Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 72 - ព្រះគម្ពីរខ្មែរសាកល


អធិស្ឋានសូមឲ្យព្រះប្រទានពរស្ដេច
បទតម្កើង ​របស់​សាឡូម៉ូន​។

1 ឱ​ព្រះ​អើយ សូម​ប្រទាន​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ដល់​ស្ដេច សូម​ប្រទាន​សេចក្ដីសុចរិត​របស់ព្រះអង្គ​ដល់​បុត្រ​របស់​ស្ដេច​ផង​!

2 សូមឲ្យ​ទ្រង់​ជំនុំជម្រះ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដោយ​សេចក្ដីសុចរិត សូមឲ្យ​ទ្រង់​ជំនុំជម្រះ​មនុស្ស​ទ័លក្រ​របស់ព្រះអង្គ​ដោយ​សេចក្ដីយុត្តិធម៌​។

3 សូមឲ្យ​ភ្នំ​នានា និង​ទីទួល​ទាំងឡាយ នាំមកនូវ​សេចក្ដីសុខសាន្ត​ដល់​ប្រជារាស្ត្រ ដោយ​សេចក្ដីសុចរិត​;

4 សូមឲ្យ​ទ្រង់​រកយុត្តិធម៌​ឲ្យ​មនុស្ស​ទ័លក្រ​ក្នុងចំណោម​ប្រជារាស្ត្រ សូមឲ្យ​ទ្រង់​សង្គ្រោះ​កូនចៅ​របស់​មនុស្ស​ខ្វះខាត ហើយ​ជាន់កម្ទេច​អ្នកដែល​សង្កត់សង្កិន​។

5 គេ​នឹង​កោតខ្លាច​ទ្រង់ ក្នុងពេលដែល​មាន​ព្រះអាទិត្យ និង​ដរាបណា​នៅ​មាន​ព្រះចន្ទ គឺ​ពីជំនាន់មួយទៅជំនាន់មួយ​។

6 ទ្រង់​នឹង​យាង​ចុះមក ដូចជា​ភ្លៀង​មកលើ​ស្មៅដែលច្រូតហើយ ដូចជា​ទឹកភ្លៀង​ដែល​ស្រោចស្រព​ផែនដី​។

7 នៅ​ថ្ងៃ​របស់ទ្រង់ មនុស្ស​សុចរិត​នឹង​លូតលាស់ ហើយ​មាន​សេចក្ដីសុខសាន្ត​ដ៏លើសលប់ រហូតដល់​លែងមាន​ព្រះចន្ទ​ទៀត​។

8 សូមឲ្យ​ទ្រង់​គ្រប់គ្រង​ពី​សមុទ្រ​មួយ​រហូតដល់​សមុទ្រ​មួយទៀត និង​ពី​ទន្លេធំ​រហូតដល់​ចុងបំផុត​នៃ​ផែនដី​។

9 មនុស្សដែលរស់នៅទីរហោស្ថាន​នឹង​លុតជង្គង់​នៅចំពោះ​ទ្រង់ ហើយ​ពួក​ខ្មាំងសត្រូវ​របស់ទ្រង់​នឹង​លិទ្ធ​ធូលីដី​។

10 ពួក​ស្ដេច​នៃ​តើស៊ីស និង​កោះ​នានា​នឹង​នាំ​សួយសារអាករ​មក ពួក​ស្ដេច​នៃ​សេបា និង​សាបា​នឹង​ថ្វាយ​ជំនូន​។

11 ស្ដេច​ទាំងអស់​នឹង​ថ្វាយបង្គំ​ទ្រង់ ប្រជាជាតិ​ទាំងអស់​នឹង​បម្រើ​ទ្រង់​។

12 ទ្រង់​នឹង​រំដោះ​មនុស្ស​ខ្វះខាត​ដែល​ស្រែករកជំនួយ និង​មនុស្ស​ទ័លក្រ​ដែល​គ្មាន​អ្នកជួយ​ដល់​គេ​។

13 ទ្រង់​នឹង​អាណិតអាសូរ​ដល់​អ្នកក្រខ្សត់ និង​មនុស្ស​ទុគ៌ត ក៏​សង្គ្រោះ​ព្រលឹង​របស់​មនុស្ស​ខ្វះខាត​ដែរ​។

14 ទ្រង់​នឹង​ប្រោសលោះ​ព្រលឹង​របស់ពួកគេ​ពី​ការសង្កត់សង្កិន និង​ពី​អំពើហិង្សា ហើយ​ឈាម​របស់ពួកគេ​ក៏​មានតម្លៃ​ក្នុង​ព្រះនេត្រ​របស់ទ្រង់​។

15 សូមឲ្យ​ទ្រង់​មានព្រះជន្មាយុយឺនយូរ​! សូមឲ្យ​គេ​ថ្វាយ​មាស​ពី​សេបា​ដល់​ទ្រង់​; សូមឲ្យ​គេ​អធិស្ឋាន​សម្រាប់​ទ្រង់​ជានិច្ច សូមឲ្យ​គេ​ថ្វាយពរ​ទ្រង់​វាល់ព្រឹកវាល់ល្ងាច​។

16 សូមឲ្យ​មាន​ស្រូវ​ជាបរិបូរ​នៅ​ផែនដី សូមឲ្យ​វា​យោលយោក​នៅលើ​កំពូល​ភ្នំ​នានា​; សូមឲ្យ​ផលផ្លែ​របស់វា​បាន​ដូច​លីបង់ ហើយ​សូមឲ្យ​មនុស្ស​ចម្រើនឡើង​ក្នុង​ទីក្រុង​ដូច​ស្មៅ​នៅ​ផែនដី​។

17 សូមឲ្យ​ព្រះនាម​របស់ទ្រង់​ស្ថិតនៅ​ជារៀងរហូត សូមឲ្យ​ព្រះនាម​របស់ទ្រង់​នៅគង់វង្ស​ដរាបណា​នៅ​មាន​ព្រះអាទិត្យ​! សូមឲ្យ​មនុស្ស​ឲ្យពរ​ខ្លួនឯង​ដោយនូវ​ទ្រង់ សូមឲ្យ​ប្រជាជាតិ​ទាំងអស់​ហៅ​ទ្រង់​ថាមានព្រះពរ​!

18 សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ គឺ​ព្រះ​នៃ​អ៊ីស្រាអែល​; ព្រះអង្គ​តែមួយប៉ុណ្ណោះ ធ្វើ​កិច្ចការដ៏អស្ចារ្យ​!

19 សូមឲ្យ​មានព្រះពរ​ដល់​ព្រះនាម​ដ៏រុងរឿង​របស់ព្រះអង្គ​ជារៀងរហូត សូមឲ្យ​ផែនដី​ទាំងមូល​ពេញ​ដោយ​សិរីរុងរឿង​របស់ព្រះអង្គ​! អាម៉ែន​! អាម៉ែន​!

20 សេចក្ដីអធិស្ឋាន​របស់​ដាវីឌ​កូន​របស់​អ៊ីសាយ ចប់​ត្រឹមនេះ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម