដិមាករ​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​នោះ ហើយ​ពួកគេ​ក៏​ឈរ​នៅចំពោះ​រូបបដិមាករ​ដែល​នេប៊ូក្នេសា​បាន​ដំឡើង​នោះ​។

4 ពេលនោះ អ្នកប្រកាស​ស្រែកឡើង​យ៉ាងខ្លាំង​ថា​៖ “ជាតិសាសន៍​ទាំងឡាយ ប្រជាជាតិ​ទាំងឡាយ និង​ភាសា​នានា​អើយ​! មាន​បង្គាប់​ដល់​អ្នករាល់គ្នា​ថា

5 នៅពេល​ដែល​អ្នករាល់គ្នា​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ អ្នករាល់គ្នា​ត្រូវ​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​។

6 អ្នកណា​មិន​ក្រាប​ថ្វាយបង្គំ​ទេ អ្នកនោះ​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​!”។

7 ដោយហេតុនេះ នៅ​ពេល​ដែល​ប្រជាជន​ទាំងអស់​នោះ​បាន​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ​ហើយ អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា ក៏​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​នោះ​។


ឡភ្លើងដែលកំពុងឆេះ

8 នៅ​ពេល​នោះ មាន​ជនជាតិខាល់ដេ​ខ្លះ​ចូលមកជិត ហើយ​ចោទប្រកាន់​ជនជាតិយូដា​។

9 ពួកគេ​ទូល​ព្រះបាទ​នេប៊ូក្នេសា​ថា​៖ “ព្រះរាជា​អើយ សូមឲ្យ​ព្រះករុណា​មានព្រះជន្មរស់​ជារៀងរហូត​!

10 ព្រះរាជា​អើយ ព្រះករុណា​បាន​ចេញ​ព្រះរាជបង្គាប់​ថា មនុស្ស​ទាំងអស់​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ ត្រូវតែ​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​មាស​នេះ​។

11 អ្នកណា​មិន​ក្រាប​ថ្វាយបង្គំ​ទេ អ្នកនោះ​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​។

12 មាន​ជនជាតិយូដា​ខ្លះ​ដែល​ព្រះករុណា​បាន​តាំង​លើ​ការងារ​ក្នុង​ខេត្ត​បាប៊ីឡូន គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​; ព្រះរាជា​អើយ មនុស្ស​ទាំងនេះ​មិន​បាន​អើពើ​នឹង​សេចក្ដីបង្គាប់​របស់ព្រះករុណា ហើយ​មិន​បាន​គោរពបម្រើ​ព្រះ​របស់ព្រះករុណា​ទេ ក៏​មិន​បាន​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​ព្រះករុណា​បាន​ដំឡើង​នោះ​ដែរ”។

13 ពេលនោះ នេប៊ូក្នេសា​ទ្រង់​ខ្ញាល់ ហើយ​ក្ដៅក្រហាយ ក៏​បញ្ជា​ឲ្យ​នាំ​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​មក ដូច្នេះ​មនុស្ស​ទាំងនោះ​ត្រូវបាន​នាំមក​នៅចំពោះ​ស្ដេច​។

14 នេប៊ូក្នេសា​មានរាជឱង្ការ​នឹង​ពួកគេ​ថា​៖ “សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ តើ​ពិត​ឬ​ដែល​អ្នករាល់គ្នា​មិន​គោរពបម្រើ​បណ្ដា​ព្រះ​របស់យើង ហើយ​មិន​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​យើង​បាន​ដំឡើង​នោះ​?

15 ឥឡូវនេះ ប្រសិនបើ​អ្នករាល់គ្នា​ប្រុងប្រៀប​ក្នុង​ពេល​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ ដើម្បី​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​ដែល​យើង​បាន​ធ្វើ​នេះ នោះមិនអីទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ថ្វាយបង្គំ​ទេ អ្នករាល់គ្នា​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​។ ចុះ​មាន​ព្រះ​ណា​ដែល​អាច​រំដោះ​អ្នករាល់គ្នា​ពី​កណ្ដាប់ដៃ​របស់យើង​បាន​?”។

16 សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​ទូល​តប​នឹង​ស្ដេច​ថា​៖ “ព្រះបាទ​នេប៊ូក្នេសា​អើយ យើងខ្ញុំ​មិន​ចាំបាច់​ទូល​ឆ្លើយ​នឹង​ព្រះករុណា​អំពី​ដំណើរ​នេះ​ទេ​។

17 បើសិនជា​យ៉ាងនោះ ព្រះ​របស់យើងខ្ញុំ​ដែល​យើងខ្ញុំ​គោរពបម្រើ អាច​រំដោះ​យើងខ្ញុំ​ពី​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​បាន​។ ព្រះរាជា​អើយ ព្រះ​នឹង​រំដោះ​យើងខ្ញុំ​ពី​កណ្ដាប់ដៃ​របស់ព្រះករុណា​ជាមិនខាន​!

18 ប៉ុន្តែ​ប្រសិនបើ​មិន​ដូច្នោះក៏ដោយ ព្រះរាជា​អើយ សូម​ឲ្យ​ព្រះករុណា​ជ្រាប​ថា យើងខ្ញុំ​នឹង​មិន​គោរពបម្រើ​បណ្ដា​ព្រះ​របស់ព្រះករុណា​ឡើយ ហើយក៏​មិន​ថ្វាយបង្គំ​រូបបដិមាករ​មាស​ដែល​ព្រះករុណា​បាន​ដំឡើង​នោះ​ដែរ​!”។

19 នេប៊ូក្នេសា​ក៏​ពេញ​ដោយ​សេចក្ដីក្ដៅក្រហាយ ហើយ​សណ្ឋាន​ព្រះភក្ត្រ​ទ្រង់​បាន​ផ្លាស់ប្រែ​ទាស់នឹង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​។ ទ្រង់​មានរាជឱង្ការ​បញ្ជា​ឲ្យ​ដុត​ឡ​នោះ​ឲ្យក្ដៅ គឺ​ដុត​វា​ឲ្យក្ដៅ​ជាង​ធម្មតា​មួយ​ជា​ប្រាំពីរដង

20 រួច​ទ្រង់​បញ្ជា​មនុស្ស​ខ្លាំងពូកែ​ក្នុង​កងទ័ព​ទ្រង់​ឲ្យ​ចង​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ បោះ​ទៅក្នុង​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​។

21 ដូច្នេះ គេ​ក៏​ចង​អ្នក​ទាំងនោះ​ទាំង​អាវវែង ខោ និង​ឈ្នួត ព្រមទាំង​សម្លៀកបំពាក់​ឯទៀត​របស់ពួកគេ​ផង ហើយ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​។

22 ដោយព្រោះ​បញ្ជា​របស់​ស្ដេច​ប្រថំ​ណាស់ ហើយ​ឡ​ក្ដៅ​ខ្លាំងក្រៃលែង ដូច្នេះ​អណ្ដាតភ្លើង​បាន​សម្លាប់​មនុស្ស​ទាំងនោះ​ដែល​លើក​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​ឡើង​នោះ​ទៅ​។

23 រីឯ​អ្នក​ទាំង​បី​នោះ គឺ​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ បាន​ធ្លាក់​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ ទាំង​ជាប់ចំណង​។


បានរំដោះពីភ្លើង

24 ពេលនោះ ព្រះបាទ​នេប៊ូក្នេសា​ទ្រង់​ភ្ញាក់ផ្អើល ហើយ​ក្រោកឡើង​យ៉ាងប្រញាប់ប្រញាល់ ក៏​មានរាជឱង្ការ​នឹង​ពួក​ទីប្រឹក្សា​របស់ទ្រង់​ថា​៖ “តើ​មិនមែន​មនុស្ស​បី​នាក់​ទេ​ឬ ដែល​យើង​បាន​បោះ​ទៅ​កណ្ដាល​ភ្លើង​ទាំង​ជាប់ចំណង​?”។ គេ​ទូល​តប​នឹង​ស្ដេច​ថា​៖ “ព្រះរាជា​អើយ ពិតមែន​ហើយ”។

25 ទ្រង់​មានរាជឱង្ការ​ថា​៖ “មើល៍! យើង​ឃើញ​មនុស្ស​បួន​នាក់​ដែល​ឥតជាប់ចំណង កំពុង​ដើរ​នៅ​កណ្ដាល​ភ្លើង​ដោយ​ឥត​ត្រូវបាន​ធ្វើទុក្ខ ហើយ​អ្នក​ទីបួន​មាន​ភិនភាគ​ដូចជា​កូន​របស់​បណ្ដា​ព្រះ​!”។

26 ដូច្នេះ នេប៊ូក្នេសា​ចូលទៅជិត​មាត់​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ ហើយ​មានរាជឱង្ការ​ថា​៖ “សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ ជា​អ្នកបម្រើ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​អើយ ចូរ​ចេញមក ហើយ​មក​ឯណេះ​មក៍​!”។ សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក

27 នោះ​ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្ដេច​ផ្ដុំគ្នា​មើល​អ្នក​ទាំងនោះ ក៏​ឃើញថា​ភ្លើង​គ្មានអំណាច​លើ​រូបកាយ​របស់ពួកគេ​សោះ​។ សក់​ក្បាល​ពួកគេ​មិន​បាន​រួញ ហើយ​អាវវែង​របស់ពួកគេ​មិន​បាន​ប្រែប្រួល ក៏​គ្មាន​ក្លិន​ឈ្ងៀម​នៅ​លើ​ពួកគេ​ផង​។

28 នេប៊ូក្នេសា​មានរាជឱង្ការ​ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​! ព្រះអង្គ​បាន​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យមក​រំដោះ​ពួក​អ្នកបម្រើ​របស់ព្រះអង្គ​។ ពួកគេ​បាន​ទុកចិត្ត​លើ​ព្រះអង្គ ហើយ​ប្រឆាំង​នឹង​សេចក្ដីបង្គាប់​របស់​ស្ដេច ព្រមទាំង​លះបង់​រូបកាយ​របស់ខ្លួន ដើម្បី​មិន​គោរពបម្រើ និង​មិន​ថ្វាយបង្គំ​ព្រះ​ណា​ឡើយ លើកលែងតែ​ព្រះ​របស់ពួកគេ​ប៉ុណ្ណោះ​។

29 ដោយហេតុនេះ យើង​ចេញ​សេចក្ដីបង្គាប់​ថា អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា ដែល​និយាយ​ពាក្យប្រមាថ​ទាស់នឹង​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ នឹង​ត្រូវបាន​កាប់​ជា​ដុំ​ៗ ហើយ​ផ្ទះ​របស់ពួកគេ​នឹង​ត្រូវបាន​ធ្វើឲ្យទៅជា​គំនរលាមក ដ្បិត​គ្មាន​ព្រះ​ដទៃ​ណា​ដែល​អាច​សង្គ្រោះ​ដូច្នេះ​បាន​ឡើយ”។

30 បន្ទាប់មក ស្ដេច​បាន​ដំឡើងយសស័ក្ដិ​ដល់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ នៅក្នុង​ខេត្ត​បាប៊ីឡូន​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម