Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 60 - ព្រះគម្ពីរខ្មែរសាកល


សិរីរុងរឿងរបស់ព្រះយេហូវ៉ានៅស៊ីយ៉ូន

1 ចូរ​ក្រោកឡើង​! ចូរ​ភ្លឺឡើង​! ដ្បិត​ពន្លឺ​របស់អ្នក​បាន​មក​ដល់​ហើយ សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​បាន​រះឡើង​មកលើ​អ្នក​ហើយ​។

2 មើល៍! សេចក្ដីងងឹត​នឹង​គ្របលើ​ផែនដី ភាពងងឹតដ៏ក្រាស់​នឹង​គ្របលើ​ជាតិសាសន៍​នានា ប៉ុន្តែ​ព្រះយេហូវ៉ា​នឹង​រះឡើង​មកលើ​អ្នក ហើយ​សិរីរុងរឿង​របស់ព្រះអង្គ​នឹង​ត្រូវបាន​ឃើញ​នៅលើ​អ្នក​។

3 ប្រជាជាតិ​នានា​នឹង​មករក​ពន្លឺ​របស់អ្នក ស្ដេច​ទាំងឡាយ​នឹងមក​រក​រស្មី​អរុណរះ​របស់អ្នក​។

4 ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់គ្នា​មូលគ្នា​មករក​អ្នក កូនប្រុស​ៗ​របស់អ្នក​នឹង​មក​ពី​ទីឆ្ងាយ កូនស្រី​ៗ​របស់អ្នក​នឹង​ត្រូវបាន​បី​នៅលើ​ភ្លៅ​។

5 ពេលនោះ អ្នក​នឹង​ឃើញ ហើយ​អ្នក​នឹង​ភ្លឺចែងចាំង ចិត្ត​របស់អ្នក​នឹង​រំភើប ហើយ​រីករាយ ពីព្រោះ​ភាពបរិបូរ​នៃ​សមុទ្រ​នឹង​ត្រូវបាន​បង្វែរ​មក​អ្នក ហើយ​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​នានា​នឹង​មកដល់​អ្នក​។

6 ហ្វូង​អូដ្ឋ​ដ៏ច្រើនសន្ធឹក​នឹង​គ្របដណ្ដប់​អ្នក គឺ​អូដ្ឋស្ទាវ​របស់​ម៉ាឌាន និង​អេផា​; ពួកគេ​ទាំងអស់គ្នា​នឹង​មក​ពី​សេបា ទាំង​យក​មាស និង​កំញាន​មក ហើយ​ប្រកាស​សេចក្ដីសរសើរតម្កើង​អំពី​ព្រះយេហូវ៉ា​។

7 អស់ទាំង​ហ្វូងចៀម​នៃ​កេដារ​នឹង​មូលគ្នា​មករក​អ្នក ពួក​ចៀមឈ្មោល​នៃ​នេបាយ៉ូត​នឹង​បម្រើ​អ្នក ពួកវា​នឹង​ឡើងមក​លើ​អាសនា​របស់យើង​ជា​តង្វាយ​ដ៏គាប់ចិត្ត​។ យើង​នឹង​លើកតម្កើង​ដំណាក់​ដ៏រុងរឿង​របស់យើង​។

8 តើ​អ្នកទាំងនេះ​ជា​នរណា ដែល​ហើរ​មក​ដូចជា​ពពក និង​ដូចជា​ព្រាប​មករក​បង្អួច​របស់វា​?

9 មែនហើយ កោះ​ទាំងឡាយ​នឹង​ទន្ទឹងរង់ចាំ​យើង ហើយ​សំពៅ​តើស៊ីស​នឹង​មកមុនគេ ដើម្បី​នាំ​កូនប្រុស​ៗ​របស់អ្នក​មក​ពី​ទីឆ្ងាយ ព្រមទាំង​នាំ​ប្រាក់ និង​មាស​របស់ពួកគេ​មក​ជាមួយ​ផង សម្រាប់​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក សម្រាប់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពីព្រោះ​ព្រះអង្គ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នក​។

10 ពួក​ជនបរទេស​នឹង​សង់​កំពែង​របស់អ្នក​ឡើងវិញ ហើយ​បណ្ដា​ស្ដេច​របស់ពួកគេ​នឹង​បម្រើ​អ្នក​។ ថ្វីត្បិតតែ​យើង​បាន​វាយ​អ្នក​ដោយ​កំហឹង​របស់យើង​ក៏ដោយ ប៉ុន្តែ​យើង​បាន​អាណិតមេត្តា​អ្នក ដោយ​សេចក្ដីសន្ដោស​របស់យើង​វិញ​។

11 ខ្លោងទ្វារ​របស់អ្នក​នឹង​បើកចំហ​ជានិច្ច គឺ​មិន​បិទ​ទាំងយប់ទាំងថ្ងៃ ដើម្បី​នាំ​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​នានា​មក​ឯ​អ្នក ហើយ​បណ្ដា​ស្ដេច​របស់ពួកគេ​ក៏​ត្រូវបាន​នាំមក​ដែរ​។

12 ដ្បិត​ប្រជាជាតិ​ណា និង​អាណាចក្រ​ណា​ដែល​មិន​បម្រើ​អ្នក នឹង​វិនាស ប្រជាជាតិ​ទាំងនោះ​នឹង​ហិនហោចអស់ទៅ​។

13 សិរីរុងរឿង​នៃ​លីបង់ គឺ​ដើមស្រល់ ដើមស្រល់ក្រហម និង​ដើមស្រល់ធំ នឹង​មក​ឯ​អ្នក​ជាមួយគ្នា ដើម្បី​តុបតែង​កន្លែង​នៃ​ទីវិសុទ្ធ​របស់យើង ហើយ​យើង​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​កន្លែង​នៃ​ជើង​របស់យើង​។

14 ពួក​កូនចៅ​របស់​អ្នកដែល​ធ្វើបាប​អ្នក នឹង​មក​ឱនចុះ​នៅចំពោះ​អ្នក អស់អ្នក​ដែល​ធ្លាប់​មើលងាយ​អ្នក នឹង​ក្រាបចុះ​នៅទៀប​បាតជើង​របស់អ្នក​។ ពួកគេ​នឹង​ហៅ​អ្នក​ថា “ទីក្រុង​របស់​ព្រះយេហូវ៉ា” ក៏​នឹង​ហៅថា “ស៊ីយ៉ូន​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល”។

15 ជំនួសឲ្យ​ការដែល​អ្នក​ត្រូវគេ​បោះបង់ចោល ត្រូវគេ​ស្អប់ ហើយ​គ្មានអ្នកណា​ឆ្លងកាត់​អ្នក យើង​នឹង​ធ្វើឲ្យ​អ្នក​បានជា​ឧត្ដុង្គឧត្ដម​ជារៀងរហូត និង​បានជា​សេចក្ដីរីករាយ​ពីជំនាន់មួយទៅជំនាន់មួយ​។

16 អ្នក​នឹង​ជញ្ជក់​ទឹកដោះ​របស់​ប្រជាជាតិ​នានា ក៏​នឹង​ជញ្ជក់​ដោះ​បណ្ដា​ស្ដេច​ដែរ នោះ​អ្នក​នឹង​ដឹង​ថា យើង​ហ្នឹងហើយ គឺ​យេហូវ៉ា​ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក និងជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​។

17 យើង​នឹង​នាំ​មាស​មក​ជំនួស​លង្ហិន ក៏​នឹង​នាំ​ប្រាក់​មក​ជំនួស​ដែក លង្ហិន​ជំនួស​ឈើ ហើយ​ដែក​ជំនួស​ថ្ម​ផង​។ យើង​នឹង​ធ្វើឲ្យ​សេចក្ដីសុខសាន្ត​ទៅជា​អ្នកត្រួតត្រា​អ្នក ហើយ​ធ្វើឲ្យ​សេចក្ដីសុចរិត​ទៅជា​អ្នកគ្រប់គ្រង​អ្នក​ផង​។

18 នៅក្នុង​ទឹកដី​អ្នក នឹង​មិន​ឮ​អំពី​អំពើហិង្សា​ទៀត ក្នុង​ព្រំដែន​របស់អ្នក​នឹង​មិន​ឮ​អំពី​ការបំផ្លាញ ឬ​ការអន្តរាយ​ឡើយ ផ្ទុយទៅវិញ អ្នក​នឹង​ហៅ​កំពែង​របស់អ្នក​ថា “សេចក្ដីសង្គ្រោះ” ក៏​ហៅ​ខ្លោងទ្វារ​របស់អ្នក​ថា “សេចក្ដីសរសើរតម្កើង”។

19 ព្រះអាទិត្យ​នឹង​លែង​ធ្វើជា​ពន្លឺ​ដល់​អ្នក​ទៀត​នៅ​ពេលថ្ងៃ ព្រះចន្ទ​នឹង​លែង​ផ្ដល់ពន្លឺ​ដល់​អ្នក​ទៀត​សម្រាប់​ជា​ភាពចែងចាំង គឺ​ព្រះយេហូវ៉ា​នឹង​បានជា​ពន្លឺ​ដ៏អស់កល្ប​ដល់​អ្នក​វិញ ហើយ​ព្រះ​របស់អ្នក​នឹង​បានជា​សិរីរុងរឿង​ដល់​អ្នក​ដែរ​។

20 ព្រះអាទិត្យ​របស់អ្នក​នឹង​មិន​លិច​ទៀត​ឡើយ ហើយ​ព្រះចន្ទ​របស់អ្នក​ក៏​មិន​ជ្រេ​ដែរ ដ្បិត​ព្រះយេហូវ៉ា​នឹង​បានជា​ពន្លឺ​ដ៏អស់កល្ប​ដល់​អ្នក ហើយ​គ្រា​នៃ​ការកាន់ទុក្ខ​របស់អ្នក​នឹង​ផុតទៅ​។

21 ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។

22 អ្នក​តូចបំផុត​នឹង​ត្រឡប់ជា​អម្បូរ​មួយ អ្នក​តូចតាចជាងគេ​នឹង​ត្រឡប់ជា​ប្រជាជាតិ​ខ្លាំងពូកែ​។ គឺ​យើង​ហ្នឹងហើយ​ជា​យេហូវ៉ា យើង​នឹង​ពន្លឿន​ការនេះ​ក្នុង​ពេលកំណត់​របស់វា​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម